អត្ថបទព្រះគម្ពីរ
ថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១
អាទិត្យទី៣៤ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា
ឬសន្តក្លេម៉ង់ទី១ ជាសម្តេចប៉ាប
និងជាមរណសាក្សី
ឬសន្តកូឡូមបង់ ជាចៅអធិការ
លោកក្លេម៉ង់ជាអភិបាលព្រះសហគមន៍ក្រុងរ៉ូម ប្រហែលនៅ គ.ស.៩៥ តពីលោកលីណូ ដែលបន្តមុខតំណែងពីគ្រីស្តទូតសិលាមក។ លោកសរសេរលិខិតមួយច្បាប់ ផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស។ លិខិតនេះបង្ហាញបញ្ជាក់បន្ទុក និងអំណាចរបស់អភិបាលព្រះសហគមន៍ក្រុងរ៉ូម តាំងពីសម័យដើម ក្នុងការបង្រួបបង្រួមគ្រីស្តបរិស័ទគ្រប់ព្រះសហគមន៍ ឱ្យរួបរួមគ្នាជាធ្លុងតែមួយ ដោយសេចក្តីស្រឡាញ់ និងដោយមានជំនឿតែមួយដដែល។
លោកកូឡុមបង់ (ប្រ.៥៣០-៦១៥) បួសជាសង្ឈកាតូលិកជាតិអៀរឡង់។ ដោយលោកស្រឡាញ់ព្រះគ្រីស្តជាខ្លាំង លោកចេញពីអារាមទៅប្រកាសដំណឹងល្អរបស់ព្រះអង្គនៅខាងជើងស្រុកបារាំង។ លោកបង្កើតអារាម ហើយចែងវិន័យដ៏តឹងរឹងសម្រាប់អនុវត្តក្នុងអារាមនេះ។ អ្នកដឹកនាំស្រុកមិនពេញចិត្តនឹងលោក ព្រោះលោកតែងតែស្តីបន្ទោសកិរិយាមារយាទរបស់គេ ដូច្នេះលោកចេញទៅស្រុកអ៊ីតាលី ហើយសុគតនៅស្រុកនោះ។
អត្ថបទទី១
សូមថ្លែងព្រះគម្ពីរព្យាការីដានីអែល ដន ២,៣១-៤៥
លោកដានីអែល កាត់សុបិននិមិត្តព្រះបាទណាប៊ូកានេសារដូចតទៅ៖“បពិត្រព្រះរាជា! ក្នុងសុបិននិមិត្ត ទ្រង់ឃើញរូបបដិមាករមួយ ដែលមានទំហំយ៉ាងធំពន់ពេកក្រៃ ហើយថ្កុំថ្កើងរុងរឿងអស្ចារ្យណាស់។ រូបនោះឈរនៅមុខព្រះករុណ និងមានសភាពគួរឱ្យស្ញែងខ្លាច។ ក្បាលរបស់រូបនោះធ្វើពីមាសសុទ្ធ ទ្រូង និងដៃធ្វើពីប្រាក់ ពោះ និងភ្លៅធ្វើពីលង្ហិន ជើងទាំងពីរធ្វើពីដែក ហើយប្រអប់ជើងទាំងពីរមានមួយផ្នែកធ្វើពីដែក និងមួយផ្នែកទៀតធ្វើពីដីឥដ្ឋ។ ពេលព្រះករុណាកំពុងតែទតមើលនោះ ស្រាប់តែមានថ្មមួយដុំធ្លាក់ចុះមកដោយឯកឯង ហើយទង្គិចនឹងប្រអប់ជើងដែលធ្វើពីដែក និងដីឥដ្ឋ ធ្វើឱ្យប្រអប់ជើងរបស់រូបបដិមាករបាក់បែកខ្ទីចខ្ទីអស់។ ពេលនោះ ដែក ដីឥដ្ឋ លង្ហិន ប្រាក់ និងមាស ក៏បាក់បែកខ្ទេចខ្ទី ក្លាយទៅជាធូលី ដែលត្រូខ្យល់ផាត់បាត់ទៅ ដូចសម្ដីនៅក្នុងលានបោកបែនស្រូវដែរ គឺឥតទុកស្នាមអ្វីសោះឡើយ។ រីឯដុំថ្មដែលទង្គិចនឹងរូបបដិមាករនោះ បានក្លាយទៅជាភ្នំមួយយ៉ាងធំពេញផែនដីទាំងមូល។ នេះហើយព្រះសុបិនរបស់ព្រះករុណា ដែលយើងខ្ញុំសូមកាត់ស្រាយថ្វាយដូចតទៅ៖”បពិត្រព្រះរាជាទ្រង់ជាព្រះមហាក្សត្រលើព្រះមហាក្សត្រនានា