អត្ថបទព្រះគម្ពីរ
ថ្ងៃសៅរ៍ ទី៩ ខែតុលា ឆ្នាំ២០២១
អាទិត្យទី២៧ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា

ឬសន្តដឺនីស ជាអភិបាល និងសហជីវិន ជា​មរណសាក្សី

ប្រហែលនៅឆ្នាំ ២៥៨ លោកឌឺនិស ជាអភិបាលព្រះសហគមន៍មុនគេនៅក្រុងប៉ារីស (ប្រទេសបារាំង) ត្រូវអាជ្ញាធរប្រហារជិវិត រួមជាមួយលោកបូជាចារ្យអេលើថែរ និងលោកឧបដ្ឋាករូស្ទីក។

ឬសន្តយ៉ូហាន លេអូណាឌី ជាបូជាចារ្យ

លោកយ៉ូហានលេអូណារឌី (១៥៤១-១៦០៩) បង្កើតក្រុមគ្រួសារបព្វជិតមួយ ដើម្បីការពារជំនឿនៅប្រទេសអ៊ីតាលី។ លោកក៏បានបង្កើតទេវវិទ្យាល័យ ដើម្បីអប់រំបូជាចារ្យសម្រាប់ប្រទេសដែលមិនទាន់មានព្រះសហគមន៍ពេញលេញនៅឡើយ។ លោកទទួលមរណភាព ពេលព្យាបាលអ្នកមានអាសន្នរោគដោយជំងឺឆ្លង។

អត្ថបទទី១
សូមថ្លែងព្រះគម្ពីរព្យាការីយ៉ូអែល យអ ៤,១២-២១

ព្រះអម្ចាស់មានព្រះបន្ទូលថា៖«​ចូរឱ្យប្រជាជាតិនានាក្រោកឡើង ទៅប្រមូលផ្តុំគ្នា​នៅជ្រលងភ្នំហៅថា យ៉ូសាផាត (ឈ្មោះនេះមានន័យថា គឺព្រះអម្ចាស់វិនិច្ឆ័យ)ដ្បិតយើងនឹងអង្គុយវិនិច្ឆ័យទោសប្រជាជាតិទាំងអស់ដែលរស់នៅជុំវិញក្នុងជ្រលងភ្នំនោះ។ ស្រូវទុំហើយ! ចូរនាំគ្នាយកកណ្ដៀវមកច្រូត! ធុងសម្រាប់ជាន់ផ្លែទំពាំងបាយជូរពេញ​ហើយ! ចូរនាំគ្នាមកជាន់! ធុងពេញហៀរទៅដោយទឹកទំពាំងបាយជូរ! ពួកគេប្រព្រឹត្ដ​អំពើអាក្រក់ច្រើនណាស់!។ មហាជនដ៏ច្រើនឥតគណនានាំគ្នាមកដល់ជ្រលងភ្នំហៅថា​ជ្រលងវិនិច្ឆ័យទោស ដ្បិតថ្ងៃរបស់ព្រះអម្ចាស់ជិតមកដល់ នៅជ្រលងភ្នំវិនិច្ឆ័យទោស​នេះហើយ!។ ព្រះអាទិត្យ និងព្រះចន្ទនឹងងងឹតសូន្យ រីឯផ្កាយទាំងឡាយក៏បាត់រស្មីដែរ។​ព្រះអម្ចាស់បន្លឺព្រះសូរសៀងពីភ្នំស៊ីយ៉ូន ព្រះអង្គស្រែកគំរាមពីក្រុងយេរូសាឡឹម ផ្ទៃមេឃ និងផែនដីក៏កក្រើករំពើក ប៉ុន្តែ ព្រះអម្ចាស់ការពារប្រជារាស្រ្តរបស់ព្រះអង្គ ព្រះអង្គជាជម្រករបស់ជនជាតិអ៊ីស្រាអែល។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជា​ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា យើស្ថិតនៅលើភ្នំស៊ីយ៉ូន ជាភ្នំដ៏វិសុទ្ធរបស់យើង​ក្រុងយេរូសាឡឹមនឹងបានវិសុទ្ធ ហើយជាតិសាសន៍ដទៃលែងមកឈ្លានពានក្រុងនេះ​ទៀត។ នៅគ្រានោះ នឹងមានចម្ការទំពាំងបាយជូរពាសពេញភ្នំ ផ្តល់ទឹកទំពាំងបាយជូរ​ដ៏ហូរហៀរ។ នៅតាមភ្នំតូចៗ ក៏មានហ្វូងសត្វយ៉ាងច្រើនដែលផ្ដល់ទឹកដោះដ៏ហូរ​ហៀរដែរ។ នៅតាមជ្រោះទាំងប៉ុន្មានក្នុងស្រុកយូដានឹងមានទឹកហូរ។ មានប្រភពទឹក​មួយហូរចេញពីព្រះដំណាក់របស់ព្រះអម្ចាស់ ទៅស្រោចស្រពជ្រលងភ្នំអំពឹល។ ស្រុក​អេស៊ីបនឹងក្លាយទៅជាទីស្មសាន ស្រុកអេដុមនឹងក្លាយទៅជាវាលរហោស្ថានដ៏ស្ងាត់ជ្រងំ ព្រោះតែអំពើឃោរឃៅដែលពួកគេបានប្រព្រឹត្តចំពោះកូនចៅយូដា ហើយបង្ហូរឈាម​ប្រជាជនស្លូតត្រង់នៅក្នុងស្រុករបស់គេ។ រីឯស្រុកយូដានឹងមានមនុស្សរស់នៅរហូត​តទៅ ហើយក្រុងយេរូសាឡឹមក៏មានមនុស្សរស់នៅអស់កល្បជាអង្វែងតរៀងទៅដែរ។ យើងនឹងលើកលែងទោសឱ្យប្រជាជននេះ ចំពោះអំពើឧក្រិដ្ធដែលយើងពុំទាន់លើកលែង​ទោសឱ្យនៅឡើយ។ យើងជាព្រះអម្ចាស់នឹងគង់នៅក្រុងស៊ីយ៉ូន»។

