អត្ថបទព្រះគម្ពីរ
ថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១
អាទិត្យទី៣០ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា

អត្ថបទទី១សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៨,១២-១៧

បងប្អូនជាទីស្រឡាញ់!
យើងមានជំពាក់ម៉្យាង តែមិនមែនជំពាក់ខាងលោកីយ៍ ដើម្បីរស់តាមលោកីយ៍ទៀតឡើយ។ ប្រសិនបើបងប្អូនរស់តាមលោកីយ៍ បងប្អូននឹង​ត្រូវស្លាប់ជាមិនខាន។ ផ្ទុយទៅវិញ ប្រសិនបើបងប្អូនពឹងផ្អែកលើព្រះវិញ្ញាណ ដើម្បី​​រំលាយរបៀបរស់នៅតាមលោកីយ៍ បងប្អូនមុខតែនឹងមានជីវិត ដ្បិតអស់អ្នកដែល​ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ណែនាំ សុទ្ធតែជាបុត្រធីតារបស់ព្រះជាម្ចាស់។ បងប្អូន​ពុំបានទទួលវិញ្ញាណដែលធ្វើឱ្យបងប្អូនទៅជាខ្ញុំបម្រើ ហើយឱ្យនៅតែភ័យខ្លាចទៀតទេ គឺបងប្អូនបានទទួលព្រះវិញ្ញាណដែលធ្វើឱ្យបងប្អូនទៅជាបុត្រធីតារបស់ព្រះជាម្ចាស់។​ ដោយសារព្រះវិញ្ញាណនេះ យើងបន្លឺសំឡេងឡើងថា ”អប្បា!” ឱព្រះបិតា! គឺព្រះ​វិញ្ញាណផ្ទាល់ដែលផ្តល់សក្ខីភាពឱ្យវិញ្ញាណរបស់យើងដឹងថា យើងពិតជាបុត្រធីតា​របស់ព្រះជាម្ចាស់មែន។ ប្រសិនបើយើងពិតជាបុត្រធីតាមែន នោះយើងមុខជានឹងទទួលមរតកពីព្រះជាម្ចាស់ គឺមរតករួមជាមួយព្រះគ្រីស្ត។ ដោយយើងរងទុក្ខលំបាករួមជាមួយព្រះអង្គដូច្នេះ​ យើងក៏នឹងទទួលសិរីរុងរឿងរួមជាមួយព្រះអង្គដែរ។

ទំនុកតម្កើងលេខ ៦៨,២.៤.៦-៧.២០-២១ បទព្រហ្មគីតិ

២.ពេលព្រះម្ចាស់ក្រោកឡើងសត្រូវប៉ើងបាក់បបខ្លាច
ចេស្តាឬទ្ធិអំណាចអ្នកកោងកាចក៏រត់ចេញ ។
៤.រីឯមនុស្សសុចរិតមិនប្រព្រឹត្តរឿងទុយ៌ស
គេរីករាយខ្លាំងណាស់នៅចំពោះព្រះភក្រ្តព្រះម្ចាស់ ។
៦.ព្រះម្ចាស់គង់នៅក្នុងដំណាក់ទ្រង់ល្អអស្ចារ្យ
ព្រះអង្គជាបិតាអស់កុមារដែលកំព្រា ។
ព្រះអង្គទ្រង់កាត់ក្តីឱ្យអស់ស្រីដែលវេទនា
មេម៉ាយគ្រប់ៗគ្នាអ្នកវេទនាឱ្យមានផ្ទះ
៧.រីអ្នកនៅជាប់គុកមិនស្រណុកស្ទើរព្រាត់ប្រាស់
ទ្រង់បើករួចស្រឡះបានភ្លឺច្បាស់ចិត្តរីករាយ ។
ឯពួកអ្នកបះបោរគេឆោឡោមិនសប្បាយ
គេនឹងរស់នៅឆ្ងាយនៅឯនាយដីហួតហែង ។
២០.សូមសរសើរតម្កើងព្រះនៃយើងមិនកន្តើយ
ដ្បិតមានតែទ្រង់ហើយជួយគាំទ្រសង្រោះយើង ។
២១.ព្រះម្ចាស់ព្រះសង្រោះយើងឱ្យរស់ទ្រង់មិនឆ្មើង
ព្រះម្ចាស់អាចជួយយើងឱ្យរួចផុតពីមរណា ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៤៦,៥-៧

អលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់! អ្នកដែលពឹងផ្អែកលើព្រះអង្គពិតជាមានសុភមង្គល។
ព្រះអង្គតែងរំដោះមនុស្សដែលជាប់ចំណង ហើយប្រោសអ្នកកើតទុក្ខសោកសង្រេងឱ្យងើបឡើងវិញ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៣,១០-១៧

ថ្ងៃមួយជាថ្ងៃសប្ប័ទ ព្រះយេស៊ូកំពុងតែប្រៀនប្រដៅបណ្ដាជនក្នុងធម្មសាលា។ នៅទីនោះ មានស្រី្ដម្នាក់ត្រូវខ្មោចធ្វើឱ្យពិការអស់រយៈពេលដប់ប្រាំបីឆ្នាំមកហើយ​នាងកោងខ្នង​ ងើបត្រង់ពុំកើត។ ពេលព្រះយេស៊ូទតឃើញស្រី្ដនោះ ព្រះអង្គហៅ​នាងមក ហើយមានព្រះបន្ទូលថា៖«នាងអើយ! នាងបានជាសះស្បើយហើយ»។ ព្រះអង្គដាក់ព្រះហស្ដលើនាង នាងក៏ឈរត្រង់វិញបានមួយរំពេច ព្រមទាំងលើកតម្កើង​សិរីរុងរឿងរបស់ព្រះជាម្ចាស់ផង។ ប៉ុន្ដែ អ្នកទទួលខុសត្រូវលើធម្មសាលាទាស់ចិត្ត​ណាស់ ដោយឃើញព្រះយេស៊ូប្រោសអ្នកជំងឺឱ្យបានជានៅថ្ងៃសប្ប័ទដូច្នេះ។ គាត់​ក៏និយាយទៅកាន់បណ្ដាជនថា៖«យើងមានសិទិ្ធធ្វើការបានចំនួនប្រាំមួយថ្ងៃ។ ដូច្នេះ ចូរអ្នករាល់គ្នាមករកព្យាបាលខ្លួនក្នុងថ្ងៃទាំងនោះចុះ កុំមកថ្ងៃសប្ប័ទឡើយ!»។ ព្រះ​អម្ចាស់មានព្រះបន្ទូលទៅកាន់អ្នកទទួលខុសត្រូវលើធម្មសាលានោះថា៖«មនុស្សមានពុត​អើយ! តើអ្នករាល់គ្នាមិនស្រាយគោ ឬលា បញ្ចេញពីក្រោល ដឹកទៅផឹកទឹកនៅថ្ងៃ​សប្ប័ទទេឬអី? ឯស្រ្ដីនេះជាពូជពង្សរបស់លោកអប្រាហាំ មារសាតាំងបានចងនាងអស់រយៈពេលដប់ប្រាំបីឆ្នាំមកហើយ តើមិនគួរឱ្យខ្ញុំស្រាយចំណងនាង នៅថ្ងៃសប្ប័ទទេ​ឬអី?។ កាលព្រះអង្គមានព្រះបន្ទូលដូច្នោះហើយ អ្នកប្រឆាំងនឹងព្រះអង្គអៀនខ្មាស​យ៉ាងខ្លាំង រីឯបណ្ដាជនទាំងមូលវិញ គេរីករាយនឹងការអស្ចារ្យទាំងប៉ុន្មានដែល​ព្រះអង្គបានធ្វើ។

469 Views

Theme: Overlay by Kaira