អត្ថបទព្រះគម្ពីរ
ថ្ងៃអាទិត្យ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១
អាទិត្យទី៣២ រដូវធម្មតា
ពណ៌បៃតង

អត្ថបទទី១​៖ សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រ ១ពង្ស ១៧,១០-១៦

ព្យាការីអេលីធ្វើដំណើរទៅកាន់ក្រុងសារិបតា។ លុះដល់មាត់ទ្វារក្រុង លោកឃើញស្រ្តីមេម៉ាយម្នាក់កំពុងតែរើសអុស។ លោកហៅស្រ្តីនោះមក ហើយនិយាយទៅកាន់នាងថា៖ «សូមទៅយកទឹកឱ្យខ្ញុំផឹកបន្តិច!»។ នាងក៏ទៅយកទឹកទៅ។ លោក ស្រែកប្រាប់នាងទៀតថា៖ «សូមយកនំប័ុងឱ្យខ្ញុំមួយដុំផង!»។ នាងតបថា៖ «នាងខ្ញុំសូមជម្រាបលោកដោយយកព្រះនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ ជាព្រះរបស់លោកធ្វើជាសាក្សីថា នាងខ្ញុំគ្មាននំប័ុងទេ នាងខ្ញុំនៅសល់តែម្សៅមួយក្តាប់ក្នុងខាប និងប្រេងបន្តិចនៅក្នុងដបប៉ុណ្ណោះ។ នាងខ្ញុំកំពុងតែរើសអុសពីរអង្កត់នេះ យកទៅដុតនំប័ុងសម្រាប់នាងខ្ញុំនឹងកូនទទួលទាន។ ពេលទទួលទានរួចហើយ យើងខ្ញុំទាំងពីរនាក់ម្តាយកូននឹងស្លាប់ទាំងអស់គ្នា»។ លោកអេលីមានប្រសាសន៍ទៅកាន់នាងថា៖«កុំខ្លាចអ្វីឡើយ! សូមចូលទៅធ្វើតាមពាក្យនាងចុះ! តែសូមដុតនំប័ុងមួយដុំតូច យកមកឱ្យខ្ញុំជាមុនសិន រួចសឹមដុតសម្រាប់នាងនិងកូនរបស់នាង ដ្បិតព្រះអម្ចាស់ជាព្រះនៃជនជាតិអុីស្រាអែលមានព្រះបន្ទូលថា “ម្សៅក្នុងខាបនឹងមិនចេះអស់ទេ ហើយប្រេងនៅក្នុងដបក៏មិនចេះអស់ដែរ រហូតដល់ថ្ងៃព្រះអម្ចាស់បង្អុរភ្លៀងមកលើផែនដី”»។ នាងក៏ចេញទៅធ្វើតាមពាក្យដែលលោកអេលីបានប្រាប់។ ពួកគេមានអាហារបរិភោគជាយូរថ្ងៃ ទាំងនាង ទាំងកូននាង និងលោកអេលី គឺម្សៅមិនចេះរលោះពីខាប ប្រេងក៏មិនចេះរលោះពីដប ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងដោយសារលោកអេលី។

ទំនុកតម្កើងលេខ ១៤៦,៥-១០ បទពាក្យ ៧

៥.អ្នកដែលព្រះលោកយ៉ាកុបជួយសង្គ្រោះផុតព្រួយហើយសង្ឃឹម
ទុកចិត្តលើព្រះគ្មានអ្វីផ្ទឹមរស់ដោយញញឹមគ្មានភិតភ័យ ។
៦.ព្រះអង្គបង្កើតទាំងផ្ទៃមេឃផែនដីល្អឯកធំពេកក្រៃ
សមុទ្រព្រមទាំងអស់អ្វីៗសន្យាថ្លាថ្លៃទ្រង់មិនភ្លេច ។
៧.ព្រះអង្គរកយុត្តិធម៌ឱ្យដល់អ្នកទន់ខ្សោយមិនកែគេច
ចែកអាហារដល់អ្នកឃ្លានស្រេចហើយទ្រង់សម្រេចលែងអ្នកទោស ។
៨.ព្រះអម្ចាស់ប្រោសមនុស្សខ្វាក់ហើយលើកអស់អ្នកដែលនៅរស់
អស់ក្តីសង្ឃឹមគ្មានអ្វីសោះស្រឡាញ់អ្នកស្មោះត្រង់ល្អជា ។
៩.ព្រះម្ចាស់គាំទ្រជនបរទេសមេម៉ាយនិងអស់ក្មេងកំព្រា
តែទ្រង់ធ្វើឱ្យគម្រោងការមនុស្សខូចពាលាវិនាសបង់ ។
១០.ព្រះអម្ចាស់ទ្រង់នឹងគ្រងរាជ្យអស់កល្បជានិច្ចតយូរលង់
ឱក្រុងស៊ីយ៉ូនដ៏រឿងរុងព្រះអ្នកនឹងគ្រងរាជ្យតទៅ ។