ទំនុកតម្កើងលេខ ៩៧,១-២,៥-៦,១១-១២ បទពាក្យ ៧

១.ព្រះជាអម្ចាស់ទ្រង់គ្រងរាជ្យពេញដោយអំណាចដ៏យូរលង់
ចូរឱ្យផែនដីរីករាយឡើងកោះទាំងឡាយផងអរសប្បាយ ។
២.មានពពកខ្មួលខ្មៅងងឹតព័ទ្ធពេនជុំជិតព្រះម្ចាស់ថ្លៃ
ព្រះអង្គគ្រងរាជ្យដោយប្រពៃសុចរិតថ្លាថ្លៃល្អត្រចង់ ។
៥.ភ្នំនានាដែលនៅចំពោះភក្រ្តព្រះអម្ចាស់ត្រូវអន្ដរាយ
ដូចជាក្រមួនត្រូវរលាយដោយកម្ដៅថ្ងៃនៅមិនបាន ។
៦.ផ្ទៃមេឃក៏បានស្រែកប្រកាសពីក្ដីសប្បុរសល្អថ្កើងថ្កាន
ឱ្យប្រជារាស្រ្ដទាំងប៉ុន្មាននៅគ្រប់ទីស្ថានបានដឹងយល់ ។
១១មានទាំងពន្លឺបំភ្លឺមនុស្សមានចិត្តសប្បុរសសុចរិតថ្លា
ជនដែលទៀងត្រង់គ្រប់អាត្មាអរឥតឧបមាសប្បាយក្រៃ ។
១២ឱ! ពួកអ្នកសុចរិតទាំងឡាយចូរអ្នករីករាយកុំគិតអ្វី
ចំពោះកិច្ចការព្រះម្ចាស់ថ្លៃប្រព្រឹត្តរាល់ថ្ងៃកន្លងមក ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក​ ១១,២៨

អលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអនុវត្តន៍តាម
អ្នកនោះពិតជាមានសុភមង្គលមែន។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១១,២៧-២៨

ព្រះយេស៊ូកំពុងតែមានព្រះបន្ទូល ស្រាប់តែមានស្រ្ដីម្នាក់បន្លឺសំឡេងចេញពីចំណោម​បណ្ដាជនទូលព្រះអង្គថា៖«ស្រ្តីដែលបានបង្កើតលោក ព្រមទាំងបានបំបៅលោក ពិតជា​​មានសុភមង្គលមែន‌! »។ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖«អ្នកណាស្ដាប់ព្រះបន្ទូល​របស់ព្រះជាម្ចាស់ ហើយអនុវត្តន៍តាម គឺអ្នកនោះហើយដែលមានសុភមង្គលពិតមែន»។

120 Views

Theme: Overlay by Kaira