អត្ថបទព្រះគម្ពីរ
ថ្ងៃចន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១
អាទិត្យទី២៩ រដូវធម្មតា
ពណ៌ក្រហម
បុណ្យរម្លឹក

សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ

លោកលូកាជាគ្រូពេទ្យ ជាមិត្តសម្លាញ់របស់គ្រីស្តទូតប៉ូល ហើយធ្វើដំណើរប្រកាសដំណឹងល្អជាមួយលោកដែរ។ តែលោកលូកាមិនសូវរ៉ាយរ៉ាប់អំពីខ្លួនលោកផ្ទាល់ទេ! តាមសេចក្តីដែលគ្រីស្តបរិស័ទតែងពោលតៗគ្នាពីដើមរៀងមក លោកនិពន្ធគម្ពីរដំណឹងល្អ និងគម្ពីរកិច្ចការគ្រីស្តទូតដែលជាប្រវត្តិព្រះសហគមន៍ “តាំងពីដើមដំបូង”។ ក្នុងកណ្ឌទាំងពីរនោះ លោកចូលចិត្តបង្ហាញបញ្ជាក់អំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះជាម្ចាស់ចំពោះមនុស្សតូចតាច និងចំពោះអ្នកបាប លោកក៏ដាស់តឿនគ្រីស្តបរិស័ទឱ្យត្រេកអរ និងអធិដ្ឋានផង។

អត្ថបទទី១
សូមថ្លែងលិខិតទី២របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ                                    ២ធម ៤,៩ខ-១៧

ប្អូនជាទីស្រឡាញ់!
ចូរ​លៃ‌លក​ទៅ​រក​ខ្ញុំ​ជា​ប្រញាប់។ លោក​ដេម៉ាស​បាន​បោះ​បង់​ចោល​ខ្ញុំ ព្រោះ​គាត់​ស្រឡាញ់​លោកីយ៍​នេះ ហើយ​ចេញ​ដំណើរ​ទៅ​ក្រុង​ថេស្សា‌ឡូនិក។ លោក​ក្រេស្កែន​បាន​ទៅ​ស្រុក​កាឡា‌ទី ហើយ​លោក​ទីតុស​ទៅ​ស្រុក​ដាល់ម៉ាទី។ មាន​តែ​លោក​លូកា​ម្នាក់​ប៉ុណ្ណោះ ដែល​នៅ​ជា​មួយ​ខ្ញុំ។ ចូរ​នាំ​លោក​ម៉ាកុស​ទៅ​ជា​មួយ​ផង ដ្បិត​គាត់​អាច​ជួយ​បំពេញ​មុខ‌ងារ​របស់​ខ្ញុំ​បាន។ ខ្ញុំ​បាន​ចាត់​លោក​ទីឃី‌គូស​ឱ្យ​ទៅ​ក្រុង​អេភេសូ។ ពេល​អ្នក​ចេញ​ទៅ ចូរ​យក​អាវ​ធំ​ដែល​ខ្ញុំ​ទុក​នៅ​ផ្ទះ​លោក​ការពូស​នៅ​ក្រុង​ត្រូអាស ព្រម​ទាំង​យក​សៀវភៅ​មក​ជា​មួយ​ផង ជា​ពិសេសក្រាំង​ស្បែក។ លោក​អេឡិចសង់​ជា​ជាង​ដែក បាន​ធ្វើ​បាប​ខ្ញុំ​យ៉ាង​ច្រើន។ ព្រះ‌អម្ចាស់​នឹង​តប​ស្នង​ទៅ​គាត់​វិញ តាម​អំពើ​ដែល​គាត់​បាន​ប្រព្រឹត្ត​នោះជា​មិន​ខាន។ អ្នក​ក៏​ត្រូវ​ប្រយ័ត្ន​នឹង​គាត់​ដែរ ដ្បិត​គាត់​ប្រឆាំង​យ៉ាង​ខ្លាំង​នឹង​សេចក្ដី​ដែល​យើង​ប្រកាស។ ពេល​ដែល​ខ្ញុំ​ត្រូវ​ឆ្លើយ​ដោះ‌សា​ខ្លួននៅ​លើក​ទី​មួយ គ្មាន​បង‌ប្អូន​ណា​ម្នាក់​មក​ជួយ​គាំទ្រ​ខ្ញុំ​ទេ គឺ​គេ​បោះ​បង់​ចោល​ខ្ញុំ​ទាំង​អស់​គ្នា សូម​ព្រះ‌ជាម្ចាស់​កុំ​ប្រកាន់​ទោស​គេ​ឡើយ!។ មាន​តែ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ​ដែល​បាន​គាំទ្រ និង​ប្រទាន​ឱ្យ​ខ្ញុំ​មាន​កម្លាំង ដើម្បី​ឱ្យខ្ញុំ​អាច​ប្រកាស​ព្រះ‌បន្ទូល​យ៉ាង​ក្បោះ‌ក្បាយ​ឱ្យ​សាសន៍​ដទៃ​ទាំង​អស់​គ្នា​ស្ដាប់។ ព្រះ‌អង្គ​ក៏​បាន​ដោះ​លែង​ខ្ញុំឱ្យ​រួច​ពី​មាត់​សឹង្ហ​ដែរ។

