អត្ថបទព្រះគម្ពីរ
ថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១
អាទិត្យទី៣៣ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា

អត្ថបទទី
សូមថ្លែងព្រះគម្ពីរមរណៈសាក្សីនៃជនជាតិអ៊ីស្រាអែល ១មបា ៤,៣៦-៣៧.៥២-៥៩

ក្រោយពីបានជ័យជម្នះ លោកយូដា និងបងប្អូនលោកនិយាយគ្នាថា៖«ខ្មាំងសត្រូវបរាជ័យហើយ! យើងនាំគ្នាឡើងទៅយេរូសាឡឹម ដើម្បីធ្វើពិធីជម្រះព្រះវិហារឱ្យបានវិសុទ្ធ និងធ្វើបុណ្យឆ្លងជាថ្មីទៀតផង»។ កងទ័ពទាំងមូលបានមូលផ្ដុំគ្នា ហើយ​ឡើងលើភ្នំស៊ីយ៉ូន។ ថ្ងៃទីម្ភៃប្រាំ ខែមិគសិរ នៅឆ្នាំមួយរយសែសិបប្រាំបី ជនជាតិ​យូដាក្រោកពីព្រលឹម នាំគ្នាថ្វាយយញ្ញបូជា ស្របតាមធម្មវិន័យនៅលើអាសនៈ​ ដែល​ទើបតែនឹងសង់ថ្មីនោះ។ គេធ្វើពិធីឆ្លងអាសនៈនេះ ទាំងច្រៀងបទសរសើរព្រះ​ជាម្ចាស់ ដោយមានប្រគំតូរ្យតន្រី្ដកំដរផង គឺមានពិណ ចាប៉ី ឃឹម ចំលើថ្ងៃខួបដែលជនជាតិដទៃបានបង្អាប់បង្អោនអាសនៈនេះ។ ក្រាបចុះឱនមុខដល់ដី រួចបន្លឺសំឡេងសរសើរតម្កើងព្រះជាម្ចាស់ ដែលបានប្រោសប្រទានឱ្យពួកគេមានជ័យជម្នះ។ គេធ្វើបុណ្យឆ្លងអាសនៈអស់រយៈពេលប្រាំបីថ្ងៃ ព្រមទាំងថ្វាយតង្វាយដុតទាំងមូលយ៉ាង​សប្បាយរីករាយក្រៃលែង។ គេក៏ថ្វាយយញ្ញបូជាមេត្រីភាព និងអរព្រះគុណព្រះអង្គ​ដែរ។ គេយកកម្រង មាស និងខែល មកតុបតែងជញ្ជាំងខាងមុខព្រះវិហារ ហើយជួស​ជុលខ្លោងទ្វារ និងបន្ទប់ ព្រមទាំងដាក់ទ្វារឡើងវិញផង។ ប្រជាជនមានអំណរសប្បាយ​យ៉ាងក្រៃលែង ហើយលុបលាងការអាម៉ាស់ ដែលគេទទួលពីសាសន៍ដទៃពីពេលមុន។ លោកយូដា និងបងប្អូនលោក ព្រមទាំងសហគមន៍អ៊ីស្រាអែលទាំងមូលព្រមព្រៀងគ្នា​សម្រេចថា ត្រូវធ្វើបុណ្យខួបថ្ងៃឆ្លងអាសនៈនេះជារៀងរាល់ឆ្នាំ ក្នុងរយៈពេលប្រាំបីថ្ងៃ ទាំងសប្បាយរីករាយ គឺចាប់តាំងពីថ្ងៃទីម្ភៃប្រាំ ខែមិគសិរតទៅ។

ទំនុកតម្កើងរបាក្សត្រ ភាគ១ ២៩,១០-១២ បទកាកគតិ

១០.ឥឡូវនេះខ្ញុំមានបំណងធំចង់ចងសម្ពន្ធ
មេត្រីជាមួយព្រះអង្គបន្ទាន់ជាព្រះនៃជន
ជាតិអ៊ីស្រាអែល ។
ខ្ញុំសូមអង្វរព្រះម្ចាស់បវរបារមីក្រាស់ក្រែល
សូមទ្រង់ពង្វាងព្រះពិរោធដែលគ្រប់គ្រងក្រវែល
លើយើងគ្រប់គ្នា ។
១១.ពេលនេះកូនចៅទាំងអស់គ្នាត្រូវឈប់ធ្វើខ្ជីខ្ជា
ដ្បិតព្រះអម្ចាស់ជ្រើសអ្នករាល់គ្នាបំពេញមុខងារ
បម្រើព្រះអង្គ ។
ទ្រង់សព្វព្រះទ័យលើអ្នកពេកក្រៃឈរពីមុខទ្រង់
បម្រើកិច្ចការតាមព្រះបំណងគ្រឿងក្រអូបផង
ដាក់ថ្វាយគ្មានទាស់ ។
១២.ពេលនោះកូនចៅលេវីមិននៅក្រោកឡើងទាំងអស់
ជម្រះដំណាក់វិសុទ្ធឥតទាស់ថែមទាំងជម្រះ
ខ្លួនពួកគេផង ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ​តាម យហ ១០,២៧

អលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់យេស៊ូ! ព្រះអង្គពិតជាគង្វាលដ៏ពិតប្រាកដតែមួយ! យើងខ្ញុំស្ដាប់សំឡេងព្រះអង្គ ហើយទៅតាមព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៩,៤៥-៤៨

នៅគ្រានោះ ព្រះយេស៊ូយាងចូលព្រះវិហារ ហើយព្រះអង្គដេញអ្នកលក់ដូរចេញពីទីនោះ ដោយមានព្រះបន្ទូលទៅគេថា៖«ក្នុងគម្ពីរមានចែងថា “ដំណាក់របស់យើងជា​កន្លែងសម្រាប់អធិដ្ឋាន” តែអ្នករាល់គ្នាបែរជាយកធ្វើសំបុកចោរទៅវិញ»។

ព្រះយេស៊ូបានបង្រៀនគេនៅក្នុងព្រះវិហារជារៀងរាល់ថ្ងៃ។ ក្រុមនាយកបូជាចារ្យ​ ពួកធម្មាចារ្យ និងពួកមន្ដ្រី នាំគ្នារកមធ្យោបាយធ្វើគុតព្រះអង្គ។ ប៉ុន្ដែ គេមិនដឹងជា​ត្រូវប្រើវិធីណាឡើយ ដ្បិតប្រជាជនទាំងមូលប្រឹងស្ដាប់ព្រះបន្ទូលព្រះអង្គ ដោយយក​ចិត្ត​ទុកដាក់។

242 Views

Theme: Overlay by Kaira