អត្ថបទព្រះគម្ពីរ
ថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១
អាទិត្យទី២៦ រដូវធម្មតា
ពណ៌ស
បុណ្យរម្លឹក

សន្តមីកាអែល កាព្រីអែល និងរ៉ាហ្វា​អែល ជាអគ្គទេវទូត

ក្នុងព្រះគម្ពីរ ទេវទូតជាអ្នកនាំដំណឹងពីព្រះជាម្ចាស់។​ ដោយគេយល់ថា ព្រះជាម្ចាស់វិសុទ្ធបំផុត ហើយខ្ពង់ខ្ពស់ពេក រីឯមនុស្សទាបពេក អ្នកនិពន្ធព្រះគម្ពីរនឹកគិតថា​ ត្រូវតែមានទូតមកនាំសាររបស់ព្រះអង្គឱ្យមនុស្ស។ តាមគម្ពីរ ទេវទូត គឺព្រះអម្ចាស់ផ្ទាល់ ឬដូចជា “ព្រះឧិស្ឋ ជាព្រះហស្ត និងជាព្រះបាទរបស់ព្រះជាម្ចាស់”។ ក្នុងព្រះគម្ពីរ ពេលណាមានរ៉ាយរ៉ាប់អំពីទេវទូតលេចចេញមក ត្រូវយល់ថា ព្រះអម្ចាស់មានព្រះបន្ទូល ឬសម្តែងសេចក្តីមួយដែលមនុស្សយើងពុំអាចយល់ដោយប្រាជ្ញាខ្លួនឯងបាន។ ទេវទូតពន្យល់អត្ថន័យ ព្រឹត្តការណ៍ដែលកើតមានឡើង។

មានរ៉ាយរ៉ាប់អំពីអគ្គទេវទូតមីកាអែល ក្នុងគម្ពីរដានីអែល និងវិវរណៈ។ ឈ្មោះ “មីកាអែល” មានន័យថា៖ “នណាបានដូចព្រះជាម្ចាស់?”។ តាមគម្ពីរ អគ្គទេវទូត មីកាអែលយាងមកបង្ក្រាបមារ។ ឈ្មោះ “កាព្រីអែល” មានន័យថា៖ “ព្រះជាម្ចាស់មានឫទ្ធិ”។ តាមព្រះគម្ពីរអគ្គទេវទូតកាព្រីអែល នាំដំណឹងអំពីរបៀបព្រះជាម្ចាស់ សង្គ្រោះប្រជាជនរបស់ព្រះអង្គនៅពេលចុងក្រោយបំផុត។ អគ្គទេវទូតកាព្រីអែល នាំដំណឹងនេះដល់ព្យាការីដានីអែល និងដល់ព្រះនាងម៉ារី។ ឈ្មោះ “រ៉ាហ្វាអែល” មានន័យថា “ព្រះជាម្ចាស់ព្យាបាល”។ អគ្គទេវទូតរ៉ាហ្វាអែលបានព្យាបាលលោកតូប៊ីតឱ្យបានជា។

ព្រះសហគមន៍ គ្រីស្តបរិស័ទគោរពទេវទូត ដោយមានបំណងលើកតម្កើងព្រះជាម្ចាស់ដែលណែនាំ និងថែរក្សាមនុស្សលោកដោយព្រះហឫទ័យសប្បុរស។

