អត្ថបទព្រះគម្ពីរ
ថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១
អាទិត្យទី៣៤ រដូវធម្មតា
ពណ៌ក្រហម
បុណ្យរម្លឹក
សន្តអន់ដ្រេយុងឡាក់ ជាបូជាចារ្យ
និងសហជីវិន ជាមរណសាក្សី
នៅសតវត្សទី១៦ មានគ្រីស្តបរិស័ទអ្នកនាំដំណឹងល្អទៅប្រជាជនវៀតណាម។ មានជនជាតិវៀតណាមមួយចំនួនធំ នាំគ្នាជឿព្រះយេស៊ូ។ នៅសតវត្សទី១៩ ព្រះចៅអធិរាជវៀតណាមបៀតបៀនធ្វើបាបគ្រីស្តបរិស័ទជាច្រើន ដោយទ្រង់យល់ថា គ្រីស្តបរិស័ទលែងចូលក្រោមអំណាចរបស់ព្រះចៅ។ នៅថ្ងៃនេះ ព្រះសហគមន៍គោរពគ្រីស្តបរិស័ទវៀតណាម និងគ្រីស្តបរិស័ទជាតិបរទេស ១១៧នាក់ ដែលស៊ូស្លាប់ជាជាងលះបង់ជំនឿរបស់ខ្លួន។ ក្នុងចំណោមមរណសាក្សីទាំងនោះ មានលោកស្ទេផាន គូអេណូត៍ ដែលបំពេញមុខងារជាអភិបាលព្រះសហគមន៍នាប្រទេសកម្ពុជា ក្នុងអំឡុងឆ្នាំ ១៨៤០ ដល់ ១៨៤៤។
លោកអន់ដ្រេយុងឡាក់ ជាបូជាចារ្យជាតិវៀតណាមម្នាក់។ លោកបូជាជិវិតថ្វាយព្រះគ្រីស្តរួមជាមួយគ្រីស្តបរិស័ទឯទៀតៗ ១១៦នាក់ នៅសតវត្សទី ១៨។ ក្នុងចំណោមគ្រីស្តបរិស័ទទាំងនោះមានសាសនទូតបារាំង ១០នាក់ សាសនទូតអេស្បាញ ១១នាក់ និងជាតិវៀតណាម ៩៦នាក់។ ក្នុងចំណោមគ្រីស្តបរិស័ទវៀតណាមទាំងនោះ មានបូជាចារ្យ ៣៧នាក់។ អភិបាលព្រះសហគមន៍ក្រុងរ៉ូម យ៉ូហានប៉ូលទី២ ប្រកាសថា អ្នកទាំងនោះជាសន្តបុគ្គលនៅថ្ងៃ១៩ មិថុនា ឆ្នាំ១៩៨៨។
អត្ថបទទី១
សូមថ្លែងព្រះគម្ពីរព្យាការីដានីអែល ដន ៥,១-៦.១៣-១៤-១៧.២៣-២៤
ព្រះបាទបេលថាសារ ចាត់ឱ្យគេរៀបពិធីជប់លៀងមួយយ៉ាងធំ ជូននាម៉ឺនមន្ដ្រីចំនួនមួយពាន់នាក់ ហើយទ្រង់សោយស្រាជាច្រើននៅមុខនាម៉ឺនមន្ដ្រីទាំងនោះ។ ក្រោយពីក្រេបស្រារួចហើយ ព្រះបាទបេលថាសារបញ្ជាឱ្យគេយកពែងមាស និងពែងប្រាក់ ដែលព្រះបាទណាប៊ូកានេសារជាព្រះបិតាបានរឹបអូសមកពីព្រះវិហារក្រុងយេរូសាឡឹមមក។ ស្ដេចមានបំណងយកពែងទាំងនោះមកដាក់ស្រាសម្រាប់ទ្រង់ផ្ទាល់ សម្រាប់ពួកមហេសី សម្រាប់ពួកស្នំ ព្រមទាំងនាម៉ឺនមន្ដ្រីរបស់ស្ដេច។ ពេលនោះ គេក៏យកពែងមាស ដែលបានរឹបយកពីព្រះវិហារ គឺពីព្រះដំណាក់របស់ព្រះជាម្ចាស់នៅក្រុងយេរូសាឡឹម ហើយទាំងស្ដេច ទាំងនាម៉ឺនមន្ដ្រី ទាំងពួកមហេសី និងស្រីស្នំ បានប្រើពែងទាំងនោះសម្រាប់សេពសុរា។ កាលសេពសុរារួចហើយ គេនាំគ្នាសរសើរតម្កើងរូបព្រះធ្វើពីមាស ប្រាក់ លង្ហិន ដែក ឈើ និងថ្ម។ ពេលនោះ ស្រាប់តែមានម្រាមដៃមនុស្សលេចចេញមក ហើយសរសេរលើជញ្ជាំងព្រះបរមរាជវាំង គឺនៅទល់មុខជើងចង្កៀង។ កាលព្រះរាជាទតឃើញម្រាមដៃដែលកំពុងតែសរសេរនោះ ព្រះភក្ដ្ររបស់ព្រះអង្គប្រែជាស្លេកស្លាំង ទ្រង់រំជួលព្រះហប្ញទ័យ មានព្រះកាយពលទន់ខ្សោយ និងព្រះបាទាញាប់ញ័រ។
