អត្ថបទព្រះគម្ពីរ
ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១
អាទិត្យទី២៦ រដូវធម្មតា
ពណ៌ស
បុណ្យរម្លឹក
សន្ដយេរ៉ូម ជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
លោកយេរ៉ូម (៣៤០-៤២០) ជាជាតិដាលម៉ាតម្នាក់ (ប្រទេសគ្រអាស៊ីសព្វថ្ងៃ) តែទៅរៀនសូត្រនៅក្នុងក្រុងរ៉ូម។ នៅទីនោះលោកជាប់ចិត្តស្រឡាញ់ការសិក្សា។ បន្ទាប់មក លោកចូលបួសជាឥសីនៅវាលរហោស្ថានស្រុកស៊ីរ៉ី រួចលោកទទួលមុខងារជាបូជាចារ្យនៅព្រះសហគមន៍អន់ទីយ៉ូក ហើយត្រឡប់មកក្រុងរ៉ូមធ្វើជាស្មៀនសម្តេចប៉ាបដាមាស ហើយលោកបកប្រែព្រះគម្ពីរជាភាសាឡាតាំង។ កាលលោកអាយុហាសិបឆ្នាំ លោករស់នៅក្នុងអារាមនៅបេតលេអែម ទាំងនិពន្ធសេចក្តីអត្ថាធិប្បាយព្រះគម្ពីរផង។ លោកតែងពោលថា៖ “អ្នកដែលមិនស្គាល់ព្រះគម្ពីរ អ្នកនោះក៏មិនស្គាល់ព្រះគ្រីស្តដែរ”។
អត្ថបទទី១
សូមថ្លែងព្រះគម្ពីរលោកនេហេមី នហ ៨,១-៦.៨-១២
លុះដល់ខែទីប្រាំពីរ ជនជាតិអ៊ីស្រាអែលដែលរស់នៅតាមក្រុងរបស់ខ្លួនបានមកជួបជុំគ្នា ដោយមានចិត្តគំនិតតែមួយក្នុងព្រលានដែលស្ថិតនៅខាងមុខទ្វារគង្គា។ ពួកគេ សុំឱ្យលោកបូជាចារ្យអែសរ៉ា ជាបណ្ឌិតខាងវិន័យយកគម្ពីរវិន័យរបស់លោកម៉ូសេ គឺវិន័យដែលព្រះអម្ចាស់ប្រទានមកឱ្យជនជាតិអ៊ីស្រាអែលកាន់តាម។ លោកបូជាចារ្យអែសរ៉ាក៏យកគម្ពីរវិន័យមកខាងមុខអង្គប្រជុំដែលមានប្រជាជនប្រុសស្រី និងក្មេងៗដែលមានវ័យអាចយល់បាន។ ថ្ងៃនោះ ជាថ្ងៃទីមួយនៃខែទីប្រាំពីរ។
លោកអែសរ៉ាអានគម្ពីរវិន័យនេះ នៅខាងមុខព្រលានដែលស្ថិតនៅទល់មុខទ្វារគង្គាឱ្យប្រជាជនស្ដាប់ គឺប្រជាជនទាំងប្រុសស្រី និងក្មេងៗដែលមានវ័យអាចយល់បាន។ ប្រជាជនទាំងមូលយកចិត្តទុកដាក់ស្ដាប់លោកអានគម្ពីរវិន័យ។ លោកអែសរ៉ាជាបណ្ឌិតខាងវិន័យ ឈរនៅលើវេទិកាឈើមួយដែលគេបានដំឡើងសម្រាប់ពេលនោះ។ លោកអែសរ៉ាបើកគម្ពីរ ហើយប្រជាជនបានឃើញទាំងអស់គ្នា ដ្បិតលោកឈរនៅត្រង់កន្លែងខ្ពស់ជាងគេ។ ពេលគម្ពីរបើកចំហ ប្រជាជនទាំងមូលក៏ក្រោកឈរឡើង។ លោកអែសរ៉ាលើកតម្កើងព្រះអម្ចាស់ជាព្រះដ៏ឧត្តុង្គឧត្តម