អត្ថបទព្រះគម្ពីរ
ថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១
អាទិត្យទី៣៤ រដូវធម្មតា
ពណ៌ក្រហម
បុណ្យរម្លឹក

សន្តអន់ដ្រេយុងឡាក់ ជាបូជាចារ្យ
និងសហជីវិន ជាមរណសាក្សី

នៅសតវត្សទី១៦ មានគ្រីស្តបរិស័ទអ្នកនាំដំណឹងល្អទៅប្រជាជនវៀតណាម។ មានជនជាតិវៀតណាមមួយចំនួនធំ នាំគ្នាជឿព្រះយេស៊ូ។ នៅសតវត្សទី១៩ ព្រះចៅអធិរាជវៀតណាមបៀតបៀនធ្វើបាបគ្រីស្តបរិស័ទជាច្រើន ដោយទ្រង់យល់ថា គ្រីស្តបរិស័ទលែងចូលក្រោមអំណាចរបស់ព្រះចៅ។ នៅថ្ងៃនេះ ព្រះសហគមន៍គោរពគ្រីស្តបរិស័ទវៀតណាម និងគ្រីស្តបរិស័ទជាតិបរទេស ១១៧នាក់ ដែលស៊ូស្លាប់ជាជាងលះបង់ជំនឿរបស់ខ្លួន។ ក្នុងចំណោមមរណសាក្សីទាំងនោះ មានលោកស្ទេផាន គូអេណូត៍ ដែលបំពេញមុខងារជាអភិបាលព្រះសហគមន៍នាប្រទេសកម្ពុជា ក្នុងអំឡុងឆ្នាំ ១៨៤០ ដល់ ១៨៤៤។

លោកអន់ដ្រេយុងឡាក់ ជាបូជាចារ្យជាតិវៀតណាមម្នាក់។ លោកបូជាជិវិតថ្វាយព្រះគ្រីស្តរួមជាមួយគ្រីស្តបរិស័ទឯទៀតៗ ១១៦នាក់ នៅសតវត្សទី ១៨។ ក្នុងចំណោមគ្រីស្តបរិស័ទទាំងនោះមានសាសនទូតបារាំង ១០នាក់ សាសនទូតអេស្បាញ ១១នាក់ និងជាតិវៀតណាម ៩៦នាក់។ ក្នុងចំណោមគ្រីស្តបរិស័ទវៀតណាមទាំងនោះ មានបូជាចារ្យ ៣៧នាក់។ អភិបាលព្រះសហគមន៍ក្រុងរ៉ូម យ៉ូហានប៉ូលទី២ ប្រកាសថា អ្នកទាំងនោះជាសន្តបុគ្គលនៅថ្ងៃ១៩ មិថុនា ឆ្នាំ១៩៨៨។

អត្ថបទទី
សូមថ្លែងព្រះគម្ពីរព្យាការីដានីអែល ដន ៥,១-៦.១៣-១៤-១៧.២៣-២៤

ព្រះបាទបេលថាសារ ចាត់ឱ្យគេរៀបពិធីជប់លៀងមួយយ៉ាងធំ ជូននាម៉ឺនមន្ដ្រី​ចំនួនមួយពាន់នាក់ ហើយទ្រង់សោយស្រាជាច្រើននៅមុខនាម៉ឺនមន្ដ្រីទាំងនោះ។ ក្រោយពីក្រេបស្រារួចហើយ ព្រះបាទបេលថាសារបញ្ជាឱ្យគេយកពែងមាស និង​ពែងប្រាក់ ដែលព្រះបាទណាប៊ូកានេសារជាព្រះបិតាបានរឹបអូសមកពីព្រះវិហារក្រុង​យេរូសាឡឹមមក។ ស្ដេចមានបំណងយកពែងទាំងនោះមកដាក់ស្រាសម្រាប់ទ្រង់ផ្ទាល់​ សម្រាប់ពួកមហេសី សម្រាប់ពួកស្នំ ព្រមទាំងនាម៉ឺនមន្ដ្រីរបស់ស្ដេច។ ពេលនោះ គេក៏​យកពែងមាស ដែលបានរឹបយកពីព្រះវិហារ គឺពីព្រះដំណាក់របស់ព្រះជាម្ចាស់នៅ​ក្រុងយេរូសាឡឹម ហើយទាំងស្ដេច ទាំងនាម៉ឺនមន្ដ្រី ទាំងពួកមហេសី និងស្រីស្នំ បាន​ប្រើពែងទាំងនោះសម្រាប់សេពសុរា។ កាលសេពសុរារួចហើយ គេនាំគ្នាសរសើរតម្កើង​រូបព្រះធ្វើពីមាស ប្រាក់ លង្ហិន ដែក ឈើ និងថ្ម។ ពេលនោះ ស្រាប់តែមានម្រាមដៃ​មនុស្សលេចចេញមក ហើយសរសេរលើជញ្ជាំងព្រះបរមរាជវាំង គឺនៅទល់មុខជើង​ចង្កៀង។ កាលព្រះរាជាទតឃើញម្រាមដៃដែលកំពុងតែសរសេរនោះ ព្រះភក្ដ្ររបស់​ព្រះអង្គប្រែជាស្លេកស្លាំង ទ្រង់រំជួលព្រះហប្ញទ័យ មានព្រះកាយពលទន់ខ្សោយ និង​ព្រះបាទាញាប់ញ័រ។

