អត្ថបទព្រះគម្ពីរ
ថ្ងៃចន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១
អាទិត្យទី២៩ រដូវធម្មតា
ពណ៌ក្រហម
បុណ្យរម្លឹក
សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
លោកលូកាជាគ្រូពេទ្យ ជាមិត្តសម្លាញ់របស់គ្រីស្តទូតប៉ូល ហើយធ្វើដំណើរប្រកាសដំណឹងល្អជាមួយលោកដែរ។ តែលោកលូកាមិនសូវរ៉ាយរ៉ាប់អំពីខ្លួនលោកផ្ទាល់ទេ! តាមសេចក្តីដែលគ្រីស្តបរិស័ទតែងពោលតៗគ្នាពីដើមរៀងមក លោកនិពន្ធគម្ពីរដំណឹងល្អ និងគម្ពីរកិច្ចការគ្រីស្តទូតដែលជាប្រវត្តិព្រះសហគមន៍ “តាំងពីដើមដំបូង”។ ក្នុងកណ្ឌទាំងពីរនោះ លោកចូលចិត្តបង្ហាញបញ្ជាក់អំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះជាម្ចាស់ចំពោះមនុស្សតូចតាច និងចំពោះអ្នកបាប លោកក៏ដាស់តឿនគ្រីស្តបរិស័ទឱ្យត្រេកអរ និងអធិដ្ឋានផង។
អត្ថបទទី១
សូមថ្លែងលិខិតទី២របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ២ធម ៤,៩ខ-១៧
ប្អូនជាទីស្រឡាញ់!
ចូរលៃលកទៅរកខ្ញុំជាប្រញាប់។ លោកដេម៉ាសបានបោះបង់ចោលខ្ញុំ ព្រោះគាត់ស្រឡាញ់លោកីយ៍នេះ ហើយចេញដំណើរទៅក្រុងថេស្សាឡូនិក។ លោកក្រេស្កែនបានទៅស្រុកកាឡាទី ហើយលោកទីតុសទៅស្រុកដាល់ម៉ាទី។ មានតែលោកលូកាម្នាក់ប៉ុណ្ណោះ ដែលនៅជាមួយខ្ញុំ។ ចូរនាំលោកម៉ាកុសទៅជាមួយផង ដ្បិតគាត់អាចជួយបំពេញមុខងាររបស់ខ្ញុំបាន។ ខ្ញុំបានចាត់លោកទីឃីគូសឱ្យទៅក្រុងអេភេសូ។ ពេលអ្នកចេញទៅ ចូរយកអាវធំដែលខ្ញុំទុកនៅផ្ទះលោកការពូសនៅក្រុងត្រូអាស ព្រមទាំងយកសៀវភៅមកជាមួយផង ជាពិសេសក្រាំងស្បែក។ លោកអេឡិចសង់ជាជាងដែក បានធ្វើបាបខ្ញុំយ៉ាងច្រើន។ ព្រះអម្ចាស់នឹងតបស្នងទៅគាត់វិញ តាមអំពើដែលគាត់បានប្រព្រឹត្តនោះជាមិនខាន។ អ្នកក៏ត្រូវប្រយ័ត្ននឹងគាត់ដែរ ដ្បិតគាត់ប្រឆាំងយ៉ាងខ្លាំងនឹងសេចក្ដីដែលយើងប្រកាស។ ពេលដែលខ្ញុំត្រូវឆ្លើយដោះសាខ្លួននៅលើកទីមួយ គ្មានបងប្អូនណាម្នាក់មកជួយគាំទ្រខ្ញុំទេ គឺគេបោះបង់ចោលខ្ញុំទាំងអស់គ្នា សូមព្រះជាម្ចាស់កុំប្រកាន់ទោសគេឡើយ!។ មានតែព្រះអម្ចាស់ប៉ុណ្ណោះដែលបានគាំទ្រ និងប្រទានឱ្យខ្ញុំមានកម្លាំង ដើម្បីឱ្យខ្ញុំអាចប្រកាសព្រះបន្ទូលយ៉ាងក្បោះក្បាយឱ្យសាសន៍ដទៃទាំងអស់គ្នាស្ដាប់។ ព្រះអង្គក៏បានដោះលែងខ្ញុំឱ្យរួចពីមាត់សឹង្ហដែរ។
ទំនុកតម្កើងលេខ ១៤៥,១០-១៣.១៧-១៨ បទកាកគតិ
១០. | បពិត្រព្រះម្ចាស់ | សត្វលោកទាំងអស់ | មានច្រើនពេកក្រៃ |
នាំគ្នាតម្កើង | រុងរឿងសិរី | រាស្រ្តទាំងប្រុសស្រី | |
ក៏ថ្កើងទ្រង់ដែរ ។ | |||
១១. | គេនឹងរៀបរាប់ | ព្រះរាជ្យគួរគាប់ | រុងរឿងស្ថិតស្ថេរ |
របស់ព្រះអង្គ | ឥតមានប្រួលប្រែ | អានុភាពឥតកែ | |
ព្រះអង្គនៅគង់ ។ | |||