ហើយប្រជាជនទាំងមូលឆ្លើយតបវិញទាំងលើដៃឡើងលើថា «អាម៉ែន! អាម៉ែន!» រួចក្រាបថ្វាយបង្គំព្រះអម្ចាស់ឱនមុខដល់ដី។ លោកអែសរ៉ាអានគម្ពីរវិន័យរបស់ព្រះជាម្ចាស់ រួចបកស្រាយអត្ថន័យឱ្យប្រជាជនយល់។ លោកទេសាភិបាលនេហេមី លោកបូជាចារ្យអែសរ៉ា ជាធម្មចារ្យ និងក្រុមលេវីដែលមាននាទីបកស្រាយវិន័យ ពោលទៅកាន់ប្រជាជនទាំងមូលថា៖«ថ្ងៃនេះ ជាថ្ងៃដ៏សក្ការៈថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា គឺមិនមែនជាពេលដែលត្រូវកាន់ទុក្ខឬ សោកសង្រេងឡើយ!»។ លោកអែសរ៉ាមានប្រសាសន៍ទៀតថា៖« ចូរនាំគ្នាត្រឡប់ទៅពិសាសាច់ និងស្រាដ៏ឆ្ងាញ់ៗ ហើយយកមួយចំនែកឱ្យអស់អ្នកដែលមិនទាន់រៀបចំបរិភោគនោះផង ដ្បិតថ្ងៃនេះ ជាថ្ងៃដ៏សក្ការៈថ្វាយព្រះអម្ចាស់នៃយើង មិនត្រូវកើតទុក្ខព្រួយឡើយ! ព្រោះអំណរដែលមកពីព្រះអម្ចាស់ជាកម្លាំងរបស់អ្នករាល់គ្នា»។ ក្រុមលេវីក៏លួងលោមប្រជាជន ដោយពោលថា៖«សូមបងប្អូនឈប់យំ ទៅដ្បិតថ្ងៃនេះ ជាថ្ងៃដ៏វិសុទ្ធ គឺមិនត្រូវកើតទុក្ខឡើយ!»។ ប្រជាជនទាំងអស់នាំគ្នាចេញទៅបរិភោគអាហារ និងស្រា ហើយយកមួយចំណែក ឱ្យអស់អ្នកដែលគ្មាន។ ពួកគេសប្បាយរីករាយយ៉ាងខ្លាំង ព្រោះតែបានយល់ព្រះបន្ទូលដែលគេបកស្រាយឱ្យស្ដាប់។
ទំនុកតម្កើងលេខ ១៩,៨-១១ បទកាកគតិ
៨. | ព្រះធម្មវិន័យ | ល្អល្អះប្រពៃ | ប្រសើរថ្កើងថ្កាន |
ផ្ដល់កម្លាំងចិត្ត | ឥតមានស្រាកស្រាន្ដ | អ្នកល្ងង់ប្រែប្រាណ | |
ជាមានប្រាជ្ញា ។ | |||
៩. | បញ្ជារបស់ | ព្រះម្ចាស់ទាំងអស់ | ត្រឹមត្រូវសត្យា |
ឱ្យចិត្តអំណរ | សប្បាយក្រៃណា | បំភ្លឺចិន្ដា | |
ថ្លៃថ្លាត្រចង់ ។ | |||
១០. | ការគោរពកោត | ព្រះអម្ចាស់សោត | វិសេសយល់យង់ |
ស្ថិតស្ថេរចិរកាល | តទៅគង់វង្ស | ការវិនិឆ្ឆ័យទ្រង់ | |
ក៏ត្រង់ត្រឹមត្រូវ ។ | |||
១១. | គួរឱ្យប្រាថ្នា | ចង់បានណាស់ណា | ជាងមាសឆ្អិនឆ្អៅ |
ផ្អែមជាងទឹកឃ្មុំ | ខែចែត្រខែក្ដៅ | ហូរជោរចេញទៅ | |
ចាកពីបង្គង ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មក ១,១៥
អលេលូយ៉ា! អាលេលូយ៉ា!
