អត្ថបទព្រះគម្ពីរ
ថ្ងៃសុក្រ ទី១ ខែតុលា ឆ្នាំ២០២១
អាទិត្យទី២៦ រដូវធម្មតា
ពណ៌ស
បុណ្យរម្លឹក
សន្តីតេរេសា នៃព្រះកុមារយេស៊ូ
ជាព្រហ្មចារីនី និងជាគ្រូបាធ្យាយនៃ ព្រះសហគមន៍
ដូនជីតេរេសាម៉ារតាំង (១៨៧៣-១៨៩៧) ទទួលមរណភាពក្នុងជន្មាយុម្ភៃបួនឆ្នាំ នៅអារាមកាមែល ក្នុងក្រុងលីស៊ីយើ (ប្រទេសបារាំង)។ ពេលនោះ គ្មាននណារម្នាក់ស្គាល់បងស្រីសោះ។ តែនៅឆ្នាំ ១៩២៥ សម្តេចប៉ាបប្រកាសថា នាងជាសន្តីម្នាក់គួរឱ្យយកតម្រាប់តាម។ នាងបាននិពន្ធប្រវត្តិផ្ទាល់ខ្លួន ដែលបង្ហាញអំពីជំនឿដ៏ជ្រៅបំផុតរបស់នាង គឺត្រូវតែទទួលស្គាល់ភាពទនខ្សោយរបស់ខ្លួន និងផ្ញើជិវិតទាំងស្រុងទៅលើធម៌មេត្តាករុណដ៏លើសលប់របស់ព្រះជាម្ចាស់ ដូចកូនទើបកើតធ្លាប់ផ្ញើជិវិតលើម្តាយរបស់ខ្លួនដែរ។ សន្តីតេរេសា ជាឧបការិនីរបស់អស់សាសនទូត។
អត្ថបទទី១
សូមថ្លែងព្រះគម្ពីរលោកបារូក បរ ១,១៥-២២
បពិត្រព្រះអម្ចាស់ជាព្រះរបស់យើងខ្ញុំ! ព្រះអង្គប្រកបដោយព្រះហប្ញទ័យសុចរិត រីឯយើងខ្ញុំវិញ យើងខ្ញុំត្រូវអាម៉ាស់ដូចនៅថ្ងៃនេះ គឺទាំងអ្នកស្រុកយូដា ទាំងអ្នកក្រុងយេរូសាឡឹម ទាំងស្ដេចរបស់យើងខ្ញុំ ទាំងមេដឹកនាំ ទាំងបូជាចារ្យ ទាំងព្យាការី ទាំងដូនតា ត្រូវអាម៉ាសមុខគ្រប់គ្នា ព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហប្ញទ័យព្រះអម្ចាស់។ យើងខ្ញុំមិនស្មោះត្រង់នឹងព្រះអង្គ ហើយមិនបានស្ដាប់ព្រះសូរសៀងព្រះអម្ចាស់ ជាព្រះរបស់យើងខ្ញុំ ដែលប្រៀនប្រដៅយើងខ្ញុំឱ្យដើរតាមព្រះបញ្ជាដូចព្រះអង្គបានបង្ហាញឱ្យយើងខ្ញុំស្គាល់នោះទេ។ តាំងពីថ្ងៃដែលព្រះអម្ចាស់នាំដូនតាយើងខ្ញុំចាកចេញពីស្រុកអេស៊ីបរហូតមកដល់សព្វថ្ងៃ យើងខ្ញុំមិនស្មោះត្រង់ចំពោះព្រះអម្ចាស់ជាព្រះរបស់យើងខ្ញុំឡើយ។ យើងខ្ញុំបានធ្វេសប្រហែស មិនព្រមស្ដាប់ព្រះសូរសៀងរបស់ព្រះអង្គ។ ហេតុនេះហើយ បានជាយើងខ្ញុំជួបគ្រោះអាសន្នជាប់រហូត ដូចគេឃើញសព្វថ្ងៃនេះ។ យើងខ្ញុំត្រូវបណ្ដាសាដូចលោកម៉ូសេជាអ្នកចេញបម្រើរបស់ព្រះអង្គ បានថ្លែងក្នុងនាមព្រះអង្គនៅថ្ងៃដែលព្រះអង្គនាំដូនតារបស់យើងខ្ញុំចេញពីស្រុកអេស៊ីបមក ដើម្បីប្រទានស្រុកដ៏សម្បូណ៌សប្បាយឱ្យយើងខ្ញុំ។ យើងខ្ញុំមិនស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ជាព្រះរបស់យើងខ្ញុំ ទ្រង់មានព្រះបន្ទូលតាមរយៈព្យាការីដែលព្រះអង្គបានចាត់មករកយើងខ្ញុំ។ យើងខ្ញុំម្នាក់ៗបានបណ្ដោយតាមចិត្តគំនិតអាក្រក់របស់ខ្លួន បែរទៅបម្រើព្រះដ៏ទៃ និងប្រព្រឹត្ដអំពើអាក្រក់ដែលមិនគាប់ព្រះហប្ញទ័យព្រះអម្ចាស់ជាព្រះរបស់យើងខ្ញុំ។
