អត្ថបទព្រះគម្ពីរ
ថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១
អាទិត្យទី២៨ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា
ឬសន្ដកាលីទូស ជាសម្ដេចប៉ាប
និងជាមរណសាក្សី
មុនដំបូង លោកកាលីទូសជាទាសាគេ រួចលោកទៅជាឧបដ្ឋានរបស់សម្តេចប៉ាបសេភីរិន។ លោកចាត់ចែងទីស្មសានសម្រាប់បញ្ចុះសពគ្រីស្តបរិស័ទ។ គ្រីស្តបរិស័ទបោះឆ្នោតជ្រើសរើសលោកឱ្យបំពេញមុខងារជាអភិបាលក្រុងរ៉ូមនៅឆ្នាំ ២១៧។ តែពេលនោះលោកអ៊ីប៉ូលិតតាំងខ្លួនជាសម្តេចប៉ាបដែរ ហើយជំទាស់នឹងលោក។ ទោះបីលោកអ៊ីប៉ូលិតស្តីបន្ទោសជាខ្លាំងក៏ដោយ ក៏លោកកាលីទូសអនុញាតឱ្យគ្រីស្តបរិស័ទដែលក្បត់ជំនឿនៅពេលរដ្ឋអំណាចបៀតបៀន ធ្វើបាប ឱ្យចូលព្រះសហគមន៍វិញបាន។ គេប្រហារជិវិតលោកនៅឆ្នាំ ២២២ ពេលកើតចលាចលប្រឆាំងនឹងគ្រីស្តបរិស័ទ។
អត្ថបទទី១
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៣,២១-៣០
បងប្អូនជាទីស្រឡាញ់!
ឥឡូវនេះ ក្រៅពីធម្មតាវិន័យ ព្រះជាម្ចាស់សម្ដែងអំពីរបៀបព្រះអង្គប្រោសមនុស្សឱ្យបានសុចរិត ដូចធម្មវិន័យ និងអស់លោកព្យាការីបញ្ជាក់ទុកស្រាប់ គឺព្រះជាម្ចាស់ប្រោសអស់អ្នកដែលមានជំនឿឱ្យបានសុចរិត ដោយសារជំនឿរបស់ព្រះគ្រីស្ដ។ មនុស្សទាំងអស់មិនប្លែកពីគ្នាត្រង់ណាឡើយ គឺគេសុទ្ធតែប្រព្រឹត្តអំពើបាប ហើយឃ្លាតចាកពីសិរីរុងរឿងរបស់ព្រះជាម្ចាស់គ្រប់ៗគ្នា ប៉ុន្ដែ ព្រះជាម្ចាស់ប្រោសគេឱ្យបានសុចរិត ទុកជាព្រះអំណោយទានតាមព្រះហប្ញទ័យប្រណីសន្ដោសរបស់ព្រះអង្គ ដោយព្រះយេស៊ូគ្រីស្ដលោះគេ។ ព្រះជាម្ចាស់បានតែងតាំងព្រះគ្រីស្ដដែលបានបង្ហូរព្រះលោហិតលើឈើឆ្កាង ដើម្បីរំដោះអស់អ្នកជឿលើព្រះអង្គឱ្យរួចពីបាប។ ព្រះអង្គធ្វើដូច្នេះ ដើម្បីបង្ហាញអំពីរបៀបដែលព្រះអង្គប្រោសមនុស្សឱ្យបានសុចរិត។ កាលពីដើម ក្នុងគ្រាដែលព្រះជាម្ចាស់មានព្រះហប្ញទ័យអត់ធ្មត់នោះ ព្រះអង្គពុំបានប្រកាន់ទោសមនុស្សលោកដែលប្រព្រឹត្តអំពើបាបឡើយ នៅគ្រាឥឡូវនេះ ព្រះអង្គបង្ហាញអំពីរបៀបដែលព្រះអង្គប្រោសមនុស្សឱ្យបានសុចរិត ដើម្បីសម្ដែងថា ព្រះអង្គសុចរិត ហើយទ្រង់ប្រោសអ្នកដែលជឿលើព្រះយេស៊ូ ឱ្យបានសុចរិតដែរ។
ដូច្នេះ តើមនុស្សមានមូលហេតុអ្វីអួតអាងបាន? គ្មានទាល់តែសោះ!។ គេអាចពឹងលើអ្វី? ពឹងលើកុសលផលបុណ្យឬ? ទេ! គឺពឹងលើជំនឿវិញ ដ្បិតយើងយល់ថា ព្រះជាម្ចាស់ប្រោសមនុស្សឱ្យបានសុចរិត មកពីគេមានជំនឿ មិនមែនមកពីគេបានកុសលផលបុណ្យតាមធ្មមវិន័យនោះឡើយ។ បើមិនដូច្នោះទេ ព្រះអង្គជាព្រះរបស់សាសន៍យូដាតែប៉ុណ្ណោះ! តើព្រះអង្គមិនមែនជាព្រះរបស់សាសន៍ដទៃទៀតដែរទេឬ? ទេ! ព្រះអង្គក៏ជាព្រះរបស់សាសន៍ដទៃទៀតដែរ។ មានព្រះជាម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះដែលប្រោសសាសន៍យូដាឱ្យបានសុចរិត មកពីគេមានជំនឿ ហើយដោយសាសន៍ដទៃទៀតមានជំនឿដែរនោះ ព្រះអង្គក៏ប្រោសគេឱ្យបានសុចរិតដែរ។
