អត្ថបទព្រះគម្ពីរ
ថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១
អាទិត្យទី៣០ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា

អត្ថបទទី១
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៨,១៨-២៥

បងប្អូនជាទីស្រឡាញ់!
ខ្ញុំយល់ឃើញថា ទុក្ខលំបាកនាបច្ចុប្បន្នកាល ពុំអាចប្រៀប​ផ្ទឹមនឹងសិរីរុងរឿងដែលព្រះជាម្ចាស់សម្ដែងឱ្យយើងឃើញនៅអនាគតកាលនោះ​បានឡើយ។ អ្វីៗសព្វសារពើដែលព្រះអង្គបង្កើតមក កំពុងតែអន្ទះអន្ទែង ទន្ទឹងរង់ចាំ​ពេលដែលព្រះជាម្ចាស់នឹងបង្ហាញបុត្រធីតារបស់ព្រះអង្គ។ ដ្បិតអ្វីៗទាំងអស់នោះបែរទៅជាឥតន័យ តែមិនមែនដោយចិត្តឯងទេ គឺព្រះជាម្ចាស់បានតម្រូវដូច្នេះ។ ពិភព​លោកនៅតែមានសង្ឃឹមថា ព្រះអង្គនឹងលោះឱ្យរួចផុតពីវិនាសអន្ដរាយ ដើម្បីឱ្យមាន​សេរីភាព និងសិរីរុងរឿងនៃបុត្រធីតារបស់ព្រះជាម្ចាស់។ យើងដឹងហើយថា មកទល់​ថ្ងៃនេះ ពិភពលោកទាំងមូលកំពុងតែស្រែកថ្ងូរ និងឈឺចុកចាប់ដូចស្រ្ដីដែលហៀបនឹងសម្រាលកូន។ មិនត្រឹមតែពិភពលោកប៉ុណ្ណោះទេ សូម្បីតែយើងដែលបានទទួល​ព្រះអំណោយទានដំបូងរបស់ព្រះវិញ្ញាណក៏ថ្ងូរក្នុងចិត្ត ទាំងទន្ទឹងរង់ចាំព្រះជាម្ចាស់​ប្រោសយើងឱ្យទៅជាបុត្រធីតារបស់ព្រះអង្គ និងលោះរូបកាយយើងទាំងស្រុងដែរ ដ្បិតយើងបានទទួលការសង្គ្រោះតែក្នុងសេចក្ដីសង្ឃឹមប៉ុណ្ណោះ។ ប្រសិនបើយើងបានអ្វី​ដែលយើងសង្ឃឹមចង់បាននោះ មិនមែនហៅថា សង្ឃឹមទៀតទេ ព្រោះអ្វីៗដែលយើង​បានហើយ តើយើងសង្ឃឹមចង់បានដូចម្ដេចទៀត!។ ផ្ទុយទៅវិញ ប្រសិនបើយើងសង្ឃឹម​ទៅលើអ្វីៗដែលយើងមិនទាន់មាន នោះយើងទន្ទឹងរង់ចាំដោយចិត្តអត់ធ្មត់ខន្ដី។

ទំនុកតម្កើងលេខ ១២៦,១-៦ បទព្រហ្មគីតិ

១.ពេលព្រះដឹកនាំអ្នកដែលជំពាក់ខ្លួនជាឈ្លើយ
មកក្រុងស៊ីយ៉ូនហើយយើងធូរស្បើយដូចយល់សបិ្ដ ។
២.យើងសើចហ៊ោរសប្បាយអរក្អាកក្អាយឥតមានឈប់
ស្រែកជ័យឃោសន៍សាយសព្វលាន់សូរស័ព្ទគ្រប់ទិសា ។
ពេលនោះក្នុងចំណោមជាតិទាំងព្រមគេពោលថា៖
«ព្រះម្ចាស់មានចេស្ដាធ្វើអស្ចារ្យចំពោះគេ» ។
៣.ព្រះអង្គបានធ្វើការដ៏អស្ចារ្យអ្វីម្លេះទេ
យើងលែងគិតគ្នាន់គ្នេរបានល្ហើយល្ហែងអរសប្បាយ ។
៤.ឱ!ព្រះម្ចាស់ឧត្តមសូមប្រោសខ្ញុំឱ្យរីកសាយ
ដូចរហោស្ថានឆ្ងាយសូមប្រែក្លាយមានទឹកហូរ ។
៥.អ្នកណាសាបព្រោះស្រូវដោយសោកសៅគួរអាសូរ
ទាំងទឹកភ្នែកជន់ជោរនឹងច្រូតយកទាំងសប្បាយ ។
៦.គេយកពូជទៅព្រោះទាំងស្រណោះយំសោកស្ដាយ
ក្រោយមកគេប្រែក្លាយហ៊ោសប្បាយដោយអំណរ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១១,២៥

អលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ និងជាអម្ចាស់នៃផែនដី! យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ
ព្រោះទ្រង់បានសម្ដែងការណ៍អស្ចារ្យនៃព្រះរាជ្យឱ្យមនុស្សតូចតាចយល់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៣,១៨-២១

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់បណ្ដាជនថា៖«​តើព្រះរាជ្យព្រះជាម្ចាស់ប្រៀបបានទៅនឹងអ្វីខ្លះ? តើខ្ញុំប្រដូចព្រះរាជ្យព្រះជាម្ចាស់ទៅនឹងអ្វី? ព្រះរាជ្យព្រះជាម្ចាស់ប្រៀបបីដូចជាគ្រាប់ពូជម្យ៉ាងដ៏ល្អិត ដែលបុរសម្នាក់យកទៅដាំក្នុងចម្ការរបស់ខ្លួន។​ គ្រាប់នោះក៏ដុះឡើង បានទៅជាដើមឈើមួយ ហើយបក្សាបក្សីមកធ្វើសំបុកស្នាក់អាស្រ័យនៅតាមមែករបស់វា»​។ ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖« តើខ្ញុំប្រដូចព្រះរាជ្យព្រះជាម្ចាស់ទៅនឹងអ្វី?។ ព្រះរាជ្យព្រះជាម្ចាស់ប្រៀបបីដូចជាមេម្សៅ​ដែ​លស្រី្ដម្នាក់យកទៅលាយនឹងម្សៅពីរតៅ ធ្វើឱ្យម្សៅនោះដោរឡើង»។

248 Views

Posted in មិន​មាន​ចំណាត់​ក្រុមTagged ,
Theme: Overlay by Kaira