អត្ថបទព្រះគម្ពីរ
ថ្ងៃព្រហស្បតិ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១
អាទិត្យទី៣៣ រដូវធម្មតា
ពណ៌ស
បុណ្យគោរព

បុណ្យរំឭកថ្ងៃឆ្លងព្រះវិសាលវិហារ​ស៊ីលីកា
សន្តសិលា និងសន្តប៉ូល ជាគ្រីស្តទូត

តាំងពីបុរាណកាលមក គ្រីស្តបរិស័ទតែងតែធ្វើបូជនីយចរទៅគោរពផ្លូវរបស់សន្តសិលា នៅភ្នំវ៉ាទីកង់ ហើយក៏ទៅគោរពផ្នូរសន្តប៉ូល ដែលនៅតាមផ្លូវទៅក្រុងអូស៊ីយ៉ា។ ប្រហែលនៅ គ.ស ៣៣០ ព្រះចៅអធិរាជរ៉ូមាំង ព្រះនាមកុងស្តង់ទីន បញ្ជាឱ្យកសាងព្រះវិហារមួយនៅលើភ្នំវ៉ាទីកង់ ត្រង់ទីស្មសានមួយកន្លែង គ្រីស្តបរិស័ទសន្មតថា គេកប់សពសន្តសិលា។ តាំងពីសតវត្សទី១៤មក សម្តេចប៉ាបនានានាំគ្នាធ្វើពិធីបុណ្យឧិឡារិកទាំងប៉ុន្មានប្រចាំឆ្នាំ ក្នុងព្រះវិហារសន្តសិលានោះ។ គ្រីស្តបរិស័ទសាងព្រះវិហារនេះឡើងវិញនៅសតវត្សទី ១៦។ ព្រះវិហារនេះធំជាងគេ ក្នុងសកលលោកទាំងមូល។ សម្តេចប៉ាបធ្វើបុណ្យឆ្លងនៅឆ្នាំ ១៦២៦។ អស់លោកអភិបាលព្រះសហគមន៍បានជួបជុំគ្នា ជាមហាសន្និបាតពីរលើក (វ៉ាទីកង់ទី១ និងទី២) ក្នុងព្រះវិហារនោះ។ គ្រីស្តបរិស័ទកសាងព្រះវិហារ សន្តប៉ូល ក្រៅកំពែងទីក្រុងរ៉ូម ត្រង់កន្លែងគ្រីស្តបរិស័ទពីដើមសន្មតថា គេកប់សពរបស់សន្តប៉ូល។ ព្រះចៅអធិរាជ វ៉ាលិនទីញាំង ទី២ ធ្វើបុណ្យឆ្លងព្រះវិហារនេះ នៅគ.ស ៣៨៦។ គេសាងព្រះវិហារនេះឡើងវិញ នៅគ.ស ១៨២៣ ក្រោយពីត្រូវអគ្គីភ័យបំផ្លាញអស់។

