អត្ថបទព្រះគម្ពីរ
ថ្ងៃព្រហស្បតិ៍ ទី៧ ខែតុលា ឆ្នាំ២០២១
អាទិត្យទី២៧ រដូវធម្មតា
ពណ៌ស
បុណ្យរម្លឹក

ព្រះនាងព្រហ្មចារិនីម៉ារី តាមមាលា
(សូត្រផ្គាំ)

ព្រះនាងម៉ារីជាគំរូគ្រីស្តបរិស័ទ ព្រោះព្រះនាងមានជំនឿលើព្រះជាម្ចាស់ដោយចិត្តស្មោះ។ តាំងពីយូរ សតវត្សមកហើយ គ្រីស្តបរិស័ទធ្លាប់សរសើរលើកតម្កើងព្រះជាម្ចាស់ ដោយរួមចិត្តជាមួយព្រះនាងម៉ារីតាម ព្រឹត្តិការណ៍ដ៏អស្ចារ្យដែលកើតមានឡើងក្នុងជិវិតរបស់ព្រះនាង ទាំងនឹករឭកពាក្យជម្រាបសួររបស់ទេវទូត និង របស់នាងអេលីសាប៊ែតផង។ គេហៅរបៀបអធិដ្ឋាននេះថា៖ “សូត្រផ្គាំ” ឬ “សូត្រមាលា” ព្រោះគ្រីស្តបរិស័ទ ដូចជាយកភួងផ្កាមកបំពាក់ព្រះនាម៉ារី។

អត្ថបទទី១
សូមថ្លែងព្រះគម្ពីរព្យាការីម៉ាឡាគី មគ ៣,១៣-២០

ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «អ្នករាល់គ្នាតែងពោលពាក្យព្រហើនដាក់យើងហើយអ្នករាល់គ្នាពោលថា ”តើយើងខ្ញុំពោលពាក្យទាស់នឹងព្រះអង្គដូចម្ដេចខ្លះ?”។​ អ្នករាល់គ្នាតែងពោលថា «ពួកយើងខំបម្រើព្រះជាម្ចាស់ តែគ្មានបានការអ្វីទេ ពួកយើងខំ​ធ្វើតាមបង្គាប់របស់ព្រះអង្គ ហើយខំដើរតាមព្រះអម្ចាស់នៃពិភពទាំងមូល ទាំងកាន់ទុក្ខ​ដូច្នេះ តើបានចំណេញអ្វី? ពួកយើងសង្កេតឃើញថា ឥឡូវនេះ មានតែមនុស្សព្រហើន​ទេដែលមានសុភមង្គល ហើយមនុស្សប្រព្រឹត្តអំពើអាក្រក់បែរជាបានចម្រុងចម្រើនទៅ​វិញ។ ទោះបីពួកគេល្បងលមើលព្រះជាម្ចាស់ក្ដី​ ក៏ពួកគេគេចផុតពីទុក្ខទោសជានិច្ច»។ រីឯអស់អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់ពិភាក្សាគ្នាទៅវិញទៅមក ព្រះអម្ចាស់​ទ្រង់ព្រះសណ្ដាប់ពាក្យសម្ដីរបស់ពួកគេ។ គេបានចារឈ្មោះរបស់អស់អ្នកដែលគោរពកោតខ្លាចព្រះនាមព្រះអម្ចាស់ក្នុងក្រាំងមួយ ទុកជាទីរឭកនៅចំពោះព្រះភក្រ្តព្រះអង្គ។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖«នៅថ្ងៃដែលយើងបានកំណត់ទុក អ្នក​ទាំងនោះនឹងទៅជាប្រជារាស្រ្ដរបស់យើង ពួកគេនឹងទៅជាប្រជារាស្រ្ដដែលជាចំណែក​មត៌ករបស់យើងផ្ទាល់។ យើងនឹងត្រាប្រណីពួកគេ ដូចឪពុកត្រាប្រណីកូនដែលបម្រើ​ឪពុក។ ពេលនោះ អ្នករាល់គ្នានឹងឃើញសាជាថ្មីថា មនុស្សសុចរិត និងមនុស្សអាក្រក់​ខុសប្លែកពីគ្នាយ៉ាងណា ហើយអ្នកគោរពបម្រើព្រះជាម្ចាស់ និងអ្នកមិនគោរពបម្រើក៏ខុសប្លែកគ្នាយ៉ាងណាដែរ ដ្បិតថ្ងៃដែលយើងវិនិច្ឆ័យជិតមកដល់ហើយ ថ្ងៃនោះប្រៀប​បាននឹងភ្លើងដ៏សន្ធោសន្ធៅ។ មនុស្សព្រហើន និងមនុស្សប្រព្រឹត្ដអំពើអាក្រក់ ប្រៀបបីដូចជាចំបើង។ ថ្ងៃនោះ នឹងឆេះកម្ទេចពួកគេ ឥតទុកឱ្យនៅសេសសល់អ្វីឡើយ។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ រីឯអ្នករាល់គ្នាដែលកោតខ្លាចនាមយើងវិញ ការសង្គ្រោះរបស់យើងនឹងលេចមកដូច ព្រះអាទិត្យរះលើអ្នករាល់គ្នា​ទាំងប្រោសអ្នករាល់គ្នាឱ្យបានជាសះស្បើយផង»។

