អត្ថបទព្រះគម្ពីរ
ថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១
អាទិត្យទី២៥ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា

អត្ថបទទី១
សូមថ្លែងព្រះគម្ពីរព្យាការីសាការី សក ២,៥-៩.១៤-១៥

ខ្ញុំសាការី ក្រឡេកមើលទៅ ខ្ញុំនិមិត្តឃើញបុរសម្នាក់កាន់ខ្សែរង្វាស់មួយ។ ខ្ញុំសួរ​បុរសនោះថា៖«លោកអញ្ជើញទៅណា»។ លោកតបមកវិញថា៖«ខ្ញុំទៅវាស់ក្រុង​យេរូសាឡឹម ដើម្បីឱ្យដឹងប្រវែងទទឹង និងបណ្ដោយ»។ ពេលនោះ ទេវទូតដែល​និយាយជាមួយខ្ញុំដើរទៅមុខ ហើយមានទេវទូតមួយរូបទៀតមកជួប។ ទេវទូតនេះ​ពោលទៅកាន់ទេវទូតមួយរូបទៀតថា៖«ចូររត់ទៅប្រាប់យុវជនដែលកាន់ខ្សែរង្វាស់​នោះថា៖«យេរូសាឡឹមនឹងទៅជាក្រុងមួយដែលគ្មានកំពែង ព្រោះមនុស្ស និងសត្វ​ជាច្រើនរស់នៅ។ យើងនឹងធើ្វជាកំពែងភ្លើងការពារក្រុង ហើយយើងក៏នឹងសម្ដែងសិរីរុងរឿងរបស់យើងនៅក្នុងក្រុងនេះដែរ»។ ក្រុងស៊ីយ៉ូនអើយ! ចូរនាំគ្នាស្រែក​​ជ័យឃោស ចូរសប្បាយរីករាយឡើង! ដ្បិតយើងមករកអ្នកហើយ យើងនឹងស្ថិត​នៅកណ្ដាលអ្នក!។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ នៅថ្ងៃនេះ ប្រជាជាតិជាច្រើននឹងជំពាក់ចិត្តលើយើងជាព្រះអម្ចាស់ ហើយធើ្វជាប្រជារាស្រ្ដរបស់យើង យើង​នឹងស្ថិតនៅជាមួយអ្នក។

ទំនុកតម្កើងរបស់លោកយេរេមីលេខ ៣១,១០-១៣ បទព្រហ្មគីតិ

១០.ប្រជាជាតិទាំងឡាយសូមខ្វល់ខ្វាយនាំគ្នាស្ដាប់
បន្ទូលព្រះផ្សាយផ្សព្វទៅដល់សព្វកោះនៅឆ្ងាយ។
ចូរអ្នកប្រកាសថា៖«ព្រះដែលជាអ្នកកម្ចាយ
ស្រាអែលឱ្យទៅឆ្ងាយតែពេលក្រោយទ្រង់ប្រមូល ។
ព្រះអង្គថែរក្សាឱ្យគ្រប់គ្នាជុំត្រកូល
ដូចគង្វាលប្រមូលចៀមមកមូលមិនឱ្យបាត់» ។
១១.ព្រះអម្ចាស់បានលោះឱ្យរួចគ្រោះលែងខ្ចាយខ្ចាត់
រំដោះឱ្យរួចផុតពួកទុច្ចរិតដែលខ្លាំងក្លា ។
១២.ពួកគេត្រលប់វិញគ្មានទោម្នេញស្រែកខ្ញៀវខ្ញា
ហើយគេគ្រប់កាយាចាំតៀបត្រាទទួលទ្រព្យ ។
ដែលព្រះម្ចាស់ប្រទានគេឱ្យមានលែងអភ័ព្វ
មានស្រូវស្រាល្អគាប់ប្រេងក្រអូបទាំងចៀមគោ ។
ចិត្តពួកគេប្រៀបបានសួនឧទ្យានមានទឹកហូរ
ស្រោចស្រពឡើងជន់ជោរគេលែងថ្ងូរលែងហេវហត់ ។
១៣.គ្រានោះស្រីក្រមុំចូលមករាំតាមបែបបទ
ក្មេងចាស់មិនកំណត់​​​គេមិនហត់រាំសប្បាយ ។
យើងប្រែទុក្ខវេទនាគេទៅជាសើចក្អាកក្អាយ
ឱ្យពួកគេសប្បាយគេរីករាយលែងលំបាក ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ធម ១,១០

អលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្ដយេស៊ូជាព្រះសង្គ្រោះរបស់យើងបានបំបាត់អំណាចនៃសេចក្ដីស្លាប់
ព្រមទាំងបំភ្លឺយើងឱ្យស្គាល់ជីវិតអមតៈ ដោយសារដំណឹងល្អរបស់ព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,៤៣-៤៥

នៅពេលនោះ មនុស្សគ្រប់គ្នាកំពុងកោតស្ញប់ស្ញែងនឹងការទាំងប៉ុន្មានដែលព្រះ​យេស៊ូប្រព្រឹត្ត។ ព្រះអង្គមានព្រះបន្ទូលទៅក្រុមសាវ័កថា៖«ចូរអ្នករាល់គ្នាត្រងត្រាប់​ស្ដាប់ពាក្យទាំងនេះ ហើយចងចាំទុកក្នុងចិត្ត គឺបុត្រមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សលោកជាមិនខាន»។ សាវ័កពុំបានយល់ព្រះបន្ទូលនេះទេ ព្រោះ​ព្រះជាម្ចាស់មិនទាន់បានសម្ដែងអត្ថន័យឱ្យគេយល់ ប៉ុន្ដែ ពួកគេមិនហ៊ានទូលសួរព្រះអង្គអំពីរឿងនេះឡើយ។

219 Views

Theme: Overlay by Kaira