អត្ថបទព្រះគម្ពីរ
ថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២១

បុណ្យព្រះយេស៊ូគ្រីស្ត
ជាព្រះមហាក្សត្រពិភពលោក
បុណ្យឱឡារិក
ពណ៌ស

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរព្យាការីដានីអែល ដន ៧,១៣-១៤

ក្នុងសុបិននិមិត្តនៅពេលយប់នោះ ខ្ញុំដានីអែល ឃើញម្នាក់មានរាងដូចបុត្រមនុស្ស មកជាមួយពពកនៅលើផ្ទៃមេឃ។ លោកចូលទៅជិតព្រះជាម្ចាស់នៃពេលវេលា ដែលមានព្រះជន្មាយុយឺនយូរ ហើយគេក៏នាំលោកទៅគាល់ព្រះអង្គ។ លោកបានទទួល អំណាចគ្រប់គ្រងព្រះកិត្តិនាម ព្រមទាំងរាជ្យសម្បត្តិផង។ ប្រជាជនទាំងអស់ ប្រជាជាតិទាំងអស់ និងមនុស្សគ្រប់ភាសា នាំគ្នាគោរពបម្រើលោក អំណាចគ្រប់គ្រងរបស់លោកនៅស្ថិតស្ថេរអស់កល្បជានិច្ចឥតសាបសូន្យឡើយ។ រាជ្យសម្បត្តិរបស់លោក ក៏មិនត្រូវរលាយដែរ។

ទំនុកតម្កើងលេខ ៩៣,១-២.៥ បទកាកគតិ

១.ព្រះអម្ចាស់ជាមហាក្សត្រារុងរឿងថ្កើងថ្កុំ
ទ្រង់ប្រកបដោយចេស្តាឧត្តមផែនដីនៅមាំ
ឥតរង្គើឡើយ ។
២.បល្ល័ង្កព្រះអង្គស្ថិតស្ថេររឿងរុងយូរលង់មកហើយ
ព្រះអង្គមានជន្មអស់កល្បអន្លាយដើមមករៀងអាយ
អង្វែងជានិច្ច ។
៥.បពិត្រព្រះម្ចាស់ក្រឹត្យវិន័យព្រះត្រឹមត្រូវបរិសុទ្ធ
ដំណាក់ព្រះអង្គល្អល្អះបំផុតវិសេសវិសុទ្ធ
អស់កល្បតទៅ ។

អត្ថបទទី​២៖ សូមថ្លែងព្រះគម្ពីរវិវរណៈ វរ ១,៥-៦

សូមព្រះយេស៊ូគ្រីស្តប្រណីសន្តោស និងប្រទានសេចក្តីសុខសាន្តដល់បងប្អូន!។ ព្រះយេស៊ូជាសាក្សីដ៏ស្មោះត្រង់ ព្រះអង្គទទួលព្រះជន្មដ៏រុងរឿងមុនគេបង្អស់ ហើយព្រះអង្គជាអធិបតីលើស្តេចទាំងអស់នៅលើផែនដី។

ព្រះយេស៊ូគ្រីស្តមានព្រះហឫទ័យស្រឡាញ់យើង និងបានរំដោះយើងឱ្យរួចពីបាប ដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ ព្រះអង្គបានធ្វើឱ្យយើងទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យបម្រើព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះអង្គ។ សូមលើក តម្កើងសិរីរុងរឿង និងព្រះចេស្តារបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!។ មើល៍! ព្រះអង្គយាងមកនៅកណ្តាលពពក។ មនុស្សទាំងអស់នឹងឃើញព្រះអង្គ សូម្បីតែអស់អ្នកដែលបានចាក់ទម្លុះព្រះអង្គក៏នឹងឃើញព្រះអង្គដែរ។ កុលសម្ព័ន្ធទាំងប៉ុន្មាននៅលើផែនដីនឹងត្រូវសោកសៅ ព្រោះតែព្រះអង្គ។ មែន! ពិតជាកើតមានដូច្នេះមែន! អាម៉ែន!។ ព្រះជាអម្ចាស់ដែលមានព្រះជន្មគង់នៅសព្វថ្ងៃ គង់នៅពីដើម ហើយកំពុងតែយាងមក គឺព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់ ព្រះអង្គមានព្រះបន្ទូលថា៖ «យើងជា អាល់ផា និងជាអូមេកា ជាដើម និងចុងនៃអ្វីៗទាំងអស់»។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មក ១១,១០

អលេលូយ៉ា! អាលេលូយ៉ា!
សូមលើកតម្កើងព្រះរាជ្យរបស់ព្រះបាទដាវីឌ ជាបិតារបស់យើង! ជាព្រះរាជ្យនៃជំនាន់ថ្មី។
សូមលើកតម្កើង អ្នកដែលមកក្នុងនាមនៃព្រះអម្ចាស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៨,៣៣-៣៧

នៅពេលនោះ លោកពីឡាតកាត់ក្តីព្រះយេស៊ូ។ លោកសួរព្រះយេស៊ូថា៖«តើអ្នកជាស្តេចរបស់ជនជាតិយូដាមែនឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖«លោកមានប្រសាសន៍ដូច្នេះ តើមកពីគំនិតរបស់លោកផ្ទាល់ ឬមានអ្នកផ្សេងទៀតជម្រាបលោក?» លោកពីឡាតតបវិញថា៖«ខ្ញុំមិនមែនជនជាតិយូដាទេ! គឺជនជាតិរបស់អ្នក និងពួកនាយកបូជាចារ្យទេតើ ដែលបានបញ្ជូនអ្នកមកខ្ញុំ។ ​តើអ្នកបានធ្វើអ្វី?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖«រាជ្យរបស់ខ្ញុំមិនមែននៅក្នុងលោកនេះទេ។ ប្រសិនបើរាជ្យរបស់ខ្ញុំនៅក្នុងលោកនេះមែន ពួកបម្រើរបស់ខ្ញុំមុខជានាំគ្នាតយុទ្ធ មិនឱ្យគេបញ្ជូនខ្ញុំទៅក្នុងកណ្តាប់ដៃរបស់សាសន៍យូដាបានឡើយ។ ប៉ុន្តែ​ រាជ្យរបស់ខ្ញុំ មិនមែននៅលោកនេះទេ»។ លោកពីឡាតទូលសួរព្រះអង្គថា៖«បើដូច្នេះ តើអ្នកជាស្តេចមែនឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖«លោកទេតើដែលមានប្រសាសន៍ថា ខ្ញុំជាស្តេច។ ខ្ញុំកើតមក ហើយខ្ញុំក៏មកក្នុងលោកនេះ ដើម្បីផ្តល់សក្ខីភាពអំពីសេចក្តីពិត។ អ្នកណាកើតពីសេចក្តីពិត អ្នកនោះនឹងស្តាប់សំឡេងខ្ញុំ»។

222 Views

Theme: Overlay by Kaira