អត្ថបទព្រះគម្ពីរ
ថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១
អាទិត្យទី៣២ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្រះប្រាជ្ញាញាណ ប្រាញ ១,១-៧
អស់អ្នកដែលគ្រប់គ្រងផែនដីអើយ! ចូរស្រឡាញ់ាសេចក្ដីសុចរិត ចូរមានគំនិតត្រឹមត្រូវចំពោះព្រះអម្ចាស់ ចូរស្វែងរកព្រះអង្គដោយចិត្តស្មោះ ដ្បិតព្រះអង្គប្រទានឱ្យអ្នកដែលមិនល្បងមើលប្ញទ្ធានុភាពរបស់ព្រះអង្គអាចរកព្រះអង្គឃើញ ទ្រង់ក៏សម្ដែងព្រះអង្គឱ្យអ្នកដែលជឿសង្ឃឹមលើព្រះអង្គបានស្គាល់ដែរ។ គំនិតវៀចវេរនាំឱ្យឃ្លាតឆ្ងាយពីព្រះអង្គ ហើយប្ញទ្ធានុភាពរបស់ព្រះអង្គ ក៏ផ្ចាញ់ផ្ចាលមនុស្សដែលចង់ល្បងមើលព្រះអង្គដែរ។ ព្រះប្រាជ្ញាញាណមិនយាងចូលក្នុងចិត្តមនុស្សអាក្រក់ទេ ហើយក៏មិនស្ថិតនៅក្នុងខ្លួនអ្នកបាបដែរ។ ព្រះវិញ្ញាណដ៏វិសុទ្ធតែងតែអប់រំមនុស្ស និងយាងចាកចេញពីមនុស្សមានចិត្ដពីរ ព្រះអង្គយាងឆ្ងាយពីមនុស្សគិតផ្ដេសផ្ដាស ទ្រង់មិនគាប់ព្រះហឫទ័យនឹងអ្នកប្រព្រឹត្ដអំពើទុច្ចរិតទេ។ ព្រះប្រាជ្ញាញ្ញាណជាវិញ្ញាណសប្បុរសដែលស្រឡាញ់មនុស្ស ប៉ុន្ដែ ទ្រង់នឹងដាក់ទោសអ្នកនិយាយដើមគេ ព្រោះព្រះជាម្ចាស់ជាសាក្សី ទ្រង់ឈ្វេងយល់ចិត្តថ្លើមមនុស្សយ៉ាងច្បាស់លាស់ ព្រះអង្គក៏ស្ដាប់ឮពាក្យទាំងអស់ដែលមនុស្សនិយាយដែរ។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ពិតជាគង់នៅពាសពេញពិភពលោកទាំងមូល។ ដោយព្រះអង្គបង្រួបបង្រួមអ្វីៗទាំងអស់ឱ្យជាប់ជាមួយគ្នា ទ្រង់ជ្រាបសូរសម្លេងទាំងអស់ដែលមនុស្សនិយាយ។
ទំនុកតម្កើងលេខ ១៣៩,១-៥.៧-១០ បទកាកគតិ
១. | ព្រះជាម្ចាស់អើយ | សូមកុំព្រងើយ | សូមទ្រង់ពិនិត្យ |
មើលហើយស្គាល់ខ្ញុំ | ឱ្យបានច្បាស់ពិត | សូមទ្រង់អាណិត | |
ប្រណីអាសូរ ។ | |||
២. | ទោះបីអង្គុយ | ខ្ញុំឈរមុខស្អុយ | ក៏ទ្រង់មិនដូរ |
ទ្រង់ជ្រាបគំនិត | ចិត្តថ្លើមខ្ញុំល្អ | ព្រះជាម្ចាស់បវរ | |
មើលពីចំងាយ ។ | |||
៣. | ទោះបីខ្ញុំដេក | ខ្ញុំដើរឈរផ្អែក | ក៏ទ្រង់មិនណាយ |
ទ្រង់ស្គាល់ផ្លូវខ្ញុំ | ពីជិតទៅឆ្ងាយ | ទៅដល់ត្រើយនាយ | |
ទ្រង់ជ្រាបគ្មានលស់ ។ | |||
៤. | ទោះពាក្យសម្ដី | ពុំទាន់មានថ្វី | ស្ដីពុំចេញសោះ |
តែព្រះជាម្ចាស់ | ទ្រង់ជ្រាបទាំងអស់ | គ្រប់គៀនគ្រប់កោះ | |
ជ្រាបអស់គ្មានសល់ ។ | |||
