អត្ថបទព្រះគម្ពីរ
ថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១
អាទិត្យទី៣១ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា

ឬសន្តសាល បូរ៉ូម៉េ​ជាអភិបាល

កាលលោកសាល បូរ៉ូម៉េ​ (១៥៣៨-១៥៨៤) អាយុម្ភៃពីរឆ្នាំ សម្តេចប៉ាបពីយូ៉ទី ៤ ហៅលោកឱ្យធ្វើជាទីប្រឹក្សា។ លោកខ្នះខ្នែងបង្រួបបង្រួមអភិបាលព្រះសហគមន៍ទាំងឡាយ ដើម្បីបង្ហើយមហាសន្និបាតក្រុងត្រែនតូ (១៥៦៣)។ លោកទទួលមុខងារជាអភិបាលព្រះសហគមន៍ក្រុងមីឡង់ (ប្រទេសអ៊ីតាលី) ហើយយកចិត្តទុកដាក់កែទម្រង់ព្រះសហគមន៍ មនុស្សជាច្រើនយកតម្រាប់តាមលោក។ លោកក៏លះបង់ជីវិតសុខចិត្តបម្រើអ្នកជំងឺដែរ។

អត្ថបទទី១៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងរ៉ូម រម ១៤,៧-១២

បងប្អូនជាទីស្រឡាញ់!
ក្នុងចំណោមបងប្អូន គ្មាននរណាម្នាក់រស់ឬស្លាប់សម្រាប់ខ្លួន​ឯងឡើយ បើយើងរស់ យើងរស់សម្រាប់ព្រះអម្ចាស់ ហើយបើយើងស្លាប់ ក៏ស្លាប់​សម្រាប់ព្រះអម្ចាស់ដែរ។ ទោះបីយើងរស់ក្ដី ស្លាប់ក្ដី យើងថ្វាយខ្លួនទៅព្រះអម្ចាស់ជានិច្ច ដ្បិតព្រះគ្រីស្ដបានសោយទិវង្គត និងទទួលព្រះជន្មដ៏រុងរឿង ដើម្បីធ្វើជាព្រះ​អម្ចាស់ទាំងលើមនុស្សស្លាប់ ទាំងលើមនុស្សរស់។ រីឯអ្នក ហេតុដូចម្ដេចបានជាអ្នកថ្កោលទោសបងប្អូនរបស់អ្នក? ហេតុដូចម្ដេចបានជាអ្នកមើលងាយបងប្អូនរបស់អ្នក​ទៅវិញ? យើងទាំងអស់គ្នានឹងទៅឈរនៅមុខតុលាការរបស់ព្រះជាម្ចាស់ ដ្បិតមាន​ចែងទុកមកថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា ពិតដូចយើងមានជីវិតរស់យ៉ាងណា មនុស្សទាំងអស់ពិតជាលុតជង្គង់ថ្វាយបង្គំយើង ហើយប្រកាសទទួលស្គាល់ព្រះជាម្ចាស់យ៉ាងនោះដែរ»។ ដូច្នេះ យើងត្រូវតែរៀបរាប់ទូលព្រះជាម្ចាស់នូវអំពើដែលខ្លួនយើងម្នាក់ៗបានប្រព្រឹត្ត។

ទំនុកតម្កើងលេខ ២៧,១.៤.១៣-១៤ បទពាក្យ ៧

១.ព្រះអម្ចាស់ទ្រង់ជាពន្លឺនាមល្បីរន្ទឺព្រះសង្គ្រោះ
មិនឱ្យខ្ញុំខ្លាចនរណាសោះជាកំពែងខ្ពស់ជួយជីវិត ។
៤.ខ្ញុំទូលព្រះម្ចាស់នូវសេចក្ដីតែមួយគត់ខ្លីឱ្យបានច្បាស់
គឺចង់ស្នាក់នៅដំណាក់ព្រះឥតមានក្រឡះមួយជីវិត ។
ដើម្បីខ្ញុំបានកោតស្ញែងស្ញប់ប្ញទា្ធនុភាពថ្កុំថ្កើងពិត
នឹងថ្វាយបង្គំម្ចាស់ជីវិតព្រះអង្គគង់ស្ថិតក្នុងវិហារ ។
១៣.ខ្ញុំជឿជាក់ថាខ្ញុំនឹងបានឃើញសុខក្សេមក្សាន្ដមិនអាស្រូវ
មង្គលកើតពីព្រះម្ចាស់នៅក្នុងលោកតទៅជាមិនខាន ។
១៤.ចូរទុកចិត្តលើព្រះអម្ចាស់ព្រះអង្គជាព្រះដ៏ថ្កើងថ្កាន
ចូរមានកម្លាំងចិត្តក្លាហាននោះអ្នកនឹងមានសុខមង្គល ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ១៩,១០

