អត្ថបទព្រះគម្ពីរ
ថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១
អាទិត្យទី៣១ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា
ឬសន្តម៉ាតាំង ដេប៉ូរេស ជាបព្វជិត
លោកម៉ាតាំង (១៥៧៩-១៦៣៩) កើតនៅក្រុងលីម៉ា (ប្រទេសប៉េរូ) ហើយប្រកបអាជីវកម្មជាគិលានុបដ្ឋាក។ លោកម៉ាតាំងមានចិត្តសិទ្ធាជ្រះថ្លាជាទីបំផុត ស្ម័គ្រចិត្តជួយមនុស្សគ្រប់ប្រភេទនៅពេលណាក៏បាន។ សម្តេចប៉ាបយ៉ូហានទី២៣ ដាក់ឈ្មោះលោកថា៖ “លោកម៉ាតាំងដែលមានចិត្តមេត្តាករុណា”។
អត្ថបទទី១
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងរ៉ូម រម ១៣,៨-១០
បងប្អូនជាទីស្រឡាញ់!
បងប្អូនមិនត្រូវជំពាក់អ្វីនរណា ក្រៅពីជំពាក់សេចក្ដីស្រឡាញ់គ្នាទៅវិញទៅមកឡើយ! ដ្បិតអ្នកណាស្រឡាញ់អ្នកដទៃ អ្នកនោះប្រតិបត្តិតាធម្មវិន័យសព្វគ្រប់ហើយ ព្រោះធម្មវិន័យដែលចែងថា៖«កុំប្រព្រឹត្តអំពើផិតក្បត់ កុំសម្លាប់មនុស្ស កុំលួចទ្រព្យសម្បត្តិគេ កុំមានចិត្តលោភលន់» និងវិន័យឯទៀតៗ សង្ខេបមកជាវិន័យតែមួយនេះថា៖«ចូរស្រឡាញ់បងប្អូនឯទៀតៗ ឱ្យបានដូចស្រឡាញ់ខ្លួនឯងដែរ»។ អ្នកមានចិត្តស្រឡាញ់ មិនដែលប្រព្រឹត្តអាក្រក់ដល់បងប្អូនឯទៀតៗឡើយ ដូច្នេះសេចក្ដីស្រឡាញ់នាំឱ្យប្រតិបត្តិតាមធម្មវិន័យបានពេញលក្ខណៈ។
ទំនុកតម្កើងលេខ ១១២,១-២.៤-៥.៨-៩ បទពាក្យ ៧
១. | អ្នកឱនកោតខ្លាចព្រះអម្ចាស់ | ប្រតិបត្តិច្បាស់តាមព្រះទ័យ |
ស្មោះស្ម័គ្រគោរពតាមវិន័យ | បានសុខពេកក្រៃមានមង្គល ។ | |
២. | ពូជរបស់គេមានអំណាច | ចិត្តក្លាអង់អាចគ្មានកង្វល់ |
ដ្បិតព្រះជាម្ចាស់ប្រទានផល | ព្រះពរពិតដល់អ្នកសុចរិត ។ | |
៤. | ក្នុងទីងងឹតមានពន្លឺ | លេចឡើងបំភ្លឺមិនស្រអាប់ |
ចិត្តគាត់ប្រណីល្អគួរគាប់ | សន្ដោសលើសព្វជនប្រុសស្រី ។ | |
៥. | ជនណាដែលមានចិត្តទូលាយ | យកអ្វីទៅឱ្យអ្នកផងខ្ចី |
ព្រមទាំងរកស៊ីមិនកេងគៃ | អ្នកនោះប្រពៃល្អបំផុត ។ | |
៨. | គាត់មានចិត្តនឹងហើយអង់អាច | មិនចេះភ័យខ្លាចអ្វីទាំងអស់ |
ទាល់តែគាត់ឃើញខ្មាំងទាំងនោះ | បាក់ទ័ពរត់អស់ទើបស្កប់ចិត្ត ។ | |
៩. | គាត់តែងចែកទានដល់អ្នកក្រ | ដោយចិត្តស្មោះសរស្ម័គ្រពិតៗ |
ចិត្តគាត់ទូលាយត្រង់សុចរិត | កម្លាំងគាត់ស្ថិតមិនបាត់បង់ ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១សល ១៤
អលេលូយ៉ា! អាលេលូយ៉ា!
ប្រសិនបើមានគេត្មះតិះដៀលបងប្អូន ព្រោះតែព្រះនាមរបស់ព្រះយេស៊ូគ្រីស្ដនោះ
បងប្អូនមានសុភមង្គលហើយ! ដ្បិតព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ស្ថិតនៅលើបងប្អូន។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ដលូកា លក ៤,២៥-៣៣
នៅគ្រានោះ មហាជនជាច្រើនធ្វើដំណើរជាមួយព្រះយេស៊ូ។ ព្រះអង្គបែរព្រះភក្រ្តទៅរកគេ ហើយមានព្រះបន្ទូលថា៖«បើអ្នកណាចង់មកតាមខ្ញុំ តែមិនស្រឡាញ់ខ្ញុំខ្លាំងជាងឪពុកម្ដាយ ប្រពន្ធកូន បងប្អូនប្រុសស្រី និងជីវិតខ្លួនទេ អ្នកនោះពុំអាចធ្វើជាសាវ័ករបស់ខ្ញុំបានឡើយ។ អ្នកណាមិនលីឈើឆ្កាងរបស់ខ្លួនមកតាមខ្ញុំទេ អ្នកនោះក៏ពុំអាចធ្វើជាសាវ័ករបស់ខ្ញុំបានដែរ។
ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើមាននរណាម្នាក់ចង់សង់ផ្ទះថ្មធំមួយ អ្នកនោះត្រូវអង្គុយគិតគូរមើលថ្លៃសង់ជាមុនសិន ដើម្បីឱ្យដឹងថា តើខ្លួនមានប្រាក់ល្មមនឹងបង្ហើយសំណង់ឬយ៉ាងណា ក្រែងលោចាក់គ្រឹះហើយ តែមិនអាចបង្ហើយបាន មនុស្សម្នាឃើញ មុខជាសើចចំអកឱ្យជាមិនខាន។ គេនឹងពោលថា “មើលបុរសនេះចាប់ផ្ដើមសង់ផ្ទះ តែមិនអាចបង្ហើយបានទេ!” ។
ម្យ៉ាងទៀត ប្រសិនបើមានស្ដេចមួយអង្គចេញទៅធ្វើសឹកសង្គ្រោម តទល់នឹងស្ដេចមួយអង្គទៀត ទ្រង់ត្រូវគង់គិតគូរជាមុនសិនថា បើទ្រង់មានទ័ពមួយម៉ឺននាក់ តើទ្រង់អាចតទល់នឹងបច្ចាមិត្តដែលមានគ្នាពីរម៉ឺននាក់បានឬមិនបាន? បើឃើញថា មិនអាចតទល់បានទេ នោះទ្រង់នឹងចាត់រាជទូតឱ្យទៅសុំចរចារកសន្ដិភាព ក្នុងពេលដែលស្ដេចមួយអង្គទៀតនៅឆ្ងាយនៅឡើយ។ ដូច្នេះ ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាមិនលះបង់អ្វីៗទាំងអស់ដែលខ្លួនមានទេ អ្នកនោះមិនអាចធ្វើជាសាវ័ករបស់ខ្ញុំបានឡើយ»។