ដ្បិតព្រះជាម្ចាស់នៃស្ថានបរមសុខបានប្រទានរាជ្យសម្បត្តិ ប្ញទ្ធានុភាព ចេស្ដា និងសិរីរុងរឿងមកព្រះករុណា។ ព្រះអង្គបានប្រទានមនុស្សលោក សត្វព្រៃ និងបក្សាបក្សី ដែលហើរនៅលើមេឃ មកក្នុងព្រះហស្ដរបស់ព្រះករុណា ឱ្យព្រះករុណាគ្រប់គ្រងលើទាំងអស់ ទោះបីនៅទីណាក៏ដោយ។ ព្រះករុណានេះហើយ ជាក្បាលរូបបដិមាករធ្វើពីមាស។ បន្ទាប់ពីព្រះករុណា នឹងមានរាជាណាចក្រមួយទៀតកើតឡើង តែខ្សោយជាងរាជាណាចក្ររបស់ព្រះករុណា ហើយក្រោយមក មានរាជាណាចក្រទីបី គឺលង្ហិន គ្រប់គ្រងលើពិភពលោកទាំងមូល។ លុះ ក្រោយមកទៀត មានរាជាណាចក្រទីបួនរឹងមាំដូចដែក។ ដែកកម្ទេច ហើយបំបាក់អ្វីៗទាំងអស់យ៉ាងណា រាជាណាចក្រនោះនឹងកម្ទេច ហើយបំបែកអ្វីៗទាំងអស់យ៉ាងនោះដែរ។ ព្រះករុណាបានទតឃើញប្រអប់ជើង និងម្រាមជើង ដែលមួយផ្នែកធ្វើអំពីដីឥដ្ឋរបស់ជាងស្មូន និងមួយផ្នែកទៀតធ្វើអំពីដែក គឺសំដៅទៅលើរាជាណាចក្រនោះ ដែលនឹងត្រូវបែងចែកជាពីរ ប៉ុន្ដែ រាជាណាចក្រនោះមានមួយផ្នែករឹងមាំដូចដែក ដ្បិតព្រះករុណាបានឃើញដែកជាប់ជាមួយដីឥដ្ឋ។ ម្រាមជើងរបស់រូបបដិមាករ មានមួយផ្នែកធ្វើពីដែក និងមួយផ្នែកទៀតធ្វើពីដីឥដ្ឋ បានសេចក្ដីថា រាជាណាចក្រនោះនឹងមានប្ញទ្ធិអំណាចមួយផ្នែក ហើយក៏ខ្សោយមួយផ្នែកដែរ។ ព្រះករុណាទតឃើញដែកជាប់ជាមួយដីឥដ្ឋ ព្រោះរាជាណាចក្រនោះតភ្ជាប់គ្នា ដោយសារចំណង់សម្ពន្ធមេត្រីរបស់មនុស្ស តែគេមិនរលាយចូលគ្នាទេ គឺដូចដែកនិងដីឥដ្ឋពុំអាចរលាយចូលគ្នាបានឡើយ។
ក្នុងរជ្ជកាលរបស់ស្ដេចទាំងនោះ ព្រះជាម្ចាស់នៃស្ថានបរមសុខនឹងធ្វើឱ្យរាជាណាចក្រមួយទៀតកើតឡើង ដែលមិនរលាយ ហើយក៏មិនធ្លាក់ទៅក្រោមអំណាចគ្រប់គ្រងរបស់ប្រជាជាតិណាមួយឡើយ។ រាជាណាចក្រមួយនេះ នឹងកម្ទេចរាជាណាចក្រឯទៀតៗទាំងប៉ុន្មាន ដែលមានពីមុនឱ្យវិនាសសូន្យ ហើយរាជាណាចក្រនេះនឹងនៅស្ថិតស្ថេររហូតតទៅ ដូចព្រះករុណាបានឃើញថ្ម ធ្លាក់ចុះពីលើភ្នំដោយឯកឯង កម្ទេចដែក លង្ហិន ដីឥដ្ឋ និងមាសដែរ។ ព្រះជាម្ចាស់ដ៏ឧត្តម បានបង្ហាញឱ្យព្រះករុណាជ្រាបអំពីហេតុការណ៍ ដែលនឹងកើតមាននៅពេលខាងមុខ។ សុបិនរបស់ព្រះករុណាជាការពិតនិងមានអត្ថន័យគួរឱ្យជឿទុកចិត្ត»។
ទំនុកតម្កើងរបស់ព្យាការីដានីអែល ៣, ៥៧-៦១ បទកាកគតិ
៥៧. | គ្រប់ស្នាព្រះហស្ដ | ព្រះម្ចាស់ទាំងអស់ | នៅមិនរបូត |
ជារៀងដរាប | សូមនាំគ្នាស្មូត្រ | តម្កើងរហូត | |
អស់កល្បអន្លាយ ។ | |||
