អត្ថបទព្រះគម្ពីរ
ថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១
អាទិត្យទី៣១ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា

អត្ថបទទី
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងរ៉ូម រម ១៥,១៤-២១

បងប្អូនជាទីស្រឡាញ់!
ខ្ញុំជឿជាក់ថា បងប្អូនមានចិត្តសប្បុរសណាស់ ហើយក៏មាន​ចំណេះជ្រៅជ្រះ និងមានសមត្ថភាព អាចទូន្មានគ្នាទៅវិញទៅមកបានថែមទៀតផង។​ ក៏ប៉ុន្ដែ នៅត្រង់ចំណុចខ្លះ ខ្ញុំសេរសេរមករំលឹកដាស់តឿនបងប្អូនយ៉ាងធ្ងន់ៗបន្ដិចដោយសំអាងលើមុខងារដែលព្រះជាម្ចាស់ប្រោសប្រទានមកខ្ញុំ ឱ្យបម្រើព្រះយេស៊ូ​​គ្រីស្ដសម្រាប់សាសន៍ដទៃ។ ខ្ញុំប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ ជាមុខងារមួយ​ដ៏ពិសិដ្ឋ ដើម្បីនាំសាសន៍ដទៃមកថ្វាយខ្លួនទុកជាតង្វាយដែលគាប់ព្រះហប្ញទ័យព្រះអង្គ​ និងជាតង្វាយដែលព្រះវិញ្ញាណដ៏វិសុទ្ធប្រោសឱ្យបានវិសុទ្ធ។ ដោយហេតុនេះ​ ខ្ញុំបាន​​ខ្ពស់មុខដោយរួមជាមួយព្រះយេស៊ូគ្រីស្ដ ចំពោះកិច្ចការដែលខ្ញុំបានធ្វើថ្វាយព្រះ​ជាម្ចាស់ ដ្បិតខ្ញុំមិនហ៊ានលើកយកអ្វីផ្សេងមកនិយាយ ក្រៅពីការដែលព្រះគ្រីស្ដបានធ្វើដោយសារខ្ញុំ ទោះបីតាមពាក្យសម្ដីក្ដី ឬតាមកិច្ចការក្ដី ដើម្បីនាំសាសន៍ដទៃឱ្យ​មកស្ដាប់បង្គាប់ព្រះជាម្ចាស់នោះឡើយ។ ព្រះអង្គសម្ដែងប្ញទ្ធានុភាពនៃទីសម្គាល់ និង​ប្ញទ្ធិបាដិហារិយ៍ ព្រះអង្គសម្ដែងប្ញទ្ធានុភាពរបស់ព្រះវិញ្ញាណ។ ដូច្នេះ ខ្ញុំបាន​ប្រកាសដំណឹងល្អរបស់ព្រះគ្រីស្ដសព្វគ្រប់នៅគ្រប់ទីកន្លែង ចាប់តាំងពីក្រុងយេរូសាឡឹម​រហូតទៅដល់តំបន់អ៊ីលីរី។ ក៏ប៉ុន្ដែ ខ្ញុំបានតាំងចិត្តប្រកាសដំណឹងល្អតែនៅកន្លែងណាដែលគេមិនទាន់ឮព្រះនាមព្រះគ្រីស្ដនៅឡើយ ដើម្បីចៀសវាងសង់ពីលើគ្រឹះដែលអ្នក​ផ្សេងបានចាក់រួចមកហើយ គឺឱ្យបានស្របតាមសេចក្ដីដែលមានចែងទុកមកថា៖​«អស់អ្នកដែលមិនទាន់បានទទួលដំណឹងអំពីព្រះអង្គមុខជានឹងឃើញ ហើយអស់អ្នក​ដែលមិនទាន់បានឮមុខជានឹងបានយល់»។