អត្ថបទទី
សូមថ្លែងព្រះគម្ពីរមរណសាក្សីនៃជនជាតិអ៊ីស្រាអែល ១មបា ២,១៥-២៩

ព្រះមហាក្សត្រចាត់មន្ដ្រីឱ្យមកបង្ខំប្រជាជនលះបង់ជំនឿរបស់ខ្លួន។ អស់លោក​មកដល់ក្រុងម៉ូឌីន ដើម្បីថ្វាយយញ្ញបូជា។ ជនជាតិអ៊ីស្រាអែលជាច្រើនចេញទៅជួបលោក តែលោកម៉ាថាធីយ៉ាស និងកូនទាំងប៉ុន្មានរបស់គាត់ ជួបជុំគ្នាដោយឡែកពីគេ។ មន្ដ្រីរបស់ព្រះមហាក្សត្រប្រាប់លោកម៉ាថាធីយ៉ាសថា៖« លោកជាអ្នកដឹកនាំដ៏មាន​ឈ្មោះល្បី និងមានអំណាចក្នុងភូមិនេះ ដោយមានកូន និងបងប្អូនជាច្រើនជួយគាំទ្រផង។ សូមលោកអញ្ជើញមកអនុវត្តតាមរាជបញ្ជារបស់ព្រះករុណាមុនគេ ដូចប្រជាជាតិទាំង​ប៉ុន្មាន និងអ្នកស្រុកយូដា ព្រមទាំងអ្នកដែលនៅសេសសល់ក្នុងក្រុងយេរូសាឡឹម បានធ្វើ​រួចមកហើយ។ បើធ្វើដូច្នេះ លោកនិងកូនរបស់លោក ត្រូវរាប់បញ្ចូលក្នុងចំណោមមិត្ត​សម្លាញ់របស់ព្រះរាជា។ លោកនិងកូនរបស់លោក នឹងទទួលមាសប្រាក់ ព្រមទាំង​អំណោយជាច្រើនទៀតផង!»។ លោកម៉ាថាធីយ៉ាសបន្លឺសំឡេងយ៉ាងខ្លាំងៗតបទៅ​គេថា៖«ទោះបីប្រជាជាតិទាំងប៉ុន្មានដែលនៅក្នុងរាជាណាចក្រទាំងមូលយល់ព្រមធ្វើ​តាមរាជបញ្ជារបស់ស្ដេច លះបង់សាសនាដូនតារបស់គេរៀងៗខ្លួនចោល ហើយបែរទៅគោរពតាមរាជឱង្ការរបស់សេ្ដចក្ដី ក៏ខ្ញុំ កូនខ្ញុំ និងបងប្អូនខ្ញុំ នៅតែប្រតិបត្តិតាមសម្ពន្ធមេត្រីនៃដូនតារបស់យើងតទៅមុខទៀតជាដរាប។ សូមព្រះជាម្ចាស់អាណិតមេត្ដាការពារយើង កុំឱ្យយើងខ្ញុំបោះបង់ចោលធម្មវិន័យ និងបញ្ញតិ្ដរបស់ព្រះអង្គឡើយ។​ យើងមិនព្រមស្ដាប់តាមរាជបញ្ជាទេ យើងមិនព្រមងាកចេញពីសាសនារបស់យើងឡើយ​ ឱ្យទៅខាងស្ដាំ ឬខាងឆ្វេង គឺយើងមិនព្រមជាដាច់ខាត់!»។

កាលលោកមានប្រសាសន៍ដូច្នេះហើយ ជនជាតិយូដាម្នាក់ឡើងទៅថ្វាយយញ្ញបូជា​នៅចំពោះមុខប្រជាជនទាំងមូល លើអាសនៈនៅក្រុងម៉ូឌីនតាមរាជបញ្ជា។ លោក​ម៉ាថាធីយ៉ាសឃើញដូច្នេះ ក្ដៅក្រហាយញ័រខ្លួនចំប្រប់យ៉ាងខ្លាំង កំហឹងដ៏សុចរិតពុះកញ្ច្រោលក្នុងខ្លួនលោក។ លោកស្ទុះទៅសម្លាប់អ្នកនោះនៅលើអាសនៈ និងសម្លាប់មន្ដ្រីដែលស្ដេចចាត់ឱ្យមកបង្ខំអ្នកស្រុកថ្វាយយញ្ញបូជា រួចលោករំលំអាសនៈនោះចោល​ទៀតផង។ លោកមានចិត្តស្រឡាញ់ធម្មវិន័យជាខ្លាំងដូចកាលពីដើម ដែលលោក​ពីណេហាប់បានប្រព្រឹត្តចំពោះលោកយីមរី ជាកូនលោកសាលូ។ រួចលោកម៉ាថាធីយ៉ាស​ដើរស្រែកយ៉ាងខ្លាំងតាមផ្លូវក្រុងម៉ូឌីនថា៖«អស់អ្នកដែលមានចិត្តស្រឡាញ់ធម្មវិន័យ ​និងចង់គោរពតាមសម្ពន្ធមេត្រី សូមអញ្ជើញតាមខ្ញុំមក!»។ លោកនឹងកូនលោកភៀស​ខ្លួនទៅតំបន់ភ្នំ ដោយទុកទ្រព្យសម្បត្តិទាំងអស់ចោលនៅក្នុងក្រុង។ ពេលនោះ អ្នក​ស្រុកជាច្រើនដែលខិតខំធ្វើអំពើសុចរិត និងគោរពតាមធ្មវិន័យរត់ទៅរស់នៅក្នុង​វាលរហោស្ថាន​​។