ទំនុកតម្កើងលេខ ៧៩,១-៥.៨-៩ បទពាក្យ ៧
១. | បពិត្រព្រះជាអម្ចាស់អើយ | ជនជាតិទាំងឡាយចូលឈ្លានពាន |
វិហារវិសុទ្ធត្រូវរុករាន | សាឡឹមថ្កើងថ្កានខូចខ្ទេចខ្ទី ។ | |
២. | សាកសពអ្នកបម្រើព្រះអង្គ | ត្រូវគេបោះបង់ឱ្យសត្វស៊ី |
សាកសពអ្នកជឿពេញធរណី | ត្រូវតិរច្ឆានស៊ីជាអាហារ ។ | |
៣. | គេបានសម្លាប់ប្រជាជន | ជុំវិញទីក្រុងគ្មានមេត្តា |
ឈាមរាស្រ្តហូរក្រាលពសុធា | ចាស់ក្មេងមរណាគ្មានអ្នកកប់ ។ | |
៤. | ខ្អ្នកស្រុកជិតខាងនាំគ្នាជេរ | ប្រមាថឥតល្ហែគេលែងរាប់ |
គេសើចចំអកឡកឡឺយសព្វ | រូបខ្ញុំគេស្អប់គេមើលងាយ ។ | |
៥. | ឱ!ព្រះជាម្ចាស់ទូលបង្គំ | ម្ដេចទ្រង់សំងំដូចជិនណាយ |
តើថ្ងៃណាទៅទើបទ្រង់ស្រាយ | ពិរោធឱ្យឆ្ងាយមកស្រោចស្រង់ ។ | |
៨. | សូមកុំចាប់ទោសយកកំហុស | ព្រោះបុព្វបុរសខ្ញុំខុសឆ្គង |
មេត្ដាលើកទោសកំហុសម្ដង | អាណិតខ្ញុំផងដ្បិតលិចលង់ ។ | |
៩. | ឱព្រះជាម្ចាស់ព្រះសង្គ្រោះ | សូមទ្រង់យាងចុះកុំបង្អង់ |
ដោយយល់សិរីដ៏រឿងរុង | មេត្តាព្រះអង្គជួយផងណា ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៩៥,៨
អលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ កុំមានចិត្តរឹងរូសឡើយ! ចូរនាំគ្នា
ប្រុងត្រចៀកស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១០,១៣-១៦
ព្រះយេស៊ូមានព្រះបន្ទូលថា៖« អ្នកក្រុងខូរ៉ាស៊ីនអើយ! អ្នកត្រូវវេទនាជាពុំខាន។ អ្នកក្រុងបេតសៃដាអើយ! អ្នកក៏ត្រូវវេទនាដែរ។ ប្រសិនបើអ្នកក្រុងទីរ៉ូស និងអ្នកក្រុងស៊ីដូនបានឃើញការអស្ចារ្យដូចអ្នករាល់គ្នាឃើញនៅទីនេះ ម្លេះសមអ្នកក្រុងទាំងនោះនឹងប្រែចិត្តគំនិត ហើយស្លៀកបាវអង្គុយក្នុងផេះជាមិនខាន។ ហេតុនេះហើយ បានជានៅថ្ងៃដែលព្រះជាម្ចាស់វិនិឆ្ឆ័យទោសមនុស្សលោក អ្នកក្រុងទីរ៉ូស និងអ្នកក្រុងស៊ីដូនទទួលទោសស្រាលជាងអ្នករាល់គ្នា។ អ្នកក្រុងកាផានុមអើយ! កុំនឹកស្មានថា អ្នកនឹងបានថ្កើងឡើងដល់ស្ថានសួគ៌ឡើយ! អ្នកនឹងធ្លាក់ទៅស្ថាននរកវិញ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅសាវ័កទៀតថា៖«អ្នកណាស្ដាប់អ្នករាល់គ្នា ក៏ដូចជាស្ដាប់ខ្ញុំដែរ។ អ្នកមិនព្រមទទួលអ្នករាល់គ្នា ក៏ដូចជាមិនព្រមទទួលខ្ញុំដែរ ហើយអ្នកមិនទទួលខ្ញុំ ក៏ដូចជាមិនទទួលព្រះអង្គ ដែលចាត់ខ្ញុំឱ្យមកនោះដែរ»។