គេអញ្ជើញលោកដានីអែលចូលគាល់ព្រះរាជា ហើយទ្រង់មានរាជឱង្ការមកលោកថា៖«តើលោកឈ្មោះដានីអែល ជាអ្នកដែលព្រះបិតារបស់យើងបានជម្លៀសយក​មកពីស្រុកយូដាមែនឬទេ? យើងឮគេនិយាយថា លោកមានវិញ្ញាណរបស់ព្រះ នៅក្នុង​ខ្លួន និងដឹងការលាក់កំបាំង ហើយមានតម្រិះប្រាជ្ញាដ៏វាងវៃអស្ចារ្យ។ យើងក៏ឮគេនិយាយ​ទៀតថា លោកអាចបកស្រាយអត្ថន័យ និងដោះស្រាយបញ្ហាស្មុគស្មាញបានទៀតផង។ ​ឥឡូវនេះ ប្រសិនបើលោកអាចអានអក្សរនេះបាន ហើយពន្យល់អត្ថន័យឱ្យយើង យើង​នឹងបំពាក់អាវពណ៌ក្រហមទុំ និងខ្សែកមាស ជូនជាកិត្តិយស ព្រមទាំងប្រគល់ឋានៈជា​អ្នកគ្រប់គ្រងទីបីនៅក្នុងរាជាណាចក្រនេះផង»។ ពេលនោះ លោកដានីអែលទូល​ព្រះរាជាវិញថា៖«​សូមព្រះករុណាទុកកិត្តិយសនេះសម្រាប់អ្នកដទៃចុះ! រីឯទូលបង្គំ ទូលបង្គំសូមអានអក្សរនេះ ព្រមទាំងពន្យល់អត្ថន័យថ្វាយព្រះករុណាជ្រាប។ ព្រះករុណាបានប្រឆាំងព្រះអម្ចាស់នៃស្ថានបរមសុខ ដោយបញ្ជាឱ្យគេយកពែងពីព្រះវិហារ​របស់ព្រះអង្គ មកចាក់ស្រាសម្រាប់ព្រះករុណា សម្រាប់នាម៉ឺនមន្រ្ដី ​សម្រាប់ពួកមហេសី​ និងពួកស្នំ។ បន្ទាប់មក ព្រះករុណាបានសរសើរតម្កើងព្រះដែលធ្វើពីមាស ប្រាក់ លង្ហិន ដែក ឈើ និងថ្មទៅវិញ ជាព្រះដែលមិនចេះមើល មិនចេះស្ដាប់ ហើយមិនដឹងអ្វីទាំង​អស់ គឺព្រះករុណាមិនបានលើកតម្កើងព្រះដែលជាម្ចាស់លើព្រះជន្ម និងជាម្ចាស់លើដំណើរជីវិតរបស់ព្រះករុណាឡើយ។ ហេតុនេះហើយ បានជាព្រះជាម្ចាស់ចាត់ម្រាមដៃ​​ឱ្យមកសរសេរអក្សរនេះ គឺ“ម៉េណេ ម៉េណេ តេកែល និង ប៉ារស៊ីន”។ ពាក្យទាំងនេះ​មានន័យដូចតទៅ“ម៉េណេ”(ប្រែថា “រាប់”)មានន័យថា ព្រះជាម្ចាស់បានរាប់ចំនួនថ្ងៃនៃរាជ្យរបស់ព្រះករុណា ហើយព្រះអង្គបានបញ្ចប់រាជ្យនេះហើយ។ “តេកែល” (ប្រែថា “ថ្លឹង”) មានន័យថា ព្រះជាម្ចាស់បានថ្លឹងព្រះករុណាលើជញ្ជីងរួចហើយ ហើយទ្រង់ទត​ឃើញថា ស្រាលពេក។ “ប៉ារស៊ីន” ប្រែថា “ចែក”) មានន័យថា ព្រះជាម្ចាស់នឹងចែក​រាជាណាចក្ររបស់ព្រះករុណាជាពីរ គឺមួយចំណែកឱ្យជនជាតិម៉ែដ និងមួយចំណែក​ទៀតឱ្យជនជាតិពែរ្ស»។

