អត្ថបទព្រះគម្ពីរ
ថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០២១
អាទិត្យទី២៨ រដូវធម្មតា
ពណ៌ស
បុណ្យរម្លឹក
សន្តីតេរេសានៃព្រះយេស៊ូ
ជាព្រហ្មចារិនីនៅក្រុងអាវីឡា
និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
នាងតេរេសា (១៥១៥-១៥៨២) កើតនៅក្រុងអាវីឡា (ប្រទេសអេស្ប៉ាញ)។ កាលនាងអាយុដប់ប្រាំបីឆ្នាំ នាងចូលបួសនៅអារាមកាមែល នៅក្រុងអាវីឡា។ ម្ភៃប្រាំពីរឆ្នាំក្រោយមក សន្តីតេរេសាស្ម័គ្រចិត្ត “ឬរងទុក្ខ ឬស្លាប់” ថ្វាយព្រះយេស៊ូ។ គាត់បានកែតម្រង់វិន័យក្រុមគ្រួសារកាមែលឱ្យបានស្របតាមក្បួនដើម ដោយបានបង្កើតអារាមជាច្រើនផង។ សន្តីតេរេសា និពន្ធសៀវភៅតំណាលអំពីដំណើរថ្វាយខ្លួនទៅព្រះជាម្ចាស់ ជាពិសេសអំពីការអប់រំអធិដ្ឋាន។ នៅឆ្នាំ ១៩៧០ សម្តេចប៉ាបប្រកាសថា សន្តីតេរេសានេះ “ជាគ្រូបាធ្យាយនៃព្រះសហគមន៍”។
អត្ថបទទី១
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៤,១-៨
បងប្អូនជាទីស្រឡាញ់!
ចំពោះលោកអប្រាហាំដែលជាបុព្វបុរសរបស់យើង តើយើងគិតដូចម្ដេច? តើលោកបានសុចរិតដូចម្ដេចខ្លះ?។ ប្រសិនបើលោកអប្រាហាំបានសុចរិត ដោយសារកុសលផលបុណ្យនោះ លោកអាចអួតអាងខ្លួនបានមែន។ ក៏ប៉ុន្ដែ នៅចំពោះព្រះជាម្ចាស់ លោកពុំអាចអួតអាងបានទេ ដ្បិតក្នុងគម្ពីរមានចែងថា៖ «លោកអប្រាហាំជឿលើព្រះជាម្ចាស់ ហើយព្រះអង្គប្រោសលោកឱ្យបានសុចរិត ដោយយល់ដល់ជំនឿនេះ»។ ធម្មតាអ្នកណាធ្វើការអ្វីមួយ គេពុំចាត់ទុកប្រាក់ឈ្នួលរបស់គេថាជាអំណោយទេ គឺចាត់ទុលជាប្រាក់ដែលខ្លួនត្រូវតែបាន។ ចំពោះអ្នកដែលពុំបានប្រព្រឹត្តតាមធម្មវិន័យ តែមានជំនឿលើព្រះជាម្ចាស់ដែលប្រោសមនុស្សមិនគោរពប្រណិប័តន៍ព្រះអង្គឱ្យបានសុចរិត ព្រះអង្គនឹងប្រោសអ្នកនោះឱ្យបានសុចរិតដោយយល់ដល់ជំនឿរបស់គេ។
ហេតុនេះហើយបានជាព្រះបាទដាវីឌ ថ្លែងអំពីសុភមង្គលរបស់អ្នកដែលព្រះជាម្ចាស់ប្រោសឱ្យបានសុចរិត ដោយមិនយល់ផលបុណ្យថា៖ «អស់អ្នកដែលព្រះជាម្ចាស់អត់ទោស និងលុបបំបាត់អំពើបាបចោល ពិតជាមានសុភមង្គលហើយ! បុរសណាដែលព្រះជាម្ចាស់មិនគិតគូរពីបាបរបស់ខ្លួនទេ បុរសនោះពិតជាមានសុភមង្គលហើយ!»។
ទំនុកតម្កើងលេខ ៣២,១-២.៥.៧-១១ បទព្រហ្មគីតិ
១. | អ្នកដែលព្រះជាម្ចាស់ | លើកលែងទោសប្រោសប្រណី |
រួចពីបាបទុក្ខភ័យ | មានសេរីសុខមង្គល ។ | |
២. | អស់អ្នកដែលព្រះម្ចាស់ | មិនចាប់ទោសផុតអំពល់ |