គេអញ្ជើញលោកដានីអែលចូលគាល់ព្រះរាជា ហើយទ្រង់មានរាជឱង្ការមកលោកថា៖«តើលោកឈ្មោះដានីអែល ជាអ្នកដែលព្រះបិតារបស់យើងបានជម្លៀសយកមកពីស្រុកយូដាមែនឬទេ? យើងឮគេនិយាយថា លោកមានវិញ្ញាណរបស់ព្រះ នៅក្នុងខ្លួន និងដឹងការលាក់កំបាំង ហើយមានតម្រិះប្រាជ្ញាដ៏វាងវៃអស្ចារ្យ។ យើងក៏ឮគេនិយាយទៀតថា លោកអាចបកស្រាយអត្ថន័យ និងដោះស្រាយបញ្ហាស្មុគស្មាញបានទៀតផង។ ឥឡូវនេះ ប្រសិនបើលោកអាចអានអក្សរនេះបាន ហើយពន្យល់អត្ថន័យឱ្យយើង យើងនឹងបំពាក់អាវពណ៌ក្រហមទុំ និងខ្សែកមាស ជូនជាកិត្តិយស ព្រមទាំងប្រគល់ឋានៈជាអ្នកគ្រប់គ្រងទីបីនៅក្នុងរាជាណាចក្រនេះផង»។ ពេលនោះ លោកដានីអែលទូលព្រះរាជាវិញថា៖«សូមព្រះករុណាទុកកិត្តិយសនេះសម្រាប់អ្នកដទៃចុះ! រីឯទូលបង្គំ ទូលបង្គំសូមអានអក្សរនេះ ព្រមទាំងពន្យល់អត្ថន័យថ្វាយព្រះករុណាជ្រាប។ ព្រះករុណាបានប្រឆាំងព្រះអម្ចាស់នៃស្ថានបរមសុខ ដោយបញ្ជាឱ្យគេយកពែងពីព្រះវិហាររបស់ព្រះអង្គ មកចាក់ស្រាសម្រាប់ព្រះករុណា សម្រាប់នាម៉ឺនមន្រ្ដី សម្រាប់ពួកមហេសី និងពួកស្នំ។ បន្ទាប់មក ព្រះករុណាបានសរសើរតម្កើងព្រះដែលធ្វើពីមាស ប្រាក់ លង្ហិន ដែក ឈើ និងថ្មទៅវិញ ជាព្រះដែលមិនចេះមើល មិនចេះស្ដាប់ ហើយមិនដឹងអ្វីទាំងអស់ គឺព្រះករុណាមិនបានលើកតម្កើងព្រះដែលជាម្ចាស់លើព្រះជន្ម និងជាម្ចាស់លើដំណើរជីវិតរបស់ព្រះករុណាឡើយ។ ហេតុនេះហើយ បានជាព្រះជាម្ចាស់ចាត់ម្រាមដៃឱ្យមកសរសេរអក្សរនេះ គឺ“ម៉េណេ ម៉េណេ តេកែល និង ប៉ារស៊ីន”។ ពាក្យទាំងនេះមានន័យដូចតទៅ“ម៉េណេ”(ប្រែថា “រាប់”)មានន័យថា ព្រះជាម្ចាស់បានរាប់ចំនួនថ្ងៃនៃរាជ្យរបស់ព្រះករុណា ហើយព្រះអង្គបានបញ្ចប់រាជ្យនេះហើយ។ “តេកែល” (ប្រែថា “ថ្លឹង”) មានន័យថា ព្រះជាម្ចាស់បានថ្លឹងព្រះករុណាលើជញ្ជីងរួចហើយ ហើយទ្រង់ទតឃើញថា ស្រាលពេក។ “ប៉ារស៊ីន” ប្រែថា “ចែក”) មានន័យថា ព្រះជាម្ចាស់នឹងចែករាជាណាចក្ររបស់ព្រះករុណាជាពីរ គឺមួយចំណែកឱ្យជនជាតិម៉ែដ និងមួយចំណែកទៀតឱ្យជនជាតិពែរ្ស»។
ទំនុកតម្កើងព្យាការីដានីអែល ៣,៦២-៦៧ បទកាកគតិ
