អត្ថបទព្រះគម្ពីរ
ថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១
អាទិត្យទី៣៣ រដូវធម្មតា
ពណ៌បៃតង

អត្ថបទទី១​៖ សូមថ្លែងព្រះគម្ពីរព្យាការីដានីអែល ដន ១២,១-៣

ខ្ញុំដានីអែលឮព្រះបន្ទូលរបស់ព្រះអម្ចាស់ថា៖«នៅគ្រាចុងក្រោយ អគ្គទេវទូតមីកាអែលដែលជាមេដ៏សំខាន់របស់ពពួកទេវទូត ហើយជាទេវទូតថែរក្សាប្រជាជនរបស់លោកនឹងក្រោកឈរឡើង។ គ្រានោះ មនុស្សនឹងកើតទុក្ខលំបាកយ៉ាងខ្លាំង គឺតាំងពីពេលកើតមានប្រជាជាតិ រហូតមកដល់ថ្ងៃនេះ មនុស្សលោកមិនដែលរងទុក្ខលំបាកដូច្នេះទេ។ ប៉ុន្តែនៅគ្រានោះ ក្នុងចំណោមប្រជាជនរបស់លោក អស់អ្នកដែលមានឈ្មោះកត់ទុកក្នុងក្រាំងជីវិតនឹងរួចខ្លួន។ មានមនុស្សជាច្រើនដែលដេកនៅក្នុងផ្នូរ នឹងរស់ឡើងវិញ អ្នកខ្លះនឹងទទួលជីវិតអស់កល្បជានិច្ច អ្នកខ្លះទៀតនឹងត្រូវអាម៉ាស់មុខ ព្រមទាំងរងទុក្ខទោសអស់កល្បជានិច្ចផង។ រីឯអស់អ្នកមានប្រាជ្ញាវិញ នឹងភ្លឺដូចផ្ទៃមេឃ ហើយអស់អ្នកដែលជួយណែនាំមនុស្សម្នាជាច្រើនឱ្យប្រព្រឹត្តអំពើសុចរិត គេនឹងបានភ្លឺដូចផ្កាយអស់កល្បជាអង្វែងតរៀងទៅ”។

ទំនុកតម្កើងលេខ ១៦,៥.៨-១១ បទពាក្យ ៧

៥.បពិត្រព្រះអម្ចាស់ឧត្តមព្រះអង្គជាចំណែកស្រស់ស្រាយ
មត៌កនៃខ្ញុំឥតក្លែងក្លាយផ្តល់អ្វីទាំងឡាយតាមប្រាថ្នា ។
៨.ខ្ញុំនឹកដល់ព្រះអម្ចាស់ជាប់ដែលជាទម្លាប់ទ្រង់គង់ក្បែរ
ខាងស្តាំរូបខ្ញុំឥតប្រួលប្រែខ្ញុំមិនបែកបែរញាប់ញ័រឡើយ ។
៩.ហេតុនេះបានជាខ្ញុំរីករាយត្រេកអរសប្បាយបានល្ហែល្ហើយ
ខ្ញុំបានសម្រាកកាយធូរស្បើយដោយសុខសាន្តហើយផុតកង្វល់ ។
១០.ដ្បិតព្រះអង្គមិនបោះបង់ខ្ញុំទុក្ខធំស្លាប់សោតសល់
ព្រះអង្គក៏មិនបណ្តោយដល់សពបម្រើផ្ទាល់ស្អុយរលួយ ។
១១.ព្រះអង្គបង្ហាញផ្លូវជីវិតឱ្យខ្ញុំឃើញពិតគ្មានភ័យព្រួយ
ដោយព្រះអង្គគង់នៅជាមួយទូលបង្គំគ្មានព្រួយអរសប្បាយ ។
ដោយព្រះអង្គគង់នៅខាងស្តាំជាប់ជាប្រចាំមិនជិនណាយ
ទូលបង្គំសែនរីករាយសប្បាយអស់កល្បវែងឆ្ងាយតរៀងទៅ ។

