អត្ថបទព្រះគម្ពីរ
ថ្ងៃសុក្រ ទី១ ខែតុលា ឆ្នាំ២០២១
អាទិត្យទី២៦ រដូវធម្មតា
ពណ៌ស
បុណ្យរម្លឹក

សន្តីតេរេសា នៃព្រះកុមារយេស៊ូ
ជា​ព្រហ្ម​ចារីនី និងជាគ្រូបាធ្យាយនៃ ព្រះស​​ហ​​​​គ​មន៍

ដូនជីតេរេសា ម៉ារតាំង (១៨៧៣-១៨៩៧) ទទួលមរណភាពក្នុងជន្មាយុម្ភៃបួនឆ្នាំ នៅអារាមកាមែល ក្នុងក្រុងលីស៊ីយើ (ប្រទេសបារាំង)។ ពេលនោះ គ្មាននណារម្នាក់ស្គាល់បងស្រីសោះ។ តែនៅឆ្នាំ ១៩២៥ សម្តេចប៉ាបប្រកាសថា នាងជាសន្តីម្នាក់គួរឱ្យយកតម្រាប់តាម។ នាងបាននិពន្ធប្រវត្តិផ្ទាល់ខ្លួន ដែលបង្ហាញអំពីជំនឿដ៏ជ្រៅបំផុតរបស់នាង គឺត្រូវតែទទួលស្គាល់ភាពទនខ្សោយរបស់ខ្លួន និងផ្ញើជិវិតទាំងស្រុងទៅលើធម៌មេត្តាករុណដ៏លើសលប់របស់ព្រះជាម្ចាស់ ដូចកូនទើបកើតធ្លាប់ផ្ញើជិវិតលើម្តាយរបស់ខ្លួនដែរ។ សន្តីតេរេសា ជាឧបការិនីរបស់អស់សាសនទូត។

អត្ថបទទី១
សូមថ្លែងព្រះគម្ពីរលោកបារូក បរ ១,១៥-២២

បពិត្រព្រះអម្ចាស់ជាព្រះរបស់យើងខ្ញុំ! ព្រះអង្គប្រកបដោយព្រះហប្ញទ័យសុចរិត រីឯយើងខ្ញុំវិញ យើងខ្ញុំត្រូវអាម៉ាស់ដូចនៅថ្ងៃនេះ គឺទាំងអ្នកស្រុកយូដា ទាំងអ្នកក្រុង​យេរូសាឡឹម ទាំងស្ដេចរបស់យើងខ្ញុំ ទាំងមេដឹកនាំ ទាំងបូជាចារ្យ ទាំងព្យាការី ទាំង​ដូនតា ត្រូវអាម៉ាសមុខគ្រប់គ្នា ព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហប្ញទ័យ​ព្រះអម្ចាស់។ យើងខ្ញុំមិនស្មោះត្រង់នឹងព្រះអង្គ ហើយមិនបានស្ដាប់ព្រះសូរសៀង​ព្រះអម្ចាស់ ជាព្រះរបស់យើងខ្ញុំ ដែលប្រៀនប្រដៅយើងខ្ញុំឱ្យដើរតាមព្រះបញ្ជា​ដូចព្រះអង្គបានបង្ហាញឱ្យយើងខ្ញុំស្គាល់នោះទេ។ តាំងពីថ្ងៃដែលព្រះអម្ចាស់នាំដូនតា​​យើងខ្ញុំចាកចេញពីស្រុកអេស៊ីបរហូតមកដល់សព្វថ្ងៃ យើងខ្ញុំមិនស្មោះត្រង់ចំពោះ​ព្រះអម្ចាស់ជាព្រះរបស់យើងខ្ញុំឡើយ។ យើងខ្ញុំបានធ្វេសប្រហែស មិនព្រមស្ដាប់​ព្រះសូរសៀងរបស់ព្រះអង្គ។ ហេតុនេះហើយ បានជាយើងខ្ញុំជួបគ្រោះអាសន្នជាប់​រហូត ដូចគេឃើញសព្វថ្ងៃនេះ។ យើងខ្ញុំត្រូវបណ្ដាសាដូចលោកម៉ូសេជាអ្នកចេញ​បម្រើរបស់ព្រះអង្គ បានថ្លែងក្នុងនាមព្រះអង្គនៅថ្ងៃដែលព្រះអង្គនាំដូនតារបស់យើងខ្ញុំចេញពីស្រុកអេស៊ីបមក ដើម្បីប្រទានស្រុកដ៏សម្បូណ៌សប្បាយឱ្យយើងខ្ញុំ។ យើងខ្ញុំ​មិន​ស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ជាព្រះរបស់យើងខ្ញុំ ទ្រង់មានព្រះបន្ទូលតាម​រយៈព្យាការីដែលព្រះអង្គបានចាត់មករកយើងខ្ញុំ។ យើងខ្ញុំម្នាក់ៗបានបណ្ដោយតាមចិត្តគំនិតអាក្រក់របស់ខ្លួន បែរទៅបម្រើព្រះដ៏ទៃ និងប្រព្រឹត្ដអំពើអាក្រក់ដែលមិនគាប់ព្រះហប្ញទ័យព្រះអម្ចាស់ជាព្រះរបស់យើងខ្ញុំ។

