អត្ថបទព្រះគម្ពីរ
ថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១
អាទិត្យទី២៨ រដូវធម្មតា
ពណ៌បៃតង
បុណ្យរម្លឹក
សន្តយ៉ូហានទី២៣ ជាសម្តេចបា៉ប
អត្ថបទទី១
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ១,១-៧
ខ្ញុំប៉ូល ជាអ្នកបម្រើរបស់ព្រះគ្រីស្តយេស៊ូ ព្រះជាម្ចាស់បានត្រាស់ហៅខ្ញុំ ឱ្យធ្វើជាគ្រីស្ដទូត និងជ្រើសរើសខ្ញុំឱ្យប្រកាសដំណឹងល្អអំពីព្រះអង្គ។ ដំណឹងល្អនេះព្រះជាម្ចាស់បានសន្យាទុកជាមុនក្នុងព្រះគម្ពីរ តាមរយៈពួកព្យាការីរបស់ព្រះអង្គ ស្ដីអំពីព្រះបុត្រារបស់ព្រះអង្គ។ បើគិតជាមនុស្ស ព្រះបុត្រាប្រសូតមកក្នុងព្រះរាជវង្សរបស់ព្រះបាទដាវីឌ តែបើគិតជាព្រះវិញ្ញាណដែលផ្ដល់ឱ្យមនុស្សបានវិសុទ្ធវិញ ព្រះជាម្ចាស់បានតែងតាំងព្រះអង្គជាព្រះបុត្រា ប្រកបដោយឫទ្ធានុភាព ដោយប្រោសព្រះអង្គឱ្យមានព្រះជន្មរស់ឡើងវិញ។ តាមរយៈព្រះបុត្រា គឺព្រះយេស៊ូគ្រីស្ដជាអម្ចាស់នៃយើង ព្រះជាម្ចាស់បានប្រណីសន្តោសយើង និងប្រទានឱ្យយើងមានមុខងារជាគ្រីស្តទូត ដើម្បីនាំជាតិសាសន៍ទាំងអស់ប្រតិបត្តិតាមជំនឿ សម្រាប់លើកតម្កើងព្រះនាមព្រះអង្គ។ បងប្អូនដែលព្រះយេស៊ូគ្រីស្តបានត្រាស់ហៅក៏នៅក្នុងចំណោមជាតិសាសន៍ទាំងនោះដែរ។ សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និងព្រះយេស៊ូគ្រីស្តជាអម្ចាស់ ប្រណីសន្តោស និងប្រទានសេចក្តីសុខសាន្តដល់បងប្អូន!។
ទំនុកតម្កើងលេខ ៩៨,១-៥ បទកាកគតិ
១. | ចូច្រៀងបទថ្មី | ថ្វាយព្រះម្ចាស់ថ្លៃ | កុំភ្លេចឡើយណា |
ដ្បិតទ្រង់ប្រព្រឹត្ត | សព្វកិច្ចអស្ចារ្យ | ដោយឬទ្ធិចេស្តា | |
យកជ័យជំនះ ។ | |||
២. | ព្រះម្ចាស់បង្ហាញ | ប្រជាឱ្យឃើញ | ពីការសង្រ្គោះ |
ព្រះអង្គសម្ដែង | ឱ្យគេទាំងអស់ | ឃើញសុចរិតស្មោះ | |
របស់ព្រះអង្គ ។ | |||
៣. | ព្រះអង្គនៅតែ | សម្ដែងឥតប្រែ | ករុណាត្រចង់ |
ព្រះទ័យស្មោះស្ម័គ្រ | អ៊ីស្រាអែលផង | សុចរិតឥតហ្មង | |
ចងចាំទាំងអស់ ។ | |||
មនុស្សម្នាមូលមីរ | រស់នៅគ្រប់ទី | ឆ្ងាយទាំងស្រីប្រុស | |
នៃភពផែនដី | ឃើញការសង្រ្គោះ | ព្រះម្ចាស់របស់ | |
យើងគ្រប់ៗគ្នា ។ | |||
៤. | ជនទាំងប្រុសស្រី | នៅលើផែនដី | រៀបចំអង្គា |
អបអរសាទរ | ថ្វាយព្រះនាមា | ស្រែកហ៊ោរខ្ញៀវខ្ញា | |
ដោយតូរ្យតន្រ្តី ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៩៥,៨
អលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ កុំមានចិត្តរឹងរូសឡើយ! ចូរនាំគ្នាប្រុងត្រចៀកស្តាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១១,២៩-៣២
ខណៈនោះ មហាជនប្រជុំគ្នាយ៉ាងច្រើនកុះករ ព្រះយេស៊ូមានព្រះបន្ទូលថា៖«មនុស្សជំនាន់នេះអាក្រក់ណាស់ គេចង់តែឃើញទីសម្គាល់ដ៏អស្ចារ្យ ប៉ុន្តែ ព្រះជាម្ចាស់មិនប្រទានទីសម្គាល់ណាផ្សេង ក្រៅពីទីសម្គាល់របស់ព្យាការីយ៉ូណាសឡើយ។ លោកយ៉ូណាសបានធ្វើជាទីសម្គាល់ឱ្យអ្នកក្រុងនីនីវេឃើញយ៉ាងណា បុត្រមនុស្សក៏នឹងធ្វើជាទីសម្គាល់ឱ្យមនុស្សជំនាន់នេះឃើញយ៉ាងនោះដែរ។ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក មហាក្សត្រីស្រុកខាងត្បូងនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម ព្រះនាងយាងមកពីតំបន់ដាច់ស្រយាលនៃផែនដី ដើម្បីស្តាប់ព្រះបន្ទូលរបស់ស្តេចសាឡូម៉ូនដែលប្រកបដោយប្រាជ្ញាឈ្លាសវៃ។ រីឯនៅទីនេះ មានម្នាក់ប្រសើរលើសស្តេចសាឡូម៉ូនទៅទៀត។ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងនីនីវេនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម អ្នកក្រុងនីនីវេបានកែប្រែចិត្តគំនិតនៅពេលឮសេចក្តីដែលព្យាការីយ៉ូណាសប្រកាស។ រីឯនៅទីនេះ មានម្នាក់ប្រសើរលើសព្យាការីយ៉ូណាសទៅទៀត!»។