អត្ថបទព្រះគម្ពីរ
ថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១
អាទិត្យទី២៩ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា

អត្ថបទទី១
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៦,១២-១៨

បងប្អូនជាទីស្រឡាញ់!
មិនត្រូវទុកឱ្យបាបសោយរាជ្យលើខ្លួនបងប្អូនដែលរមែង​តែងតែស្លាប់ ដើម្បីស្ដាប់តា​មតណ្ហារបស់ខ្លួននោះឡើយ ហើយក៏មិនត្រូវប្រគល់​សរីរាង្គកាយរបស់បងប្អូនឱ្យទៅបម្រើបាប និងធ្វើជាឧបករណ៍សម្រាប់ប្រព្រឹត្ដអំពើ​ទុច្ចរិតដែរ គឺត្រូវថ្វាយខ្លួនទៅព្រះជាម្ចាស់ ដូចជាមនុស្សដែលបានរស់ឡើងវិញ ហើយប្រគល់សិរីរាង្គកាយរបស់បងប្អូនទៅបម្រើព្រះជាម្ចាស់ និងធ្វើជាឧបករណ៍សម្រាប់​ប្រព្រឹត្តអំពើសុចរិត។ បាបនឹងលែងត្រួតត្រាលើបងប្អូនទៀតហើយ ព្រោះបងប្អូនមិន​នៅក្រោមអំណាចរបស់ធម្មវិន័យទេ គឺនៅក្រោមព្រះហប្ញទ័យប្រណីសន្ដោសរបស់ព្រះ​ជាម្ចាសវិញ។
បើដូច្នេះ ដោយយើងមិននៅក្រោមអំណាចរបស់ធម្មវិន័យ គឺនៅក្រោមព្រះ​ហប្ញទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ តើយើងត្រូវតែប្រព្រឹត្តអំពើបាបឬ?ទេ! មិន​កើតទេ!។ បងប្អូនមិនដឹងទេឬ? បើបងប្អូនប្រគល់ខ្លួនទៅបម្រើ និងស្ដាប់បង្គាប់​ម្ចាស់ណា បងប្អូននឹងក្លាយទៅជាខ្ញុំបម្រើរបស់អ្នកដែលបងប្អូនស្ដាប់បង្គាប់នោះហើយ ឬមួយបងប្អូននឹងទៅជាខ្ញុំបម្រើរបស់បាបដែលនាំឱ្យបងប្អូនស្លាប់ ឬមួយបងប្អូនស្ដាប់​បង្គាប់ព្រះជាម្ចាស់ដែលនាំបងប្អូនឱ្យបានសុចរិត។ សូមអរព្រះគុណព្រះជាម្ចាស់! ពីដើមបងប្អូនជាខ្ញុំបម្រើរបស់បាបមែន តែងដោយបងប្អូនបានស្ដាប់បង្គាប់យ៉ាងស្មោះ​អស់​ពីចិត្ត តាមគោលការណ៍នៃសេចក្ដីបង្រៀនដែលបងប្អូនបានទទួល បងប្អូនក៏បាន​រួចពីអំណាចបាប មកបម្រើសេចក្ដីសុចរិតវិញ។

ទំនុកតម្កើងលេខ ១២៤,២-៥.៧ បទពាក្យ ៧

២.ប្រសិនបើគ្មានព្រះអម្ចាស់នៅខាងយើងនោះគ្រប់វេលា
ពេលណាសត្រូវលើកគ្នីគ្នាសម្រុកពុះពារវាយលើយើង ។
៣.ពេលណាគេមានកំហឹងខ្លាំងគេមកប្រឆាំងយើងនឹងប៉ើង
គេនឹងត្របាក់លេបដូចភ្លើងមិនឱ្យពួកយើងសុខសាន្ដឡើយ ។
៤.យើងនឹងលិចលង់ក្នុងសមុទ្រភិតភ័យតក់ស្លុតឥតមានស្បើយ
ទឹកហូរនាំយើងគ្មានកោះត្រើយទៅកាន់ទីឆ្ងាយគ្មានគោលដៅ ។
៥.ពេលយើងកំពុងអស់កម្លាំងមានទឹកកួចខ្លាំងពនិ្លចទៅ
ដល់បាតជលសាដ៏សែនជ្រៅជិវិតយើងត្រូវលង់ក្សិណក្ស័យ ។
៧.យើងរួចជីវិតដូចបក្សីគេចផុតពីដៃព្រានព្រៃហើយ
គឺលប់ធ្លុះធ្លាយគ្មានសល់ឡើយយើងបានធូរស្បើយរស់ជីវ៉ា ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ២១,៣៦