ទំនុកតម្កើងលេខ ៧៩,១-៥.៨-៩ បទពាក្យ ៧

១.បពិត្រព្រះជាអម្ចាស់អើយជនជាតិទាំងឡាយចូលឈ្លានពាន
វិហារវិសុទ្ធត្រូវរុករានសាឡឹមថ្កើងថ្កានខូចខ្ទេចខ្ទី ។
២.សាកសពអ្នកបម្រើព្រះអង្គត្រូវគេបោះបង់ឱ្យសត្វស៊ី
សាកសពអ្នកជឿពេញធរណីត្រូវតិរច្ឆានស៊ីជាអាហារ ។
៣.គេបានសម្លាប់ប្រជាជនជុំវិញទីក្រុងគ្មានមេត្តា
ឈាមរាស្រ្តហូរក្រាលពសុធាចាស់ក្មេងមរណាគ្មានអ្នកកប់ ។
៤.ខ្អ្នកស្រុកជិតខាងនាំគ្នាជេរប្រមាថឥតល្ហែគេលែងរាប់
គេសើចចំអកឡកឡឺយសព្វរូបខ្ញុំគេស្អប់គេមើលងាយ ។
៥.ឱ!ព្រះជាម្ចាស់ទូលបង្គំម្ដេចទ្រង់សំងំដូចជិនណាយ
តើថ្ងៃណាទៅទើបទ្រង់ស្រាយពិរោធឱ្យឆ្ងាយមកស្រោចស្រង់ ។
៨.សូមកុំចាប់ទោសយកកំហុសព្រោះបុព្វបុរសខ្ញុំខុសឆ្គង
មេត្ដាលើកទោសកំហុសម្ដងអាណិតខ្ញុំផងដ្បិតលិចលង់ ។
៩.ឱព្រះជាម្ចាស់ព្រះសង្គ្រោះសូមទ្រង់យាងចុះកុំបង្អង់
ដោយយល់សិរីដ៏រឿងរុងមេត្តាព្រះអង្គជួយផងណា ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៩៥,៨

អលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ កុំមានចិត្តរឹងរូសឡើយ! ចូរនាំគ្នា
ប្រុងត្រចៀកស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១០,១៣-១៦

ព្រះយេស៊ូមានព្រះបន្ទូលថា៖« អ្នកក្រុងខូរ៉ាស៊ីនអើយ! អ្នកត្រូវវេទនាជាពុំខាន។ អ្នកក្រុងបេតសៃដាអើយ! អ្នកក៏ត្រូវវេទនាដែរ។ ប្រសិនបើអ្នកក្រុងទីរ៉ូស និងអ្នកក្រុង​ស៊ីដូនបានឃើញការអស្ចារ្យដូចអ្នករាល់គ្នាឃើញនៅទីនេះ ម្លេះសមអ្នកក្រុងទាំងនោះ​នឹងប្រែចិត្តគំនិត ហើយស្លៀកបាវអង្គុយក្នុងផេះជាមិនខាន។ ហេតុនេះហើយ បានជា​នៅថ្ងៃដែលព្រះជាម្ចាស់វិនិឆ្ឆ័យទោសមនុស្សលោក អ្នកក្រុងទីរ៉ូស និងអ្នកក្រុងស៊ីដូន​ទទួលទោសស្រាលជាងអ្នករាល់គ្នា។ អ្នកក្រុងកាផានុមអើយ! កុំនឹកស្មានថា អ្នកនឹង​បានថ្កើងឡើងដល់ស្ថានសួគ៌ឡើយ! អ្នកនឹងធ្លាក់ទៅស្ថាននរកវិញ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅសាវ័កទៀតថា៖«អ្នកណាស្ដាប់អ្នករាល់គ្នា ក៏ដូចជាស្ដាប់ខ្ញុំដែរ។ អ្នក​មិនព្រមទទួលអ្នករាល់គ្នា ក៏ដូចជាមិនព្រមទទួលខ្ញុំដែរ ហើយអ្នកមិនទទួលខ្ញុំ ក៏ដូច​ជាមិនទទួលព្រះអង្គ ដែលចាត់ខ្ញុំឱ្យមកនោះដែរ»។

313 Views

Theme: Overlay by Kaira