អត្ថបទព្រះគម្ពីរ
ថ្ងៃពុធ ទី៦ ខែតុលា ឆ្នាំ២០២១
អាទិត្យទី២៧ រដូវធម្មតា
ពណ៌ស្វាយ
បុណ្យឱឡារិក

បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ

នៅថ្ងៃនេះ គ្រីស្តបរិស័ទនាំគ្នានឹកដល់វិញ្ញាណក្ខន្ធរបស់អស់អ្នកដែលចែកឋានទៅហើយ សូអង្វរព្រះជាម្ចាស់ សូមទ្រង់ព្រះមេត្តាអាណិតអាសូរដល់មរណបុគ្គលទាំងនោះ សូមលើកលែងទោសឱ្យគេ និងទទួលគេនៅស្ថានបរមសុខផង។

អ្នកចូលទៅកាន់ជិវិតដ៏ពេញលក្ខណៈ ត្រូវតែរួមស្លាប់ជាមួយព្រះយេស៊ូគ្រីស្ត។ នៅថ្ងៃនេះ គ្រីស្តបរិស័ទប្រកាសជំនឿ និងសេចក្តីសង្ឈឹមរបស់ខ្លួនទៅលើព្រះគ្រីស្ត ដែលមានព្រះបន្ទូលថា៖ «ខ្ញុំនឹងផ្តល់ឱ្យអ្នករស់ឡើយវិញ និងឱ្យគេមានជិវិតផង អ្នកជឿសង្ឈឹមលើខ្ញុំ ទោះបីស្លាប់ទៅហើយក្តី ក៏នឹងមានជិវិតមិនខានដែរ»។

អត្ថបទទី១
សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ២៥,៦-៩

ព្រះជាម្ចាស់នៃពិភពលោកទាំងមូល នឹងជប់លៀងប្រជាជនទាំងអស់នៅលើភ្នំស៊ីយ៉ូន គឺមានម្ហូបដ៏ឆ្ងាញ់ពិសា និងស្រាទំពាំងបាយជូរដ៏មានឧិជារសបំផុត មានសាច់ចំឡក និងស្រាទំពាំងបាយជូរដែលគេសម្រាំងយ៉ាងល្អ។ នៅលើភ្នំនោះ ព្រះអង្គនឹងដកសម្លៀកបំពាក់កាន់ទុក្ខចេញពីប្រជាជនទាំងប៉ុន្មាន ហើយក៏ដកទុក្ខព្រួយចេញពីប្រជាជាតិទាំងអស់ដែរ។ ព្រះអង្គនឹងបំបាត់សេចក្តីស្លាប់រហូតតទៅ ព្រះជាម្ចាស់នឹងជូតទឹកភ្នែកចេញពីមុខរបស់មនុស្សទាំងអស់ ហើយព្រះអង្គក៏ដកការអាម៉ាស់នៃប្រជារាស្ត្ររបស់ព្រះអង្គចេញពីទឹកដីទាំងមូលដែរ។ នេះជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅថ្ងៃនោះ គេនឹងពោថា៖  «ព្រះជាម្ចាស់ជាព្រះបិតានៃយើង! យើងបានផ្ញើជិវិតលើព្រះអង្គហើយ ព្រះអង្គសង្គ្រោះយើង យើងបានផ្ញើជិវិតលើព្រះអង្គម្ចាស់មែន! ចូរយើងសប្បាយរីករាយ និងមានអំណរឡើង ដ្បិតព្រះអង្គជាព្រះសង្គ្រោះរបស់យើង!”។

ទំនុកតម្កើងលេខ ៣១ (៣០),២.៦.៨-៩,១៥-១៧.២៣                                       បទកាកគតិ

២.ឱព្រះអម្ចាស់ខ្ញុំសូមប្រកាសសូមជ្រកក្រោមម្លប់
ជារៀងរហូតឥតមានឈរឈប់ទាំងថ្ងៃទាំងយប់
សូមរំដោះផង ។
៦.ខ្ញុំសូមប្រគល់វិញ្ញាណនិមលថ្វាយអង្គក្សត្រា
ទៅក្នុងព្រះហស្តព្រះម្ចាស់ហើយណាព្រោះព្រះអង្គជា
ព្រះទុកចិត្តបាន ។
៨.ចិត្តខ្ញុំស្រស់ថ្លាអរឥតឧបមារីករាយសប្បាយ
ដោយសារព្រះអង្គទ្រង់មានព្រះទ័យករុណាប្រណី
ពេលខ្ញុំវេទនា ។
៩.ទ្រង់មិនបណ្តោយឱ្យរូបខ្ញុំធ្លោយខ្លោចផ្សាគ្រាំគ្រា
ធ្លាក់ទៅក្នុងដៃរបស់បច្ចាសូមទ្រង់ករុណា
មេត្តាប្រណី ។
១៦.អាយុជីវិតរបស់ខ្ញុំស្ថិតដោយក្តីសុខដុម
នៅក្នុងព្រះហស្តព្រះម្ចាស់ឧត្តមសូមរំដោះខ្ញុំ
ផុតពីដៃខ្មាំង ។
១៧.សូមបែរព្រះភក្ត្រទតមកមើលអ្នកបម្រើព្រះអង្គ
មេត្តាសង្គ្រោះទូលបង្គំផងដោយហឫទ័យទ្រង់
ប្រណីករុណា ។
២៣​.ពេលខ្ញុំខ្វល់ចិត្តវិលវល់គំនិតជួបទុក្ខគ្រោះភ័យ
ខ្ញុំនឹកស្មានថាទ្រង់លែងប្រណីតែពេលខ្ញុំស្តី
ទ្រង់ស្តាប់ពាក្យខ្ញុំ ។

