អត្ថបទព្រះគម្ពីរ
ថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១
អាទិត្យទី២៦ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា

ឬសន្តវិនហ្សេសឡាយជាមរណសាក្សី
ឬសន្តឡូរ៉ង់ រូអ៊ីស និងសហការី ជាមរណសាក្សី

លោកឡូរ៉ង់ រូអ៊ីស ជាគ្រីស្តបរិស័ទជាតិភីលីពីនម្នាក់ ហើយមានគ្រួសារមានកូន។ លោក និងសហការីទៅប្រកាសដំណឹងល្អនៅស្រុកភីលីពីន កោះតៃវ៉ាន់ និងស្រុកជប៉ុន។ អាជ្ញាធរជប៉ុនប្រហារជីវិតគ្រីស្តបរិស័ទ១៦នាក់ នៅក្រុងណាកាសាគី។ ក្នុងចំណោមមរណសាក្សីទាំងនោះ មានបូជាចារ្យ៩នាក់ បព្វជិត២នាក់ និងអ្នកមានគ្រួសារ៣នាក់។ នៅប្រទេសជប៉ុនព្រះសហគមន៍កើតនៅក្រុងណាកាសាគីមុនគេ។

អត្ថបទទី១
សូមថ្លែងព្រះគម្ពីរព្យាការីសាការី សក ៨,២០-២៣

ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖«ជាតិសាសន៍នានា ព្រមទាំង​ប្រជាជនពីទីក្រុងជាច្រើន នឹងនាំគ្នាមកក្រុងយេរូសាឡឹម។ អ្នកក្រុងមួយនឹងធើ្វដំណើរទៅប្រាប់អ្នកក្រុងមួយទៀតថា៖«មក៍! យើងនាំគ្នាទៅទូលអង្វរព្រះអម្ចាស់ យើងនាំគ្នាទៅរកព្រះអម្ចាស់នៃពិភពទាំងមូល!» ម្នាក់ទៀតតបថា៖«ខ្ញុំក៏ទៅជាមួយដែរ!»។ ជាតិសាសន៍ជាច្រើន និងប្រជាជាតិមហាអំណាចនឹងនាំគ្នាមករកព្រះអម្ចាស់នៃពិភពទាំងមូល នៅក្រុងយេរូសាឡឹមដើម្បីទូលអង្វរព្រះអង្គ»។ ព្រះអម្ចាស់នៃ ពិភពទាំងមូលមានព្រះបន្ទូលថា៖«នៅគ្រានោះ មនុស្សដប់នាក់មកពីគ្រប់ជាតិសាសន៍​ដែលនិយាយភាសាផ្សេងៗពីគ្នានឹងចាប់កាន់ជាយអាវជនជាតិយូដាម្នាក់ ទាំងពោលថា ពួកយើងនឹងទៅជាមួយពួកអ្នកដែរ ព្រោះពួកយើងឮថា ព្រះជាម្ចាស់គង់ជាមួយ​ពួកអ្នក»។

ទំនុកតម្កើងលេខ ៨៧,១-៧ បទកាកគតិ

១.ព្រះម្ចាស់សង់ក្រុងឧត្តមឧត្តុងល្អល្អះប៉ប្រិម
លើភ្នំវិសុទ្ធគ្មានអ្វីប្រៀបផ្ទឹមយេរូសាឡឹម
ជាក្រុងថ្លៃថ្លា ។
២.ព្រះអង្គស្រឡាញ់ស៊ីយ៉ូនពោរពេញជាក្រុងអស្ចារ្យ
វិសេសវិសាលលើសក្រុងនានាលើទឹកដីជា
របស់យ៉ាកុប ។
៣.ឱក្រុងរបស់ព្រះជាអម្ចាស់គេនឹងរៀបរាប់
តម្កើងសិរីរុងរឿងគួរគាប់របស់អ្នកជាប់
ដោយពោលថ្លាថ្លែង ។
៤.ក្នុងចំណោមអ្នកអេស៊ីបស្គាល់ជាក់បាប៊ីឡូននេះឯង
អ្នកខ្លះកើតនៅទីរ៉ូសធំខែងភីលីស្ទីនស្ដែង
អេត្យូពីដែរ ។
៥.ចំពោះបុរីស៊ីយ៉ូនស្រស់ខ្ចីមិនរួញរាទេ
យើងទាំងអស់គ្នាសុទ្ធកើតពីគេព្រះម្ចាស់ជួយថែ
ឱ្យក្រុងរឹងមាំ ។
៦.ពេលនោះព្រះម្ចាស់កត់ឈ្មោះទាំងអស់ក្នុងបញ្ជីធំ
ប្រជាទាំងនេះសុទ្ធកើតនៅក្នុងស៊ីយ៉ូនជាក្រុង
ដែលផ្ដល់កំណើត ។
៧.ពេលនោះមនុស្សគេលោតឡកគោះច្រៀងរាំរហូត
ថាគេជាកូនដែលគេបានកើតមានដើមកំណើត
ពីក្រុងស៊ីយ៉ូន ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អលេលូយ៉ា! អាលេលូយ៉ា!
បុត្រមនុស្សមកក្នុងពិភពលោកនេះ ដើម្បីបម្រើគេ
ព្រមទាំងបូជាជីវិតដើម្បីលោះមនុស្សទាំងអស់ផង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,៥១-៥៦

លុះជិតដល់ថ្ងៃកំណត់ ដែលព្រះយេស៊ូត្រូវយាងលាចាកលោកនេះទៅ ព្រះអង្គ​សម្រេចព្រះហប្ញទ័យយាងទៅក្រុងយេរូសាឡឹម។ ព្រះអង្គចាត់អ្នកខ្លះឱ្យទៅមុន។ ​អ្នកទាំងនោះចេញដំណើរទៅដល់ភូមិមួយរបស់អ្នកស្រុកសាម៉ារី ដើម្បីរៀបចំកន្លែង​ថ្វាយព្រះអង្គ ប៉ុន្ដែ អ្នកស្រុកពុំព្រមទទួលព្រះអង្គឱ្យស្នាក់នៅឡើយ ព្រោះព្រះអង្គយាងឆ្ពោះទៅក្រុងយេរូសាឡឹម។ សាវ័កយ៉ាកុប និងយ៉ូហានឃើញដូច្នោះ ក៏ទូលព្រះអង្គថា៖«បពិត្រព្រះអម្ចាស់! តើព្រះអង្គសព្វព្រះហប្ញទ័យឱ្យយើងខ្ញុំហៅរន្ទះភ្លើងមកកម្ទេចអ្នកទាំងនេះឬ?» ព្រះយេស៊ូបែរទៅរកគេ ហើយស្ដីបន្ទោសគេយ៉ាងខ្លាំង។ បន្ទាប់មក ព្រះអង្គយាងឆ្ពោះទៅកាន់ភូមិមួយផ្សេងទៀតជាមួយសាវ័ក។

223 Views

Theme: Overlay by Kaira