អត្ថបទទី១
សូមថ្លែងព្រះគម្ពីរលោកដានីអែល ដន ៧,៩-១០.១៣-១៤

 ពេលយប់នោះ ខ្ញុំនៅតែគន់មើលឃើញគេយករាជបល្ល័ង្កជាច្រើនមកតែងតាំង ហើយមានព្រះមួយអង្គដែលមានព្រះជន្មាចំណាស់ មកគង់លើបល្ល័ង្កមួយ ទ្រង់មានព្រះភូសាសស្គុះមានព្រះកេសាសក្បុសដូចសំ​ឡី។ ព្រះរាជបល្ល័ង្កនោះធ្វើអំពីអណ្តាតភ្លើង មានកង់កំពុងឆេះសន្ធោសន្ធៅ ហើយមានទន្លេហូរសុទ្ធតែភ្លើង ផុសចេញពីមុខព្រះរាជបល្ល័ង្កមួយទៀតផង។ មានមនុស្សរាប់ម៉ឺនរាប់សែននាក់គោរពបម្រើព្រះអង្គ និងរាប់លានអ្នកទៀតឈរនៅមុខព្រះអង្គ។​ កាលគេរៀបចំកន្លែងសម្រាប់វិនិច្ឆ័យទោសរួចសព្វគ្រប់ហើយ គេក៏បើកក្រាំងបញ្ជី។ ពេលខ្ញុំយល់សប្តិនោះខ្ញុំឃើញមានព្រះមួយអង្គ មានរូបដូចបុត្រមនុស្ស យាងមកលើពពកក្នុងផ្ទៃមេឃ លោកមកជិតព្រះដែលមានព្រះជន្មាយុចំណាស់ ហើយគេក៏នាំលោកទៅគាល់ព្រះអង្គ។ លោកបានទទួលទាំងអំណាចគ្រប់គ្រង ទាំងសិរីរុងរឿង ទាំងរាជ្យសម្បត្តិផង។ មនុស្សគ្រប់ជនជាតិ គ្រប់ភាសា គោរពបម្រើលោក។ អំណាចគ្រប់គ្រងរបស់លោកនៅស្ថិតស្ថេរអស់កល្បជានិច្ច​ មិនចេះផុតរលត់ឡើយ។ ព្រះរាជ្យរបស់លោកមិនរលាយសាបសូន្យឡើយ។

សូមថ្លែងព្រះគម្ពីរវីវរណៈ វវ ១២,៧-១២ក

 ពេល​នោះ ក៏​មាន​ចម្បាំង​ផ្ទុះ​ឡើងនៅ​លើ​មេឃ គឺ​មហា​ទេវទូត​មីកាអែល និង​ពួក​ទេវទូត​របស់​លោក​នាំ​គ្នា​ច្បាំង​នឹង​នាគ ហើយ​នាគ​រួម​ជា​មួយ​ពួក​បរិវារ​វា​ក៏​ច្បាំង​តទល់​វិញ​ដែរ ក៏​ប៉ុន្តែ វា​ច្បាំង​មិន​ឈ្នះ ហើយ​រក​កន្លែង​ស្នាក់​នៅ​លើ​មេឃ​មិន​បាន​ទៀត​ឡើយ។ នាគ​ធំ​នោះក៏​ត្រូវ​គេ​ទម្លាក់​ចុះ​មក គឺ​នាគ​ធំ​ហ្នឹង​ឯងជា​ពស់​ពី​បុរាណ ឈ្មោះ​មារ ឬ​សាតាំង ដែល​បាន​នាំ​មនុស្ស​នៅ​លើ​ផែន‌ដី​ទាំង​មូល​ឱ្យ​វង្វេង។ វា​ត្រូវ​គេ​ទម្លាក់​ចុះ​មក​ផែន‌ដី ហើយ​ពួក​បរិវារ​វា​ក៏​ត្រូវ​គេ​ទម្លាក់​ចុះ​មក​ជា​មួយ​ដែរ។ ពេល​នោះ ខ្ញុំ​បាន​ឮ​សំឡេង​មួយ​បន្លឺ​យ៉ាង​ខ្លាំង​នៅ​លើ​មេឃ​ថា៖ «ឥឡូវ​នេះ ដល់​ពេល​ព្រះ‌ជាម្ចាស់​សង្គ្រោះ​មនុស្ស​លោក​ហើយ ហើយ​ឫទ្ធា‌នុភាព និង​ព្រះ‌រាជ្យព្រះ‌ជាម្ចាស់​របស់​យើង ព្រម​ទាំង​អំណាច​ព្រះ‌គ្រីស្ដ​របស់​ព្រះ‌អង្គ​ក៏​បាន​មក​ដល់​ដែរ ដ្បិត​អ្នក​ចោទ​ប្រកាន់​ទោស​បង‌ប្អូន​យើង ត្រូវ​គេ​ទម្លាក់​ចោល​ហើយ គឺ​អ្នក​នោះ​ឯង​ដែល​ចោទ​ប្រកាន់​បង‌ប្អូន​យើងទាំង​ថ្ងៃ​ទាំង​យប់ នៅ​មុខ​ព្រះ‌ភក្ត្រ​នៃ​ព្រះ​របស់​យើង។ បង‌ប្អូន​យើង​បាន​ឈ្នះ​វា ដោយ‌សារ​ព្រះ‌លោហិត​របស់​កូន​ចៀម និង​ដោយ​សក្ខី‌ភាព​របស់​ពួក​គេ ហើយ​បង‌ប្អូន​ទាំង​នោះ​បាន​ស៊ូ​ប្ដូរ​ជីវិត ឥត​ស្ដាយ​សោះ​ឡើយ។ ហេតុ​នេះ ស្ថាន​បរម‌សុខ និង​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្ថាន​បរម‌សុខ​អើយ ចូរ​មាន​អំណរ​សប្បាយ​ឡើង! »។

