អត្ថបទព្រះគម្ពីរ
ថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១
អាទិត្យទី៣៣ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា

ឬសន្តីម៉ាការីតា នៅស្កុតឡែន
សន្តី​ហ្សេទ្រូដ​ ជាព្រហ្មចារិនី

ព្រះនាងម៉ាការីតា (ប្រ.១០៤៦-១០៩៣) ជាព្រះញាតិវង្សព្រះបាទអេឌូអ័រ “ជាអ្នកប្រកាសជំនឿ”។ ព្រះនាងរៀបអភិសេកជាមួយព្រះបាទម៉ាលកុម ជាស្តេចប្រទេសអេកុស ហើយប្រសូតបុត្របានប្រាំបីអង្គ។ ព្រះនាងអប់រំបុត្រទាំងនោះយ៉ាងល្អបំផុតតាមជំនឿនៃគ្រីស្តសាសនា។ ព្រះនាងយកព្រះហឫទ័យទុកដាក់នឹងបំបាត់ពិធីផ្សេងៗរបស់សាសនាដ៏ទៃ ដែលគ្រីស្តបរិស័ទនៅសម័យនោះតែងអនុវត្តន៍រួមនឹងគ្រីស្តសាសនា។ ព្រះនាងមានឈ្មោះល្បីល្បាញអស្ចារ្យក្នុងការជួយឧបត្ថម្ភជនក្រីក្រ។ សន្តី ម៉ាការីតា ជាឧបាការិនីស្រុកអេកុស។ ឈ្មោះ “ម៉ាការីតា” នេះមានន័យថា “ពេជ្រ ”។

នាងហ្សេទ្រូដ​ (១២៥៦-១៣០២) កើតនៅប្រទេសអាឡឺម៉ង់។ នាងចូលចិត្តផ្នែកអក្សរសាស្ត្រជាខ្លាំង។ លុះដល់អាយុម្ភៃប្រាំឆ្នាំ នាងកែប្រែចិត្តគំនិតទាំងស្រុង បែរទៅស្រឡាញ់ព្រះគ្រីស្តតែមួយព្រះអង្គគត់ លើសអ្វីៗទាំងអស់ នាងរៀនទេវវិទ្យាយ៉ាងជ្រៅជ្រះ។ ដោយនាងយកចិត្តទុកដាក់គោរពព្រះគ្រីស្ត ក្នុងឋានៈជាមនុស្ស ព្រះអង្គបង្ហាញព្រះអង្គឱ្យនាងឃើញ។ យូរសតវត្សក្រោយមក គ្រីស្តបរិស័ទនាំគ្នាគោរពព្រះបេះដូងព្រះយេស៊ូ តាមសេចក្តីដែលសន្តី ហ្សេទ្រូដ​ បាននិពន្ធទុក។

