អត្ថបទព្រះគម្ពីរ
ថ្ងៃសៅរ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១
អាទិត្យទី៣១ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា
អត្ថបទទី១
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងរ៉ូម រម ១៦,៣-៩.១៦.២២-២៧
បងប្អូនជាទីស្រឡាញ់!
សូមជម្រាបសួរនាងព្រីស្ដា និងលោកអគីឡាសឱ្យខ្ញុំផង។ គាត់ទាំងពីរនាក់បានធ្វើការបម្រើព្រះគ្រីស្ដរួមជាមួយខ្ញុំ គាត់បានស៊ូប្ដូរជីវិតដើម្បីជួយសង្គ្រោះខ្ញុំ ហើយមិនត្រឹមតែខ្ញុំម្នាក់ប៉ុណ្ណោះទេដែលអរគុណគាត់ គឺព្រះហគមន៍ទាំងមូលរបស់សាសន៍ដទៃក៏អរគុណគាត់ដែរ។ សូមជម្រាបសួរព្រះហគមន៍ដែលជួបជុំគ្នាក្នុងផ្ទះគាត់ឱ្យខ្ញុំផង។ សូមជម្រាបសួរលោកអេប៉ៃណែតដ៏ជាទីស្រឡាញ់របស់ខ្ញុំដែលបានថ្វាយខ្លួនចំពោះព្រះគ្រីស្ដមុនគេបង្អស់នៅស្រុកអាស៊ី។ សូមជម្រាបសួរនាងម៉ារីដែលបាននឿយហត់យ៉ាងច្រើនដើម្បីបងប្អូន។ សូមជម្រាបសួរ លោកអង់ដ្រូនីគូស និងនាងយូញ៉ាសជាសាច់ញាតិរបស់ខ្ញុំ ដែលបានជាប់ឃុំឃាំងជាមួយខ្ញុំនោះដែរ អ្នកទាំងពីរជាសាសនទូត ដែលគេគោរពរាប់អានខ្លាំងណាស់ ហើយគាត់ក៏បានជឿលើព្រះគ្រីស្ដមុនខ្ញុំផង។ សូមជម្រាបសួរលោកអំព្លីយ៉ាទូសដ៏ជាទីស្រឡាញ់របស់ខ្ញុំ ក្នុងព្រះអម្ចាស់។ សូមជម្រាបសួរលោកអ៊ូរបាន់ ដែលធើ្វការបម្រើព្រះគ្រីស្ដរួមជាមួយយើង និងជម្រាបសួរលោកស្ដាគីសដ៏ជាទីស្រឡាញ់របស់ខ្ញុំផង។ សូមបងប្អូនជម្រាបសួរគ្នាទៅវិញទៅមក ដោយស្និទ្ធស្នាលផង ព្រះសហគមន៍ទាំងអស់របស់ព្រះគ្រីស្ដ សូមជម្រាបសួរមកបងប្អូន។ ខ្ញុំ ទែរទីយូស ជាអ្នកសរសេរលិខិតនេះសូមជម្រាបសួរមកបងប្អូនក្នុងព្រះនាមព្រះអម្ចាស់ដែរ។ លោកកៃយូសដែលទទួលខ្ញុំ និងទទួលព្រះសហគមន៍ទាំងមូលឱ្យជួបជុំគ្នានៅផ្ទះគាត់សូមជម្រាបសួរមកបងប្អូន។ លោកអេរ៉ាស្រ្ដ ជាមេឃ្លាំងប្រាក់របស់ក្រុង និងលោកគ័រទូសជាបងប្អូនយើង ក៏សូមជម្រាបសួរមកបងប្អូនដែរ។ ព្រះជាម្ចាស់មានឫទ្ធានុភាពនឹងធ្វើឱ្យបងប្អូនមានជំនឿខ្ជាប់ខ្ជួន ស្របតាមដំណឹងល្អរបស់ខ្ញុំ និងស្របតាមពាក្យដែលខ្ញុំប្រកាសអំពីព្រះយេស៊ូគ្រីស្ដតាមតែព្រះជាម្ចាស់បានសម្ដែងអំពីគម្រោងការដ៏លាក់កំបាំងដែលព្រះអង្គលាក់ទុកតាំងពីដើមរៀងមក តែទ្រង់បានសម្ដែងឱ្យយើងស្គាល់នៅពេលនេះ ដោយសារគម្ពីរព្យាការី និងស្របតាមព្រះបញ្ជារបស់ព្រះជាម្ចាស់ ដែលគង់នៅអស់កល្បជានិច្ច ដើម្បីឱ្យជាតិសាសន៍ទាំងអស់បានស្គាល់ ហើយឱ្យគេជឿ និងស្ដាប់តាម។ មានតែព្រះជាម្ចាស់មួយព្រះអង្គគត់ ដែលប្រកបដោយព្រះប្រាជ្ញាញាណ! សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ដអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!។
ទំនុកតម្កើងលេខ ១៤៥,២-៥.១០-១១ បទកាកគតិ
២. | ខ្ញុំសូមតម្កើង | ព្រះអង្គខ្ពស់ឡើង | តទៅរៀងរៀប |
ខ្ញុំសូមសរសើរ | ព្រះនាមល្អគាប់ | អស់កល្បដរាប | |
រហូតតទៅ ។ | |||
៣. | ព្រះម្ចាស់ឧត្ដម | ប្រសើរសក្ដិសម | ខ្ពង់ខ្ពស់ពេកកូវ |
