អត្ថបទព្រះគម្ពីរ
ថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១
អាទិត្យទី៣៤ រដូវធម្មតា
ពណ៌ក្រហម
បុណ្យរម្លឹក
សន្តីសេស៊ីល ជាព្រហ្មចារិនី
និងជាមរណសាក្សី
តាំងពីសតវត្សទី ៥ គ្រីស្តបរិស័ទក្រុងរ៉ូមតែងតែគោរពនាងសេស៊ីលទុកជាព្រហ្មចារិនី និងជាមរណសាក្សី។ ពួកគេធ្លាប់និយាយថា នាងសេស៊ីលសាងព្រះវិហារមួយនៅក្រុងរ៉ូមនោះ។ គេតំណាលរឿងអស្ចារ្យស្តីអំពីនាង នៅពេលពួកពាលប្រហារជិវិតនាង។ គេរ៉ាយរ៉ាប់រឿងអស្ចារ្យបែបនេះ ដើម្បីលើកតម្កើងកិត្តិយសរបស់អស់អ្នកដែលថ្វាយខ្លួនទៅព្រះអម្ចាស់ ក្នុងឋានៈជាព្រហ្មចារិនីនៅសតវត្សទី ១៥ គេលើកសន្តីសេស៊ីលធ្វើជាឧបការិនីរបស់អ្នកភ្លេង ព្រោះក្នុងរឿងព្រេងស្តីអំពីនាងមានចែងថា៖ “នៅពេលមានលាន់ឮស្នូរគ្រឿងតន្ត្រីសម្រាប់រឿងអាពាហ៍ពិពាហ៍របស់នាង នាងសេស៊ីលចេះតែច្រៀងក្នុងចិត្តថ្វាយព្រះអម្ចាស់”។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីដានីអែល ដន ១,១-៦.៨-២០
នៅឆ្នាំទីបី ក្នុងរជ្ជកាលព្រះបាទយ៉ូយ៉ាគីម ជាស្ដេចស្រុកយូដា ព្រះបាទណាប៊ូកានេសារ ជាស្ដេចស្រុកបាប៊ីឡូន លើកទ័ពមកឡោមព័ទ្ធក្រុងយេរូសាឡឹម។ ព្រះអម្ចាស់ប្រគល់ព្រះបាទយ៉ូយ៉ាគីម ជាស្ដេចស្រុកយូដា ព្រមទាំងប្រដាប់ប្រដារមួយចំនួនរបស់ព្រះវិហារទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទណាប៊ូកានេសារ។ ព្រះបាទណាប៊ូកានេសារនាំឈ្លើយសង្គ្រាមទៅស្រុកបាប៊ីឡូន ហើយយកប្រដាប់ប្រដារទាំងនោះទៅទុកក្នុងវិហារនៃព្រះរបស់ខ្លួន។
ព្រះមហាក្សត្របញ្ជាទៅលោកអាស្ពេណា ជានាយកក្រុមមហាត្លឹកឱ្យនាំយុវជនខ្លះ ដែលជាប់ព្រះរាជវង្សរបស់ស្ដេចអ៊ីស្រាអែល ឬជាកូនចៅរបស់ពួកអភិជនមក។ យុវជនទាំងនោះត្រូវមានរូបឆោមល្អឥតខ្ចោះ មានប្រាជ្ញាវាងវៃ ជាមនុស្សចេះដឹង មានចំណោះវិជ្ជាខ្ពង់ខ្ពស់ មានកម្លាំងអាចបម្រើព្រះមហាក្សត្របាន។ យុវជនទាំងនោះ ត្រូវទទួលការអប់រំផ្នែកអក្សរសាស្រ្ដ និងភាសាបាប៊ីឡូនថែមទៀតផង។ ព្រះមហាក្សត្របញ្ជាគេឱ្យយកព្រះស្ងោយ និងស្រាមួយចំណែកទៅឱ្យយុវជនទាំងនោះជារៀងរាល់ថ្ងៃ ហើយបញ្ជាឱ្យពួកគេទទួលការអបរំអស់រយៈពេលបីឆ្នាំ មុននឹងចូលទៅបម្រើស្ដេច។ ក្នុងចំណោមយុវជនទាំងនោះមានខ្លះជាជនជាតិយូដា គឺដានីអែល