៦២. | សូមព្រះអាទិត្យ | ព្រះចន្ទមានប្ញទ្ធិ | ពន្លឺចិញ្ចាច |
តម្កើងព្រះអង្គ | ដោយចិត្តអង់អាច | កុំភ័យកុំខ្លាច | |
តទៅកុំប្រែ ។ | |||
៦៣. | សូមអស់ទាំងផ្កាយ | ដែលនៅរាត់រាយ | លើមេឃផងដែរ |
សរសើរតម្កើង | កុំបីប្រួលប្រែ | កុំក្រឡះកែ | |
រាល់ថ្ងៃខែឆ្នាំ ។ | |||
៦៤. | សូមឱ្យសន្សើម | ទឹកភ្លៀងដ៏ឆ្នើម | ធ្លាក់ជាប្រចាំ |
ចូរលើតម្កើង | ទាំងថ្វាយបង្គំ | ព្រះម្ចាស់ឧត្តម | |
ជានិច្ចកុំរា ។ | |||
៦៥. | ចូរអស់ទាំងខ្យល់ | ធ្លាប់បក់វិលវល់ | រាល់ប្រាំងវស្សា |
គ្រប់ទីគ្រប់ទិស | តម្កើងព្រះជា | ម្ចាស់អ្នករាល់គ្នា | |
កុំបីឆ្មៃឆ្មើង ។ | |||
៦៦. | ចូរឱ្យកម្ដៅ | ទាំងក្នុងទាំងក្រៅ | ឱ្យមានទាំងភ្លើង |
នាំគ្នាជួយលើក | សរសើរតម្កើង | ព្រះអង្គខ្ពស់ឡើង | |
តទៅឥតអាក់ ។ | |||
៦៧. | ចូរឱ្យខ្យល់ក្ដៅ | ពេលនេះតទៅ | និងខ្យល់ត្រជាក់ |
សរសើរតម្កើង | ព្រះជាម្ចាស់អ្នក | កុំបីអន់អាក់ | |
ជានិច្ចតទៅ ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម វវ ២,១០
អលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់ អ្នកមានចិត្តស្មោះត្រង់ រហូតដល់ស្លាប់ នឹងទទួលជីវិតមកអ្នកទុកជាមកុដពីព្រះអង្គ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២១,១២-១៩
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័ក អំពីដំណើរនិវត្តរបស់ព្រះអង្គថា៖«គេនឹងចាប់ចងអ្នករាល់គ្នា គេប្រៀតបៀន ហើយបញ្ជូនអ្នករាល់គ្នាទៅកាត់ទោសក្នុងធម្មសាលា យកអ្នករាល់គ្នាទៅឃុំឃាំង។ គេនាំអ្នករាល់គ្នាទៅឱ្យស្ដេច និងទេសាភិបាលកាត់ទោស ព្រោះតែនាមខ្ញុំ។ ប៉ុន្ដែ ការនេះប្រែជាហុចឱកាសឱ្យអ្នករាល់គ្នាផ្ដល់សក្ខីភាពទៅវិញ។ ត្រូវចងចាំក្នុងចិត្តថា កុំភ័យបារម្ភជាមុន នឹងពាក្យនិយាយការពារខ្លួនធ្វើអ្វី ដ្បិតខ្ញុំនឹងផ្ដល់ឱ្យអ្នករាល់គ្នាមានថ្វីមាត់ និងប្រាជ្ញា មិនឱ្យពួកប្រឆាំងអាចប្រកែកតទល់នឹងអ្នករាល់គ្នាបានឡើយ។ សូម្បីតែឪពុកម្ដាយ បងប្អូនញាតិសន្ដាន និងមិត្តភក្ដិរបស់អ្នករាល់គ្នា ក៏បញ្ជូនអ្នករាល់គ្នាមួយចំនួនទៅឱ្យគេសម្លាប់ដែរ។ មនុស្សគ្រប់ៗរូបនឹងស្អប់អ្នករាល់គ្នា ព្រោះតែនាមខ្ញុំ។ ប៉ុន្ដែ សូម្បីតែសក់អ្នករាល់គ្នាមួយសរសៃក៏មិនត្រូវបាត់ឡើយ។ អ្នករាល់គ្នានឹងរួចជីវិត ព្រោះអ្នករាល់គ្នាមានចិត្តស៊ូទ្រាំ»។