យើងលើកតម្កើង | ព្រះនាមជាផ្លូវ | ពេលនេះតទៅ | |
រកអ្វីផ្ទឹមគ្មាន ។ | |||
៤. | សូមឱ្យមនុស្ស | ទាំងស្រីទាំងប្រុស | នៅគ្រប់ជំនាន់ |
លើកតម្កើងស្នា | ព្រហស្ដព្រះអង្គ | ការអស្ចារ្យផង | |
ដែលទ្រង់ប្រព្រឹត្ត ។ | |||
៥. | ខ្ញុំរាប់ខ្ញុំរៀប | ពីអនុភាព | បារមីមានប្ញទិ្ធ |
សិរីរុងរឿង | ព្រះអង្គមានពិត | ខ្ញុំសញ្ជឹងគិត | |
គ្រប់ស្នាព្រះហស្ដ ។ | |||
១០. | បពិត្រព្រះម្ចាស់ | សត្វលោកទាំងអស់ | មានច្រើនពេកក្រៃ |
នាំគ្នាតម្កើង | រុងរឿងសិរី | រាស្រ្ដទាំងប្រុសស្រី | |
ក៏ថ្កើងទ្រង់ដែរ ។ | |||
១១. | គេនឹងរៀបរាប់ | ព្រះរាជ្យគួរគាប់ | រុងរឿងស្ថិតស្ថេរ |
របស់ព្រះអង្គ | ឥតមានប្រួលប្រែ | អានុភាពឥតកែ | |
ព្រះអង្គនៅគង់ ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ករ ៨,៩
អលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូគ្រីស្ដដែលមានសម្បត្តិដ៏ច្រើនទ្រង់បានដាក់ខ្លួនមកជាអ្នកក្រ ដើម្បីឱ្យយើងបានទៅជាអ្នកមាន ដោយភាពក្រីក្ររបស់ព្រះអង្គ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ដលូកា លក ១៦,៩-១៥
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖«ខ្ញុំសុំប្រាប់អ្នករាល់ថា ចូរយកទ្រព្យសម្បត្តិលោកីយ៍ដែលបញ្ឆោតចិត្តនេះ ទៅធ្វើទាន ដើម្បីឱ្យមានមិត្តភក្ដិច្រើន។ ពេលណាទ្រព្យនេះរលាយសូន្យទៅ មិត្តភក្ដិទាំងនោះនឹងទទួលអ្នករាល់គ្នានៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ អ្នកណាស្មោះត្រង់ក្នុងកិច្ចការដ៏តូច អ្នកនោះក៏ស្មោះត្រង់ក្នុងកិច្ចកាធំដុំដែរ។ អ្នកណាបោកបញ្ឆោតក្នុងកិច្ចការដ៏តូច អ្នកនោះក៏តែងបោកបញ្ឆោតក្នុងកិច្ចការធំដុំដែរ។ ប្រសិនបើអ្នករាល់គ្នាមិនស្មោះត្រង់ក្នុងរបៀបប្រើប្រាស់ទ្រព្យសម្បតិ្ដលោកីយ៍ដែលបញ្ឆោតចិត្តនេះទេ ព្រះជាម្ចាស់ក៏ពុំអាចប្រគល់ទ្រព្យសម្បត្តិដ៏ពិតប្រាកដមកអ្នករាល់គ្នាបានដែរ។ ប្រសិនបើអ្នករាល់គ្នាមិនស្មោះត្រង់នឹងទ្រព្យសម្បត្ដិអ្នកដទៃផង ធ្វើម្ដេចនឹងព្រះជាម្ចាស់ប្រទានព្រទ្យសម្បត្ដិដែលព្រះអង្គបម្រុងទុកឱ្យអ្នករាល់គ្នា មកអ្នករាល់គ្នាបាន!។ គ្មានអ្នកណាអាចបម្រើម្ចាស់ពីរនាក់បានទេ ព្រោះអ្នកនោះនឹងស្អប់មួយស្រឡាញ់មួយ ស្មោះត្រង់នឹងម្នាក់ មើលងាយម្នាក់ទៀតជាពុំខាន។ អ្នករាល់គ្នាពុំអាចគោរពបម្រើព្រះជាម្ចាស់ផង ហើយគោរពបម្រើទ្រព្យសម្បត្ដិលោកីយ៍ផងបានឡើយ»។ កាលពួកខាងគណៈផារីស៊ីបានឮដូច្នោះ គេក៏ចំអកឱ្យព្រះយេស៊ូ ដ្បិតពួកគេស្រឡាញ់ប្រាក់ណាស់។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖«អ្នករាល់គ្នាតែងតែសម្ដែងប្ញកពារឱ្យមនុស្សលោកឃើញថា អ្នករាល់គ្នាជាជនសុចរិត ប៉ុន្ដែ ព្រះជាម្ចាស់ឈ្វេងយល់ចិត្តអ្នករាល់គ្នា។ អ្វីៗដែលមនុស្សលោកយល់ឃើញថាល្អប្រសើរ ព្រះជាម្ចាស់ចាត់ទុកថា ជាការគួរឱ្យស្អប់ខ្ពើមទៅវិញ»។