អត្ថបទព្រះគម្ពីរ
ថ្ងៃអង្គារ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១
អាទិត្យទី៣២ រដូវធម្មតា
ពណ៌ស
បុណ្យគោរព

បុណ្យរំឭកថ្ងៃឆ្លងព្រះវិហារ
បាស៊ីលីកា ឡាតេរ៉ង់

នៅគ.ស ៣២០ ព្រះចៅអធិរាជរ៉ូម៉ាំងព្រះនាម កុងស្តង់តាំង សាងព្រះវិហារមួយនៅភ្នំតូចហៅថា “ភ្នំឡាតេរ៉ង់” ដែលនៅក្រុងរ៉ូម លោកអភិបាលព្រះសហគមន៍ក្រុងនោះឈ្មោះស៊ីលវ៉េស្ត្រ។ បន្ទាប់មកអភិបាលព្រះសហគមន៍ក្រុងរ៉ូមទាំងប៉ុន្មានដែលបន្តមុខតំណែងរៀងមក បានស្នាក់នៅក្នុងវិមាននោះ។ គ្រីស្តបរិស័ទតែងរាប់ព្រះវិហារនេះទុកថា “ព្រះវិហារទី ១” ក្នុងចំណោមព្រះវិហារទាំងឡាយ។ អស់លោកអភិបាល ព្រះសហគមន៍ក្នុងសកលលោកបានជួបជុំគ្នាជាមហាសន្និបាតសកលក្នុងព្រះវិហារនេះអស់ប្រាំដង។

អត្ថបទទី
សូមថ្លែងព្រះគម្ពីរព្យាការីអេសេគីអែល អគ ៤៧,១-២.៨-៩.១២

នៅពេលយប់សុបិន្តនិមិត្ត ខ្ញុំឃើញបុរសម្នាក់នាំខ្ញុំឆ្ពោះទៅកាន់ទ្វារព្រះដំណាក់។ នៅទីនោះខ្ញុំឃើញទឹកផុតចេញពីក្រោមមាត់ទ្វារហូរទៅទិសខាងកើត ព្រោះព្រះដំណាក់បែរមុខទៅខាងកើង។ ទឹកហូរចុះទៅខាងស្តាំព្រះដំណាក់ កាត់តាមខាងត្បូងអាសនៈ។ បុរសនោះនាំខ្ញុំចេញពីទីលានតាមខ្លោងទ្វារខាងជើង ហើយនាំខ្ញុំដើរវាងព្រះដំណាក់រហូតដល់ខាងក្រៅទ្វារខាងកើត។ នៅទីនោះ ទឹកក៏ហូរចេញពីខាងស្តាំមកដែរ។ លោកប្រាប់ខ្ញុំថា៖ “ទឹកនេះហូរទៅស្រុកខាងកើតចុះទៅដល់តំបន់ទន្លេយ័រដាន់ រួចហូរចាក់ទៅសមុទ្រ ធ្វើឱ្យទឹកសមុទ្រប្រែជាទឹកសាប។ ស្ទឹកនេះហូរកាត់កន្លែងណា កន្លែងនោះមានសត្វគ្រប់ប្រភេទរស់នៅរវើករវ័ណ្ឌ ហើយមានត្រីដ៏ច្រើនឥតគណនា ដ្បិតទឹកនេះហូរចូលសមុទ្រធ្វើឱ្យទឹកសមុទ្រនោះប្រែទៅជាទឹកសាប។ ទឹកនេះ ហូរទៅកន្លែងណា ជិវិតនឹងកើតមាននៅកន្លែងនោះ។ នៅតាមមាត់ស្ទឹងទាំងសងខាង មានដើមឈើស៊ីផ្លែ គ្រប់មុខដុះស្លឹក វាមិនចេះស្រពោនឡើយ ហើយផ្លែក៏មិនចេះអស់ដែរ។ ជារៀងរាល់ខែដើមឈើទាំងនោះផ្តល់ផ្លែថ្មីមិនដាច់ ដ្បិតវាទទួលទឹកដែលហូរចេញពីទីសក្ការៈមក។ គេបេះផ្លែឈើនេះធ្វើជាអាហារ ហើយយកស្លឹកវាធ្វើជាថ្នាំសង្កូវសម្រាប់កែរោគផង”។

សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស ករ ៣,៩-១១.១៦-១៧

បងប្អូនជាទីស្រឡាញ់!
បងប្អូនជាសំណង់ដែលព្រះជាម្ចាស់កំពុងសង់។ ខ្ញុំបានចាក់គ្រឹះដូចជាមេជាងម្នាក់ដ៏ជំនាញ តាមព្រះអំណោយទានដែលព្រះជាម្ចាស់ប្រោសប្រទានឱ្យខ្ញុំ បើមានអ្នកផ្សេងទៀតបានសង់ពីលើ។ ប៉ុន្តែ ម្នាក់ៗត្រូវប្រយ័ត្នអំពីរបៀបដែលខ្លួនសង់ពីលើនោះ ដ្បិតគ្មាននណាអាចចាក់គ្រឹះមួយផ្សេង ក្រៅពីគ្រឹះដែលបានចាក់រួចមកហើយនោះទេ ពោលគឺព្រះយេស៊ូគ្រីស្ដ។ បងប្អូនជ្រាបច្បាស់ថា បងប្អូនរួមគ្នាធ្វើជាព្រះវិហាររបស់ព្រះជាម្ចាស់ ហើយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ សណ្ឋិតនៅក្នុងបងប្អូន!។ បើនរណាម្នាក់កំទេចព្រះវិហាររបស់ព្រះជាម្ចាស់ ព្រះអង្គនឹងកំទេចអ្នកនោះវិញ ដ្បិតព្រះវិហាររបស់ព្រះជាម្ចាស់ ជាព្រះវិហារដ៏វិសុទ្ធ គឺបងប្អូនហ្នឹងហើយជាព្រះវិហារនោះ។

ទំនុកតម្កើងលេខ ៤៦, ២-៣.៥-៦.៨-១០ បទពាក្យ ៧

២.ព្រះអម្ចាស់ជាទីជម្រកឱ្យយើងចូលជ្រករាល់ខែឆ្នាំ
ព្រះអង្គតែងតែប្រុងប្រៀបចាំមិនមើលបំណាំពេលអាសន្ន ។
៣.ទោះបីផែនដីប្រះរញ្ជួយភ្នំប្រែរលួយដោយទាន់ហន់
ទោះធ្លាក់សមុទ្រជ្រៅរាប់ពាន់ជាច្រើនរយជាន់ខ្ញុំមិនភ័យ ។
៥.មានទន្លេមួយនាំអំណរសិរីបវរស្រោចបាចសាច
បុរីព្រះម្ចាស់មានអំណាចវិសុទ្ធក្រៃពេកព្រះដំណាក់ ។
៦.ព្រះម្ចាស់មានអំណាចបានក្តីសុខាមិនអន់អាក់
ព្រោះទ្រង់សង្គ្រោះមិនថ្នាំងថ្នាក់តាំងពីថ្ងៃរះព្រឹកព្រលឹម ។
៨.ព្រះជាអម្ចាស់នៃពិភពទ្រង់គង់ប្រសព្វមិនឃ្លាតឆ្ងាយ
ព្រះលោកយ៉ាកុបមិនទន់ជ្រាយកំពែងមាំក្រៃនៃយើងខ្ញុំ ។
៩.ចូរនាំគ្នាមើលស្នាព្រះហស្តរបស់ព្រះម្ចាស់ដ៏ឧត្តម
កិច្ចការអស្ចារ្យទាំងតូចធំដែលទ្រង់ខិតខំលើផែនដី ។
១០ទ្រង់បានប្រមូលធ្នូលំពែងខែលដាវខ្លីវែងគ្មានសល់អ្វី
រទេះគ្រឿងក្រោះបោះទៅដីដុតខ្ទេចគ្មានស្តាយមិនស្រណោះ ។

អត្ថបទទី២​
សូមថ្លែងលិខិតទី១ របស់សន្ដយ៉ូហាន យហ ៣,១-

 បងប្អូនជាទីស្រឡាញ់!
សូម​គិត​មើល៍ ព្រះ‌បិតា​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង​ខ្លាំង​ដល់​កម្រិត​ណា គឺ​ព្រះ‌អង្គ​ស្រឡាញ់​យើង រហូត​ដល់​ទៅ​ហៅ​យើង​ថា ជា​បុត្រ​ធីតា​របស់​ព្រះ‌អង្គ ហើយ​យើង​ពិត​ជា​បុត្រ​ធីតា​របស់​ព្រះ‌អង្គ​មែន! ហេតុ​នេះ​ហើយ​បាន​ជា​មនុស្ស​លោក​មិន​ស្គាល់​យើង មក​ពី​គេ​មិន​បាន​ស្គាល់​ព្រះ‌អង្គ។ កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ! ពេល​នេះ យើង​ទាំង​អស់​គ្នា​ជា​បុត្រ‌ធីតា​របស់​ព្រះ‌ជាម្ចាស់ ហើយ​ដែល​យើង​នឹង​ទៅ​ជា​យ៉ាង​ណាៗ​នោះ ព្រះ‌អង្គ​ពុំ​ទាន់​សម្ដែង​ឱ្យយើង​ដឹង​នៅ​ឡើយ​ទេ។ ប៉ុន្តែ នៅ​ពេល​ព្រះ‌គ្រីស្ត​យាង​មក​ដល់ យើង​នឹង​បាន​ដូច​ព្រះ‌អង្គ​ដែរ ដ្បិត​ព្រះ‌អង្គ​មាន​ភាព​យ៉ាង​ណា យើង​នឹង​ឃើញ​ព្រះ‌អង្គ​យ៉ាង​នោះ។ អ្នក​ណា​មាន​សេចក្ដី​សង្ឃឹម​លើ​ព្រះ‌អង្គ​បែប​នេះ អ្នក​នោះ​បាន​ជម្រះ​ខ្លួន​ឱ្យបរិសុទ្ធដូច​ព្រះ‌អង្គ​បរិសុទ្ធ​ដែរ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ​តាម ២របា ៧,១៦

