អត្ថបទព្រះគម្ពីរ
ថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១
អាទិត្យទី២៩ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា

ឬសន្តយូ៉ហាន នៅពីស្រ្តាណូ ជាបូជាចារ្យ

លោកយ៉ូហាន (១៣៨៦-១៤៥៦) ជាអភិបាលក្រុងប៉េរូសា (ប្រទេសអ៊ីតាលី)។ កាលអាយុសាមសិប លោកចូលបួសក្នុងក្រុមគ្រួសារសន្តៈ ហ្វ្រង់សីស្កូ រួចលោកដើរពាសពេញទ្វីបអឺរ៉ុប ទាំងដាស់តឿនគ្រីស្តបរិស័ទ ឱ្យគោរពព្រះនាមព្រះយេស៊ូ។ លោកខិតខំធ្វើឱ្យព្រះសហគមន៍ដែលបែកបាក់គ្នារួបរួមគ្នាឡើងវិញ។

អត្ថបទទី១
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៨,១-១១

បងប្អូនជាទីស្រឡាញ់!
ឥឡូវនេះ អស់អ្នកដែលចូលរួមជាមួយព្រះយេស៊ូគ្រីស្ដ​មិន​ត្រូវទទួលទោសទេ ដ្បិតវិន័យរបស់ព្រះវិញ្ញាណដែលផ្ដល់ជីវិតក្នុងអង្គព្រះយេស៊ូគ្រីស្ដបានរំដោះខ្ញុំឱ្យរួមផុតពីបាប និងពីសេចក្ដីស្លាប់។ ការណ៍ណាដែលធម្មវិន័យរបស់លោក​ម៉ូសេធ្វើពុំកើត ព្រោះមនុស្សដែលមានភាពទន់ខ្សោយបានធ្វើឱ្យធម្មវិន័យនោះទៅជាអស់ប្ញទិ្ធ ព្រះជាម្ចាស់បានសម្រេចការណ៍នោះរួចទៅហើយ គឺព្រោះតែបាប ព្រះអង្គចាត់​ព្រះបុត្រារបស់ព្រះអង្គផ្ទាល់​ឱ្យយាងមកមានសភាវៈជាមនុស្ស ដូចមនុស្សឯទៀតៗ​ដែលជាប់បាប ហើយដាក់ទោសបាបក្នុងឋានៈជាមនុស្ស។ ព្រះអង្គធ្វើដូច្នេះ ដើម្បី​ប្រោសយើងឱ្យបានសុចរិតស្របតាមតម្រូវការរបស់ធម្មវិន័យ គឺចំពោះយើងដែលមិន​រស់នៅតាមលោកីយ៍ តែរស់នៅតាមព្រះវិញ្ញាណវិញ។ អ្នកដែលរស់នៅតាមលោកីយ៍​គិតតែពីខាងលោកីយ៍ រីឯអ្នកដែលរស់នៅតាមព្រះវិញ្ញាណ គិតតែពីខាងព្រះវិញ្ញាណ។ ការគិតខាងលោកីយ៍នាំឱ្យស្លាប់ រីឯការគិតខាងព្រះវិញ្ញាណនាំឱ្យមានជិវិត និងសេចក្ដី​សុខសាន្ដវិញ ដ្បិតការគិតខាងលោកីយ៍ទាស់នឹងព្រះជាម្ចាស់ ព្រោះលោកីយ៍ពុំចុះចូល​នឹងធម្មវិន័យរបស់ព្រះជាម្ចាស់ទេ ហើយថែមទាំងគ្មានសមត្ថភាពនឹងចុះចូលបានផង។​ អស់អ្នកដែលនៅខាងលោកីយ៍ពុំអាចគាប់ព្រះហប្ញទ័យព្រះជាម្ចាស់បានឡើយ។
ចំពោះបងប្អូន បងប្អូនមិនមែននៅក្រោមអំណាចលោកីយ៍ទៀតទេ គឺបងប្អូននៅក្រោមអំណាចព្រះវិញ្ញាណ ព្រោះព្រះវិញ្ញាណរបស់ព្រះជាម្ចាស់សណ្ឋិតនៅក្នុងខ្លួនបងប្អូន។ អ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រីស្ដ អ្នកនោះមិនមែនជាកូនចៅរបស់ព្រះអង្គទេ។ ប្រសិនបើព្រះគ្រីស្ដគង់នៅក្នុងខ្លួនបងប្អូន ទោះបីរូបកាយរបស់បងប្អូនស្លាប់ព្រោះតែបបាបក៏ដោយ ក៏ព្រះវិញ្ញាណនៅតែផ្ដល់ជិវិតឱ្យបងប្អូនដែរ មកពីព្រះជាម្ចាស់ប្រោសបងប្អូនឱ្យបានសុចរិត។ ប្រសិនបើ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលបានប្រោស​ព្រះយេស៊ូឱ្យទទួលព្រះជន្មដ៏រុងរឿងសណ្ឋិតនៅក្នុងខ្លួនបងប្អូណមែននោះ ព្រះជាម្ចាស់ដែលបានប្រោសព្រះគ្រីស្ដឱ្យទទួលព្រះជន្មដ៏រុងរឿង ទ្រង់ក៏នឹងប្រទានឱ្យរូបកាយរបស់បងប្អូនដែលរមែងតែងតែស្លាប់នេះ មានជីវិតដោយសារព្រះវិញ្ញាណដែលសណ្ឋិតនៅក្នុងខ្លួនបងប្អូននោះដែរ។

