អត្ថបទព្រះគម្ពីរ
ថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១
អាទិត្យទី២៨ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា
អត្ថបទទី១
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ២,១-១១
អ្នកឯងដែលថ្កោលទោសគេ ទោះបីអ្នកជានរណាក៏ដោយ ក៏អ្នកពុំអាចដោះសាខ្លួនបានដែរ។ ពេលណាអ្នកថ្កោលទោសគេ អ្នកក៏ដាក់ទោសខ្លួនឯង ព្រោះអ្នកថ្កោលទោសគេ តែអ្នកប្រព្រឹត្តដូចគេដែរ។ យើងដឹងថា ព្រះជាម្ចាស់ទ្រង់វិនិច្ឆ័យទោសអ្នកដែលប្រព្រឹត្តដូច្នេះ គឺព្រះអង្គវិនិច្ឆ័យស្របតាមសេចក្ដីពិត។ រីឯអ្នក អ្នកថ្កោលទោសគេដែលប្រព្រឹត្តដូច្នេះ តែអ្នកប្រព្រឹត្តដូចគេដែរ តើអ្នកនឹងស្មានថា នឹងបានរួចខ្លួនពីការវិនិច្ឆ័យទោសរបស់ព្រះជាម្ចាស់ឬ? ឬមួយអ្នកមើលងាយព្រះហប្ញទ័យសប្បុរស ព្រះហប្ញទ័យយោគយល់ និងព្រះហប្ញទ័យអត់ធ្មត់ដ៏ទូលំទូលាយរបស់ព្រះអង្គឬ? តើអ្នកមិនទទួលស្គាល់ថា ព្រះជាម្ចាស់មានព្រះហប្ញទ័យសប្បុរសដូច្នេះ ដើម្បីជំរុញអ្នកឱ្យកែប្រែចិត្តគំនិតទេឬ?។ ក៏ប៉ុន្ដែ ដោយអ្នកមានចិត្តរឹងរូស មិនព្រមកែប្រែចិត្តគំនិតទេនោះ អ្នកកំពុងតែសន្សំទោស ទុកសម្រាប់ថ្ងៃព្រះជាម្ចាស់ទ្រង់ព្រះពិរោធ ជាថ្ងៃដែលព្រះអង្គនឹងសម្ដែងការវិនិច្ឆ័យទោសដោយយុត្តិធម៌ គឺព្រះជាម្ចាស់នឹងប្រទានផលឱ្យម្នាក់ៗតាមអំពើដែលខ្លួនបានប្រព្រឹត្ដ ព្រះអង្គនឹងប្រទានជីវិតអស់កល្បជានិច្ច ដល់អស់អ្នកដែលព្យាយាមប្រព្រឹត្តអំពើល្អ ហើយស្វែងរកសិរីរុងរឿង កិត្តិយស និងអ្វីៗដែលមិនចេះសាបសូន្យ តែព្រះអង្គនឹងព្រះពិរោធ និងដាក់ទោសយ៉ាងធ្ងន់ចំពោះអស់អ្នកដែលគិតតែឈ្លោះប្រកែក មិនព្រមស្ដាប់តាមសេចក្ដីពិត គឺបែរទៅស្ដាប់តាមសេចក្ដីទុច្ចរិតវិញ។ ទុក្ខលំបាក ការតប់ប្រមល់ អន្ទះអន្ទែងនឹងកើតមានដល់អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ជាមិនខាន គឺមុនដំបូងដល់សាសន៍យូដាបន្ទាប់មកសាសន៍ក្រិក!។ រីឯសិរីរុងរឿង កិត្តិយស និងសេចក្ដីសុខសាន្ដនឹងកើតមានដល់អស់អ្នកដែលប្រព្រឹត្តអំពើល្អវិញ មុនដំបូងដល់សាសន៍យូដា បន្ទាប់មកសាសន៍ក្រិក ដ្បិតព្រះជាម្ចាស់មិនរើសមុខនរណាឡើយ។
ទំនុកតម្កើងលេខ ៦២,៦-៩ បទពាក្យ ៧