៥៨. | ឱផ្ទៃមេឃអើយ | កុំនៅកន្ដើយ | ហាក់ដូចជិនណាយ |
ស្មូត្របទតម្កើង | ដោយចិត្តសប្បាយ | អស់កល្បអន្លាយ | |
តទៅកុំឈប់ ។ | |||
៥៩. | សូមឱ្យទេវទូត | តម្កើងរហូត | ទាំងថ្ងៃទាំងយប់ |
ព្រះម្ចាស់ថ្កុំថ្កើង | អស់កល្បអស់កប្ប | តម្កើងកុំឈប់ | |
តទៅរាល់ថ្ងៃ ។ | |||
៦០. | ចូរទឹកទាំងឡាយ | អបអរសប្បាយ | លើនភាល័យ |
នាំគ្នាសរសើរ | តម្កើងម្ចាស់ថ្លៃ | កុំបង្អង់អី | |
អស់កល្បអង្វែង ។ | |||
៦១. | ហ្វូងតារារះ | នៃព្រះអម្ចាស់ | នាំគ្នាសម្ដែង |
តម្កើងព្រះអង្គ | សរសើរស្ញប់ស្ញែង | គ្រប់ទីកន្លែង | |
តទៅឥតដាច់ ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៥០,១-៦
អលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មានព្រះបន្ទូលកោះហៅផែនដីទាំងមូល។ ផ្ទៃមេឃប្រកាសសេចក្ដីសុចរិតរបស់ព្រះអង្គ។អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ដលូកា លក ២១,៥-១១
នៅពេលនោះ សាវ័កខ្លះនិយាយសរសើរលំអររបស់ព្រះវិហារ ដែលតាក់តែងឡើងដោថ្មយ៉ាងល្អប្រណីត និងមានតាំងវត្ថុផ្សេងៗ ដែលគេយកមកថ្វាយព្រះជាម្ចាស់។ ព្រះយេស៊ូមានព្រះបន្ទូលថា៖«នៅពេលខាងមុខ អ្វីៗដែលអ្នករាល់គ្នាឃើញនៅពេលនេះនឹងត្រូវរលំបាកបែកអស់ជាមិនខាន លែងមានថ្មត្រួតពីលើថ្មទៀតហើយ»។
គេទូលសួរព្រះអង្គថា៖«ព្រះគ្រូអើយ! ហេតុការណ៍ទាំងនោះនឹងកើតមាននៅពេលណា? តើមានទីសម្គាល់អ្វីឱ្យយើងដឹងថា ព្រឹត្តិការណ៍ទាំងនោះនឹងជិតមកដល់?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖«ចូរប្រុងប្រយ័ត្ន កុំបណ្ដោយនរណាបញ្ឆោតអ្នករាល់គ្នាឱ្យវង្វេងឡើយ ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំមកប្រើដោយពោលថា “ខ្ញុំនេះហើយជាព្រះគ្រីស្ដ” ឬថា៖“ ពេលកំណត់មកដល់ហើយ” កុំតាមអ្នកទាំងនោះឱ្យសោះ។ កាលណាអ្នករាល់គ្នាឮគេនិយាយអំពីសង្គ្រោម ឬអំពីការបះបោរ មិនត្រូវភ័យតក់ស្លុតឡើយ ដ្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើងជាមុន ប៉ុន្ដែ នៅមិនទាន់ដល់អវសានកាលនៃពិភពលោកភ្លាមៗទេ»។ ព្រះអង្គមានព្រះបន្ទូលថែមទៀតថា៖“ ប្រជាជាតិមួយនឹងធ្វើសង្គ្រោមតទល់នឹងប្រជាជាតិមួយទៀត ប្រទេសមួយតទល់នឹងប្រទេសមួយទៀត នឹងមានរញ្ជួយផែនដីជាខ្លាំង នៅតាមតំបន់ផ្សេងៗ ហើយនឹងមានកើតទុរ្ភិក្ស ជំងឺរាតត្បាត ព្រមទាំងមានអព្ភូតហេតុផ្សេងៗបណ្ដាលឱ្យភ័យតក់ស្លុត និងមានទីសម្គាល់យ៉ាងធំនៅលើមេឃផង”។