៥. | ទ្រង់គង់ជុំជិត | ទាំងមុខក្រោយពិត | ខ្ញុំឥតមានខ្វល់ |
ព្រះអង្គលោកដាក់ | ព្រះហស្ដលើកកល់ | រូបខ្ញុំកំណល់ | |
កល់ទ្រព្រះហស្ដ ។ | |||
៧. | តើទូលបង្គំ | ទៅខេត្តខ័ណ្ឌឃុំ | ទីណានឹងស្បើយ |
ឆ្ងាយពីវិញ្ញាណ | ទីលានកោះត្រើយ | ឱ្យផុតរហើយ | |
ពីភក្រ្ដព្រះអង្គ? ។ | |||
៨. | បើទៅស្ថានសួគ៌ | ទ្រង់គង់ជាជួរ | សឹងជារបង |
បើដេកជាមួយ | អ្នកស្លាប់ចង្គ្រាង | ទីនោះក៏ទ្រង់ | |
គង់នៅនោះដែរ ។ | |||
៩. | បើនឹងហោះហើរ | លាក់ខ្លួនបណ្ដើរ | រហូតជើងមេឃ |
ហួសទៅសមុទ្រ | ផុតអស់ពីភ្នែក | ទៅនៅដោយឡែក | |
ដាច់ពីគេឯង ។ | |||
១០. | គង់តែព្រះហស្ដ | ព្រះអង្គនាំឆ្ពោះ | ត្រង់ទីកន្លែង |
ព្រះហស្ដខាងស្ដាំ | ចាំចាប់មិនលែង | ខ្ញុំមិនកណ្ដែង | |
កណ្ដោចឥតអាង ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ២,១៥-១៦
អលេលូយ៉ា! អាលេលូយ៉ា!
ចូរបងប្អូនកាន់តាមព្រះបន្ទូលដែលផ្ដល់ជីវិត ដូច្នេះ បងប្អូននឹងភ្លឺក្នុងចំណោមមនុស្សលោក ដូចពន្លឺដែលបំភ្លឺដែរ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៧,១-៦
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖« មានមូលហេតុជាច្រើនដែលតែងតែបណ្ដាលឱ្យមនុស្សប្រព្រឹត្តអំពើបាប។ ប៉ុន្ដែ អ្នកណានាំគេឱ្យប្រព្រឹត្តអំពើបាបអ្នកនោះត្រូវវេទនាហើយ។ ចំពោះអ្នកនោះ ប្រសិនបើគេយកត្បាល់ថ្មយ៉ាងធំមកចងករួចទម្លាក់ទៅក្នុងសមុទ្រ ប្រសើរជាងទុកឱ្យគាត់នៅរស់ ហើយនាំមនុស្សតូចតាចណាម្នាក់ប្រព្រឹត្តអំពើបាប។ ដូច្នេះ អ្នករាល់គ្នាត្រូវប្រយ័ត្នខ្លួន! ប្រសិនបើបងប្អូនណាធ្វើអ្វីខុសចំពោះអ្នក ចូរស្ដីប្រដៅគាត់ផង តែបើគាត់កែប្រែចិត្តគំនិត ចូរអត់ទោសឱ្យគាត់ទៅ។ ប្រសិនបើគាត់ធ្វើអ្វីខុសចំពោះអ្នក ប្រាំពីរដងក្នុងមួយថ្ងៃ ហើយបើគាត់ត្រឡប់មករកអ្នកទាំងប្រាំពីរដង ដោយពោលថា៖« ខ្ញុំស្ដាយដោយបានធ្វើខុស! ចូរអត់ទោសឱ្យគាត់ទៅ»។ ក្រុមសាវ័កទូលព្រះអម្ចាស់ថា៖«សូមព្រះអង្គប្រទានជំនឿមកយើងខ្ញុំថែមទៀត»។ ព្រះអម្ចាស់មានព្រះបន្ទូលឆ្លើយថា៖« ប្រសិនបើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជមួយដ៏ល្អិត ហើយបើអ្នករាល់គ្នានិយាយទៅកាន់ដើមឈើនេះថា៖“ចូររំលើងប្ញសឯងទៅដុះក្នុងសមុទ្រ!” វាមុខជានឹងស្ដាប់បង្គាប់អ្នករាល់គ្នាមិនខាន»។