ហាណានីយ៉ា មីសាអែល និងអសារីយ៉ា។ យុវជនដានីអែលប្ដេជ្ញាចិត្តមិនបរិភោគម្ហូបអាហារ និងស្រាព្រះមហាក្សត្រទេ ក្រែងនាំឱ្យគាត់ទៅជាមិនបរិសុទ្ធ គាត់សូមលោកនាយកក្រុមមហាត្លឹក កុំបង្ខំគាត់ឱ្យបរិភោគម្ហូបអាហារទាំងនោះឡើយ។ ព្រះជាម្ចាស់ប្រោសប្រទានឱ្យនាយកក្រុមមហាត្លឹកមានចិត្តអាណិតអាសូរដល់យុវជនដានីអែល។ លោកនាយកក្រុមមហាត្លឹក ពោលទៅកាន់យុវជនដានីអែលថា៖« ខ្ញុំខ្លាចព្រះករុណាជាម្ចាស់ណាស់ ដ្បិតទ្រង់បានតម្រូវឱ្យខ្ញុំយកម្ហូបអាហារនិងស្រាមកផ្គត់ផ្គង់ប្អូនៗ ប្រសិនបើព្រះករុណាទតឃើញមុខប្អូនៗស្គមជាងយុវជនឯទៀតៗ ដែលមានអាយុស្រកនឹងប្អូនៗនោះ ទ្រង់មុខជាដាក់ទោសប្រហារជីវិតខ្ញុំពុំខាន»។ យុវជនដានីអែលពោលទៅកាន់លោកម្នាក់ ដែលនាយកក្រុមមហាត្លឹកបានប្រគល់ភារកិច្ចមើលខុសត្រូវលើខ្លួនគាត់ លើហាណានីយ៉ា មីសាអែល និងអសារីយ៉ាថា៖« សូមលោកល្បងលមើល យើងខ្ញុំក្នុងរយៈពេលដប់ថ្ងៃចុះ! គឺសូមចែកតែបន្លែ និងទឹកឱ្យយើងខ្ញុំទទួលទានប៉ុណ្ណោះ។ បន្ទាប់មកសូមលោកពិនិត្យមើលមុខយើងខ្ញុំ និងមុខយុវជនឯទៀតៗ ដែលបរិភោគព្រះស្ងោយរបស់ព្រះរាជា រួចសូមលោកប្រព្រឹត្តចំពោះយើងខ្ញុំ តាមការយល់ឃើញរបស់លោកចុះ!»។ លោកក៏យល់ព្រមតាមពាក្យសុំ ហើយល្បងលមើលយុវជនទាំងបួននោះ អស់រយៈពេលដប់ថ្ងៃ។ លុះដប់ថ្ងៃកន្លងផុតទៅ យុវជនទាំងបួននាក់មានមុខស្រស់ល្អ និងមានសាច់ថ្លាជាងពួកយុវជនដែលបានបរិភោគព្រះស្ងោយរបស់ស្ដេចទៅទៀត។ ចាប់ពីថ្ងៃនោះមក អ្នកទទួលខុសត្រូវលែងចែកម្ហូបអាហារ និងស្រារបស់ស្ដេចឱ្យយុវជនទាំងបួនទៀតហើយ គឺចែកតែបន្លែ និងទឹកឱ្យពួកគេប៉ុណ្ណោះ។
ព្រះជាម្ចាស់ប្រោសប្រទានឱ្យយុវជនទាំងបួននាក់នេះ មានចំណេះវិជ្ជាប៉ិនប្រសប់ខាងអក្សរសាស្រ្ដ និងមានប្រាជ្ញាវាងវៃផង។ ម្យ៉ាងទៀត យុវជនដានីអែល ចេះបកស្រាយនិមិត្តហេតុអស្ចារ្យ និងចេះកាត់សប្ដិដែរ។ លុះដល់ពេលដែលព្រះរាជាបានកំណត់ឱ្យនាំពួកយុវជនទៅថ្វាយ លោកនាយកក្រុមមហាត្លឹកក៏នាំយុវជនទាំងនោះចូលទៅគាល់ព្រះបាទណាប៊ូកានេសារ។ មហាក្សត្រសន្ទនាជាមួយយុវជនទាំងនោះ ហើយក្នុងចំណោមពួកគេ គ្មាននរណាម្នាក់អាចផ្ទឹមស្មើនឹងដានីអែល ហាណានីយ៉ា មីសាអែល និងអសារីយ៉ាឡើយ។ ព្រះមហាក្សត្រក៏ទទួលយុវជនទាំងបួនឱ្យធ្វើជាព្រះរាជបម្រើ។ ពេលស្ដេចសាកសួរអំពីរឿងអ្វីៗទាំងអស់ដែលត្រូវការតម្រិះ និងប្រាជ្ញាដ៏ជ្រៅជ្រះយុវជនទាំងបួននាក់ពូកែជាងគ្រូមន្ដអាគម និងហោរាទាំងឡាយក្នុងព្រះរាជាណាចក្រទាំងមូល ដប់ដងទៅទៀត។