ទំនុកតម្កើងលេខ ១,១-៦ បទកាកគតិ

១.អ្នកមិនប្រព្រឹត្តតាមមនុស្សទុច្ចរិតមិនស្ដាប់ទូន្មាន
ហើយមិនចូលចិត្តដើរតាមស្នាមដានអ្នកនោះនឹងមាន
មង្គលពេកក្រៃ ។
២.តែតាមការពិតពួកគេចូលចិត្តនឹងធម្មវិន័យ
របស់ព្រះម្ចាស់ទាំងយប់ទាំងថ្ងៃសញ្ជឹងរំពៃ
៣.អ្នកនោះប្រៀបបានដើមឈើល្អថ្កានដុះក្បែរផ្លូវទឹក
មិនស្លោកស្រពោនឱ្យផលផ្លែស្លឹកចម្រើនសន្ធឹក
តាមកាលរដូវ ។
៤.រីមនុស្សអាក្រក់មានចិត្តគម្រក់កេរិ៍្ដឈ្មោះអាស្រូវ
ពួកគេប្រៀបបានអង្កាមដែលត្រូវខ្យល់ផាត់ប៉ើងទៅ
បាចសាចខ្ចាត់ខ្ចាយ ។
៥.ថ្ងៃព្រះអម្ចាស់វិនិច្ឆ័យទោសជនពាលទាំងឡាយ
ព្រមទាំងមនុស្សបាបមិនស្ថិតស្ថេរឡើយត្រូវតែឃ្លាតឆ្ងាយ
ពីអ្នកសុចរិត ។
៦.ដ្បិតព្រះអម្ចាស់ស្គាល់ប្រាកដណាស់មាគ៌ាប្រណីត
នៃមនុស្សល្អស្មោះសរសុចរិតមាគ៌ាឧក្រិដ្ឋ
នាំខ្លួនអន្ដរាយ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់ជាព្រះរបស់យើងខ្ញុំ! សូមព្រះអង្គបំភ្លឺចិត្តគំនិតយើងខ្ញុំ
ដើម្បីឱ្យយើងខ្ញុំខិតខំស្វែងរកព្រះបន្ទូលព្រះអង្គដោយចិត្តស្រឡាញ់ផង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១១,៥-១៣

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖«ក្នុងចំណោមអ្នករាល់គ្នា បើម្នាក់មានមិត្តសម្លាញ់មករកទាំងពាក់កណ្ដាលអធ្រាត្រ ហើយពោលថា៖«សម្លាញ់អើយ!ឱ្យគ្នាខ្ចីនំប័ុងបីដុំសិនមក ព្រោះមានមិត្តភក្ដិទើបនឹងធ្វើដំណើរមកដល់ ហើយគ្មាន​អ្វីទទួលគេសោះ»។ អ្នកនៅក្នុងផ្ទះឆ្លើយមកវិញថា៖«កុំរំខានគ្នាធ្វើអ្វី គ្នាបានខ្ទាស់​ទ្វារទៅហើយ ម្យ៉ាងទៀត កូនចៅគ្នាកំពុងដេកលក់ផង គ្នាមិនអាចក្រោកទៅយកនំប័ុង​ឱ្យសម្លាញ់ឯងបានទេ»។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ម្ចាស់ផ្ទះប្រាកដជាក្រោកទៅយកនំប័ុង ព្រមទាំងអ្វីៗដែលមិត្តសម្លាញ់របស់គាត់ត្រូវការជាមិនខាន។ គាត់ក្រោកទៅយកដូច្នេះ មិនមែនមកពីគាត់យោគយល់មិត្តសម្លាញ់ទេ គឺមកពីមិត្ដសម្លាញ់នោះចេះតែរំខានមិនឈប់។ រីឯខ្ញុំវិញ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចូរសុំគង់តែព្រះជាម្ចាស់នឹងប្រទានឱ្យ ចូរ​ស្វែងរកគង់តែនឹងឃើញ ចូរគោះទ្វារ នោះព្រះអង្គគង់តែនឹងបើកឱ្យអ្នករាល់គ្នាជាពុំខាន ដ្បិតអ្នកណាដែលសុំ រមែងតែងតែទទួល អ្នកណាស្វែងរករមែងតែងតែឃើញ ហើយ​គេតែងតែបើកទ្វារឱ្យអ្នកដែលគោះ។ ក្នុងចំណោមអ្នករាល់គ្នា បើកូនសុំត្រី មិនដែល​មានឪពុកណាយកពស់ឱ្យវាទេ បើកូនសុំពងមាន់ ក៏មិនដែលមានឪពុកណាយកខ្យាដំរី​ឱ្យវាដែរ។ សូម្បីតែអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ក៏ចេះឱ្យរបស់ល្អៗទៅកូន ចុះចំណង់បើព្រះបិតាដែលគង់នៅស្ថានបរមសុខ តើព្រះអង្គនឹងប្រទានព្រះវិញ្ញាណដ៏វិសុទ្ធឱ្យអស់អ្នកដែលទូលសុំពីព្រះអង្គយ៉ាងណាទៅទៀត!»។

228 Views

Posted in មិន​មាន​ចំណាត់​ក្រុមTagged ,
Theme: Overlay by Kaira