អត្ថបទទី
សូមថ្លែងព្រះគម្ពីរមរណសាក្សីនៃជនជាតិអ៊ីស្រាអែល ២មបា ៦,១៨-៣១

លោកអេឡាសារជាធម្មាចារ្យដ៏សំខាន់ម្នាក់ ក្នុងចំណោមធម្មាចារ្យទាំងប៉ុន្មាន។ លោកមានវ័យចំណាស់ទៅហើយ ប្ញកពាក៏ល្អគួរឱ្យគោរព។ គេចាប់បើកមាត់បង្ខំឱ្យ​​លោកពិសាសាច់ជ្រូក។ លោកស៊ូស្លាប់យ៉ាងថ្លៃថ្នូរ ប្រសើរជាងរស់នៅយ៉ាងអាម៉ាស់។ លោកស្ម័គ្រចិត្តដើរតម្រង់ទៅកន្លែងធ្វើទារុណកម្ម។ លោកខ្ជាក់សាច់ពីក្នុងមាត់ ដូច​អ្នកក្លាហានមិនព្រមពិសាអ្វីដែលគម្ពីរវិន័យមិនអនុញ្ញាតឱ្យបរិភោគ ទោះបីត្រូវបាត់បង់​ជីវិតក៏ដោយ។ អស់លោកដែលធ្វើជាអធិបតីក្នុងពិធីជប់លៀងព្រះដទៃដែលវិន័យហាមនោះ ស្គាល់លោកជាយូរយារណាស់មកហើយ។ គេនាំលោកអេឡាសារទៅដោយ​ឡែកពីប្រជាជន ហើយបញ្ចេះឱ្យគេយកសាច់ដែលវិន័យអនុញ្ញាតឱ្យបរិភោគមកធ្វើម្ហូប​សម្រាប់លោក រួចលោកត្រូវតែពិសាសាច់ដែលគេធ្វើនោះ ហើយធ្វើពុតដូចជាពិសា​សាច់ដែលគេបានបូជាថ្វាយព្រះដទៃ តាមបញ្ជារបស់ព្រះរាជា។ ធ្វើដូច្នេះ នោះ​លោក​នឹង​រួចជីវិត។ អ្នកទាំងនោះនិយាយដូច្នេះ ព្រោះអាណិតស្រឡាញ់រាប់អានគាត់ជាយូរ​យារណាស់មកហើយ។ ប៉ុន្ដែ លោកអេឡាសារ ប្ដេជ្ញាចិត្តយ៉ាងអង់អាចតាមវ័យ និង​សក់ស្កូវរបស់គាត់ ព្រមទាំងតាមចរិយាសម្បត្តិដ៏ល្អប្រសើរ ដែលលោកមានតាំងពីកុមារ​មក ជាពិសេស លោកចង់ធ្វើឱ្យស្របតាមវិន័យដ៏វិសុទ្ធដែលព្រះជាម្ចាស់បានតែងតាំង។ លោកសុំឱ្យគេបញ្ជូនលោកទៅស្ថានមច្ចុរាជ ទាំងប្រាប់ថា៖«មនុស្សមានអាយុប៉ុនខ្ញុំនេះ ​មិនគួរនឹងបោកបញ្ឆោតគេឡើយ! បើខ្ញុំធ្វើពុតដូច្នេះ យុវជនជាច្រើនមុខជាស្មានថា​អេឡាសារខ្ញុំនេះមានអាយុកៅសិបឆ្នាំទៅហើយ បែកចិត្តទៅធ្វើតាមទំនៀមទម្លាប់របស់ជនជាតិបរទេស!។ ដូច្នេះ យុវជនទាំងនោះ មុខជាវង្វេងដោយសារតែកំហុសរបស់ខ្ញុំ​ដែលធ្វើពុតចង់រស់រានមានជីវិតមួយរយៈពេលយ៉ាងខ្លីនេះជាមិនខាន។ ធ្វើដូច្នេះមិន​សមរម្យទេ! ប្រសិនបើខ្ញុំធ្វើក្នុងពេលដែលខ្ញុំមានវ័យចាស់ដូច្នេះ ខ្ញុំនឹងអាប់ឱនកិត្តិយស​របស់ខ្ញុំ ហើយត្រូវសៅហ្មងទៀតផង!។ ទោះបីខ្ញុំរួចទោសពីមនុស្សលោកពេលឥឡូវ​នេះក្ដី ក៏ខ្ញុំមិនអាចគេចរួចពីព្រះហស្ដនៃព្រះដ៏មានឫទ្ធានុភាពសព្វប្រការបានដែរ។ ទោះបីរស់ឬស្លាប់ក្ដី ក៏ខ្ញុំមិនរួចខ្លួនឡើយ។ ហេតុដូច្នេះ ឥឡូវនេះ ខ្ញុំសុខចិត្តលះបង់ជីវិតរបស់ខ្ញុំដោយក្លាហាន ខ្ញុំនឹងបង្ហាញកិត្តិយសឱ្យសមតាមអាយុរបស់ខ្ញុំ ដោយធ្វើជាគំរូ​ដ៏ល្អទុកសម្រាប់យុវជន គឺគំរូរបស់អ្នកដែលស្ម័គ្រចិត្តស្លាប់ ដោយមិនរួញរាដើម្បីគោរព​វិន័យដ៏វិសុទ្ធ។

លោកអេឡាសារមានប្រសាសន៍ដូច្នេះហើយ ក៏ដើរតម្រង់ទៅកន្លែងធ្វើទារុណកម្ម។​ រីឯអស់អ្នកដែលនាំលោក គេក៏នាំគ្នាដូរ​ចិត្តគំនិតកាលពីមុន ពួកគេដែលធ្លាប់តែអាណិត​ស្រឡាញ់លោក បែរជាស្អប់លោកទៅវិញ ព្រោះគេចាត់ទុកពាក្យដែលលោកមាន​ប្រសាសន៍នោះថា ជាពាក្យឆ្កួតលេលា។ រីឯលោកវិញ ពេលដែលលោកជិតផុតដង្ហើម​ដោយសារគេវាយធ្វើបាបនោះ លោកមានប្រសាសន៍ទាំងថ្ងូរថា៖« ព្រះអម្ចាស់ជ្រាបអ្វីៗ​​ទាំងអស់ ព្រះអង្គជ្រាបច្បាស់ថា ទូលបង្គំអាចរួចពីស្លាប់បាន។ នៅពេលនេះ គេវាយដំ​ខ្លួនប្រាណទូលបង្គំយ៉ាងសាហាវយង់ឃ្នង តែក្នុងចិត្តទូលបង្គំរងទុក្ខដោយសប្បាយ ព្រោះ​ទូលបង្គំគោរពកោតខ្លាចព្រះអង្គ។

លោកអេឡាសារចែកស្ថានទៅយ៉ាងនេះ។ ការស្លាប់របស់លោក មិនត្រឹមតែធ្វើជា​គំរូសម្រាប់យុវជនប៉ុណ្ណោះទេ គឺសម្រាប់ប្រជាជាតិជាច្រើនទៀតផង។ គេនឹកចាំពី​ព្រហ្មវិហារធម៌ និងចិត្តអង់អាចក្លាហានរបស់លោកតរៀងទៅ។