អលេលូយ៉ា! អាលេលូយ៉ា!
បុត្រមនុស្សបានមកស្វែងរកនិងសង្គ្រោះមនុស្សដែលវិនាសអន្ដរាយ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ដលូកា លក ១៥,១-១០

មានអ្នកទារពន្ធ និងមនុស្សបាបទាំងអស់នាំគ្នាចូលមកជិតព្រះយេស៊ូស្ដាប់ព្រះ​បន្ទូលរបស់ព្រះអង្គ។ ពួកខាងគណៈផារីស៊ី និងពួកធម្មាចារ្យរអ៊ូរទាំថា៖«មើល៍! អ្នក​នេះរាក់ទាក់នឹងមនុស្សបាប ព្រមទាំងបរិភោគជាមួយគេផង!» ព្រះយេស៊ូមានព្រះបន្ទូលទៅគេជាប្រស្នានេះថា៖« ក្នុងចំណោមអ្នករាល់គ្នា ឧបមាថា មានម្នាក់មានចៀម​មួយរយក្បាល បើគាត់បាត់ចៀមមួយ គាត់មុខជាទុកចៀមកៅសិបប្រាំបួនក្បាលចោល​នៅទីវាល ហើយទៅតាមរកចៀមមួយដែលបាត់នោះ រហូតទាល់តែបានឃើញវិញ។ កាលរកឃើញហើយ គាត់ត្រេកអរណាស់ គាត់ក៏លើកចៀមដាក់លើ ក របស់គាត់​ត្រឡប់មកផ្ទះវិញ ហៅមិត្តភក្ដិ និងអ្នកជិតខាងប្រាប់ថា៖«សូមជួយអរសប្បាយ​ជាមួយខ្ញុំផង! ដ្បិតចៀមរបស់ខ្ញុំដែលបាត់ទៅនោះឥឡូវនេះខ្ញុំរកឃើញវិញហើយ»។​ ខ្ញុំសូមប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់នៅស្ថានបរមសុខ មានអំណរសប្បាយដោយមានមនុស្សបាបតែម្នាក់កែប្រែចិត្តគំនិត ខ្លាំងជាងព្រះអង្គសប្បាយនឹងមនុស្សសុចរិតកៅសិបប្រាំបួននាក់ដែលមិនត្រូវការកែប្រែចិត្តគំនិត»។

ម្យ៉ាងទៀត ឧបមាថា មានស្រ្ដីម្នាក់មានប្រាក់ដប់ដួង ហើយបាត់មួយដួង គាត់មុខ​ជាអុជចង្កៀងបោសផ្ទះ រកប្រាក់នោះគ្រប់កៀនកោះ រហូតទាល់តែបានឃើញវិញ។​ លុះរកឃើញហើយ គាត់ក៏ហៅមិត្តភក្ដិ និងអ្នកជិតខាងប្រាប់ថា៖«សូមជួយអរសប្បាយ​​ជាមួយខ្ញុំផង! ដ្បិតប្រាក់ដួងដែលខ្ញុំបាត់នោះ ឥឡូវរកឃើញវិញហើយ!»។ ខ្ញុំសូម​ប្រាប់អ្នករាល់គ្នាថា ទេវទូតរបស់ព្រះជាម្ចាស់នឹងមានអំណរសប្បាយជាខ្លាំង ដោយមានមនុស្សបាបតែម្នាក់កែប្រែចិត្តគំនិត»។

358 Views

Theme: Overlay by Kaira