អត្ថបទព្រះគម្ពីរ
ថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១
អាទិត្យទី២៨ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា
ឬសន្តីហេដវីគ ជាបព្វជិតា
ឬសន្តីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
ព្រះអម្ចាស់ក្សត្រីយ៍ហេដវីគ (១១៧៤-១២៤៣) ជាព្រះមហេសីរបស់ព្រះបាទហង់រ៉ីទី១ ជាស្តេចស្រុកប៉ូឡូញ។ ព្រះនាងបង្កើតកូនប្រាំពីរនាក់។ ក្រោយពីបានអប់រំកូនទាំងនោះមក ដោយព្រះស្វាមីយល់ព្រម ព្រះនាងសម្រេចព្រះហឫទ័យឈប់រួមរស់ជាមួយ។ ព្រះនាងយកព្រះហឫទ័យទុកដាក់ជួយជនក្រីក្រ និងជនជាប់ឃុំឃាំង។ ពេលព្រះស្វាមីចូលទិវង្គតព្រះនាងចូលបួស។
នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ១៦៧៣ ព្រះជាម្ចាស់សម្តែងឱ្យដូនជីម៉ាការីត ម៉ារី អាឡាកុក ស្គាល់ព្រះហឫទ័យមេត្តាករុណាដ៏ងអស្ចារ្យរបស់ព្រះគ្រីស្ត។ ចាប់តាំងពីពេលនោះមក គាត់ក៏យកចិត្តទុកដាក់ផ្សព្វផ្សាយសេចក្តីដែលគាត់យល់ឃើញនេះឱ្យគ្រីស្តបរិស័ទឯទៀតៗដឹងឮ។ ដោយសារគាត់ ព្រះសហគមន៍ចាត់ចែងឱ្យធ្វើពិធីបុណ្យគោរពព្រះបេះដូងព្រះយេស៊ូ។
អត្ថបទទី១
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៤,១៣.១៦-១៨
បងប្អូនជាទីស្រឡាញ់!
ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាមកលោកអប្រាហាំ និងពូជពង្សរបស់លោកថា គេនឹងទទួលពិភពលោកទុកជាមត៌ក។ ព្រះអង្គសន្យាដូច្នេះមិនមែនមកពីលោកអប្រាហាំ បានប្រតិបត្តិតាមធម្មវិន័យនោះទេ គឺមកពីលោកជាមនុស្សសុចរិត ដោយលោកមានជំនឿ។ មនុស្សទទួលមត៌ក ព្រោះតែមានជំនឿតាមការប្រណីសន្ដោសរបស់ព្រះជាម្ចាស់។ ដូច្នេះ ព្រះបន្ទូលសន្យារបស់ព្រះអង្គមានប្រយោជន៍សម្រាប់ពូជពង្សលោកអប្រាហាំទាំងមូល មិនត្រឹមតែសម្រាប់អស់អ្នកដែលប្រតិបត្តិតាមធម្មវិន័យប៉ុណ្ណោះទេ គឺសម្រាប់អស់អ្នកដែលមានជំនឿដូចលោកអប្រាហាំជាឪពុករបស់យើងទាំងអស់គ្នានោះដែរ ដូចមានចែងទុកមកថា«យើងបានតែងតាំងអ្នក ឱ្យធ្វើជាឪពុករបស់ជាតិសាសន៍មួយចំនួនធំ»។ លោកជាឪពុករបស់យើងនៅចំពោះព្រះភក្រ្តព្រះជាម្ចាស់ ជាព្រះដែលលោកបានជឿ គឺព្រះអង្គដែលប្រោសមនុស្សស្លាប់ឱ្យរស់ឡើងវិញ ហើយបានត្រាស់ហៅអ្វីៗដែលគ្មានរូបរាងឱ្យកើតមានឡើង។ ទោះបីគ្មានអ្វីជាទីសង្ឃឹមក៏ដោយ ក៏លោកអប្រាហាំនៅតែមានសង្ឃឹម និងមានជំនឿ ហើយលោកក៏បានទៅជាឪពុករបស់ជាតិសាសន៍ជាច្រើន ស្របតាមព្រះបន្ទូលដែលមានចែងទុកមកថា៖«ពូជពង្សរបស់អ្នកនឹងមានច្រើនយ៉ាងនេះ»។
ទំនុកតម្កើងលេខ ទំនុកតម្កើងលេខ ១០៥,៤-៦ក.៧-៩.៤២-៤៣ បទកាកគតិ
៤. | ចូរស្វែងរកព្រះ | ដែលមានតេជះ | បារមីត្រចង់ |