ទំនុកតម្កើងលេខ ១៤៥,១០-១៣.១៧-១៨ បទកាកគតិ

១០.បពិត្រព្រះម្ចាស់សត្វលោកទាំងអស់មានច្រើនពេកក្រៃ
នាំគ្នាតម្កើងរុងរឿងសិរីរាស្រ្តទាំងប្រុសស្រី
ក៏ថ្កើងទ្រង់ដែរ ។
១១. គេនឹងរៀបរាប់ព្រះរាជ្យគួរគាប់រុងរឿងស្ថិតស្ថេរ
របស់ព្រះអង្គឥតមានប្រួលប្រែអានុភាពឥតកែ
ព្រះអង្គនៅគង់ ។
១២.ដើម្បីឱ្យមនុស្សទាំងស្រីទាំងប្រុសគ្រប់គ្នាបានដឹង
ពីការអស្ចារ្យរបស់ព្រះអង្គរស្មីរឿងរុង
ចិញ្ចែងចិញ្ចាច ។
១៣.ព្រះរាជ្យព្រះអង្គស្ថិតនៅយូរលង់ពេញដោយអំណាច
គ្រងរាជ្យអស់កល្បព្រោះទ្រង់ជាស្តេចបារមីអង់អាច
ស្ថិតយូរវស្សា ។
ព្រះអម្ចាស់តែងគោរពឥតក្លែងបន្ទូលសន្យា
អ្វីដែលទ្រង់ធើ្វសុទ្ធតែអស្ចារ្យសប្បុរសមេត្តា
ករុណាអាសូរ ។
១៧.ព្រះជាអម្ចាស់ធ្វើសព្វទាំងអស់នូវរាល់កិច្ចការ
ដោយព្រះហឫទ័យសុចរិតថ្លៃថ្លាសន្តោសករុណា
ទ្រង់បានប្រព្រឹត្ត ។
១៨.ព្រះអម្ចាស់គង់នៅជិតអែបអង្គកៀកកើយនែបនិត្យ
នឹងអ្នកអង្វរដោយសុទ្ធចិត្តរកព្រះអង្គពិត
មិនយាងទៅណា ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាយហ ១៥,១៦

អលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ខ្ញុំបានជ្រើសរើសអ្នករាល់គ្នាពីកណ្តាលលោកីយ៍មក
ហើយតែងតាំងអ្នករាល់គ្នាឱ្យទៅ និងបង្កើតផល ឱ្យផលដែលនៅស្ថិតស្ថេរ»។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១០,១-៩

