អត្ថបទព្រះគម្ពីរ
ថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១
អាទិត្យទី៣១ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា

អត្ថបទទី១៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងរ៉ូម រម ១២,៥-១៦

បងប្អូនជាទីស្រឡាញ់!
យើងដែលមានគ្នាច្រើន រួមជាព្រះកាយតែមួយ ក្នុងអង្គ​ព្រះគ្រីស្ដ ហើយម្នាក់ៗជាសរីរាង្គរបស់គ្នាទៅវិញទៅមក។ យើងមានព្រះអំណោយ​ទានប្លែកៗពីគ្នា ស្របតាមព្រះហប្ញទ័យប្រណីសន្ដោស ដែលព្រះជាម្ចាស់ប្រទានមក​យើង។ ប្រសិនបើបងប្អូនណាទទួលព្រះអំណោយទានខាងថ្លែងព្រះបន្ទូល ត្រូវថ្លែងឱ្យស្របតាមជំនឿ អ្នកណាទទួលព្រះអំណោយទានខាងបម្រើ ចូរបម្រើទៅ អ្នកណា​ទទួលព្រះអំណោយទានខាងបង្រៀន ចូរបង្រៀនទៅ អ្នកដែលលើកទឹកចិត្តបងប្អូន ចូរ​លើកទឹកចិត្តគេទៅ អ្នកដែលចែកទ្រព្យរបស់ខ្លួន ចូរចែកដោយចិត្តស្មោះសរ អ្នកដែល​ដឹកនាំ ចូរដឹកនាំដោយចិត្តខ្នះខ្នែង អ្នកដែលចែកទានដល់ជនក្រីក្រ ចូរចែកឱ្យគេដោយ​ចិត្តត្រេកអរ។ ចូរមានចិត្តស្រឡាញ់ដោយឥតលាក់ពុតឡើយ។ ចូរស្អប់ខ្ពើមអ្វីៗដែល​អាក្រក់ ហើយជាប់ចិត្តតែនឹងអ្វីៗដែលល្អវិញ។ ចូរស្រឡាញ់រាប់អានគ្នាទៅវិញទៅ​មក ទុកដូចជាបងប្អូនបង្កើត។ ត្រូវលើកិត្តិយសគ្នាទៅវិញទៅមក ដោយចិត្តគោរព។ ត្រូវឧស្សាហ៍ខ្នះខ្នែង កុំខ្ជិលច្រអូសឡើយ។ ត្រូវបម្រើព្រះអម្ចាស់ដោយចិត្តក្លៀវកា្ល​ ចូរសប្បាយរីករាយដោយចិត្ដសង្ឃឹម ចូរកាន់ចិត្ដអត់ធ្មត់ក្នុងពេលមានទុក្ខលំបាក។ ចូរព្យាយាមអធិដ្ឋាន។ ត្រូវជួយទំនុកបម្រុងប្រជាជនដ៏វិសុទ្ធដែលខ្វះខាត់ ព្រមទាំង​ទទួលភ្ញៀវដោយរាក់ទាក់ផង។ ត្រូវជូនពរឱ្យអស់អ្នកដែលបៀតបៀនបងប្អូន ត្រូវជូន​ពរគេ កុំដាក់បណ្ដាសាគេឡើយ។ ចូរអរសប្បាយជាមួយអស់អ្នកដែលអរសប្បាយ ចូរយំសោកជាមួយអស់អ្នកដែលយំសោក។ ត្រូវមានចិត្តគំនិតចុះសម្រុងគ្នាទៅវិញទៅមក។ មិនត្រូវមានគំនិតលើកខ្លួនឡើយ តែត្រូវចាប់ចិត្តនឹងអ្វីៗដែលទន់ទាប់វិញ។

