អត្ថបទព្រះគម្ពីរ
ថ្ងៃចន្ទ ទី៤ ខែតុលា ឆ្នាំ២០២១
អាទិត្យទី២៧ រដូវធម្មតា
ពណ៌ស
បុណ្យរម្លឹក
សន្តហ្រ្វង់ស្វ័រ នៅក្រុងអាស៊ីស៊ី
លោកហ្វ្រង់ស្វ័រ (១១៨២-១២២៦) ជាកូនអ្នកឈ្មួញម្នាក់ជាអ្នកមានស្តុកស្តម្ភនៅក្រុងអាស៊ីស៊ី (ប្រទេសអ៊ីតាលី)។ ដល់អាយុម្ភៃឆ្នាំ លោកសុកចិត្តលះបង់ទ្រព្យសម្បត្តិទាំងអស់ ដើម្បីបម្រើព្រះយេស៊ូយ៉ាងស្មោះអស់ពីចិត្ត ហើយចេញដំណើរទៅពន្យល់គម្ពីរ។ លោកធ្លាប់កោតសរសើរព្រះជាម្ចាស់ដែលបានបង្កើតសត្វលោកទាំងឡាយ ដោយចាត់ទុកថាសត្វលោកទាំងនោះសុទ្ធតែជាបងប្អូនរបស់លោក។ ដោយលោកស្រឡាញ់ព្រះយេស៊ូយ៉ាងខ្លាំងជាទីបំផុត លោកទទួលស្នាមរបួសរបស់ព្រះយេស៊ូភ្ជាប់នឹងដៃ ជើង និងត្រង់ជំនីរ។ លោកបង្កើតក្រុមគ្រួសារបព្វជិតមួយ ដែលមានឥទ្ធិពលជាខ្លាំងក្នុងសាកលលោករហូតមកសព្វថ្ងៃ។
អត្ថបទទី១
សូមថ្លែងព្រះគម្ពីរព្យាការីយ៉ូណាស យណ ១,១-១៦; ២,១.១១
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីយ៉ូណាសថា៖«ចូរក្រោកឡើង ចេញដំណើរទៅក្រុងនីនីវេមហានគរជាបន្ទាន់ ហើយប្រកាសប្រាប់អ្នកក្រុងនោះថា ពួកគេប្រព្រឹត្តអំពើអាក្រក់ដែលទាស់ចិត្តយើងខ្លាំងណាស់»។ លោកយ៉ូណាសក៏ក្រោកឡើង ចេញដំណើរទៅក្រុងតាស៊ីសវិញ ដើម្បីគេចខ្លួនឱ្យឆ្ងាយពីព្រះភក្រ្តរបស់ព្រះអម្ចាស់។ លោកទៅដល់ក្រុងយ៉ុបប៉េ ហើយរកឃើញសំពៅមួយដែលហៀបនឹងចេញដំណើរទៅក្រុងតាស៊ីស។ លោកបង់ថ្លៃដំណើរ រួចចុះសំពៅទៅជាមួយអ្នកឯទៀតៗ ចេញដំណើរទៅក្រុងតាស៊ីសឱ្យឆ្ងាយពីព្រះភក្រ្តរបស់ព្រះអម្ចាស់។ ក៏ប៉ុន្តែ ព្រះអម្ចាស់បញ្ជាខ្យល់ឱ្យបក់បោយ៉ាងខ្លាំងមកលើសមុទ្រ បង្កើតជាព្យុះ បណ្តាលឱ្យសំពៅស្ទើរតែនឹងបែកបាក់។ អ្នកសំពៅភ័យខ្លាចណាស់ ម្នាក់ៗបន់ព្រះរបស់ពួកគេរៀងៗខ្លួន ហើយគេបោះបរិក្ខារផ្សេងៗដែលមាននៅក្នុងសំពៅចោលទៅក្នុងសមុទ្រដើម្បីឱ្យសំពៅស្រាល។ រីឯលោកយ៉ូណាសវិញ លោកចុះទៅសម្រាន្តលង់លក់នៅបាតសំពៅ។ ពេលនោះ នាយសំពៅមករកលោក សួរថា៖«មេ្តចក៏លោកសម្រាន្តលក់ដូច្នេះ? សូមក្រោកឡើង ទូលអង្វរព្រះរបស់លោកទៅ ក្រែងព្រះអង្គអាណិតអាសូរជួយពួកយើងឱ្យរួចផុតពីសេចក្តីវិនាស»។ ពួកអ្នកសំពៅនិយាយគ្នាថា៖«មក៍! យើងនាំគ្នាចាប់ឆ្នោតដើម្បីឱ្យដឹងថា តើនរណាបង្កឱ្យអន្តរាយកើតដល់ពួកយើងដូច្នេះ»។ ពួកគេក៏នាំគ្នាចាប់ឆ្នោត ហើយប៉ះចំលើលោកយ៉ូណាស។ ពួកគេសួរលោកយ៉ូណាសថា៖«លោកជាអ្នកបង្កអន្តរាយដល់ពួកយើង សូមប្រាប់យើងមើល៍ថា តើលោកទៅណា? មានបំណងធ្វើអ្វី? លោកអញ្ជើញមកពីស្រុកណា? លោកជាជនជាតិអ្វី?»