គ្មានចិត្តវៀចវិលវល់ | មានមង្គលសុខឥតល្ហែ ។ | |
៥. | រូបខ្ញុំបានសារភាព | អំពើបាបមុខព្រះម្ចាស់ |
ខ្ញុំមិនលាក់លៀមសោះ | នូវកំហុសខ្ញុំនោះឡើយ ។ | |
ទូលបង្គំពោលថា | ខ្ញុំនេះណាសារភាពហើយ | |
ទោសខ្ញុំធ្ងន់ឥតស្បើយ | ទ្រង់លើឱ្យរួចពីបាប ។ | |
៧. | ព្រះអង្គជាជម្រក | ឱ្យខ្ញុំជ្រកមិនឱ្យហ្មង |
កាពាររូបខ្ញុំផង | កម្ចាត់បង់អាសន្នភ័យ ។ | |
១១. | មនុស្សសុចរិតអើយ | កុំកន្ដើយសប្បាយឡើង |
អស់អ្នកដែលទៀងត្រង់ | ស្រែកហ៊ោរផងដោយអំណារ ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៣៣,២២
អលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់ សូមព្រះអង្គអាណិតមេត្តាដល់យើងខ្ញុំ ដ្បិតយើងខ្ញុំជឿសង្ឃឹមតែលើព្រះអម្ចាស់មួយព្រះអង្គគត់។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១២,១-៧
នៅគ្រានោះ មានមហាជនរាប់ម៉ឺននាក់ជួបជុំគ្នាណែនណាន់តាន់តាប់ស្ទើរតែដើរជាន់គ្នា។ មុនដំបូង ព្រះយេស៊ូមានព្រះបន្ទូលទៅសាវ័កថា៖« ចូរអ្នករាល់គ្នាប្រយ័ត្ននឹងមេម្សៅរបស់ពួកខាងគណៈផារីស៊ី គឺពុតត្បុតរបស់គេ។ ការលាក់កំបាំងទាំងអស់នឹងត្រូវលាតត្រដាងឱ្យគេឃើញ ហើយអាថ៌កំបាំងទាំងប៉ុន្មាន ក៏នឹងត្រូវបើកឱ្យគេដឹងដែរ។ ហេតុនេះហើយ បានជាអ្វីៗដែលអ្នករាល់គ្នានិយាយក្នុងទីងងឹត មុខជាគេឮនៅក្នុងពន្លឺថ្ងៃ ហើយអ្វីៗដែលអ្នករាល់គ្នាខ្សឹបដាក់ត្រចៀកគេនៅក្នុងបន្ទប់ មុខជាគេយកទៅប្រកាសយ៉ាងខ្លាំងនៅពីលើផ្ទះជាមិនខាន។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាជាមិត្តសម្លាញ់របស់ខ្ញុំថា ចូរកុំខ្លាចអស់អ្នកដែលសម្លាប់បានត្រឹមតែរូបកាយ ហើយមិនអាចធ្វើអ្វីដល់អ្នករាល់គ្នាថែមទៀតនោះឡើយ។ ខ្ញុំសូមប្រាប់ឱ្យដឹងថា អ្នករាល់គ្នាត្រូវខ្លាចនរណា គឺត្រូវខ្លាចព្រះជាម្ចាស់ ដ្បិតព្រះអង្គមានអំណាចផ្ដាច់ជីវិត ហើយបោះទៅក្នុងភើ្លងនរកថែមទៀតផង។ មែន! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា គឺព្រះអង្គនេះហើយដែលអ្នករាល់គ្នាត្រូវខ្លាច។ ធម្មតា គេលក់ចាបប្រាំថ្លៃពីរសេន ទោះបីថោកយ៉ាងនេះក៏ដោយ ក៏ព្រះជាម្ចាស់ឥតភ្លេចចាបណាមួយសោះឡើយ។ សូម្បីតែសក់នៅលើក្បាលរបស់អ្នករាល់គ្នា ក៏ព្រះអង្គរាប់អស់ដែរ។ ដូច្នេះ ចូរអ្នករាល់គ្នាកុំខ្លាចអ្វីឡើយព្រោះអ្នករាល់គ្នាមានតម្លៃលើសចាបជាច្រើនទៅទៀត»។