ទំនុកតម្កើងលេខ ៣,២-៧ បទបន្ទោលកាក

២.ឱ!ព្រះអម្ចាស់សត្រូវច្រើនណាស់ជិតជុំ
អ្នកប្រឆាំងខ្ញុំក៏មកមូលផ្តុំច្រើនដែរ ។
៣.អ្នកខ្លះពោលថា៖«អង្គម្ចាស់ក្សត្រាងាកបែរ
មិនសង្គ្រោះទេទ្រង់ទុកឱ្យគេឯកា» ។
៤.ឱ!ព្រះអម្ចាស់ទ្រង់វិសេសណាស់អស្ចារ្យ
ជាខែលការពារដល់ខ្ញុំនេះណាពិតណាស់ ។
ព្រះអង្គប្រទានសិរីឱ្យមានត្រចះ
ហើយព្រះអង្គប្រោសឱ្យខ្ញុំងើបមុខវិញបាន ។
៥.ខ្ញុំហៅរកព្រះជាម្ចាស់អស់ពីចិត្តប្រាណ
ព្រះអង្គក៏បានតបឆ្លើយពីភ្នំឥតសល់ ។
៦.ខ្ញុំទម្រេតខ្លួនលង់លក់សមសួនស្កប់ស្កល់
ភ្ញាក់ឡើងឥតខ្វល់ដ្បិតទ្រង់ផ្ដល់ការគាំទ្រ ។
៧.ទោះបីមានមនុស្សលើកគ្នាស្រីប្រុសឈូឆរ
ប្រឆាំងតបតក៏ខ្ញុំមិនភ័យខ្លាចដែរ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១០៣,៨.១០-១២

អលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មានព្រះហប្ញទ័យអាណិតអាសូរ ព្រះអង្គ​មិនដាក់ទោសយើង ឱ្យសមនឹងអំពើបាបដែលយើងបានប្រព្រឹត្តនោះឡើយ។
ព្រះអង្គក៏បានដកកំហុសរបស់យើងចេញឆ្ងាយពីយើង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ដលូកា លក ១៩,១-១០

ព្រះយេស៊ូយាងកាត់ទីក្រុងយេរីខូ។ មានបុរសម្នាក់ឈ្មោះសាខេ ជាមេរបស់អ្នក​ទារពន្ធ គាត់មានទ្រព្យសម្បត្តិយ៉ាងច្រើន។ គាត់ចង់ឃើញព្រះយេស៊ូមានភិនភាគ​យ៉ាងណា ប៉ុន្ដែ ដោយមានមនុស្សច្រើនពេក ហើយដោយគាត់មានមាឌតូចទាបទៀត​ផងនោះ គាត់មើលព្រះអង្គមិនឃើញទេ។ គាត់រត់ទៅខាងមុខ ឡើងដើមឈើមួយដើម​ចាំមើលព្រះយេស៊ូ ព្រោះព្រះអង្គត្រូវយាងកាត់តាមនោះ។ កាលព្រះយេស៊ូយាង​មកដល់ ព្រះអង្គងើបព្រះភក្រ្តឡើង ហើយមានព្រះបន្ទូលទៅគាត់ថា៖លោកសាខេអើយ! សូមអញ្ជើញចុះមកជាប្រញាប់ ដ្បិតថ្ងៃនេះ ខ្ញុំត្រូវស្នាក់នៅផ្ទះលោក»។ លោក​សាខេក៏ចុះមកជាប្រញាប់ ហើយទទួលព្រះយេស៊ូដោយអំណរ។ កាលមនុស្សទាំងអស់​ឃើញដូច្នោះ គេរអ៊ូរទាំថា៖ មើល៍! អ្នកនេះទៅស្នាក់នៅផ្ទះមនុស្សបាប់!»។ លោក​សាខេក្រោកឈរឡើង ទូលព្រះអម្ចាស់ថា៖«បពិត្រព្រះអម្ចាស់! ទូលបង្គំនឹងចែកទ្រព្យ​សម្បត្តិរបស់ទូលបង្គំចំនួនពាក់កណ្ដាលដល់មនុស្សក្រីក្រ ហើយប្រសិនបើទូលបង្គំ​ទារពន្ធពីអ្នកណាហួសកម្រិត ទូលបង្គំនឹងសងអ្នកនោះវិញ មួយជាបួន»។ ព្រះយេស៊ូ​មានព្រះបន្ទូលទៅគាត់ថា៖«ថ្ងៃនេះ ការសង្គ្រោះបានមកដល់ផ្ទះនេះហើយ ដ្បិតបុរស​នេះ ជាពូជពង្សរបស់លោកអប្រាហាំដែរ។ បុត្រមនុស្សបានមក ដើម្បីស្វែងរក និង​សង្គ្រោះមនុស្សដែលបាត់បង់»។

143 Views

Theme: Overlay by Kaira