ទំនុកតម្កើងលេខ ១៣១,១-៣ បទកាកគតិ

១.បពិត្រព្រះម្ចាស់ខ្ញុំជាមនុស្សដែលមិនអំនួត
មិនវាយប្ញកខ្ពស់មិនអាងមិនអួតមិងចង់ប្រកួត
អ្នកតូចអ្នកទាប ។
ខ្ញុំមិនលោភលន់ចង់បានទ្រព្យធនគេជារៀងរាប់
មិនចង់បានអ្វីដែលធំហួសប្រៀបលើសសមត្ថភាព
របស់ខ្ញុំឡើយ ។
២.តែផ្ទុយទៅវិញចិត្តខ្ញុំពោរពេញស្ងៀមស្ងាត់ព្រងើយ
ដូចជាកូនក្មេងជាប់ទ្រូងម្ដាយហើយវាធ្វើកន្ដើយ
នឹងអ្វីទាំងអស់ ។
៣.អ៊ីស្រាអែលអើយកុំបង្អង់ឡើយទុកចិត្តលើព្រះ
តាំងពីឥឡូវតទៅឥតខ្ចោះរហូតដល់អស់
កប្បកល្បជានិច្ច ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ត្រាស់ហៅយើងជាមនុស្សមកពីទិសទាំងបួន ឱ្យចូលរួមពិធីជប់លៀង ក្នុងព្រះរាជ្យព្រះជាម្ចាស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ដលូកា លក ១៤,១៥-២៤

ពេលនោះ ព្រះយេស៊ូកំពុងសោយព្រះស្ងោយនៅផ្ទះរបស់មេដឹកនាំខាងគណៈផារីស៊ីម្នា​​ក់។ បុរសម្នាក់ដែលអង្គុយរួមតុជាមួយព្រះយេស៊ូបានឮព្រះបន្ទូល ហើយទូលព្រះអង្គថា៖«អ្នកណាបានចូលរួមពិធីជប់លៀងក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់ អ្នកនោះ​ប្រាកដជាមានសុភមង្គលហើយ!។

ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖«មានបុរសម្នាក់រៀបចំពិធីជប់លៀងមួយយ៉ាងធំ ហើយលោកអញ្ជើញភ្ញៀវជាច្រើន។ លុះដល់ម៉ោងជប់លៀង លោកចាត់អ្នកបម្រើ​ឱ្យទៅប្រាប់ភ្ញៀវថា “ម្ហូបអាហារបានរៀបចំស្រេចហើយ សូមអញ្ជើញមក!”»។ ប៉ុន្ដែ ភ្ញៀវទាំងនោះដោះសាបន្ដបន្ទាប់គ្នា ម្នាក់និយាយទៅកាន់អ្នកបម្រើថា៖«ខ្ញុំទើប​នឹងទិញដីចម្ការមួយកន្លែង ខ្ញុំត្រូវតែចេញទៅមើលឥឡូវនេះ សូមមេត្តាអភ័យទោស​ឱ្យខ្ញុំផង»។ ម្នាក់និយាយថា៖«ខ្ញុំទើបនឹងទិញគោប្រាំនឹម ខ្ញុំត្រូវតែទៅទឹមវាសាកមើល​សូមមេត្តាអភ័យទោសឱ្យខ្ញុំផង»។ ម្នាក់ទៀតនិយាយថា៖«ខ្ញុំទើបនឹងរៀបការប្រពន្ធខ្ញុំពុំអាចទៅចូលរួមក្នុងពិធីជប់លៀងបានឡើយ»។ អ្នកបម្រើវិលទៅជួបម្ចាស់របស់ខ្លួនវិញ ហើយជម្រាបលោកតាមដំណើររឿង។ ម្ចាស់ផ្ទះក៏ខឹង លោកប្រាប់ទៅអ្នកបម្រើ​ថា៖«ចូរប្រញាប់ចេញទៅតាមទីផ្សារ ទៅតាមផ្លូវនានាក្នុងទីក្រុង ហើយប្រមូលមនុស្ស ក្រីក្រ មនុស្សពិការ និងមនុស្សខ្វាក់ខ្វិនមក»។ បន្ដិចក្រោយមក អ្នកបម្រើជម្រាប​ចៅហ្វាយវិញថា “លោកម្ចាស់! ខ្ញុំបាទបានធ្វើតាមបង្គាប់របស់លោកហើយ តែកន្លែងអង្គុយនៅមានសល់ទៀត”។ ម្ចាស់ផ្ទះប្រាប់ទៅអ្នកបម្រើទៀតថា៖« ចូរទៅតាមផ្លូវ​ស្រុកស្រែ តាមកៀនរបង ហើយបង្ខំមនុស្សម្នាឱ្យចូលមកពេញផ្ទះខ្ញុំ។ ខ្ញុំសុំប្រាប់​អ្នករាល់គ្នាថា ក្នុងចំណោមអស់អ្នកដែលខ្ញុំបានអញ្ជើញកាលពីមុននោះ គ្មាននរណា​ម្នាក់បរិភោគក្នុងពិធីជប់លៀងរបស់ខ្ញុំឡើយ!»។

354 Views

Theme: Overlay by Kaira