អត្ថបទព្រះគម្ពីរ
ថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១
អាទិត្យទី៣៤ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា

ឬសន្តីកាតេរីន នៅអាឡិចសង់ឌ្រី
ជាព្រហ្មចារិនី និងជាមរណសាក្សី
​​

អត្ថបទទី
សូមថ្លែងព្រះគម្ពីរព្យាការីដានីអែល ដន ៦,១២-២៨

ពេលនោះ ពួកនាម៉ឺនមន្ដ្រីក៏លើកគ្នាចូលមក ឃើញលោកដានីអែលកំពុងតែទូលអង្វរព្រះរបស់លោក។ ពួកគេនាំគ្នាចូលទៅគាល់ស្ដេច ទូលអំពីព្រះរាជបម្រាមនោះ​ថា៖«បពិត្រព្រះរាជា! តើទ្រង់បានឡាយព្រះហស្ដលេខាលើបម្រាមថា ក្នុងរយៈពេល​សាមសិបថ្ងៃបើអ្នកណាទូលអង្វរព្រះ ឬមនុស្សក្រៅពីព្រះករុណា អ្នកនោះនឹងត្រូវបោះ​ទៅក្នុងរូងតោមែនឬ?»។ ព្រះមហាក្សត្រឆ្លើយថា៖«ត្រូវហើយ! យើងបានសម្រេច​ដូច្នេះមែន គឺស្របតាមច្បាប់ជនជាតិម៉ែដ និងពែរ្ស ដែលមិនអាចប្រែក្រឡាស់បាន​ឡើយ»។ ពួកគេក៏ទូលព្រះរាជាថា៖«បពិត្រព្រះរាជា! លោកដានីអែលជាអ្នកដែល​គេជម្លៀសមកពីស្រុកយូដា ពុំបានអើពើនឹងព្រះករុណា ហើយក៏មិនគោរពតាម​បម្រាមដែលទ្រង់បានឡាយព្រះហស្ដលេខាដែរ គឺលោកនៅតែអធិដ្ឋានមួយថ្ងៃបីដង»។ កាលស្ដេចព្រះសណ្ដោប់ដូច្នេះហើយ ទ្រង់ព្រួយព្រះហប្ញទ័យជាខ្លាំង។ ព្រះរាជាចង់ដោះ​លែងលោកដានីអែលណាស់ គឺតាំងពីពេលនោះរហូតដល់ល្ងាច ទ្រង់រិះរកមធ្យោបាយដើម្បីដោះលែងលោកដានីអែល។ ប៉ុន្ដែ នាម៉ឺនមន្ដ្រីទាំងនោះលើកគ្នាមកទូលស្ដេច​ថា៖«បពិត្រព្រះរាជា! សូមទ្រង់ជ្រាបថា តាមច្បាប់របស់ជនជាតិម៉ែដ និងជនជាតិ​ពែរ្ស ព្រះរាជបម្រាម និងព្រះរាជក្រឹត្យទាំងប៉ុន្មាន ដែលមានឡាយព្រះហស្ដលេខា​របស់ព្រះមហាក្សត្រ មិនអាចប្រែប្រួលបានជាដាច់ខាត់!។ ព្រះមហាក្សត្រក៏បញ្ជាឱ្យ​គេនាំលោកដានីអែលទៅបោះក្នុងរូងតោ ទាំងមានព្រះឱង្ការទៅលោកថា៖«ព្រះរបស់​លោកនឹងសង្គ្រោះជីវិតលោកជាមិនខាន ព្រោះលោកបានគោរពបម្រើ ព្រះអង្គដោយ​ចិត្តព្យាយាម»។ គេយកផ្ទាំងថ្មមួយផ្ទាំង មកសន្ធប់មាត់រូង ហើយព្រះមហាក្សត្រ​ប្រថាប់ត្រាព្រះទំរង់លើថ្មនោះ ពួកមន្ដ្រីរបស់ស្ដេច ក៏បោះត្រាចិញ្ចៀនរបស់គេលើថ្មនោះដែរ។ ដូច្នេះ គ្មាននរណាអាចសង្គ្រោះលោកដានីអែលបានឡើយ។ បន្ទាប់មកព្រះមហាក្សត្រយាងចូលព្រះរាជវាំងវិញ ទ្រង់យាងចូលក្រឡាបន្ទំដោយមិនព្រមសោយ​អ្វីឡើយ ហើយក៏មិនអនុញ្ញាតឱ្យពួកស្នំចូលមកជិតដែរ។ យប់នោះ ទ្រង់ផ្ទំមិនលក់​ទាល់តែសោះ។ ព្រះរាជាក្រោកឡើងតាំងពីព្រលឹមស្រាងៗ ហើយប្រញាប់ប្រញាល់​យាងឆ្ពោះទៅរូងតោ។ ទ្រង់ចូលទៅជិតរូង ទាំងស្រែកហៅលោកដានីអែល ដោយ​បន្លឺព្រះសូរសៀងយ៉ាងក្ដុកក្តួលថា៖«លោកដានីអែលជាអ្នកបម្រើរបស់ព្រះដ៏មាន​ព្រះជន្មគង់នៅអើយ! តើព្រះរបស់លោកដែលលោកគោរពបម្រើដោយចិត្តព្យាយាម​នោះ​ បានរំដោះលោកឱ្យរួចពីតោឬទេ?»។ លោកដានីអែលទូលទៅស្ដេចវិញថា៖​«បពិត្រព្រះរាជា សូមទ្រង់មានព្រះជន្មគង់នៅរហូតតទៅ!។ ព្រះរបស់ទូលបង្គំបាន​ចាត់ទេវទូតរបស់ព្រះអង្គមកបិទមាត់តោ ដូច្នេះ វាមិនបានធ្វើបាបទូលបង្គំឡើយ ដ្បិត​ព្រះជាម្ចាស់ជ្រាបថា ទូលបង្គំគ្មានទោសពៃរ៍អ្វីនៅចំពោះព្រះភក្រ្ដព្រះអង្គទេ ហើយ​​ទូលបង្គំក៏ពុំបានប្រព្រឹត្តអ្វីខុសចំពោះព្រះករុណាដែរ»។ ពេលនោះ ព្រះមហាក្សត្រមានព្រះហប្ញទ័យរីករាយក្រៃលែង ទ្រង់បញ្ជាឱ្យគេយកលោកដានីអែលចេញពីរូង​មកវិញ គេក៏យកលោកចេញមក ហើយឃើញថា លោកគ្មានរបួសអ្វីសោះ ដ្បិតលោក​មានជំនឿលើព្រះរបស់លោក។ បន្ទាប់មក ព្រះមហាក្សត្របញ្ជាឱ្យគេនាំពួកនាម៉ឺនមន្ដ្រី​ដែលបានចោទប្រកាន់លោកដានីអែល យកទៅបោះនៅក្នុងរូងតោ ទាំងប្រពន្ធ ទាំង​កូន។ មុនពេលអ្នកទាំងនោះធ្លាក់ទៅដល់បាតរូង តោបានលោតមកត្របាក់ស៊ីពួកគេ​ខ្ទេចខ្ទីអស់។

