អត្ថបទព្រះគម្ពីរ
ថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០២១
អាទិត្យទី៣០ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា

អត្ថបទទី១
សូមថ្លែលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទ​​​​​​ក្រុងរ៉ូម រម ៩,១-៥

បងប្អូនជាទីស្រឡាញ់!
ខ្ញុំសូមនិយាយសេចក្ដីពិត ដោយរួមជាមួយព្រះគ្រីស្ដ ខ្ញុំមិនកុហកទេ គឺខ្ញុំនិយាយដោយមានមនសិការរបស់ខ្ញុំផ្ទាល់ជាសាក្សី និងដោយមានព្រះ​វិញ្ញាណដ៏វិសុទ្ធបំភ្លឺថា ខ្ញុំមានទុក្ខព្រួយជាខ្លាំង ហើយឈឺចុកចាប់ក្នុងចិត្តជានិច្ចផង ដ្បិតខ្ញុំបន់ឱ្យតែខ្លួនខ្ញុំត្រូវបណ្ដាសាបែកចេញពីព្រះគ្រីស្ដ ព្រោះតែបងប្អូន និងញាតិសន្ដាន​ដែលជាសាច់សាលោហិតរបស់ខ្ញុំផ្ទាល់ គឺសាសន៍អ៊ីស្រាអែល។ ព្រះជាម្ចាស់បានរាប់​ពួកគេទុកជាបុត្រធីតារបស់ព្រះអង្គ ពួកគេមានសិរីរុងរឿង មានសម្ពន្ធមេត្រីនានា មានធម្មវិន័យ ស្គាល់របៀបគោរពបម្រើព្រះអង្គ ទទួលព្រះបន្ទូលសន្យាផ្សេងៗ មាន​បុព្វបុរស ហើយព្រះគ្រីស្ដក្នុងឋានៈជាមនុស្សក៏ប្រសូតក្នុងពូជពង្សរបស់ពួកគេថែម​ទៀតផង!។ ព្រអង្គជាព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់លើអ្វីៗទាំងអស់ សូមលើកតម្កើង​ព្រះអង្គអស់កល្បជានិច្ច! អាម៉ែន!។

ទំនុកតម្កើងលេខ ១៤៧,១២-១៥,១៩-២០ បទព្រហ្មគីតិ

១២.ក្រុងយេរូសាឡឹមកុំស្ងាត់ស្ងៀមនៅរេរង់
ព្រមទាំងក្រុងស៊ីយ៉ូនចូរត្រៀមខ្លួនថ្កើងព្រះម្ចាស់ ។
១៣.ដ្បិតព្រះអង្គការពារអ្នករាល់គ្នាបានសុខណាស់
ទ្រង់ឱ្យពរដល់រាស្រ្ដដែលរស់ពាសពេញទីក្រុង ។
១៤.ទ្រង់ប្រទានទឹកដីមានសិរីសុខត្រចង់
សន្ដិភាពគ្រប់ជ្រុងស្រូវបម្រុងច្រើនមហិមា ។
១៥.នៅលើផ្ទៃផែនដីស្រស់ប្រិមប្រីយ៍ទ្រង់បញ្ជា
ផ្សព្វផ្សាយគ្រប់ទិសាពីបញ្ជាព្រះអម្ចាស់ ។
១៩.ទ្រង់សម្ដែងឱ្យពូជលោកយ៉ាកុបស្ដាប់បន្ទូល
ក្រឹត្យវិន័យនិមលឱ្យអ៊ីស្រាអែលបានដឹង ។
២០.ព្រះអង្គពុំបញ្ជាសព្វកិច្ចការអស់ទាំងហឹ្នង
ឱ្យជាតិសាសន៍ផ្សេងដឹងវិន័យទ្រង់នោះសោះឡើយ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១០៣,២.៤.៥

អលេលូយ៉ា! អាលេលូយ៉ា!
សូមលើកតម្កើងព្រះអម្ចាស់ ចំពោះធម៌មេត្តាករុណាដ៏លើសលប់របស់ព្រះអង្គ។
ទ្រង់ប្រោសមនុស្សឱ្យបានជាទ្រង់ប្រោសឱ្យគេរួចពីស្លាប់ទៀផង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៤,១-៦

មានថ្ងៃមួយជាថ្ងៃសប្ប័ទ ព្រះយេស៊ូយាងទៅសោយព្រះស្ងោយនៅថ្ងៃរបស់មេដឹកនាំខាងគណៈផារីស៊ីម្នាក់ អស់អ្នកដែលនៅផ្ទះនោះតាមឃ្លាំមើលព្រះអង្គ។ មាន​បុរសម្នាក់កើតទាចឈរនៅមុខព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលសួរទៅពួកធម្មចារ្យ និងពួកខាងគណៈផារីស៊ីថា៖«តើយើងមានសិទ្ធមើលអ្នកជំងឺឱ្យបានជានៅថ្ងៃសប្ប័ទ​ឬទេ?» គេនៅស្ងៀមទាំងអស់គ្នា។ ព្រះយេស៊ូហៅអ្នកជំងឺមកហើយប្រោស​គាត់ឱ្យជា រួចឱ្យគាត់ត្រឡប់ទៅវិញ។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖«ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាម្នាក់មានកូន ឬគោធ្លាក់អណ្ដូង ទោះបីថ្ងៃនោះជាថ្ងៃ​សប្ប័ទក៏ដោយ ក៏អ្នកនោះស្រង់វាឡើងជាបន្ទាន់មិនខាន»។ គេពុំអាចឆ្លើយតបនឹង​ព្រះអង្គអំពីសេចក្ដីទាំងនេះបានឡើយ។

440 Views

Theme: Overlay by Kaira