ព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយហើយ។ ចូរនាំគ្នាជឿដំណឹងល្អចុះ! អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១០,១-១២
ក្នុងចំណោមសាវ័កទាំងប៉ុន្មាន ព្រះអម្ចាស់ជ្រើសយកសាវ័កចិតសិបពីរនាក់ទៀត ហើយព្រះអង្គចាត់គេពីរនាក់ៗឱ្យទៅតាមភូមិតាមស្រុកនានាដែលព្រះអង្គបម្រុងនឹងយាងទៅ។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖«ស្រូវដែលត្រូវច្រូតមានច្រើនណាស់តែអ្នកច្រូតមានតិចពេក។ ហេតុនេះ ចូរអង្វរម្ចាស់ស្រែ ឱ្យចាត់អ្នកច្រូតមកក្នុងស្រែរបស់លោក។ ចូរនាំគ្នាទៅចុះ! ខ្ញុំចាត់អ្នករាល់គ្នាទៅ ដូចឱ្យកូនចៀមទៅកណ្ដាលហ្វូងចចក។ កុំយកថង់ប្រាក់ ថង់យាម ឬស្បែកជើងទៅជាមួយឡើយ ហើយក៏កុំជម្រាបសួរអ្នកណាតាមផ្លូវដែរ។ ពេលអ្នករាល់គ្នាចូលទៅក្នុងផ្ទះណាមួយមុនដំបូងត្រូវពោលថា៖« សូមឱ្យអ្នកក្នុងផ្ទះនេះ បានប្រកបដោយសេចក្ដីសុខសាន្ដ»។ បើនៅក្នុងផ្ទះនោះ មានមនុស្សណាចូលចិត្ដនឹងសេចក្ដីសុខសាន្ដ នោះគេនឹងបានសុខសាន្ដដូចពាក្យអ្នករាល់គ្នាជាមិនខាន។ បើគ្មានអ្នកណាចូលចិត្តសេចក្ដីសុខសាន្ដទេ សេចក្ដីសុខសាន្ដនឹងវិលត្រឡប់មកអ្នករាល់គ្នាវិញ។ ចូរស្នាក់នៅផ្ទះនោះ ហើយបរិភោគម្ហូបអាហារដែលគេ ជូនអ្នករាល់គ្នាចុះ ព្រោះអ្នកធើ្វការតែងតែទទួលឈ្នួល។ មិនត្រូវចេញពីផ្ទះមួយទៅនៅផ្ទះមួយទៀតឡើយ។ បើអ្នករាល់គ្នាចូលទៅភូមិណា ហើយមានគេទទួលអ្នករាល់គ្នា ត្រូវបរិភោគម្ហូបអាហារដែលគេរៀបជូនចុះ។ ត្រូវប្រោសអ្នកជំងឺក្នុងភូមិនោះឱ្យបានជា ហើយប្រាប់អ្នកភូមិថា៖«ព្រះរាជ្យរបស់ព្រះជាម្ចាស់បានមកជិតដល់អ្នករាល់គ្នាហើយ»។ ប៉ុន្ដែ កាលបើអ្នករាល់គ្នាចូលទៅភូមិណាមួយហើយគេមិនព្រមទទួលអ្នករាល់គ្នាទេ ត្រូវចេញទៅប្រកាសនៅតាមទីផ្សារថា៖«សូម្បីតែធូលីដីដែលជាប់ជើងយើង ក៏យើងរលាស់ឱ្យអ្នករាល់គ្នាវិញដែរ ប៉ុន្ដែសូមជ្រាបថា ព្រះរាជ្យរបស់ព្រះជាម្ចាស់បានមកជិតបង្កើយហើយ»។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃដែលព្រះជាម្ចាស់វិនិឆ្ឆ័យទោស អ្នកក្រុងសូដុមទទួលទោសស្រាលជាងអ្នកភូមិនោះ»។