ព្រះបាទដារីយូសបានចេញព្រះរាជសារមួយ ប្រកាសប្រាប់ប្រជាជន ប្រជាជាតិ និង​មនុស្សគ្រប់ភាសាដែលរស់នៅលើផែនដីទាំងមូលថា៖«សូមឱ្យអ្នករាល់គ្នាបានប្រកប​ដោយសេចក្ដីសុខយ៉ាងបរិបូណ៌!។ យើងសុំចេញបញ្ជាដូចតទៅ គឺមនុស្សទាំងឡាយ​ដែលរស់នៅទូទាំងរាជាណាចក្ររបស់យើង ត្រូវតែគោរពកោតខ្លាចព្រះរបស់លោក​ដានីអែល ដ្បិព្រះអង្គជាព្រះដែលមានព្រះជន្មគង់នៅ ហើយព្រះអង្គនៅស្ថិតស្ថេរអស់​កល្បជានិច្ច។ ព្រះរាជ្យរបស់ព្រះអង្គមិនសាបសូន្យឡើយ ព្រះអង្គគ្រងរាជ្យរហូត​តរៀងទៅ។ ព្រះអង្គសង្គ្រោះ និងរំដោះមនុស្សលោក ព្រះអង្គសម្ដែងទីសម្គាល់ និង​ប្ញទ្ធិបាដិហារនៅលើមេឃ និងនៅលើផែនដី គឺព្រះអង្គនេះហើយដែលបានសង្គ្រោះលោកដានីអែល ឱ្យរួចពីក្រញុំាតោ»។