ទំនុកតម្កើងលេខ ១៣៨,១-៥ បទកាកគតិ

១.ខ្ញុំសូមតម្កើងព្រះម្ចាស់ខ្ពស់ឡើងអស់ពីដួងចិត្ត
នៅមុខទេវតាខ្ញុំស្មូត្រជាបទតម្កើងថ្វាយថ្វាត់
ដល់ព្រះអង្គថ្លៃ ។
២.ខ្ញុំក្រាបបែរមុខតម្រង់ទៅរកវិហារប្រពៃ
ខ្ញុំលើកតម្កើងព្រះនាមថ្លាថ្លៃដោយព្រះហឫទ័យ
ស្មោះស្ម័គ្រឥតស្បើយ។
៣.នៅថ្ងៃដែលខ្ញុំស្រែកអង្វរសុំព្រះអង្គតបឆ្លើយ
ព្រះអង្គប្រទានឥតមានកន្តើយឱ្យខ្ញុំបានស្បើយ
ក្នុងចិត្តក្លាហាន ។
៤.ឱ! ព្រះម្ចាស់អើយសូមទ្រង់ផ្តល់ឱ្យស្តេចទាំងប៉ុន្មាន
នៅលើផែនដីនាំគ្នាគ្រប់ប្រាណតម្កើងពេលបាន
ឮទ្រង់សន្យា ។
៥.សូមឱ្យគេនាំគ្នីគ្នាច្រៀងរាំតម្កើងកិច្ចការ
ថា « ព្រះអម្ចាស់រុងរឿងអស្ចារ្យឧត្តមថ្លៃថ្លា
បំផុតគ្មានពីរ» ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ដន ៣,៥៨

អលេលូយ៉ា! អាលេលូយ៉ា!
ទេវទូតទាំងឡាយ! ចូរនាំគ្នាកោតសរសើរព្រះអម្ចាស់!​
ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១,៤៧-៥១

កាលព្រះយេស៊ូទតឃើញលោកណាថាណាអែលដើរមករកព្រះអង្គ ព្រះអង្គមានព្រះបន្ទូលអំពីគាត់ថា៖ «អ្នកនេះជាជាតិអ៊ីស្រាអែលដ៏ពិតប្រាកដមែន ដ្បិតគាត់គ្មានពុតត្បុតអ្វីក្នុងខ្លួនសោះ»។ លោកណាថាណាអែលទួលសួរព្រះអង្គថា៖ “តើលោកគ្រូដែលស្គាល់ខ្ញុំពីអង្កាល?”។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំបានឃើញអ្នកកាលអ្នកនៅក្រោមដើមស្វាយ មុនភីលីពហៅអ្នកទៅទៀត»។ លោកណាថាណាអែលទូលព្រះអង្គថា៖ “ព្រះគ្រូ! ព្រះអង្គពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់! ហើយពិតជាព្រះមហាក្សត្ររបស់ជនជាតិអ៊ីស្រាអែលមែន”។ ព្រះអង្គមានព្រះបន្ទូលថែមទៀតថា៖ «អ្នកបានជឿមកពីឮខ្ញុំនិយាយថា ខ្ញុំបានឃើញអ្នកនៅក្រោមដើមស្វាយ ថ្ងៃក្រោយអ្នកមុខតែឃើញការអស្ចារ្យលើសនេះទៅទៀត»។ ព្រះអង្គមានព្រះបន្ទូលថែមទៀតថា៖ «ខ្ញុំសុំប្រាប់អ្នករាល់គ្នាឱ្យដឹងច្បាស់ថា អ្នករាល់គ្នានឹងឃើញផ្ទៃមេឃបើកចំហហើយមានពួកទេវទូតរបស់ព្រះជាម្ចាស់ចុះឡើងពីលើបុត្រមនុស្ស»។

131 Views

Theme: Overlay by Kaira