ទំនុកតម្កើងព្យាការីដានីអែល ៣,៦២-៦៧ បទកាកគតិ

៦២.សូមព្រះអាទិត្យព្រះចន្ទមានប្ញទ្ធិពន្លឺចិញ្ចាច
តម្កើងព្រះអង្គដោយចិត្តអង់អាចកុំភ័យកុំខ្លាច
តទៅកុំប្រែ ។
៦៣.សូមអស់ទាំងផ្កាយដែលនៅរាត់រាយលើមេឃផងដែរ
សរសើរតម្កើងកុំបីប្រួលប្រែកុំក្រឡះកែ
រាល់ថ្ងៃខែឆ្នាំ ។
៦៤.សូមឱ្យសន្សើមទឹកភ្លៀងដ៏ឆ្នើមធ្លាក់ជាប្រចាំ
ចូរលើតម្កើងទាំងថ្វាយបង្គំព្រះម្ចាស់ឧត្តម
ជានិច្ចកុំរា ។
៦៥.ចូរអស់ទាំងខ្យល់ធ្លាប់បក់វិលវល់រាល់ប្រាំងវស្សា
គ្រប់ទីគ្រប់ទិសតម្កើងព្រះជាម្ចាស់អ្នករាល់គ្នា
កុំបីឆ្មៃឆ្មើង ។
៦៦.ចូរឱ្យកម្ដៅទាំងក្នុងទាំងក្រៅឱ្យមានទាំងភ្លើង
នាំគ្នាជួយលើកសរសើរតម្កើងព្រះអង្គខ្ពស់ឡើង
តទៅឥតអាក់ ។
៦៧.ចូរឱ្យខ្យល់ក្ដៅពេលនេះតទៅនិងខ្យល់ត្រជាក់
សរសើរតម្កើងព្រះជាម្ចាស់អ្នកកុំបីអន់អាក់
ជានិច្ចតទៅ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ​តាម វវ ២,១០

អលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់ អ្នកមានចិត្តស្មោះត្រង់ រហូត​ដល់ស្លាប់ នឹងទទួលជីវិតមកអ្នកទុកជាមកុដពីព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២១,១២-១៩

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័ក អំពីដំណើរនិវត្តរបស់ព្រះអង្គថា៖«គេ​នឹងចាប់ចងអ្នករាល់គ្នា គេប្រៀតបៀន ហើយបញ្ជូនអ្នករាល់គ្នាទៅកាត់ទោសក្នុងធម្ម​សាលា យកអ្នករាល់គ្នាទៅឃុំឃាំង។ គេនាំអ្នករាល់គ្នាទៅឱ្យស្ដេច និងទេសាភិបាល​កាត់ទោស ព្រោះតែនាមខ្ញុំ។ ប៉ុន្ដែ ការនេះប្រែជាហុចឱកាសឱ្យអ្នករាល់គ្នាផ្ដល់សក្ខីភាព​ទៅវិញ។ ត្រូវចងចាំក្នុងចិត្តថា កុំភ័យបារម្ភជាមុន នឹងពាក្យនិយាយការពារខ្លួនធ្វើអ្វី​ ដ្បិតខ្ញុំនឹងផ្ដល់ឱ្យអ្នករាល់គ្នាមានថ្វីមាត់ និងប្រាជ្ញា មិនឱ្យពួកប្រឆាំងអាចប្រកែក​តទល់នឹងអ្នករាល់គ្នាបានឡើយ។ សូម្បីតែឪពុកម្ដាយ បងប្អូនញាតិសន្ដាន និងមិត្ត​ភក្ដិរបស់អ្នករាល់គ្នា ក៏បញ្ជូនអ្នករាល់គ្នាមួយចំនួនទៅឱ្យគេសម្លាប់ដែរ។ មនុស្ស​គ្រប់ៗរូបនឹងស្អប់អ្នករាល់គ្នា ព្រោះតែនាមខ្ញុំ។ ប៉ុន្ដែ សូម្បីតែសក់អ្នករាល់គ្នាមួយសរសៃ​ក៏មិនត្រូវបាត់ឡើយ។ អ្នករាល់គ្នានឹងរួចជីវិត ព្រោះអ្នករាល់គ្នាមានចិត្តស៊ូទ្រាំ​»។

305 Views

Posted in មិន​មាន​ចំណាត់​ក្រុមTagged ,
Theme: Overlay by Kaira