អត្ថបទព្រះគម្ពីរ
ថ្ងៃអាទិត្យ ទី៣១ ខែតុលា ឆ្នាំ២០២១
អាទិត្យទី៣១ រដូវធម្មតា
ពណ៌បៃតង
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរទុតិយកថា ទក ៦,២-៦
លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនអុីស្រាអែលថា៖«អ្នកនឹងគោរពកោតខ្លាចព្រះអម្ចាស់ជាព្រះរបស់អ្នក។ ជារៀងរាល់ថ្ងៃ អស់មួយជីវិត អ្នកនិងកូនចៅរបស់អ្នកត្រូវកាន់តាមវិន័យ និងបទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ ដែលខ្ញុំប្រគល់ឱ្យ ដើម្បីឱ្យអ្នកមានអាយុយឺនយូរ។ អុីស្រាអែលអើយ! ចូរស្តាប់វិន័យនិងបទបញ្ជា ហើយយកទៅកាន់ និងប្រតិបត្តិតាមចុះ ដើម្បីឱ្យអ្នកមានសុភមង្គល ហើយកើនចំនួនច្រើនឥតគណនានៅក្នុងស្រុកដ៏សម្បូណ៌សប្បាយ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់អ្នកបានសន្យាជាមួយអ្នក។
អុីស្រាអែលអើយ! ចូរស្តាប់! មានតែព្រះអម្ចាស់ជាព្រះរបស់យើងមួយព្រះអង្គគត់ដែលពិតជាព្រះអម្ចាស់។ អ្នកត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នកឱ្យអស់ពីចិត្តគំនិត អស់ពីស្មារតី និងអស់ពីកម្លាំងកាយ។ ត្រូវទុកឱ្យព្រះបន្ទូលដែលខ្ញុំប្រគល់ឱ្យអ្នកនៅថ្ងៃនេះ ដក់ជាប់នៅក្នុងចិត្តរបស់អ្នកជានិច្ច»។
ទំនុកតម្កើងលេខ ១១៩, ៩៧.៩៩.១០១-១០៦ បទកាកគតិ
៩៧. | ទូលបង្គំពេញចិត្ត | វិន័យក្រមក្រឹត្យ | របស់ព្រះអង្គ |
ខ្ញុំតែងសញ្ជឹង | ពីវិន័យទ្រង់ | សព្វប្រការផង | |
ជារៀងរាល់ថ្ងៃ ។ | |||
៩៩. | ទូលបង្គំវៃឆ្លាត | ជាងគ្រូទៅទៀត | ព្រោះតែខ្ញុំចេះ |
យកដំបូន្មាន | ទាំងប៉ុន្មាននេះ | មកសញ្ជឹងរិះ | |
គិតពិចារណា ។ | |||
១០១. | ខ្ញុំគេចឱ្យឆ្ងាយ | ពីផ្លូវអន្តរាយ | អាក្រក់ទាំងអស់ |
គេចចេញឱ្យផុត | ប្រតិបត្តិតាមព្រះ | បន្ទូលអម្ចាស់ | |
នៅជាប់ស្ថិតស្ថេរ ។ | |||
១០២. | ខ្ញុំមិនងាកគេច | អ្វីទ្រង់សម្រេច | ត្រឹមត្រូវឥតប្រែ |
ដ្បិតទ្រង់ប្រដៅ | ខ្ញុំរាល់ថ្ងៃខែ | ខ្ញុំមិនគេចកែ | |
ចាកចោលទ្រង់ឡើយ ។ | |||
១០៣. | បន្ទូលសន្យា | ប្រៀបបានអាហារ | ឆ្ងាញ់ពិសេសហើយ |
សម្រាប់រូបខ្ញុំ | គ្មានអ្វីស្មើឡើយ | ផ្អែមណាស់ព្រះអើយ | |
លើសទឹកឃ្មុំផង ។ | |||
១០៤. | គឺធម្មវិន័យ | របស់ម្ចាស់ថ្លៃ | ធ្វើឱ្យខ្ញុំត្រង់ |
ចេះពិចារណា | រិះគិតឥតឆ្គង | ស្អប់ផ្លូវសៅហ្មង | |
វៀចវេរបោកប្រាស ។ | |||
១០៥. | បន្ទូលព្រះអង្គ | គឺជាចង្កៀង | ខ្ញុំបានឃើញច្បាស់ |
ពិតជាពន្លឺ | ត្រចង់ត្រចះ | ឃើញផ្លូវស្រឡះ | |
ឱ្យខ្ញុំសុខសាន្ត ។ | |||
១០៦. | ទូលបង្គំសន្យា | ឥតងាករេថា | ធ្វើតាមមិនខាន |
ខ្ញុំនឹងប្រតិបត្តិ | សេចក្តីប៉ុន្មាន | សុចរិតថ្កើងថ្កាន | |
របស់ព្រះអង្គ ។ |
អត្ថបទទី ២៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ៧,២៣-២៨