ទំនុកតម្កើងលេខ ៩៨,១-៤ បទកាកគតិ

១.ចូរច្រៀងបទថ្មីថ្វាយព្រះម្ចាស់ថ្លៃកុំភ្លេចឡើយណា
ដ្បិតទ្រង់ប្រព្រឹត្តសព្វកិច្ចអស្ចារ្យដោយប្ញទិ្ធចេស្ដា
យកជ័យជម្នះ ។
២. ព្រះម្ចាស់បង្ហាញប្រជាឱ្យឃើញពីការសង្គ្រោះ
ព្រះអង្គសម្ដែងឱ្យគេទាំងអស់ឃើញសុចរិតស្មោះ
របស់ព្រះអង្គ ។
៣.ព្រះអង្គនៅតែសម្ដែងឥតប្រែករុណាត្រចង់
ព្រះទ័យស្មោះស្ម័គ្រអ៊ីស្រាអែលផងសុចរិឥតហ្មង
ចងចាំទាំងអស់ ។
មនុស្សម្នាមូលមីររស់នៅគ្រប់ទីឆ្ងាយទាំងស្រីប្រុស
នៃភពផែនដីឃើញការសង្គ្រោះព្រះម្ចាស់របស់
យើងគ្រប់ៗគ្នា ។
៤.ជនទាំងប្រុសស្រីនៅលើផែនដីរៀបចំអង្គារ
អបអរសាទរថ្វាយព្រះនាមាស្រែកហ៊ោរខ្ញៀវខ្ញា
ដោយតូរ្យតន្រី្ដ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១យហ ២,៥

អលេលូយ៉ា! អាលេលូយ៉ា!
អ្នកដែលកាន់តាមព្រះបន្ទូលរបស់ព្រះគ្រីស្ដ​សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ពិតជាស្ថិតនៅក្នុងអ្នកនោះគ្រប់លក្ខណៈមែន។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ដលូកា លក ១៦,១-៨

ព្រះយេស៊ូមា​នព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ មានសេដី្ឋម្នាក់បានប្រគល់មុខងារ​ឱ្យអ្នកបម្រើម្នាក់មើលការខុសត្រូវលើទ្រព្យសម្បត្តិរបស់លោក។ មានគេមកជម្រាប​លោកថា អ្នកនោះ បានចាយវាយទ្រព្យសម្បត្តិលោកយ៉ាងខ្ជះខ្ជាយ។ សេដ្ឋីក៏ហៅ​អ្នកមើលខុសត្រូវមកប្រាប់ថា៖«ចូរគិតបញ្ជីយកមកឱ្យខ្ញុំ អ្នកមិនអាចមើលខុសត្រូវលើទ្រព្យសម្បត្តិខ្ញុំតទៅទៀតបានឡើយ ព្រោះខ្ញុំឮគេនិយាយអំពីអ្នកមិនល្អសោះ»។ ​អ្នកបម្រើនោះរិះគិតក្នុងចិត្តថា៖« ចៅហ្វាយលែងឱ្យអញទទួលខុសត្រូវលើទ្រព្យសម្បតិ្តលោកទៀតហើយ។ តើអញគិតទៅធ្វើការអ្វីវិញទៅហ្ន៎?។ អញគ្មានកម្លាំង​នឹងកាប់គាស់ដីទេ បើដើរសុំទាន អញ់ខ្មាស់គេណាស់។ អូ៎! នឹកឃើញហើយ! គួរធ្វើយ៉ាងនេះ ដើម្បីឱ្យអ្នកស្រុកទទួលអញឱ្យស្នាក់នៅផ្ទះគេ នៅពេលអញឈប់កាន់កាប់ការងារនេះ»។ គាត់ក៏ហៅកូនបំណុលរបស់ចៅហ្វាយឱ្យចូលមកម្នាក់ម្ដងៗ គាត់សួរអ្នកទីមួយថា៖«តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មាន? កូនបំណុលនោះឆ្លើយថា៖«ប្រេង​មួយរយប៉ោត​»។ អ្នកបម្រើប្រាប់ថា៖«នេះនែ៎! យកបញ្ជីរបស់អ្នក ហើយអង្គុយចុះ​សរសេរយ៉ាងប្រញាប់ដាក់ថា ជំពាក់ហាសិបប៉ោត»។ បន្ទាប់មក គាត់សួរម្នាក់ទៀត​ថា៖ « តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មានដែរ?»។ កូនបំណុលនោះឆ្លើយថា៖«ស្រូវប្រាំ​រយថាំង»។ អ្នកបម្រើប្រាប់ថា៖នែ៎! យកបញ្ជីរបស់អ្នក ហើយសរសេរដាក់ថា៖«ជំពាក់បួនរយថាំង»។ ម្ចាស់ក៏សរសើរអ្នកបម្រើដែលប៉ិនប្រសប់បោកបញ្ឆោត។ មនុស្សក្នុងលោកនេះ តែងតែប៉ិនប្រសប់រកស៊ីជាមួយគ្នា ជាងអស់អ្នកដែលស្គាល់ពន្លឺ​របស់ព្រះជាម្ចាស់ទៅទៀត។

356 Views

Theme: Overlay by Kaira