ទំនុកតម្កើងព្យាការីដានីអែល ៣ ,៥២-៥៦ បទកាកគតិ
៥២. | បពិត្រព្រះម្ចាស់ | ជាព្រះរបស់ | ដូនតាយើងខ្ញុំ |
សូមកោតសរសើរ | ទាំងថ្វាយបង្គំ | ថ្កើងព្រះឧត្តម | |
អស់លក្បតទៅ ។ | |||
ខ្ញុំសូមតម្កើង | លើកព្រះនាមឡើង | ពុំមានអាស្រូវ | |
សុចរិតយុត្តិធម៌ | ទ្រង់គង់ជាផ្លូវ | អង្វែងតទៅ | |
សរសើរព្រះអង្គ ។ | |||
៥៣. | សូមកោតសរសើរ | ព្រះគ្មានអ្វីស្មើ | ក្នុងគ្រានេះម្ដង |
ទ្រង់ប្រកបដោយ | សិរីរឿងរុង | ក្នុងវិហារទ្រង់ | |
កុំនៅទីមទាម ។ | |||
៥៤. | សូមលើកតម្កើង | ព្រះម្ចាស់យាងឡើង | លើខេរ៉ូប៊ីម |
ខ្ពង់ខ្ពស់បំផុត | គ្មានអ្វីប្រៀបផ្ទឹម | ស្មូត្រទាំងញញឹម | |
តម្កើងជានិច្ច ។ | |||
៥៥. | សូមតម្កើងទ្រង់ | ដែលយាងឡើងគង់ | លើបល្ល័ង្ករាជ្យ |
សូមច្រៀងតម្កើង | រាល់ថ្ងៃព្រឹកល្ងាច | ព្រះម្ចាស់ជានិច្ច | |
កុំប្រែកឡះ ។ | |||
៥៦. | សូមថ្កើងសរសើរ | ព្រះអង្គនៅលើ | វេហាស៍អាកាស |
ព្រះអង្គគ្រប់គ្រង | ស្ថានបរមសុខខ្ពស់ | លើកសិរីយស | |
ព្រះអង្គរហូត ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ២៤,៤២.៤៤
អលេលូយ៉ា! អាលេលូយ៉ា!
ចូរប្រុងស្មារតីឱ្យមែនទែន! ដ្បិតអ្នករាល់គ្នាពុំដឹងថា បុត្រមនុស្សនឹងយាងមកដល់នៅវេលាណាទេ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២១,១-៤
ព្រះយេស៊ូទតឃើញពួកអ្នកមាន យកប្រាក់មកដាក់ក្នុងហិបថ្វាយព្រះជាម្ចាស់។ ព្រះអង្គទតឃើញស្រ្ដីមេម៉ាយក្រីក្រម្នាក់ នាងយកប្រាក់ពីរសេន មកដាក់ក្នុងហិបនោះដែរ។ ព្រះអង្គមានព្រះបន្ទូលថា៖«ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ស្រ្ដីមេម៉ាយក្រីក្រនេះ បានដាក់ប្រាក់ច្រើនជាងគេទាំងអស់ ដ្បិតអ្នកទាំងនោះបានយកប្រាក់សំណល់របស់ខ្លួនមកដាក់ក្នុងហិត។ រីឯស្ដី្រមេម៉ាយនេះវិញ ទោះបីជានាងក្រីក្រយ៉ាងណាក៏ដោយ ក៏នាងបានយកប្រាក់ទាំងអស់ ដែលនាងត្រូវការជាចាំបាច់ សម្រាប់ចិញ្ចឹមជីវិតមកដាក់ក្នុងហិប ថ្វាយព្រះជាម្ចាស់ដែរ»។