។ លោកយ៉ូណាសឆ្លើយទៅពួកគេថា៖ «ខ្ញុំជាជនជាតិហេប្រឺ ខ្ញុំគោរពថ្វាយបង្គំព្រះអម្ចាស់ជាព្រះដែលគង់នៅស្ថានបរមសុខ ហើយដែលបានបង្កើតសមុទ្រនិងដីគោក»។ លោកយ៉ូណាសក៏តំណាលរឿងរបស់លោកឱ្យពួកគេស្តាប់។ កាលពួកអ្នកសំពៅជ្រាបថា លោករត់គេចឱ្យឆ្ងាយពីព្រះភក្រ្តរបស់ព្រះអម្ចាស់ ដូច្នេះគេភ័យខ្លាចជាខ្លាំង ហើយសួរលោកថា៖«ម្តេចក៏លោកធ្វើដូច្នេះ?។ តើយើងត្រូវធ្វើយ៉ាងណាចំពោះលោក ដើម្បីឱ្យសមុទ្របានស្ងប់វិញ?»។ លោកយ៉ូណាសឆ្លើយថា៖«សូមលើកខ្ញុំបោះទៅក្នុងសមុទ្រទៅ ទើបសមុទ្រស្ងប់ ដ្បិតខ្ញុំដឹងថា ព្រោះតែខ្ញុំហ្នឹងហើយបានជាមានខ្យល់ព្យុះដ៏ខ្លាំងយ៉ាងនេះ»។ ពួកអ្នកសំពៅនាំគ្នាខំប្រឹងចែវតម្រង់ទៅរកច្រាំង តែទៅមិនរួច ព្រោះខ្យល់ព្យុះបក់បោកមកកាន់តែខ្លាំងឡើងៗ។ ពេលនោះ ពួកគេក៏នាំគ្នាអង្វរព្រះអម្ចាស់ថា៖«ឱព្រះអម្ចាស់អើយ! យើងខ្ញុំមិនចងស្លាប់រួមជាមួយបុរសនេះទេ។ តែសូមព្រះអង្គកុំប្រកាន់ទោសយើងខ្ញុំចំពោះការប្រហារជីវិតអ្នកដែលមិនបានធ្វើអ្វីខុសនឹងយើងខ្ញុំនេះឡើយ។ ឱព្រះអម្ចាស់អើយ! ព្រះអង្គសម្រេចដូច្នេះ ស្របតាមព្រះហឬទ័យរបស់ព្រះអង្គ!»។ បន្ទាប់មក ពួកគេលើកលោកយ៉ូណាសបោះទៅក្នុងសមុទ្រ នោះសមុទ្រស្ងប់ឈឹងភ្លាម។ អ្នកទាំងនោះកោតស្ញប់ស្ញែងព្រះអម្ចាស់យ៉ាងខ្លាំង ពួកគេនាំគ្នាថ្វាយយញ្ញបូជាចំពោះព្រះអម្ចាស់ ព្រមទាំងបន់ស្រន់ទៀតផង។
ពេលនោះ ព្រះអម្ចាស់ចាត់ត្រីមួយយ៉ាងធំឱ្យមកលេបលោកយ៉ូណាស លោកក៏ស្ថិតនៅក្នុងពោះត្រីនោះអស់រយៈពេលបីថ្ងៃបីយប់។ បន្ទាប់មក ព្រះអម្ចាស់បញ្ជាឱ្យត្រីខ្ជាក់លោកយ៉ូណាសចេញទៅលើគោក។
ទំនុកតម្កើង លោកយ៉ូណាស ២,៣.៤.៥.៨ បទពាក្យ ៧
៣. | ពេលខ្ញុំជួបគ្រោះអាសន្នធំ | អង្វរស្រែកយំរកព្រះម្ចាស់ |
ទ្រង់ព្រះសណ្តាប់ឮយ៉ាងច្បាស់ | ខ្ញុំរកព្រះម្ចាស់សូមលោកជួយ ។ | |
៤. | ព្រះអង្គបោះខ្ញុំក្នុងសមុទ្រ | សែនជ្រៅបំផុតសែនព្រឺព្រួយ |
ទឹករួបរឹតប្រាណញ័ររញ្ជួយ | ព្រួយថាជីវ៉ាត្រូវក្សិណក្ស័យ ។ | |
៥. | ខ្ញុំគិតថាព្រះអង្គបានដេញ | ទូលបង្គំចេញឱ្យទៅឆ្ងាយ |
ប៉ុន្តែខ្ញុំនៅសម្លឹងត្រើយ | នាយរកព្រះវិហារវិសុទ្ធ ។ | |
៨. | ពេលខ្ញុំស្រយុតក្នុងចិត្តខ្លាំង | អារម្មណ៍ភ័ន្តភាំងញ័ររន្ធត់ |
ក៏នៅចងចាំតែមួយគត់ | ព្រះវិហារវិសុទ្ធនៃព្រះអង្គ ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១យហ ៤,២១
អលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់បានទុកវិន័យថ្មីឱ្យយើង គឺអ្នកដែលស្រឡាញ់ព្រះជាម្ចាស់ ក៏ត្រូវស្រឡាញ់បងប្អូនដែរ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១០,២៥-៣៧