ក្នុងជំនាន់សម្ពន្ធមេត្រីចាស់មានមនុស្សជាច្រើនធ្វើបូជាចារ្យតៗគ្នា ព្រោះពួកគេរមែងតែងតែស្លាប់ ពុំអាចធ្វើបូជាចារ្យជាអចិន្ត្រៃយ៍បានឡើយ។ រីឯព្រះយេស៊ូវិញ ព្រះអង្គមានមុខងារជាបូជាចារ្យ ដែលពុំអាចផ្ទេរទៅឱ្យនរណាបានទេ ព្រោះព្រះអង្គគង់នៅអស់កល្បជានិច្ច។ ហេតុនេះហើយ បានជាព្រះអង្គក៏អាចសង្គ្រោះជាស្ថាពរដល់អស់អ្នកដែលចូលមកជិតព្រះជាម្ចាស់ដោយសារព្រះអង្គ ដ្បិតព្រះអង្គមានព្រះជន្មរស់រហូត ដើម្បីទូលអង្វរព្រះជាម្ចាស់ឱ្យពួកគេ។ មានតែមហាបូជាចារ្យដ៏ប្រសើរដូចព្រះយេស៊ូនេះហើយដែលយើងត្រូវការ គឺមហាបូជាចារ្យដ៏វិសុទ្ធ ស្លូតត្រង់ ឥតសៅហ្មង ខុសប្លែកពីមនុស្សបាប ព្រមទាំងគង់នៅទីដ៏ខ្ពង់ខ្ពស់លើសផ្ទៃមេឃទៅទៀត។ ព្រះអង្គមិនត្រូវការថ្វាយយញ្ញបូជារៀងរាល់ថ្ងៃ ដូចមហាបូជាចារ្យឯទៀតៗថ្វាយ ព្រោះបាបខ្លួនឯងផ្ទាល់ផង និងបាបប្រជាជនផងនោះឡើយ ដ្បិតព្រះអង្គបានថ្វាយព្រះកាយព្រះអង្គផ្ទាល់ធ្វើជាយញ្ញបូជាម្តងជាស្រេច។ តាមធម្មវិន័យរបស់លោកម៉ូសេ គេតែងតាំងមនុស្សទន់ខ្សោយឱ្យធ្វើជាមហាបូជាចារ្យ។ តែនៅពេលក្រោយ កាលព្រះជាម្ចាស់មានព្រះបន្ទូលសម្បថ ព្រះអង្គតែងតាំងព្រះបុត្រាដែលគ្រប់លក្ខណៈអស់កល្បជានិច្ច ឱ្យធ្វើជាមហាបូជាចារ្យវិញ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១យហ ៤ ,៨.៧
អលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់។ អ្នកដែលមានចិត្តស្រឡាញ់ កើតមកពីព្រះជាម្ចាស់ ហើយស្គាល់ព្រះអង្គផង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១២,២៨-៣៤
មានធម្មាចារ្យម្នាក់ចូលទៅជិតព្រះយេស៊ូហើយទូលព្រះអង្គថា៖«ក្នុងបណ្តាវិន័យទាំងអស់ តើវិន័យណាសំខាន់ជាងគេ?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «នេះជាវិន័យទីមួយគឺ “អុីស្រាអែលអើយ! ចូរស្តាប់! មានតែព្រះអម្ចាស់ជាព្រះរបស់យើងមួយព្រះអង្គគត់ដែលពិតជាព្រះអម្ចាស់។ ត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នកឱ្យអស់ពីចិត្តគំនិត អស់ពីស្មារតី អស់ពីប្រាជ្ញា និងអស់ពីកម្លាំងកាយ”។ រីឯវិន័យទីពីរ មានចែងថា “ត្រូវស្រឡាញ់បងប្អូនឯទៀតៗ ឱ្យបានដូចស្រឡាញ់ខ្លួនឯង”។ គ្មានវិន័យណាសំខាន់ជាងវិន័យទាំងពីរនេះទេ»។ ធម្មាចារ្យនោះទូលព្រះអង្គថា៖«លោកគ្រូ! លោកមានប្រសាសន៍ត្រូវណាស់ ហើយពិតផង។ មានព្រះជាម្ចាស់តែមួយព្រះអង្គគត់ ក្រៅពីព្រះអង្គគ្មានព្រះឯណាទៀតឡើយ។ បើយើងស្រឡាញ់ព្រះអង្គអស់ពីចិត្តគំនិត អស់ពីប្រាជ្ញា និងអស់ពីកម្លាំងកាយ ហើយបើយើងស្រឡាញ់បងប្អូនឯទៀតៗ ឱ្យបានដូចស្រឡាញ់ខ្លួនឯង នោះប្រសើរជាងថ្វាយតង្វាយ និងថ្វាយយញ្ញបូជាទៅទៀត»។ កាលព្រះយេស៊ូឮគាត់ឆ្លើយ ដោយប្រាជ្ញាវាងវៃដូច្នេះ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកនៅមិនឆ្ងាយពីព្រះរាជ្យរបស់ព្រះជាម្ចាស់ទេ»។ បន្ទាប់មក គ្មាននរណាហ៊ានដេញដោលសួរព្រះអង្គទៀតឡើយ។