អលេលូយ៉ា! អាលេលូយ៉ា!
អ្នកដែលប្រុងស្មារតី អធិដ្ឋានគ្រប់ពេលវេលា ពិតជាមានសុភមង្គល ដ្បិតគេអាចឈរនៅមុខបុត្រមនុស្ស។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១២,៣៩-៤៨

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖«អ្នករាល់គ្នាដឹងហើយថា បើម្ចាស់ផ្ទះដឹងចោរចូលមកប្លន់ថ្មើរណា គាត់នឹងមិនបណ្ដោយឱ្យវាចូលមកក្នុងផ្ទះគាត់បាន​ឡើយ។ រីឯអ្នករាល់គ្នាវិញ ចូរត្រៀមខ្លួនជានិច្ច ដ្បិតបុត្រមនុស្សនឹងមកដល់ នៅវេលា​ដែលអ្នករាល់គ្នាពុំបានគិត»។
លោកសិលាទូលសួរព្រះយេស៊ូថា៖«បពិត្រព្រះអម្ចាស់! តើព្រះអង្គមានព្រះបន្ទូល​ជាពាក្យប្រស្នានេះ សម្រាប់ប្រៀនប្រដៅ យើងខ្ញុំតែប៉ុណ្ណោះ ឬមួយសម្រាប់ប្រៀន​ប្រដៅមនុស្សគ្រប់ៗគ្នាដែរ?»។ ព្រះអម្ចាស់មានព្រះបន្ទូលតបថា៖«បើអ្នកបម្រើណា​មានចិត្តស្មោះត្រង់ ហើយប៉ិនប្រសប់ ម្ចាស់មុខជាផ្ទុកផ្ដាក់ឱ្យគាត់មើល៍ខុសត្រូវលើអ្នកបម្រើឯទៀតៗ ក្នុងការចែកម្ហូបអាហារឱ្យគេតាមពេលកំណត់ជាមិនខាន់។ ពេល​ម្ចាស់ត្រឡប់មកដល់ផ្ទះវិញ ឃើញអ្នកបម្រើកំពុងបំពេញកិច្ចការរបស់ខ្លួនដូច្នេះ អ្នក​បម្រើនោះប្រាកដជាមានសុភមង្គលហើយ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា​​ម្ចាស់មុខជាផ្ទុកផ្ដាក់ឱ្យគាត់មើលខុសត្រូវលើទ្រព្យសម្បតិ្តទាំងប៉ុន្មានរបស់លោក​ថែមទៀតផង។ ផ្ទុយទៅវិញប្រសិនបើអ្នកបម្រើនឹកក្នុងចិត្តថា៖«ម្ចាស់អាញ់ក្រមក​​ដល់ណាស់»គាត់ក៏វាយអ្នកបម្រើទាំងប្រុសទាំងស្រីឯទៀតៗ ហើយស៊ីផឹកស្រវឹង​ ពេល​ម្ចាស់វិលត្រឡប់មកដល់ផ្ទះវិញ នៅពេលដែលអ្នកបម្រើនោះមិនបានរង់ចាំ ឬនៅពេល​ដែលគាត់មិនដឹង លោកនឹងធ្វើទោសគាត់ជាទម្ងន់ ហើយឱ្យគាត់ទទួលទោសរួមជាមួយ​ពួកអ្នកមិនជឿដែរ។ អ្នកបម្រើណាស្គាល់ចិត្តម្ចាស់ តែមិនបានត្រៀមខ្លួន ហើយមិនធ្វើ​តាមចិត្តលោក អ្នកបម្រើនោះនឹងត្រូវរំពាត់យ៉ាងច្រើន។ ផ្ទុយទៅវិញ អ្នកបម្រើណា​មិនស្គាល់ចិត្តម្ចាស់របស់ខ្លួន ហើយប្រព្រឹត្តខុសឆ្គងសមនឹងទទួលទោស អ្នកបម្រើ​នោះនឹងត្រូវរំពាត់តែបន្ដិចទេ។ បើគេឱ្យអ្វីច្រើនទៅអ្នកណា គេនឹងទារពីអ្នកនោះ​វិញច្រើនដែរ។ បើគេផ្ទុកផ្ដាក់កិច្ចការច្រើនដល់អ្នកណា គេនឹងទារពីអ្នកនោះវិញ​រឹងរឹតតែច្រើនថែមទៀត»។

290 Views

Theme: Overlay by Kaira