ស្វែងរកព្រះភក្រ្ត | របស់ព្រះអង្គ | កុំនៅរេរង់ | |
ឈប់ឈរសោះឡើយ ។ | |||
៥. | សូមនឹកដល់ការ | សម្បើមអស្ចារ្យ | ទ្រង់បានធ្វើហើយ |
នឹកដល់បាដិហារិយ៍ | កុំនៅកន្ដើយ | និងការវិនិច្ឆ័យ | |
ដែលទ្រង់សម្រេច ។ | |||
៦. | ពូជពង្សរបស់ | ប្រាហាំទាំងអស់ | នៅបម្រើស្រេច |
កូនចៅយ៉ាកុប | ដ៏ល្អបណ្ដាច់ | ព្រះអង្គសម្រេច | |
ជ្រើសយកយូរហើយ ។ | |||
៧. | ព្រះជាអម្ចាស់ | ទ្រង់គឺជាព្រះ | របស់យើងអើយ |
កុំនៅបង្អង់ | រេរង់តោះតើយ | គឺព្រះនោះហើយ | |
គ្រប់គ្រងផែនដី ។ | |||
៨. | ព្រះអង្គតែងខ្វល់ | នឹកគិតទៅដល់ | សម្ពន្ធមេត្រី |
ជាព្រះបន្ទូល | សន្យាថ្លាថ្លៃ | ស្ថិតស្ថេរយូរក្រៃ | |
មួយពាន់តំណ ។ | |||
៩. | សម្ពន្ធមេត្រី | ដែលទ្រង់លកលៃ | ដោយស្ម័គ្រស្មោះសរ |
នឹងអប្រាហាំ | ជាបន្ទូលល្អ | សន្យាស្មោះសរ | |
នឹងលោកអ៊ីសាក ។ | |||
៤២. | ព្រះអម្ចាស់នឹក | ចាំទាំងរព្ញក | បន្ទូលវិសុទ្ធ |
សន្យានឹងលោក | អប្រាហាំពិត | បម្រើពិសិដ្ឋ | |
ព្រះអង្គពេកពន់ ។ | |||
៤៣. | ព្រះអង្គបានប្រោស | ប្រណីសន្ដោស | ឱ្យប្រជាជន |
ព្រះអង្គចេញទាំង | អំណរលើសលន់ | កញ្ជ្រៀវពេកពន់ | |
សប្បាយគ្មានល្ហែ ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៥,២៦-២៧
អលេលូយ៉ា! អាលេលូយ៉ា!
ឱព្រះអម្ចាស់អើយ! សូមប្រទានព្រះវិញ្ញាណនៃសេចក្ដីពិត ឱ្យយើងខ្ញុំផង! សូមព្រះវិញ្ញាណធ្វើសាក្សីក្នុងចិត្តយើងខ្ញុំ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១២,៨-១២
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សាវ័កថា៖«ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អ្នកណាទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្សលោក បុត្រមនុស្សនឹងទទួលស្គាល់អ្នកនោះនៅចំពោះមុខពួកទេវទូតរបស់ព្រះជាម្ចាស់ដែរ។ រីឯអ្នកណាមិនទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្សលោក បុត្រមនុស្សក៏នឹងមិនទទួលស្គាល់អ្នកនោះនៅចំពោះមុខពួកទេវទូតរបស់ព្រះជាម្ចាស់ដែរ។ អ្នកណាពោលពាក្យទាស់នឹងបុត្រមនុស្ស ព្រះជាម្ចាស់នឹងលើកលែងទោសឱ្យ ប៉ុន្ដែ អ្នកណាពោលពាក្យទាស់នឹងព្រះវិញ្ញាណដ៏វិសុទ្ធ ព្រះអង្គមិនលើកលែងទោសឱ្យឡើយ។ កាលណាគេបញ្ជូនអ្នករាល់គ្នាទៅវិនិច្ឆ័យទោសក្នុងធម្មសាលា ឬនៅមុខចៅក្រម ឬអ្នកកាន់អំណាច កុំភ័យបារម្ភអំពីរបៀបដែលអ្នករាល់គ្នាត្រូវឆ្លើយការពារខ្លួន ឬសេចក្ដីដែលអ្នករាល់គ្នាត្រូវនិយាយនោះឡើយ ដ្បិតព្រះវិញ្ញាណដ៏វិសុទ្ធនឹងបំភ្លឺអ្នករាល់គ្នាឱ្យដឹងសេចក្ដីដែលត្រូវនិយាយនៅពេលនោះឯង»។