អត្ថបទព្រះគម្ពីរ
ថ្ងៃអង្គារ ទី៥ ខែតុលា ឆ្នាំ២០២១
អាទិត្យទី២៧ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា

អត្ថបទទី១
សូមថ្លែងព្រះគម្ពីរព្យាការីយ៉ូណាស យណ ៣,១-១០

ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីយ៉ូណាសម្តងទៀតថា៖«ចូរក្រោកឡើង​ចេញ​ដំណើរទៅក្រុងនីនីវេមហានគរជាបន្ទាន់ ហើយប្រកាសប្រាប់អ្នកក្រុងនោះ​ឱ្យបានដឹង​អំពីសេចក្តីដែលយើងនឹងប្រាប់អ្នក!»។ លើកនេះ ​លោកយ៉ូណាសធ្វើតាម​ព្រះបញ្ជារបស់​ព្រះអម្ចាស់ គឺលោកក្រោកឡើង ចេញដំណើរឆ្ពោះទៅកាន់ក្រុងនីនីវេ។ ក្រុងនីនីវេជាក្រុង​មួយដ៏ធំសម្បើមអស្ចារ្យ ដើម្បីដើរកាត់ក្រុងនេះត្រូវចំណាយពេល​អស់បីថ្ងៃទើបបាន។ លោកយ៉ូណាសដើរកាត់ទីក្រុងអស់មួយថ្ងៃ ទាំងប្រកាសថា៖​ «សែសិបថ្ងៃទៀតព្រះអម្ចាស់​នឹងបំផ្លាញក្រុងនេះហើយ!»។ ពេលនោះ អ្នកក្រុងនីនីវេ​នាំគ្នាជឿលើព្រះជាម្ចាស់។ ពួកគេ​ប្រកាសឱ្យមនុស្សគ្រប់ៗរូប ចាប់ពីនាម៉ឺនមន្រ្តី រហូតដល់ប្រជាជនអ្នកតូចតាច តម​អាហារ និងស្លៀកពាក់កាន់ទុក្ខ។ ពេលព្រះ​មហាក្សត្រក្រុងនីនីវេជ្រាបដំណឹងនេះ ទ្រង់ក៏​យាងចុះពីព្រះរាជបល្ល័ង្ក ដោះព្រះភូសា​ចេញ ហើយស្លៀកបាវកាន់ទុក្ខ ព្រមទាំងគង់នៅក្នុង​ផេះទៀតផង។ ព្រះរាជាចេញ​ព្រះរាជបញ្ជាឱ្យប្រកាសប្រាប់ប្រជារាស្រ្តក្នុងក្រុងនីនីវេថា៖ «យោងតាមព្រះរាជ​ក្រឹត្យរបស់ព្រះមហាក្សត្រ និងអស់លោកសព្វមុខមន្រ្តី សូមហាមទាំងមនុស្ស ទាំង​ហ្វូងសត្វតូចធំមិនឱ្យបរិភោគ ឬផឹកអ្វីឡើយ។ ទាំងមនុស្ស ទាំងសត្វត្រូវស្លៀក​បាវកាន់ទុក្ខ ហើយត្រូវអង្វរព្រះជាម្ចាស់ដោយស្មោះអស់ពីចិត្ត។ ម្នាក់ៗត្រូវតែ​បោះ​បង់ចោលកិរិយាមារយាទអាក្រក់ នឹងអំពើឃោរឃៅដែលខ្លួនធ្លាប់ប្រព្រឹត្ត ក្រែងលោ​​​ព្រះជាម្ចាស់ប្រែព្រះហប្ញទ័យលែងព្រះពិរោធទាស់នឹងយើងទៀត! ដូច្នេះ យើងនឹង​មិនត្រូវវិនាសអន្តរាយឡើយ»។ ពេលព្រះជាម្ចាស់ទតឃើញអំពើដែលពួកគេនាំគ្នា​ប្រព្រឹត្ត គឺគេប្រែចិត្ត​គំនិត លះបង់កិរិយាមារយាទអាក្រក់របស់ខ្លួនចោល ព្រះអង្គ​ប្រែព្រះហប្ញទ័យមិនដាក់​ទោសពួកគេ ដូចព្រះអង្គបានសម្រេចដាក់កាលពីមុននោះទេ គឺព្រះអង្គមិនបំផ្លាញពួកគេ​ចោលឡើយ។

