អត្ថបទព្រះគម្ពីរ
ថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១
អាទិត្យទី៣០ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា
អត្ថបទទី១៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៨,១២-១៧
បងប្អូនជាទីស្រឡាញ់!
យើងមានជំពាក់ម៉្យាង តែមិនមែនជំពាក់ខាងលោកីយ៍ ដើម្បីរស់តាមលោកីយ៍ទៀតឡើយ។ ប្រសិនបើបងប្អូនរស់តាមលោកីយ៍ បងប្អូននឹងត្រូវស្លាប់ជាមិនខាន។ ផ្ទុយទៅវិញ ប្រសិនបើបងប្អូនពឹងផ្អែកលើព្រះវិញ្ញាណ ដើម្បីរំលាយរបៀបរស់នៅតាមលោកីយ៍ បងប្អូនមុខតែនឹងមានជីវិត ដ្បិតអស់អ្នកដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ណែនាំ សុទ្ធតែជាបុត្រធីតារបស់ព្រះជាម្ចាស់។ បងប្អូនពុំបានទទួលវិញ្ញាណដែលធ្វើឱ្យបងប្អូនទៅជាខ្ញុំបម្រើ ហើយឱ្យនៅតែភ័យខ្លាចទៀតទេ គឺបងប្អូនបានទទួលព្រះវិញ្ញាណដែលធ្វើឱ្យបងប្អូនទៅជាបុត្រធីតារបស់ព្រះជាម្ចាស់។ ដោយសារព្រះវិញ្ញាណនេះ យើងបន្លឺសំឡេងឡើងថា ”អប្បា!” ឱព្រះបិតា! គឺព្រះវិញ្ញាណផ្ទាល់ដែលផ្តល់សក្ខីភាពឱ្យវិញ្ញាណរបស់យើងដឹងថា យើងពិតជាបុត្រធីតារបស់ព្រះជាម្ចាស់មែន។ ប្រសិនបើយើងពិតជាបុត្រធីតាមែន នោះយើងមុខជានឹងទទួលមរតកពីព្រះជាម្ចាស់ គឺមរតករួមជាមួយព្រះគ្រីស្ត។ ដោយយើងរងទុក្ខលំបាករួមជាមួយព្រះអង្គដូច្នេះ យើងក៏នឹងទទួលសិរីរុងរឿងរួមជាមួយព្រះអង្គដែរ។
ទំនុកតម្កើងលេខ ៦៨,២.៤.៦-៧.២០-២១ បទព្រហ្មគីតិ
២. | ពេលព្រះម្ចាស់ក្រោកឡើង | សត្រូវប៉ើងបាក់បបខ្លាច |
ចេស្តាឬទ្ធិអំណាច | អ្នកកោងកាចក៏រត់ចេញ ។ | |
៤. | រីឯមនុស្សសុចរិត | មិនប្រព្រឹត្តរឿងទុយ៌ស |
គេរីករាយខ្លាំងណាស់ | នៅចំពោះព្រះភក្រ្តព្រះម្ចាស់ ។ | |
៦. | ព្រះម្ចាស់គង់នៅក្នុង | ដំណាក់ទ្រង់ល្អអស្ចារ្យ |
ព្រះអង្គជាបិតា | អស់កុមារដែលកំព្រា ។ | |
ព្រះអង្គទ្រង់កាត់ក្តី | ឱ្យអស់ស្រីដែលវេទនា | |
មេម៉ាយគ្រប់ៗគ្នា | អ្នកវេទនាឱ្យមានផ្ទះ | |
៧. | រីអ្នកនៅជាប់គុក | មិនស្រណុកស្ទើរព្រាត់ប្រាស់ |
ទ្រង់បើករួចស្រឡះ | បានភ្លឺច្បាស់ចិត្តរីករាយ ។ | |
ឯពួកអ្នកបះបោរ | គេឆោឡោមិនសប្បាយ | |
គេនឹងរស់នៅឆ្ងាយ | នៅឯនាយដីហួតហែង ។ | |
២០. | សូមសរសើរតម្កើង | ព្រះនៃយើងមិនកន្តើយ |
ដ្បិតមានតែទ្រង់ហើយ | ជួយគាំទ្រសង្រោះយើង ។ | |
២១. | ព្រះម្ចាស់ព្រះសង្រោះ | យើងឱ្យរស់ទ្រង់មិនឆ្មើង |
ព្រះម្ចាស់អាចជួយយើង | ឱ្យរួចផុតពីមរណា ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៤៦,៥-៧
អលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់! អ្នកដែលពឹងផ្អែកលើព្រះអង្គពិតជាមានសុភមង្គល។
ព្រះអង្គតែងរំដោះមនុស្សដែលជាប់ចំណង ហើយប្រោសអ្នកកើតទុក្ខសោកសង្រេងឱ្យងើបឡើងវិញ។អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៣,១០-១៧
ថ្ងៃមួយជាថ្ងៃសប្ប័ទ ព្រះយេស៊ូកំពុងតែប្រៀនប្រដៅបណ្ដាជនក្នុងធម្មសាលា។ នៅទីនោះ មានស្រី្ដម្នាក់ត្រូវខ្មោចធ្វើឱ្យពិការអស់រយៈពេលដប់ប្រាំបីឆ្នាំមកហើយនាងកោងខ្នង ងើបត្រង់ពុំកើត។ ពេលព្រះយេស៊ូទតឃើញស្រី្ដនោះ ព្រះអង្គហៅនាងមក ហើយមានព្រះបន្ទូលថា៖«នាងអើយ! នាងបានជាសះស្បើយហើយ»។ ព្រះអង្គដាក់ព្រះហស្ដលើនាង នាងក៏ឈរត្រង់វិញបានមួយរំពេច ព្រមទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ផង។ ប៉ុន្ដែ អ្នកទទួលខុសត្រូវលើធម្មសាលាទាស់ចិត្តណាស់ ដោយឃើញព្រះយេស៊ូប្រោសអ្នកជំងឺឱ្យបានជានៅថ្ងៃសប្ប័ទដូច្នេះ។ គាត់ក៏និយាយទៅកាន់បណ្ដាជនថា៖«យើងមានសិទិ្ធធ្វើការបានចំនួនប្រាំមួយថ្ងៃ។ ដូច្នេះ ចូរអ្នករាល់គ្នាមករកព្យាបាលខ្លួនក្នុងថ្ងៃទាំងនោះចុះ កុំមកថ្ងៃសប្ប័ទឡើយ!»។ ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់អ្នកទទួលខុសត្រូវលើធម្មសាលានោះថា៖«មនុស្សមានពុតអើយ! តើអ្នករាល់គ្នាមិនស្រាយគោ ឬលា បញ្ចេញពីក្រោល ដឹកទៅផឹកទឹកនៅថ្ងៃសប្ប័ទទេឬអី? ឯស្រ្ដីនេះជាពូជពង្សរបស់លោកអប្រាហាំ មារសាតាំងបានចងនាងអស់រយៈពេលដប់ប្រាំបីឆ្នាំមកហើយ តើមិនគួរឱ្យខ្ញុំស្រាយចំណងនាង នៅថ្ងៃសប្ប័ទទេឬអី?។ កាលព្រះអង្គមានព្រះបន្ទូលដូច្នោះហើយ អ្នកប្រឆាំងនឹងព្រះអង្គអៀនខ្មាសយ៉ាងខ្លាំង រីឯបណ្ដាជនទាំងមូលវិញ គេរីករាយនឹងការអស្ចារ្យទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ។