អត្ថបទព្រះគម្ពីរ
ថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១
អាទិត្យទី២៩ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា

ឬសន្តយ៉ូហានប៉ូលទី២ ជាសម្តេចប៉ាប

អត្ថបទទី១
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៧,១៨-២៥

បងប្អូនជាទីស្រឡាញ់!
ខ្ញុំដឹងថា អ្វីៗដែលល្អមិនស្ថិតនៅក្នុងខ្ញុំទេ ពោលគឺ មិនស្ថិត​នៅក្នុងរូបខ្ញុំដែលស្ថិតនៅក្នុងលោកីយ៍នេះទេ។ ខ្ញុំមានឆន្ទៈនឹងធ្វើអំពើល្អ តែខ្ញុំគ្មានសមត្ថភាពនឹងប្រព្រឹត្តអំពើល្អបានឡើយ។ ខ្ញុំមិនប្រព្រឹត្តអំពើល្អដែលខ្ញុំចង់ធ្វើនោះទេ​តែបែរជាប្រព្រឹត្តអំពើអាក្រក់ដែលខ្ញុំមិនចង់ធ្វើទៅវិញ។ ប្រសិនបើខ្ញុំប្រព្រឹត្តអំពើ​ណាដែលខ្ញុំមិនចង់ធ្វើនោះ បានសេចក្ដីថា មិនមែនខ្ញុំទៀតទេដែលប្រព្រឹត្តដូច្នេះ គឺបាបស្ថិតនៅក្នុងខ្លួនខ្ញុំវិញទេតើដែលប្រព្រឹត្ត។ ដូច្នេះ ចំពោះខ្ញុំដែលចង់ធ្វើអំពើល្អ ខ្ញុំសង្កេតឃើញមានគោលការណ៍មួយនេះថា ខ្ញុំមានសមត្ថភាពធ្វើបានតែអំពើអាក្រក់​ប៉ុណ្ណោះ។ ក្នុងជម្រៅចិត្តរបស់ខ្ញុំ ខ្ញុំពេញចិត្តនឹងធម្មវិន័យរបស់ព្រះជាម្ចាស់ណាស់ ប៉ុន្ដែ​​ខ្ញុំឃើញថា នៅក្នុងសរីរាង្គកាយរបស់ខ្ញុំ មានគោលការណ៍មួយទៀតដែលតយុទ្ធ​នឹងវិន័យនៃគំនិតប្រាជ្ញារបស់ខ្ញុំ ទាំងធ្វើឱ្យខ្ញុំជាប់ជាឈ្លើយរបស់បាបដែលសិត្ថនៅក្នុងសរីរាង្គកាយរបស់ខ្ញុំថែមទៀតផង។ ខ្ញុំវេទនាណាស់! តើនរណានឹងដោះលែងខ្ញុំ​ឱ្យរួចពីរូបកាយដែលរមែងតែងតែស្លាប់នេះបាន? សូមអរព្រះគុណព្រះជាម្ចាស់ដោយសារព្រះយេស៊ូគ្រីស្ដជាអម្ចាស់នៃយើង!។

ទំនុកតម្កើងលេខ ១១៩,៦៦.៦៨.៧៦-៧៧.៩៣-៩៤ បទពាក្យ ៧

៦៦.សូមប្រោសប្រណីឱ្យខ្ញុំចេះគិតគូរវៃឈ្លាសមានប្រាជ្ញា
ឱ្យស្គាល់វិន័យសព្វប្រការដ្បិតខ្ញុំនេះណាមិនក្រឡះ ។
៦៨.ទ្រង់មានព្រះទ័យសប្បុរសករុណាសន្ដោសមនុស្សនានា
សូមទ្រង់បង្រៀនក្រឹត្យធម្មាវិន័យបញ្ជាតរៀងទៅ ។
៧៦.សូមទ្រង់មេត្តាជួយសម្រាលទុក្ខខ្ញុំឱ្យស្រាលកុំឱ្យនៅ
តាមទ្រង់សន្យាកុំហ្មងសៅដល់ខ្ញុំដែលត្រូវជាបម្រើ ។
៧៧.សូមទ្រង់បង្ហាញធម៌មេត្តាឱ្យមានជីវ៉ារស់គ្រាន់បើ
លើលោកីយ៍នេះខ្ញុំបម្រើតាមវិន័យធម៌ដោយរីករាយ ។
៩៣.ខ្ញុំមិនដែលភ្លេចច្បាប់ព្រះអង្គទាំងវិន័យផងដ៏ប្រពៃ
ដោយសារតែច្បាប់នេះឯងហើយទ្រង់ប្រទានឱ្យមានជីវិត ។
៩៤.ជីវិតខ្ញុំផ្ញើលើព្រះអង្គតម្រែតម្រង់តាមឱវាទ
ដ្បិតទូលបង្គំតែងឈ្លបឆ្លៀតមិនបង់មារយាទរកច្បាប់ផង ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១១,២៥

អលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះបិតា ជាអម្ចាស់នៃស្ថានបរមសុខនិងជាអម្ចាស់នៃផែនដី! យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ
ព្រោះទ្រង់បានសម្ដែងការណ៍អស្ចារ្យនៃព្រះរាជ្យឱ្យមនុស្សតូចតាចយល់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១២,៥៤-៥៩

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់មហាជនថា៖​«កាលណាអ្នករាល់គ្នាឃើញពពករសាត់ពីទិសខាងលិចមក អ្នករាល់គ្នាពោលភ្លាមថា ជិតភ្លៀងហើយ ហើយក៏ភ្លៀង​មែន។ កាលណាមានខ្យល់បក់មកពីទិសខាងត្បូង អ្នករាល់គ្នាថា មុខជាក្ដៅហើយ​ ហើយក៏ក្ដៅមែន។ មនុស្សមានពុតអើយ! អ្នករាល់គ្នាចេះយល់ហេតុការណ៍ផ្សេងៗនៅលើផែនដី និងនៅលើមេឃបាន ចុះហេតុដូចម្ដេចបានជាពុំយល់ហេតុការណ៍នា​សម័យបច្ចុប្បន្ននេះផង?។
ហេតុអ្វីបានជាអ្នករាល់គ្នាមិនពិចារណាដោយខ្លួនឯងនូវអំពើសុចរិតដែលអ្នក​រាល់គ្នាត្រូវប្រព្រឹត្ត? ប្រសិនបើអ្នកធ្វើដំណើរទៅតុលាការជាមួយគូរវិវាទ នៅតាមផ្លូវ​អ្នកត្រូវខំសម្រុះសម្រួលជាមួយអ្នកនោះឱ្យហើយទៅ ក្រែងលោគេបញ្ជូនអ្នកទៅដល់​ចៅក្រម ចៅក្រមបញ្ជូនអ្នកទៅនគរបាល ហើយនគរបាលយកអ្នកទៅដាក់គុក។ ខ្ញុំសុំ​ប្រាប់អ្នកថា ដរាបណាអ្នកមិនបានបង់ប្រាក់ពិន័យគ្រប់ចំនួន ឥតខ្វះមួយសេនទេនោះ​អ្នកនឹងមិនរួចខ្លួនឡើយ»។

295 Views

Theme: Overlay by Kaira