ទំនុកតម្កើងលេខ ១៣០,១-៦ បទពាក្យ ៧
១. | បពិត្រព្រះជាអម្ចាស់អើយ | ខ្ញុំស្រែកដង្ហើយរកព្រះអង្គ |
ពីក្នុងរណ្ដៅជ្រៅកន្លង | មេត្តាជួយផងផុតពីស្លាប់ ។ | |
២. | សំឡេងខ្ញុំឮដូចចម្រៀង | សូមព្រះអង្គផ្ទៀងព្រះកាណ៌ស្ដាប់ |
ពាក្យខ្ញុំអង្វរទទូចប្រាប់ | រៀបរាប់រ៉ាយរ៉ាប់សូមសន្ដោស ។ | |
៣. | បពិត្រព្រះម្ចាស់ដ៏ឧត្តម | បើព្រះអង្គចាំពីកំហុស |
អំពើបាបកម្មជនប្រុសស្រី | គ្មានម្នាក់ណាសោះរួចខ្លួនឡើយ ។ | |
៤. | ប៉ុន្ដែព្រះអង្គតែងអត់ទោស | ប្រណីសន្ដោសខ្ញុំធូរស្បើយ |
រួចផុតទុក្ខទោសបានល្ហែល្ហើយ | គឺព្រះអង្គហើយខ្ញុំគោរព ។ | |
៥. | ខ្ញុំទុកចិត្តលើព្រះអម្ចាស់ | ជីវិតខ្ញុំនេះផ្ញើសព្វគ្រប់ |
សង្ឃឹមលើព្រះបន្ទូលគាប់ | មិនឈរមិនឈប់ទេព្រះអង្គ ។ | |
៦. | ខ្ញុំទន្ទឹងចាំព្រះអម្ចាស់ | ជាងអ្នកយាមផ្ទះទៅទៀតផង |
ពេញឃើញថ្ងៃរះស្រស់បំព្រង | រួចផុតទុក្ខផងមួយរាត្រី ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់! អ្នកដែលចូលចិត្តធម្មវិន័យរបស់ព្រះអង្គព្រមទាំងសញ្ជឹងគិតអំពីធម្មវិន័យទាំងយប់ ទាំងថ្ងៃពិតជាមានសុភមង្គលមែន។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១១,៤៧-៥៤
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកធម្មាចារ្យថា៖«អ្នករាល់គ្នាត្រូវវេទនាជាពុំខានព្រោះអ្នករាល់គ្នាបានសង់ផ្នូរឱ្យព្យាការី ដែលបុព្វបុរសរបស់អ្នករាល់គ្នាបានសម្លាប់។អ្នករាល់គ្នាធ្វើដូចច្នេះ បញ្ជាក់ថា អ្នករាល់គ្នាសមគំនិតនឹងអំពើដែលបុព្វបុរសរបស់អ្នករាល់គ្នាបានប្រព្រឹត្ត គឺគេបានសម្លាប់ពួកព្យាការី ហើយអ្នករាល់គ្នាបានសង់ផ្នូរ។ ហេតុនេះហើយបានជាព្រះជាម្ចាស់ ប្រកបដោយព្រះប្រាជ្ញាញាណមានព្រះបន្ទូលថា៖«យើងនឹងចាត់ព្យាការី ព្រមទាំងទូតរបស់យើងជាច្រើនឱ្យទៅរកគេ តែគេនឹងសម្លាប់ខ្លះ ព្រមទាំងបៀតបៀនខ្លះទៀតផង»។ ដូច្នេះ មនុស្សជំនាន់នេះនឹងត្រូវទទួលទោស ព្រោះបុព្វបុរសរបស់គេបានសម្លាប់ព្យាការីតាំងតែពីកំណើតពិភពលោកមក គឺចាប់តាំងពីលោកអបិល រហូតដល់លោកសាការីដែលត្រូវគេសម្លាប់នៅត្រង់ចន្លោះទីអាសនៈ និងទីសក្ការៈ។ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា មនុស្សជំនាន់នេះនឹងត្រូវទទួលទោស ព្រោះតែឃាតកម្មទាំងនោះជាមិនខាន។
« ពួកធម្មាចារ្យអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបានបិទមាគ៌ាមិនឱ្យគេចូលទៅស្គាល់ព្រះជាម្ចាស់។ អ្នករាល់គ្នាមិនត្រឹមតែមិនបានចូលខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងឃាត់អស់អ្នកដែលចង់ចូលមិនឱ្យគេចូកទៀតផង»។ ពេលព្រះយេស៊ូយាងចាកចេញពីទីនោះ ពួកធម្មាចារ្យ និងពួកខាងគណៈផារីស៊ីនាំគ្នាប្រឆាំងនឹងព្រះអង្គយ៉ាងខ្លាំង ហើយដេញដោលសួរព្រះអង្គអំពីរឿងផ្សេងៗជាច្រើនដែលសុទ្ធសឹងតែជាកលល្បិចរកចាប់កំហុសព្រះអង្គ។