ទំនុកតម្កើងរបស់ព្យាការីដានីអែល ៣, ៦៨-៧៤ បទកាកគតិ

៦៨.សន្សើមនិងព្រឹលសូមអ្នកកុំខ្ជិលកុំបង្អង់នៅ
ស្មូត្រលើកតម្កើងព្រះម្ចាស់ជាផ្លូវអង្វែងតទៅ
អស់កល្បជានិច្ច ។
៦៩.ចូរថ្ងៃ និងយប់កោតកុំឈរឈប់សរសើរកុំភ្លេច
ស្មូត្រលើកតម្កើងព្រះម្ចាស់ជានិច្ចកុំបីកែគេច
អស់កល្បស្ថេរស្ថិត ។
៧០.ចូរឱ្យពន្លឺរន្ទាលរន្ទឺនិងភាពងងឹត
សរសើរតម្កើងអម្ចាស់មានប្ញទ្ធិរាល់ថ្ងៃកុំគិត
ខ្វល់ខ្វាយឡើយណា ។
៧១.អាកាសត្រជាក់ខ្យល់រងាធ្លាក់មកជាធម្មតា
ចូរលើកតម្កើងអម្ចាស់ក្សត្រាព្រះអ្នករាល់គ្នា
កុំបីឃ្លាងឃ្លាត ។
៧២.សូមឱ្យទឹកកកកុំបីខានខកទាំងសន្សើមទៀត
ចូរលើកតម្កើងព្រះម្ចាស់ទាំងឆ្លៀតកុំបីរវាត
រហូតតទៅ ។
៧៣.សូមដុំពពកផ្លេកបន្ទោរមកកុំបង្អង់នៅ
តម្កើងព្រះអង្គកុំបីហ្មងសៅស្មូត្ររហូតទៅ
អស់កល្បយូរលង់ ។
៧៤.សូមឱ្យផែនដីទាំងមូលលកលៃតម្កើងព្រះអង្គ
សរសើរកុំឈប់កុំនៅរេរង់កោតសរសើរទ្រង់
កុំប្រែសាវា ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ២១,២៨

អលេលូយ៉ា! អាលេលូយ៉ា!
ចូរអ្នករាល់គ្នាងើបមើលទៅលើពីព្រោះព្រះជាម្ចាស់ជិតរំដោះអ្នករាល់គ្នាហើយ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ដលូកា លក ២១,២០-២៨

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័ក អំពីដំណើរនិវត្តរបស់ព្រះអង្គថា៖​​​«កាលណាអ្នករាល់គ្នាឃើញមានកងទ័ពមកឡោមព័ទ្ធក្រុងយេរូសាឡឹម ចូរដឹងថា​ក្រុងនេះជិតវិនាសហើយ។ ពេលនោះ អស់អ្នកនៅស្រុកយូដាត្រូវតែរត់ទៅជ្រកនៅ​តាមភ្នំ រីឯអស់អ្នកនៅក្រុងយេរូសាឡឹម ត្រូវរត់ចេញឱ្យឆ្ងាយពីក្រុង ហើយអស់អ្នក​ដែលនៅស្រុកស្រែមិនត្រូវចូលទៅក្រុងឡើយ។ គ្រានោះជាគ្រាដែលព្រះជាម្ចាស់ធ្វើ​ទោសប្រជារាស្រ្ដព្រះអង្គ ស្រមតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរ។ នៅគ្រានោះស្រ្ដីមានផ្ទៃពោះ និងស្រ្ដីបំបៅកូនមុខជាវេទនាពុំខាន​ ដ្បិតនឹងកើតមានទុក្ខលំបាកយ៉ាង​ខ្លាំងនៅក្នុងស្រុក ហើយព្រះជាម្ចាស់នឹងវិនិច្ឆ័យទោសប្រជារាស្រ្ដនេះ។ គេនឹងត្រូវស្លាប់​ដោយមុខដាវ ហើយខ្មាំងសត្រូវនឹងកៀរគេយកទៅធ្វើជាឈ្លើយសង្គ្រោម ឱ្យរស់នៅ​កណ្ដាលចំណោមជាតិសាសន៍ទាំងអស់។ សាសន៍ដទៃនឹងជាន់ឈ្លីក្រុងយេរូសាឡឹម រហូត​ដល់ពេលកំណត់របស់គេ។ គ្រានោះនឹងមានទីសម្គាល់នៅក្នុងព្រះអាទិត្យ ក្នុងព្រះចន្ទ និងក្នុងផ្កាយទាំងប៉ុន្មាន។ ប្រជាជាតិទាំងអស់នៅលើផែនដី នឹងតឹងទ្រូងព្រួយបារម្ភ​ពេលឮសូរសន្ធឹករលកសមុទ្របក់បោក។ មនុស្សម្នាភ័យតក់ស្លុត បាត់ស្មារតី នៅពេល​គិតអំពីហេតុការណ៍ដែលនឹងត្រូវកើតមាននៅលើផែនដី ដ្បិតប្ញទ្ធិបារមីនានានៅលើ​មេឃនឹងត្រូវកក្រើរំពើក។ ពេលនោះ គេនឹងឃើញបុត្រមនុស្សយាងមកក្នុងពពក ប្រកបដោយប្ញទ្ធានុភាព និងសិរីរុងរឿងពន់ពេកក្រៃ។ កាលណាព្រឹត្តិការណ៍ទាំងនេះ​ចាប់ផ្ដើមកើតមានឡើង ចូរអ្នករាល់គ្នាងើបមើលទៅលើ ពីព្រោះព្រះជាម្ចាស់ជិត​រំដោះអ្នករាល់គ្នាហើយ»។

318 Views

Posted in មិន​មាន​ចំណាត់​ក្រុមTagged ,
Theme: Overlay by Kaira