ទំនុកតម្កើងលេខ ២៤,១-៦ បទពាក្យ ៧

១.អ្វីៗដែលនៅលើដែនដីកើតមកច្រើនក្រៃមីរដេរដាស
សុទ្ធជាកម្មសិទ្ធិព្រះអម្ចាស់ជាស្នាព្រះហស្ដនៃព្រះអង្គ ។
២.គឺព្រះអង្គហើយដែលចាក់គ្រឹះគ្រប់ទីគ្រប់ទិសគ្រប់ជ្រោយជ្រុង
ធ្វើឱ្យផែនដីនៅរឹងប៉ឹងធំធេងល្វើយល្វឹងលើសមុទ្រ ។
៣.តើនរណាអាចឡើងលើភ្នំវិហារឧត្តមដ៏វិសុទ្ធ
ដែលជាទីស្ថានតែមួយគត់ល្អល្អះបំផុតសែនសុខសាន្ដ ។
៤.គឺមានតែអ្នកត្រឹមត្រូវល្អទឹកចិត្តស្មោះសរបរិសុទ្ធថ្កាន
មិនបណ្ដោយខ្លួនស្បថបំពាននោះទើបអាចបានឡើងទីខ្ពស់ ។
៥.ព្រះជាអម្ចាស់ប្រទានពរជោគជ័យបវរសព្វទាំងអស់
ហើយព្រះអង្គបានជួយសង្គ្រោះទាំងប្រោសឱ្យរស់មានជីវិត ។
៦.អ្នកទាំងនេះហើយគឺប្រជាស្វះស្វែងម្នីម្នាចូលមកជិត
ជាអ្នកស្វែងរកព្រះម្ចាស់ពិតព្រះភក្រ្តល្អល្អិតព្រះយ៉ាកុប ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម អស ៣៣,១១

អលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះជាម្ចាស់! ព្រះអង្គមិនសព្វព្រះហប្ញទ័យឱ្យមនុស្សបាបបាត់បង់ជីវិតឡើយ
គឺទ្រង់សព្វព្រះហប្ញទ័យឱ្យគេងាកចេញពីផ្លូវអាក្រក់របស់ខ្លួនវិញ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៣,១-៩

ពេលនោះ មានអ្នកខ្លះមកទូលព្រះយេស៊ូអំពីអ្នកស្រុកកាលីឡេ ដែលលោកពីឡាតបានសម្លាប់នៅពេលគេកំពុងតែថ្វាយយញ្ញបូជា។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេវិញថា៖«តើអ្នករាល់គ្មាស្មានថា អ្នកស្រុកកាលីឡេទាំងនោះ ជាមនុស្សបាបច្រើនជាងអ្នកស្រុកកាលីឡេឯទៀតៗឬ បានជាគេស្លាប់របៀបនេះ?។ ទេ! មិនមែនទេ! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាមិនកែប្រែចិត្តគំនិតទេ អ្នករាល់គ្នានឹងត្រូវវិនាសអន្ដរាយដូចគេជាមិនខាន។ ចុះមនុស្សដប់ប្រាំបីនាក់ដែលបានស្លាប់ដោយប៉មស៊ីឡោមរលំសង្កត់លើ តើអ្នករាល់គ្នាស្មានថា អ្នកទាំងនោះមានបាបធ្ងន់ជាងអ្នកក្រុងយេរូ​សាឡឹមឯទៀតៗឬ?។ ទេ! មិនមែនទេ! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាមិន កែប្រែចិត្ដគំនិតទេ នឹងត្រូវវិនាសអន្ដរាយដូច្នោះដែរ។
បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នានេះទៅគេថា៖« មានស្វាយមួយដើម​ដុះក្នុងចម្ការបុរសម្នាក់។ ម្ចាស់ចម្ការមករកបេះផ្លែស្វាយនោះតែគ្មានផ្លែងសោះ​ គាត់ក៏ប្រាប់អ្នកថែចម្ការថា៖មើល៍ខ្ញុំមករកបេះផ្លែស្វាយនេះបីឆ្នាំហើយ តែមិនឃើញ​មានផ្លែសោះ។ ចូរកាប់វាចោលទៅ ទុកនាំតែខាតដីទេ!»។ អ្នកថែចម្ការឆ្លើយតប​ថា៖«សូមលោកទុកវាមួយឆ្នាំទៀតសិន ចាំខ្ញុំជ្រួយដីជុំវិញ ហើយដាក់ជី ប្រហែលជា​ឆ្នាំក្រោយនឹងមានផ្លែ បើមិនផ្លែទេសឹមកាប់វាចោលទៅចុះ!​»។

219 Views

Theme: Overlay by Kaira