៦. | មែនហើយខ្ញុំនឹងបានស្ងប់ចិត្ត | ពេលបាននៅជិតព្រះអម្ចាស់ |
ខ្ញុំតែងសង្ឃឹមគ្មានក្រឡះ | លើព្រះអម្ចាស់របស់ខ្ញុំ ។ | |
៧. | ព្រះអង្គតែមួយជាថ្មដា | សង្គ្រោះពាំងពារខ្មាំងជិតជុំ |
ទ្រង់ជាកំពែងដ៏រឹងមាំ | ខ្ញុំផុតទុក្ខធំគ្មានសៅហ្មង ។ | |
៨. | ឯការសង្រ្គោះនិងសិរី | រុងរឿងថ្លាថ្លៃខ្ញុំតែម្ដង |
ស្ថិតលើព្រះអម្ចាស់ទាំងស្រុង | ព្រោះតែព្រះអង្គជាថ្មដា ។ | |
៩. | ឱប្រជាជនទាំងអស់អើយ | ចូរកុំកន្ដើយនាំគ្នីគ្នា |
ផ្ញើកាយផ្ញើចិត្ដទាំងជន្មា | លើព្រះគ្រប់គ្រាតរៀងទៅ ។ | |
ចូរទូលទុក្ខសោកក្ដីកង្វល់ | សព្វអស់អំពល់កុំទុកនៅ | |
ទ្រង់ជាជម្រកមិនអាស្រូវ | ដរាបរៀងទៅជាប់ជានិច្ច ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៩,៩
អលេលូយ៉ា! អាលេលូយ៉ា!
ធម្មវិន័យរបស់ព្រះអម្ចាស់ធ្វើឱ្យចិត្តមនុស្សមានអំណរសប្បាយ ធម្មវិន័យរបស់ព្រះអង្គបំភ្លឺចិត្តគំនិតគេឱ្យយល់។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១១,៤២-៤៦
ព្រះយេស៊ូមានព្រះបន្ទូលថា៖«ពួកផារីស៊ីអើយ! អ្នករាល់គ្នានឹងត្រូវវេទនាជាមិនខាន ព្រោះអ្នករាល់គ្នាយកជីរអង្កាម ជីរនាងល័ក្ខ និងបន្លែគ្រប់មុខមួយភាពដប់មកថ្វាយព្រះជាម្ចាស់ ប៉ុន្ដែ អ្នករាល់គ្នាធ្វេសប្រហែស មិនបានប្រព្រឹត្តតាមសេចក្ដីសុចរិត ហើយមិនបានស្រឡាញ់ព្រះអង្គឡើយ គឺការនេះហើយ ដែលអ្នករាល់គ្នាត្រូវប្រព្រឹត្ត ឯការដ៏ទៃទៀតក៏អ្នករាល់គ្នាមិនត្រូវបំភ្លេចចោលដែរ។ ពួកផារីស៊ីអើយ! អ្នករាល់គ្នាត្រូវវេទនាជាមិនខាន ព្រោះអ្នករាល់គ្នាចូលចិត្តអង្គុយនៅកន្លែងកិត្តិយស ក្នុងធម្មសាលា ហើយចូលចិត្តឱ្យគេឱនកាយគោរពអ្នករាល់គ្នានៅតាមផ្សារ។ អ្នករាល់គ្នាត្រូវវេទនាជាពំខាន ព្រោះអ្នករាល់គ្នា ប្រៀបបាននឹងផ្នូរខ្មោចដែលគេមើលមិនឃើញ ហើយត្រូវគេដើរជាន់ដោយមិនដឹងខ្លួន»។ មានធម្មាចារ្យម្នាក់ទូលព្រះអង្គថា៖«លោកគ្រូ! លោកមានប្រសាសន៍ដូច្នេះ បានសេចក្ដីថា លោកត្មះតិះដៀលយើងខ្ញុំ»។ព្រះយេស៊ូមានព្រះបន្ទូលតបថា៖«ពួកធម្មាចារ្យអើយ! អ្នករាល់គ្នាក៏នឹងត្រូវវេទនាដែរ! ព្រោះអ្នករាល់គ្នាបានបង្កើតវិន័យតឹងរ៉ឹងយកមកផ្ទុកលើមនុស្ស ហើយអ្នករាល់គ្នាមិនជួយគេទេ សូម្បីតែបន្ដិចក៏មិនជួយផង»។