ទំនុកតម្កើងលេខ ៥០,១-២.៥.៧.១៤-១៥ បទព្រហ្មគីតិ

១.ព្រះអម្ចាស់ជាព្រះប្រសើរណាស់លើសអ្វីៗ
ទ្រង់កោះហៅផែនដីខាងលិចក្ដីដល់ខាងកើត ។
២.ព្រះជាម្ចាស់ចែងចាំងពីទីក្រុងស៊ីយ៉ូនឆើត
ដែលជាក្រុងល្អស្អាតត្រូវតាមខ្នាតឥតមានខ្ចោះ ។
៥.ព្រះអង្គមានបន្ទូលថាប្រមូលកុំខកខាន
គឺអស់អ្នកដែលបានចងសម្ពន្ធជាមួយគ្នា ។
៧.ប្រជាជនបវរនាំគ្នាមកស្ដាប់ពាក្យពិត
អ៊ីស្រាអែលកុំគិតយើងនេះពិតព្រះអ្នកហើយ ។
១៤.តង្វាយផងទាំងឡាយដែលអ្នកថ្វាយជាហូរហែ
គឺពាក្យតម្កើងដែរអ្នកត្រូវតែគោរពតា​​​ម ។
១៥.នៅពេលមានអាសន្នកុំស្លោស្លន់រកយើងភ្លាម
យើងនឹងមិននៅស្ងៀមយើងមកភ្លាមរំដោះអ្នក ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ​តាម ទំន ៩៥,៨

អលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ កុំមានចិត្តរឹងរូសឡើយ! ចូរនាំគ្នាប្រុងត្រចៀកស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៩,៤១-៤៤

ព្រះយេស៊ូយាងជិតដល់យេរូសាឡឹម ព្រះអង្គទតឃើញទីក្រុង ហើយទ្រង់ព្រះ​កន្សែងនឹកអាណិតក្រុងនោះ ទាំងមានព្រះបន្ទូលថា៖« យេរូសាឡឹមអើយ! គួរឱ្យ​ស្ដាយពេក! នៅថ្ងៃនេះ អ្នកពុំបានយល់ហេតុការណ៍ដែលផ្ដល់សេចក្ដីសុខសាន្ដមកអ្នក​សោះ! ដោយអត្ថន័យនៅលាក់កំបាំងនៅឡើយ អ្នកពុំអាចមើលឃើញបានទេ។ នៅ​ពេលខាងមុខ ខ្មាំងសត្រូវនឹងមកបោះទ័ពឡោមព័ទ្ធជុំវិញអ្នក ព្រមទាំងវាយប្រហារអ្នក​​ពីគ្រប់ទិស គេនឹងកម្ទេចអ្នកចោល ព្រមទាំងសម្លាប់អ្នកក្រុងឱ្យវិនាសបង់ផង។ គេ​មិនទុកឱ្យដំថ្មនៅត្រួតពីលើគ្នាក្នុងក្រុងទៀតឡើយ ដ្បិតអ្នកពុំបានទទួលស្គាល់ពេលកំណត់ដែលព្រះជាម្ចាស់បានយាងមកសង្គ្រោះអ្នកទេ»។

198 Views

Theme: Overlay by Kaira