ទំនុកតម្កើងលេខ ១៣០,១-៤.៧-៨ បទពាក្យ ៧

១.បពិត្រព្រះជាអម្ចាស់អើយខ្ញុំស្រែកដង្ហើយរកព្រះអង្គ
ពីក្នុងរណ្តៅជ្រៅកន្លងមេត្តាជួយផងផុតពីស្លាប់ ។
២.សំឡេងខ្ញុំឮដូចចម្រៀងសូមព្រះអង្គផ្ទៀងព្រះកាណ៌ស្តាប់
ពាក្យខ្ញុំអង្វរទទូចប្រាប់រៀបរាប់រ៉ាយរ៉ាប់សូមសន្តោស ។
៣.បពិត្រព្រះម្ចាស់ដ៏ឧត្តមបើព្រះអង្គចាំពីកំហុស
អំពើបាបកម្មជនស្រីប្រុសគ្មានម្នាក់ណាសោះរួចខ្លួនឡើយ ។
៤.ប៉ុន្តែព្រះអង្គតែងអត់ទោសប្រណីសន្តោសខ្ញុំធូរស្បើយ
រួចផុតទុក្ខទោសបានល្ហែល្ហើយគឺព្រះអង្គហើយខ្ញុំគោរព ។
៧.ឱ! អ៊ីស្រាអែលសូមទុកចិត្តព្រះល្អវិសុទ្ធដោយព្រះទ័យ
មេត្តាករុណាត្រាប្រណីទ្រង់សព្វព្រះទ័យជួយជានិច្ច ។
៨.ព្រះអង្គរំដោះអ៊ីស្រាអែលពីកំហុសដែលមានច្រើនតិច
គេបានប្រព្រឹត្តជាប់ជានិច្ចព្រះអង្គសម្រេចបានសុខសាន្ដ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម វវ ៣,២០

អលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាឮព្រះសូរសៀងរបស់ព្រះអម្ចាស់ ហើយបើកទ្វារថ្វាយព្រះអង្គ អ្នកនោះពិតជាមានសុភមង្គលហើយ! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,១៨-២២

ព្រះយេស៊ូធ្វើដំណើរជាមួយក្រុមសាវ័ក ហើយយាងចូលក្នុងភូមិមួយ។ ស្រ្ដីម្នាក់​ឈ្មោះម៉ាថា ទទួលព្រះអង្គឱ្យស្នាក់ក្នុងផ្ទះនាង។ នាងមានប្អូនស្រីម្នាក់ ឈ្មោះម៉ារី​អង្គុយនៅទាបព្រះបាទាព្រះអម្ចាស់ ស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ។ រីឯនាងម៉ាថាវិញនាងមានកិច្ចការរវល់ជាច្រើន ដើម្បីបម្រើព្រះអង្គ។ នាងចូលមកទូលថា៖ «បពិត្រព្រះ​អម្ចាស់! ប្អូនខ្ញុំម្ចាស់ទុកឱ្យខ្ញុំម្ចាស់បម្រើព្រះអង្គតែម្នាក់ឯង តើព្រះអង្គមិនអើពើទេឬ? សូមទ្រង់ប្រាប់ឱ្យនាងមកជួយខ្ញុំម្ចាស់ផង»។ ព្រះអម្ចាស់មានព្រះបន្ទូលទៅនាងថា៖​ «ម៉ាថា! ម៉ាថា! នាងមានកង្វល់ ហើយរវល់នឹងកិច្ចការច្រើនណាស់ ប៉ុន្ដែ មានកិច្ចការ​តែមួយគត់ ដែលចាំបាច់ នាងម៉ារីបានជ្រើសយកចំណែកដ៏ល្អវិសេសនោះ ហើយមិន​ត្រូវយកចេញពីនាងទេ»។

304 Views

Theme: Overlay by Kaira