អត្ថបទទី​២៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ៩,២៤-២៨

ព្រះគ្រីស្តពុំបានយាងចូលក្នុងទីសក្ការៈសង់ឡើងដោយដៃមនុស្ស ដែលគ្រាន់​តែជាតំណាងនៃទីសក្ការៈដ៏ពិតប្រាកដនោះឡើយ គឺព្រះអង្គបានយាងទៅចូលក្នុងស្ថានបរមសុខតែម្តង។ ឥឡូវនេះ ព្រះអង្គស្ថិតនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ ដើម្បីជាប្រយោជន៍ដល់យើង។ ព្រះគ្រីស្តពុំបានបូជាព្រះជន្មព្រះអង្គផ្ទាល់ច្រើនដង ដូចលោកមហាបូជាចារ្យដែលតែងតែយកឈាមសត្វចូលទៅក្នុងទីសក្ការៈជារៀងរាល់ឆ្នាំនោះឡើយ។ បើព្រះអង្គបូជាព្រះជន្មច្រើនដង ព្រះអង្គមុខជាត្រូវរងទុក្ខលំបាកច្រើនលើកច្រើនសា តាំងពីកំណើតពិភពលោកមក។ តាមពិត នៅគ្រាចុងក្រោយនេះ ព្រះអង្គយាងមកតែម្តងគត់ ដើម្បីលុបបំបាត់បាបកម្ម ដោយព្រះអង្គបានបូជាព្រះជន្ម។ មនុស្សលោកទាំងអស់ត្រូវស្លាប់តែម្តង រួចត្រូវព្រះជាម្ចាស់វិនិច្ឆ័យទោសយ៉ាងណា ព្រះគ្រីស្តក៏បានបូជាព្រះជន្មតែម្តងធ្វើជាយញ្ញបូជាដើម្បីដកបាបកម្មចេញពីមនុស្សទាំងអស់យ៉ាងនោះដែរ។ ព្រះអង្គនឹងយាងមកម្តងទៀត តែលើកក្រោយនេះ គ្មានទាក់ទាមអ្វីនឹងបាបទេ គឺព្រះអង្គយាងមកសង្គ្រោះអស់អ្នកដែលទន្ទឹងរង់ចាំព្រះអង្គនោះ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៥,៣

អលេលូយ៉ា! អាលេលូយ៉ា!
អ្នកដាក់ចិត្តជាអ្នកក្រខ្សត់ ពិតជាមានសុមភង្គល ដ្បិតអ្នកទាំងនោះបានទទួលព្រះរាជ្យនៃស្ថានបរមសុខហើយ!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១២,៣៨-៤៤ (ឬយ៉ាងខ្លី ១២,៤១-៤៤)

ព្រះយេស៊ូមានព្រះបន្ទូលបង្រៀនបណ្តាជនថា៖ «ចូរប្រយ័ត្ននឹងពួកធម្មាចារ្យឱ្យមែនទែន អ្នកទាំងនោះចូលចិត្តពាក់អាវវែង ដើរចុះដើរឡើង ហើយចូលចិត្តឱ្យគេឱនកាយគោរពនៅតាមផ្សារ ព្រមទាំងរើសកន្លែងអង្គុយមុខគេក្នុងធម្មសាលា និងចូលចិត្តកន្លែងកិត្តិយសនៅពេលជប់លៀង។ គេតែងនាំគ្នាឆបោកយកទ្រព្យសម្បត្តិរបស់ស្រ្តីមេម៉ាយ ដោយធ្វើឫកជាសូត្រធម៌យ៉ាងយូរ។ អ្នកទាំងនេះនឹងត្រូវទទួលទោសយ៉ាងធ្ងន់បំផុត»។

ប្រសិនបើអានយ៉ាងខ្លី សូមចាប់ផ្តើមពីនេះតទៅ

ព្រះយេស៊ូគង់នៅមុខហិបតង្វាយ ព្រះអង្គទតមើលរបៀបដែលបណ្តាជនយកប្រាក់មកដាក់ក្នុងហិបនោះ។ អ្នកមានច្រើននាក់ដាក់ប្រាក់ជាច្រើន។ មានស្រ្តីមេម៉ាយក្រីក្រម្នាក់មកដល់ នាងក៏យកប្រាក់ពីរសេនជាចំនួនដ៏តិចតួចបំផុតមកដាក់ក្នុងហិបតង្វាយនោះដែរ។ ព្រះយេស៊ូត្រាស់ហៅក្រុមសាវ័កមក ហើយមានព្រះបន្ទូលទៅគេថា៖«ខ្ញុំសូមប្រាប់ឱ្យអ្នករាល់គ្នាបានដឹងច្បាស់ថា ស្រ្តីមេម៉ាយក្រីក្រនេះដាក់ប្រាក់ក្នុងហិបច្រើនជាងគេទាំងអស់ ដ្បិតអ្នកទាំងនោះយកប្រាក់សំណល់របស់ខ្លួនមក ដាក់។ រីឯស្រ្តីមេម៉ាយនេះវិញ ទោះបីនាងក្រីក្រយ៉ាងណាក៏ដោយ ក៏នាងយកប្រាក់ដែលនាងត្រូវការជាចាំបាច់មកដាក់ដែរ គឺប្រាក់ទាំងប៉ុន្មានដែលនាងមានសម្រាប់ចិញ្ចឹមជីវិត»។

145 Views

Theme: Overlay by Kaira