អត្ថបទព្រះគម្ពីរ
ថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១
អាទិត្យទី៣០ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា
អត្ថបទទី១
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៨,២៦-៣០
បងប្អូនជាទីស្រឡាញ់!
ព្រះវិញ្ញាណយាងមកជួយយើងដែលទន់ខ្សោយនេះដែរ ដ្បិតយើងពុំដឹងអធិដ្ឋានដូចម្ដេចដើម្បីឱ្យបានសមនោះ តែព្រះវិញ្ញាណផ្ទាល់ទ្រង់ទូលអង្វរឱ្យយើង ដោយព្រះសូរសៀងដែលគ្មាននរណាអាចថ្លែងបាន។ រីឯព្រះជាម្ចាស់ដែលឈ្វេងយល់ចិត្តមនុស្ស ទ្រង់ជ្រាប់ព្រះបំណងរបស់ព្រះវិញ្ញាណ ព្រោះព្រះវិញ្ញាណទូលអង្វរឱ្យប្រជាជនដ៏វិសុទ្ធ ស្របតាមព្រះហប្ញទ័យរបស់ព្រះជាម្ចាស់។ យើងដឹងទៀតថា អ្វីៗទាំងអស់ផ្សំគ្នាឡើង ដើម្បីឱ្យអស់អ្នកស្រឡាញ់ព្រះជាម្ចាស់ បានទទួលផលល្អគឺជាអ្នកដែលព្រះអង្គបានត្រាស់ហៅមក ស្របតាមគម្រោងការណ៍របស់ព្រះអង្គ ដ្បិតអស់អ្នកដែលព្រះអង្គបានជ្រើសរើស ទ្រង់ក៏បានតម្រូវគេទុកជាមុន ឱ្យមានលក្ខណៈដូចព្រះបុត្រារបស់ព្រះអង្គដែរ ដើម្បីឱ្យព្រះបុត្រាបានទៅជារៀមច្បងក្នុងបណ្ដាបងប្អូនជាច្រើន។ អស់អ្នកដែលព្រះអង្គបានតម្រូវទុកជាមុននោះ ទ្រង់ក៏បានត្រាស់ហៅ ហើយអ្នកដែលព្រះអង្គបានត្រាស់ហៅនោះ ទ្រង់ក៏ប្រោសឱ្យគេបានសុចរិត រីឯអស់អ្នកដែលព្រះអង្គប្រោសឱ្យបានសុចរិត ទ្រង់ក៏ប្រទានឱ្យគេមានសិរីរុងរឿងដែរ។
ទំនុកតម្កើងលេខ ១៣,៤-៦ បទពំនោល
៤. | ឱ!ព្រះជាអម្ចាស់អើយ | សូមទតហើយឆ្លើយ | ចម្លើយមកទូលបង្គំ ។ |
សូមមេត្តាប្រោសឱ្យខ្ញុំ | ឃើញពន្លឺចំ | សូមកុំទុកខ្ញុំឱ្យស្លាប់ ។ | |
៥. | ក្រែងខ្មាំងសត្រូវបង្អាប់ | ថា៖«អញសម្លាប់ | អាញចាប់បានឈ្នះវាហើយ» ។ |
ពួកសត្រូវឥតកន្ដើយ | ត្រេកអរសប្បាយ | ព្រោះតែខ្ញុំបរាជ័យ ។ | |
៦. | ចំពោះរូបខ្ញុំឃ្មៀតខ្មី | ទុកចិត្តហប្ញទ័យ | ប្រណីរបស់ព្រះអង្គ ។ |
សូមឱ្យខ្ញុំត្រេកអរផង | ពីព្រោះព្រះអង្គ | បានសង្គ្រោះទូលបង្គំ ។ | |
សូមឱ្យខ្ញុំច្រៀងរងំ | សរសើរឧត្តម | ដល់ខ្ញុំព្រះអង្គប្រណី ។ | |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ១៣,២៩
អលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ត្រាស់ហៅយើងជាមនុស្សមកពីទិសទាំងបួន ឱ្យចូលរួមពិធីជប់លៀង ក្នុងព្រះរាជ្យព្រះជាម្ចាស់។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៣,២២-៣០
ព្រះយេស៊ូធ្វើដំណើរឆ្ពោះទៅក្រុងយេរូសាឡឹម កាត់តាមក្រុង តាមភូមិនានា ព្រមទាំងប្រៀនប្រដៅអ្នកស្រុកផង។ មានបុរសម្នាក់ទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! អ្នកដែលព្រះជាម្ចាស់សង្គ្រោះមានចំនួនតិចទេឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖«ចូរខំប្រឹងចូលតាមទ្វារចង្អៀត។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា មានមនុស្សជាច្រើនខំចូលដែរ ក៏ប៉ុន្ដែ គេមិនអាចចូលបានឡើយ។ កាលណាម្ចាស់ផ្ទះក្រោកទៅបិទទ្វារជិតហើយ អ្នករាល់គ្នានឹងឈរនៅខាងក្រៅ គោះទ្វារផ្ទះទាំងអង្វរថា៖ «ឱព្រះអម្ចាស់អើយ! សូមបើទ្វារឱ្យយើងខ្ញុំផង»។ ម្ចាស់ផ្ទះនឹងតបមកអ្នករាល់់គ្នាថា៖ «យើងមិនដឹងថា អ្នករាល់គ្នាមកពីណាទេ!»។ អ្នករាល់គ្នាមុខជានឹងជម្រាបលោកថា៖ «យើងខ្ញុំធ្លាប់បរិភោគជាមួយព្រះអង្គ ហើយព្រះអង្គធ្លាប់ប្រៀនប្រដៅយើងខ្ញុំនៅតាមភូមិដែរ»។ លោកនឹងប្រាប់អ្នករាល់គ្នាវិញថា៖ «ពួកអ្នកប្រព្រឹត្តអំពើទុច្ចរិតអើយ! ចូរថយចេញឱ្យឆ្ងាយពីយើងទៅ យើងមិនដឹងថា អ្នករាល់គ្នាមកពីណាទេ!»។ កាលអ្នករាល់គ្នាឃើញលោកអប្រាហាំ លោកអ៊ីសាក លោកយ៉ាកុប និងព្យាការីទាំងឡាយស្ថិតនៅក្នុងព្រះរាជ្យព្រះជាម្ចាស់ តែព្រះអង្គចោលអ្នករាល់គ្នាឱ្យនៅខាងក្រៅ អ្នករាល់គ្នានិងយំសោកខឹងសង្កៀតធ្មេញ។ មានមនុស្សមកពីទិសទាំងបួន ចូលរួមពិធីជប់លៀងក្នុងព្រះរាជ្យព្រះជាម្ចាស់។ ពេលនោះ អ្នកខ្លះដែលនៅខាងក្រោយ នឹងត្រឡប់ទៅនៅខាងមុខ រីឯអ្នកខ្លះដែលនៅខាងមុខ នឹងបែរជាទៅនៅខាងក្រោយវិញ»។