១២. | ដើម្បីឱ្យមនុស្ស | ទាំងស្រីទាំងប្រុស | គ្រប់គ្នាបានដឹង |
ពីការអស្ចារ្យ | របស់ព្រះអង្គ | រស្មីរឿងរុង | |
ចិញ្ចែងចិញ្ចាច ។ | |||
១៣. | ព្រះរាជ្យព្រះអង្គ | ស្ថិតនៅយូរលង់ | ពេញដោយអំណាច |
គ្រងរាជ្យអស់កល្ប | ព្រោះទ្រង់ជាស្តេច | បារមីអង់អាច | |
ស្ថិតយូរវស្សា ។ | |||
ព្រះអម្ចាស់តែង | គោរពឥតក្លែង | បន្ទូលសន្យា | |
អ្វីដែលទ្រង់ធើ្វ | សុទ្ធតែអស្ចារ្យ | សប្បុរសមេត្តា | |
ករុណាអាសូរ ។ | |||
១៧. | ព្រះជាអម្ចាស់ | ធ្វើសព្វទាំងអស់ | នូវរាល់កិច្ចការ |
ដោយព្រះហឫទ័យ | សុចរិតថ្លៃថ្លា | សន្តោសករុណា | |
ទ្រង់បានប្រព្រឹត្ត ។ | |||
១៨. | ព្រះអម្ចាស់គង់ | នៅជិតអែបអង្គ | កៀកកើយនែបនិត្យ |
នឹងអ្នកអង្វរ | ដោយសុទ្ធចិត្ត | រកព្រះអង្គពិត | |
មិនយាងទៅណា ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៥,១៦
អលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ខ្ញុំបានជ្រើសរើសអ្នករាល់គ្នាពីកណ្តាលលោកីយ៍មក
ហើយតែងតាំងអ្នករាល់គ្នាឱ្យទៅ និងបង្កើតផល ឱ្យផលដែលនៅស្ថិតស្ថេរ»។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១០,១-៩
ក្នុងបណ្តាសាវ័កទាំងប៉ុន្មាន ព្រះអម្ចាស់ជ្រើសយកសាវ័កចិតសិបពីររូបទៀត ហើយចាត់គេពីរៗនាក់ឱ្យទៅតាមភូមិ តាមស្រុកនានា ដែលព្រះអង្គបម្រុងនឹងយាងទៅ។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ស្រូវដែលត្រូវច្រូតមានច្រើនណាស់ តែអ្នកច្រូតមានតិចពេក។ ហេតុនេះ ចូរអង្វរម្ចាស់ស្រែឱ្យចាត់អ្នកច្រូតមកក្នុងស្រែរបស់លោក។ ចូរនាំគ្នាទៅចុះ! ខ្ញុំចាត់អ្នករាល់គ្នាទៅ ដូចឱ្យកូនចៀមទៅកណ្ដាលហ្វូងចចក។ កុំយកថង់ប្រាក់ ថង់យាម ឬស្បែកជើងទៅជាមួយឡើយ ហើយក៏កុំជម្រាបសួរអ្នកណាតាមផ្លូវដែរ។ ពេលអ្នករាល់គ្នាចូលទៅក្នុងផ្ទះណាមួយ មុនដំបូងត្រូវពោលថា “សូមព្រះជាម្ចាស់ប្រទានសេចក្ដីសុខសាន្តដល់មនុស្សក្នុងផ្ទះនេះ” ។ បើនៅក្នុងផ្ទះនោះ មានមនុស្សណាចូលចិត្តសេចក្ដីសុខសាន្ត នោះគេនឹងបានសុខសាន្តដូចពាក្យអ្នករាល់គ្នាជាមិនខាន។ បើគ្មានអ្នកណាចូលចិត្តសេចក្ដីសុខសាន្តទេ សេចក្ដីសុខសាន្តនឹងវិលត្រឡប់មកអ្នករាល់គ្នាវិញ។ ចូរស្នាក់នៅផ្ទះនោះ ហើយបរិភោគម្ហូបអាហារដែលគេជូនអ្នករាល់គ្នាចុះ ព្រោះអ្នកធ្វើការតែងតែទទួលប្រាក់ឈ្នួល។ មិនត្រូវចេញពីផ្ទះមួយទៅនៅផ្ទះមួយទៀតឡើយ។ បើអ្នករាល់គ្នាចូលទៅភូមិណា ហើយមានគេទទួលអ្នករាល់គ្នា ត្រូវបរិភោគម្ហូបអាហារដែលគេរៀបជូនចុះ។ ត្រូវប្រោសអ្នកជំងឺក្នុងភូមិនោះឱ្យបានជា ហើយប្រាប់អ្នកភូមិថា៖ “ព្រះរាជ្យរបស់ព្រះជាម្ចាស់នៅជិតអ្នករាល់គ្នាហើយ”។