អត្ថបទទី
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ១៤,៧-១២

បងប្អូនជាទីស្រឡាញ់!
ក្នុង​ចំណោម​បង‌ប្អូន គ្មាន​នរណា​ម្នាក់​រស់ ឬ​ស្លាប់​សម្រាប់​ខ្លួន​ឯង​ឡើយ។ ដ្បិត​បើ​យើង​រស់ យើង​រស់​សម្រាប់​ព្រះ‌អម្ចាស់ ហើយ​បើ​យើង​ស្លាប់ ក៏​ស្លាប់​សម្រាប់​ព្រះ‌អម្ចាស់​ដែរ។ ទោះ​បី​យើង​រស់​ក្តី ស្លាប់​ក្តី យើង​ថ្វាយ​ខ្លួន​ទៅ​ព្រះ‌អម្ចាស់​ជា‌និច្ច ដ្បិត​ព្រះ‌គ្រីស្ដ​បាន​សោយ​ទិវង្គត និង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញដើម្បី​ធ្វើ​ជា​ព្រះ‌អម្ចាស់​ ទាំង​លើ​មនុស្ស​ស្លាប់ ​ទាំង​លើ​មនុស្ស​រស់។ រីឯ​អ្នក ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ថ្កោល​ទោស​បង‌ប្អូន​របស់​អ្នក? ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មើល‌ងាយ​បង‌ប្អូន​របស់​អ្នក?។ យើង​ទាំង​អស់​គ្នា​នឹង​ទៅ​ឈរ​នៅ​មុខ​តុលា​ការ​របស់​ព្រះ‌ជាម្ចាស់ ដ្បិត​មាន​ចែង​ទុក​មក​ថា៖ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ពិត​ដូច​យើង​មាន​ជីវិត​រស់​យ៉ាង​ណាមនុស្ស​ទាំង​អស់​ពិត​ជា​លុត​ជង្គង់​ថ្វាយ‌បង្គំ​យើង ហើយ​ប្រកាស​ទទួល​ស្គាល់​ព្រះ‌ជាម្ចាស់យ៉ាង​នោះ​ដែរ​ ដូច្នេះ យើង​ត្រូវ​រៀប​រាប់​ទូល​ព្រះ‌ជាម្ចាស់​នូវ​អំពើ​ដែល​ខ្លួន​យើង​ម្នាក់ៗ​បាន​ប្រព្រឹត្ត។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាលក ២១,៣៦

អលេលូយ៉ា! អាលេលូយ៉ា!
ចូរប្រុងស្មារតី និងទូលអង្វរគ្រប់ពេលវេលា ដើម្បីឱ្យអ្នករាល់គ្នាអាចឈរនៅមុខបុត្រមនុស្ស។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១២,៣៥-៤០

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖«ចូរ​ប្រុង‌ប្រៀប​ខ្លួន ហើយ​ទុក​ឱ្យ​ចង្កៀង​របស់​អ្នក​រាល់​គ្នា​នៅ​ឆេះ។ ចូរ​ប្រព្រឹត្ត​ឱ្យបាន​ដូច​ពួក​អ្នក​បម្រើដែល​រង់‌ចាំ​ម្ចាស់​វិល​ត្រឡប់​មក​ពី​ជប់‌លៀង​វិញ គឺ​នៅ​ពេល​មក​ដល់ លោក​គោះ​ទ្វារ អ្នក​បម្រើ​ទៅ​បើក​ជូន​ភ្លាម។ ពេល​ម្ចាស់​ត្រឡប់​មក​ដល់ ឃើញ​អ្នក​បម្រើ​ណា​នៅ​រង់‌ចាំ​លោក អ្នក​បម្រើ​នោះ​មាន​សុភមង្គល​ហើយ។ ខ្ញុំ​សុំ​ប្រាប់​ឱ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា លោក​នឹង​ឱ្យ​អ្នក​បម្រើ​អង្គុយ​បរិភោគ ហើយ​លោក​រៀប‌ចំ​ខ្លួន​បម្រើ​គេ​វិញ។ បើ​លោក​វិល​មក​វិញ​នៅ​ពាក់​កណ្ដាល​អធ្រាត្រ ឬ​ជិត​ភ្លឺ ហើយ​ឃើញ​អ្នក​បម្រើ​ទាំង​នោះ​នៅ​រង់‌ចាំ​ដូច្នេះ ពួក​គេ​ប្រាកដ​ជា​មាន​សុភមង្គល។ អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា បើ​ម្ចាស់​ផ្ទះ​ដឹង​ចោរ​ចូល​មក​ប្លន់​ថ្មើរ​ណា គាត់​នឹង​មិន​បណ្ដោយ​ឱ្យវា​ចូល​មក​ក្នុង​ផ្ទះ​គាត់​ឡើយ។ រីឯ​អ្នក​រាល់​គ្នា​វិញ ចូរ​ត្រៀម​ខ្លួន​ជា‌និច្ច ដ្បិត​បុត្រ​មនុស្សនឹង​មក​ដល់នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​ពុំ​បាន​គិត»។

208 Views

Posted in មិន​មាន​ចំណាត់​ក្រុមTagged ,
Theme: Overlay by Kaira