អលេលូយ៉ា! អាលេលូយ៉ា!
ព្រះម្ចាស់មានព្រះបន្ទូលថា៖ «យើងបានជ្រើសរើសដំណាក់នេះ ហើយញែ៉កផ្ទះនេះឱ្យបានវិសុទ្ធ។
យើងនឹងស្នាក់នៅដំណាក់នេះរហូតតរៀងទៅ»។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន ​យហ ២,១៣-២២

បុណ្យ​ចម្លង​របស់​ជន​ជាតិ​យូដា​ជិត​មក​ដល់​ហើយ ព្រះ‌យេស៊ូ​ក៏​យាង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម។ នៅ​ក្នុង​បរិវេណ​ព្រះ‌វិហារ ព្រះ‌អង្គ​ឃើញ​អ្នក​លក់​គោ លក់​ចៀម លក់​ព្រាប និង​អ្នក​អង្គុយ​ដូរ​ប្រាក់។ ព្រះ‌អង្គ​យក​ខ្សែ​ធ្វើ​រំពាត់​ដេញ​អ្នក​ទាំង​នោះ ព្រម​ទាំង​ចៀម និង​គោ​របស់​គេ​ចេញ​ពី​បរិវេណ​ព្រះ‌វិហារ ព្រះ‌អង្គ​បាច​ប្រាក់​អ្នក​ដូរ​ប្រាក់​ចោល ហើយ​ផ្កាប់​តុ​របស់​គេ​ផង។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​លក់​ព្រាប​ថា៖ «ចូរ​យក​របស់​ទាំង​អស់​នេះ​ចេញ​ទៅ កុំ​យក​ដំណាក់​ព្រះ‌បិតា​ខ្ញុំ ធ្វើ​ជា​កន្លែង​លក់​ដូរ​ដូច្នេះ​ឡើយ»។ ពួក​សាវ័កនឹក​ឃើញ​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា៖«មក​ពី​ទូល‌បង្គំ​ស្រឡាញ់​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គបាន​ជា​គេ​ប្រហារ​ជីវិត​ទូល‌បង្គំ»​។ 

ពេល​នោះ ជន​ជាតិ​យូដា​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​លោក​មាន​ទី​សម្គាល់​អ្វីបង្ហាញ​ឱ្យយើង​ដឹង​ថា លោក​មាន​សិទ្ធិ​ធ្វើ​ការ​ទាំង​នេះ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល‌ឆ្លើយ​ទៅ​គេ​ថា៖ «ចូរ​រុះ​ព្រះ‌វិហារនេះ​ចោល​ទៅ ខ្ញុំ​នឹង​សង់​ឡើង​វិញ​ក្នុង​រវាង​បី​ថ្ងៃ»។ ជន​ជាតិ​យូដា​តប​ថា៖ «គេ​បាន​ចំណាយ​ពេល​សែ‌សិប​ប្រាំ​មួយ​ឆ្នាំ ដើម្បី​សង់​ព្រះ‌វិហារ​នេះ រីឯ​លោក លោក​នឹង​សង់​ឡើង​វិញក្នុង​រវាង​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ​ឬ?»។ តាម​ពិត ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សំដៅ​ទៅ​លើ​ព្រះ‌វិហារ ដែល​ជា​រូប​កាយ​របស់​ព្រះ‌អង្គ​វិញ​ឯ‌ណោះ​ទេ។ ពេល​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ពួក​សាវ័ក​នឹក​ឃើញ​ថា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ គេ​ក៏​ជឿ​ព្រះ‌គម្ពីរ ព្រម​ទាំង​ជឿ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូ​ដែរ។

108 Views

Posted in មិន​មាន​ចំណាត់​ក្រុមTagged ,
Theme: Overlay by Kaira