អត្ថបទទី​២៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ១០,១១-១៤.១៨

ក្នុងជំនាន់សម្ពន្ធមេត្រីចាស់ បូជាចារ្យគ្រប់ៗរូបតែងតែឈរបំពេញមុខងាររបស់ខ្លួនជារៀងរាល់ថ្ងៃ ហើយថ្វាយយញ្ញបូជាដដែលៗជាញឹកញាប់ ជាយញ្ញបូជាដែលពុំអាចដកបាបកម្មបានជាដាច់ខាត។ រីឯព្រះគ្រីស្តវិញ បន្ទាប់ពីព្រះអង្គបានថ្វាយយញ្ញបូជាតែមួយដើម្បីរំដោះបាបកម្មរួចហើយ ព្រះអង្គគង់នៅខាងស្តាំព្រះជាម្ចាស់រហូតតទៅ។ ឥឡូវនេះ ព្រះអង្គរង់ចាំព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវឱ្យចុះចូលក្រោមព្រះបាទាព្រះអង្គ។ ដោយសារតង្វាយតែមួយគត់ ព្រះគ្រីស្តធ្វើឱ្យអស់អ្នកដែលទ្រង់បានប្រោសឱ្យវិសុទ្ធហើយនោះបានគ្រប់លក្ខណៈរហូតតទៅ។

ដូច្នេះ ប្រសិនបើព្រះជាម្ចាស់លើកលែងទោសហើយនោះ មិនបាច់ថ្វាយតង្វាយសុំឱ្យរួចពីបាបទៀតឡើយ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ២១,៣៦

អលេលូយ៉ា! អាលេលូយ៉ា!
ចូរប្រុងស្មារតីឡើង! ចូរអង្វរព្រះជាម្ចាស់គ្រប់ពេលវេលា ដូច្នេះ អ្នករាល់គ្នាសមនឹងឈរនៅចំពោះព្រះភក្ត្រនៃបុត្រមនុស្ស។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១៣,២៤-៣២

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័ក អំពីពេលដែលព្រះអង្គនឹងយាងមកវិញ។ ព្រះអង្គមានព្រះបន្ទូលថា៖ «នៅគ្រានោះកើតទុក្ខវេទនាយ៉ាងខ្លាំង។ ក្រោយពីទុក្ខវេទនានេះកន្លងផុតទៅ ព្រះអាទិត្យនឹងបាត់រស្មី ព្រះចន្ទលែងមានពន្លឺទៀតហើយ រីឯផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ អំណាចនានានៅលើមេឃនឹងត្រូវកក្រើករំពើក។ ពេលនោះ គេនឹងឃើញបុត្រមនុស្សយាងមកក្នុងពពកប្រកបដោយឫទ្ធានុភាពដ៏ខ្លាំងក្លា និងដោយសិរីរុងរឿង។ លោកនឹងចាត់ពួកទេវទូតរបស់លោកឱ្យទៅទិសទាំងបួន ចាប់តាំងពីជើងមេឃម្ខាង ទៅជើងមេឃម្ខាងទៀត ដើម្បីប្រមូលពួកអ្នកដែលព្រះជាម្ចាស់បានជ្រើសរើស»។

ចូរអ្នករាល់គ្នាយកពាក្យប្រស្នាស្តីអំពីដើមស្វាយទៅរិះគិតចុះ។ កាលណាមែករបស់វាមានស្លឹកលាស់ខៀវខ្ចី អ្នករាល់គ្នាដឹងថា រដូវប្រាំងជិតមកដល់ហើយ។ ដូច្នេះ កាលណាអ្នករាល់គ្នាឃើញព្រឹត្តិការណ៍ទាំងនោះកើតឡើង ត្រូវដឹងថា បុត្រមនុស្សក៏ជិតមកដល់ហើយដែរ គឺលោកមកជិតបង្កើយហើយ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ហេតុការណ៍ទាំងនោះនឹងកើតឡើង នៅពេលដែលមនុស្សជំនាន់នេះមានជីវិតនៅឡើយ។ ផ្ទៃមេឃ និងផែនដីនឹងរលាយបាត់ទៅ តែពាក្យដែលខ្ញុំនិយាយមិនរលាយបាត់ទេ។ រីឯថ្ងៃកំណត់និងពេលវេលាគ្មាននរណាដឹងឡើយ ទោះបីទេវទូតនៅស្ថានបរមសុខ ឬព្រះបុត្រាក៏ពុំជ្រាបដែរ មានតែព្រះបិតាប៉ុណ្ណោះដែលជ្រាប»។

268 Views

Theme: Overlay by Kaira