ក្នុងបណ្តាសាវ័កទាំងប៉ុន្មាន ព្រះ‌អម្ចាស់​ជ្រើស​យក​សាវ័កចិត‌សិប​ពីរ​រូប​ទៀត ហើយ​ចាត់​គេ​ពីរៗ​នាក់​ឱ្យ​ទៅ​តាម​ភូមិ តាម​ស្រុក​នានា ដែល​ព្រះ‌អង្គ​បម្រុង​នឹង​យាង​ទៅ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ស្រូវ​ដែល​ត្រូវ​ច្រូត​មាន​ច្រើន​ណាស់ តែ​អ្នក​ច្រូត​មាន​តិច​ពេក។ ហេតុ​នេះ ចូរ​អង្វរ​ម្ចាស់​ស្រែ​ឱ្យ​ចាត់​អ្នក​ច្រូត​មក​ក្នុង​ស្រែ​របស់​លោក។ ចូរ​នាំ​គ្នា​ទៅ​ចុះ! ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ទៅ ដូច​ឱ្យ​កូន​ចៀម​ទៅ​កណ្ដាល​ហ្វូង​ចចក។ កុំ​យក​ថង់​ប្រាក់ ថង់​យាម ឬ​ស្បែក​ជើង​ទៅ​ជា​មួយ​ឡើយ ហើយ​ក៏​កុំ​ជម្រាប​សួរ​អ្នក​ណា​តាម​ផ្លូវ​ដែរ។ ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​ណា​មួយ មុន​ដំបូង​ត្រូវ​ពោល​ថា “សូម​ព្រះ‌ជាម្ចាស់​ប្រទាន​សេចក្ដី​សុខ‌សាន្តដល់​មនុស្ស​ក្នុង​ផ្ទះ​នេះ” ។ បើ​នៅ​ក្នុង​ផ្ទះ​នោះ មាន​មនុស្ស​ណា​ចូល​ចិត្ត​សេចក្ដី​សុខ‌សាន្ត នោះ​គេ​នឹង​បាន​សុខ‌សាន្តដូច​ពាក្យ​អ្នក​រាល់​គ្នា​ជា​មិន​ខាន។ បើ​គ្មាន​អ្នក​ណា​ចូល​ចិត្ត​សេចក្ដី​សុខ‌សាន្ត​ទេ សេចក្ដី​សុខ‌សាន្ត​នឹង​វិល​ត្រឡប់​មក​អ្នក​រាល់​គ្នា​វិញ។ ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ ហើយ​បរិភោគ​ម្ហូប​អាហារ​ដែល​គេ​ជូន​អ្នក​រាល់​គ្នា​ចុះ ព្រោះ​អ្នក​ធ្វើ​ការ​តែង‌តែ​ទទួល​ប្រាក់​ឈ្នួល។ មិន​ត្រូវ​ចេញ​ពី​ផ្ទះ​មួយ​ទៅ​នៅ​ផ្ទះ​មួយ​ទៀត​ឡើយ។ បើ​អ្នក​រាល់​គ្នា​ចូល​ទៅ​ភូមិ​ណា ហើយ​មាន​គេ​ទទួល​អ្នក​រាល់​គ្នា ត្រូវ​បរិភោគ​ម្ហូប​អាហារ​ដែល​គេ​រៀប​ជូន​ចុះ។ ត្រូវ​ប្រោស​អ្នក​ជំងឺ​ក្នុង​ភូមិ​នោះ​ឱ្យ​បាន​ជា ហើយ​ប្រាប់​អ្នក​ភូមិ​ថា៖ “ព្រះ‌រាជ្យរបស់​ព្រះ‌ជាម្ចាស់​នៅ​ជិត​អ្នក​រាល់​គ្នា​ហើយ”។

274 Views

Posted in មិន​មាន​ចំណាត់​ក្រុមTagged ,
Theme: Overlay by Kaira