ពេលនោះ មានធម្មាចារ្យម្នាក់ក្រោកឈរទូលសួរព្រះយេស៊ូ ក្នុងគោលបំណងល្បងលមើលព្រះអង្គថា៖«លោកគ្រូ! តើខ្ញុំត្រូវធ្វើខ្លះ ដើម្បីឱ្យយបានទទួលជីវិតអស់កល្បជានិច្ច?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖«តើធម្មវិន័យមានចែងទុកមកដូចម្តេចខ្លះ? ពេលលោកអាន តើលោកយល់យ៉ាងណា?»។ គាត់ទូលឆ្លើយទៅព្រះយេស៊ូថា៖«ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឱ្យអស់ពីចិត្តគំនិត អស់ពីស្មារតី អស់ពីកម្លាំង និងអស់ពីប្រាជ្ញា ហើយត្រូវស្រឡាញ់បងប្អូនឯទៀតៗឱ្យបានដូចស្រឡាញ់ខ្លួនឯងដែរ» ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «លោកឆ្លើយត្រឹមត្រូវល្អណាស់ សុំធ្វើដូច្នេះ នោះលោកនឹងមានជីវិតអស់កល្បជាមិនខាន»។ ប៉ុន្តែ ធម្មាចារ្យនោះចង់បង្ហាញថា សំណួររបស់គាត់ជាសំណួរត្រឹមត្រូវ គាត់ក៏សួរព្រះយេស៊ូទៀតថា៖«តើនរណាជាបងប្អូនរបស់ខ្ញុំ?»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖«មានបុរសម្នាក់ធ្វើដំណើរចុះពីក្រុងយេរូសាឡឹម ឆ្ពោះទៅក្រុងយេរីខូ។ គាត់ធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ពួកចោរ វាប្លន់គាត់ ថែមទាំងវាយដំគាត់ឱ្យរបួសជាទម្ងន់ រួចនាំគ្នារត់បាត់អស់ ទុកគាត់ចោលនៅស្តូកស្តឹងបាត់ស្មារតីមិនដឹងខ្លួន។ ពេលនោះ មានបូជាចារ្យម្នាក់ធ្វើដំណើរចុះតាមផ្លូវនោះ។ លោកឃើញបុរសនោះ លោកក៏ដើរវាងហួសទៅ។ មានម្នាក់ពីក្រុមលេវីដើរមកដល់កន្លែងនោះដែរ។ គាត់ឃើញបុរសនោះក៏ដើរវាងហួសទៅ។ គាប់ជួនជាមានអ្នកស្រុកសាម៉ារីម្នាក់ ធ្វើដំណើរមកតាមផ្លូវនោះ គាត់ឃើញបុរសនោះ គាត់មានចិត្តអាណិតអាសូរពន់ពេកណាស់។ គាត់ចូរទៅជិតអ្នករបួស យកប្រេងនិងស្រាចាក់ពីលើមុខរបួស រុំរបួសឱ្យ រួចគាត់លើកអ្នករបួសដាក់លើជំនិះរបស់គាត់ នាំទៅផ្ទះសំណាក់ ហើយថែទាំអ្នករបួសនោះ។ ស្អែកឡើង គាត់យកប្រាក់ប្រគល់ឱ្យម្ចាស់ផ្ទះសំណាក់ ទាំងផ្តាំថា «សូមអ្នកថែទាំបុរសនេះផង! ប្រសិនបើអ្នកចំណាយលើសពីប្រាក់នេះ ពេលខ្ញុំត្រឡប់មកវិញ ខ្ញុំនឹងជូនបង្រ្គប់»។ ក្នុងចំណោមមនុស្សទាំងបីនាក់ តើលោកយល់ថា អ្នកណាចាត់ទុកខ្លួនជាបងប្អូននឹងបុរសដែលធ្លាក់ទៅក្នុងកណ្តាប់ដៃពួកចោរប្លន់នោះ?»។ ធម្មាចារ្យឆ្លើយថា៖«គឺអ្នកដែលមានចិត្តមេត្ដាករុណាដល់គាត់»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖«សុំលោកអញ្ជើញទៅចុះ ហើយប្រព្រឹត្តឱ្យបានដូចអ្នកនោះទៅ»។