អត្ថបទព្រះគម្ពីរ
ថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១
អាទិត្យទី២៥ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា

អត្ថបទទី១
សូមថ្លែងព្រះគម្ពីរព្យាការីហាកាយ ហក ១,១៥-២,៩

នៅថ្ងៃទីមួយ ក្នុងខែទីប្រាំពីរនៃឆ្នាំទីពីរ ក្នុងរជ្ជកាលព្រះបាទដារីយូស ព្រះអម្ចាស់​​​​មានព្រះបន្ទូលដោយសារព្យាការីហាកាយដូចតទៅនេះ៖ “ចូរប្រាប់សូរ៉ូបាបិល ជាទេសាភិបាលរបស់អាណាខេត្តយូដា និងមហាបូជាចារ្យយ៉ូស៊ូអា ព្រមទាំងប្រជាជនដែលនៅ​សេសសល់ថា ក្នុងចំណោមអ្នករាល់គ្នាដែលបានរួចពីស្លាប់ តើនរណាធ្លាប់បានឃើញ​ព្រះដំណាក់ដ៏រុងរឿងកាលពីជំនាន់មុន? ឥឡូវនេះ តើអ្នករាល់គ្នាឃើញព្រះដំណាក់ថ្មីមានភាពដូចម្ដេចដែរ? អ្នករាល់គ្នាឃើញថា ព្រះដំណាក់ថ្មីនេះមិនល្អទាល់តែសោះ! ​ឥឡូវនេះ សូរ៉ូបាបិលអើយ! ចូរមានចិត្តក្លាហានឡើង!។ នេះជាព្រះបន្ទូលរបស់ព្រះ​អម្ចាស់។”
មហាបូជាចារ្យយ៉ូស៊ូអាជាកូនរបស់លោកយេហូសាដាកអើយ! ចូរមានចិត្តក្លាហានឡើង! ប្រជាជនទាំងមូលដែលនៅក្នុងស្រុកអើយ! ចូរមានចិត្តក្លាហានឡើង! នេះជា​ព្រះបន្ទូលរបស់ព្រះអម្ចាស់។ ចូរនាំគ្នាធើ្វការទៅ ដ្បិតយើងនៅជាមួយអ្នករាល់គ្នា​ហើយ! នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ ព្រះវិញ្ញាណរបស់យើង​ស្ថិតនៅជាមួយអ្នករាល់គ្នា ដូចយើងបានសន្យានៅគ្រាដែលអ្នករាល់គ្នាចាកចេញពី​ស្រុកអេស៊ីប។ ដូច្នេះ កុំខ្លាចអ្វីឡើយ!។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖« បន្ដិចទៀត យើងនឹងធើ្វឱ្យផ្ទៃមេឃ និងផែនដី ព្រមទាំងសមុទ្រ និងដីគោក​កក្រើក។ យើងនឹងធើ្វឱ្យប្រជាជាតិនានាកក្រើក។ ទ្រព្យសម្បត្តិដ៏មានតម្លៃរបស់​ប្រជាជាតិទាំងអស់នឹងហូរចូលមកក្នុងដំណាក់របស់យើង ហើយយើងនឹងធើ្វឱ្យដំណាក់នេះបានថ្កុំថ្កើងរុងរឿង នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ ប្រាក់ និងមាសជាកម្មសិទ្ធិរបស់យើង នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ សិរីរុងរឿងរបស់ដំណាក់ថ្មីនេះ នឹងថ្កុំថ្កើងជាងសិរីរុងរឿងរបស់ដំណាក់កាលពី​ជំនាន់មុនទៅទៀត។ នៅកន្លែងនេះ យើងនឹងផ្ដល់ឱ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ដ “នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល”។

ទំនុកតម្កើងលេខ ៤៣,១-៤ បទពាក្យ ៧

១.ឧិព្រះជាអម្ចាស់ខ្ញុំអើយសូមកុំកន្ដើយរកយុតិ្តធម៌
សូមជួយកាន់ក្ដីទល់តបតពួកមនុស្សមិនល្អមនុស្សទុច្ចរិត ។
២.បពិត្រព្រះជាអម្ចាស់អើយព្រះអង្គនេះហើយជួយជីវិត
ទ្រង់ជាកំពែងបាំងជុំជិតសូមទ្រង់អាណិតកុំបោះបង់ ។
៣.សូមផ្ដល់ពន្លឺនិងក្ដីពិតឱ្យនៅស្ថេរស្ថិតហើយតម្រង់
ទៅភ្នំវិសុទ្ធដ៏ផូរផង់ដំណាក់ព្រះអង្គសមសព្វគ្រប់ ។
៤.ខ្ញុំនឹងឆ្ពោះទៅទីអាសនៈព្រះអង្គឥតអាក់ជាប្រភព
នៃក្ដីអំណរដ៏លើសលប់តម្កើងមិនឈល់ដោយតន្ដ្រី ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មក ១០,៤៥

អលេលូយ៉ា! អាលេលូយ៉ា!
បុត្រមនុស្សមកក្នុងពិភពលោកនេះ ដើម្បីបម្រើគេ
ព្រមទាំងបូជាជីវិត ដើម្បីលោះមនុស្សទាំងអស់ផង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,១៨-២២

ថ្ងៃមួយ ព្រះយេស៊ូអធិដ្ឋានដាច់ឡែកពីបណ្ដាជន ក្រុមសាវ័កក៏នៅជាមួយព្រះអង្គ​ដែរ។ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖« តើមហាជនទាំងឡាយថា ខ្ញុំជានរណា?»។​ក្រុមសាវ័កទូលឆ្លើយថា៖«អ្នកខ្លះថា លោកជាលោកយ៉ូហានបាទីស្ដ អ្នកខ្លះថា លោក​ជាព្យាការីអេលី ហើយអ្នកខ្លះទៀតថា លោកជាព្យាការីម្នាក់ពីសម័យបុរាណដែល​រស់ឡើងវិញ»។ ព្រះយេស៊ូសួរទៀតថា៖«ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថា ខ្ញុំជា​នរណាដែរ?។ លោកសិលាទូលព្រះអង្គថា៖« លោកជាព្រះគ្រីស្ដ ដែលព្រះជាម្ចាស់​ចាត់ឱ្យមក»។ ព្រះយេស៊ូក៏ហាមប្រាមគេមិនឱ្យនិយាយប្រាប់នរណាជាដាច់ខាត់។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖«បុត្រមនុស្សត្រូវរងទុក្ខវេទនាយ៉ាងខ្លាំង។ ពួក​ព្រឹទ្ធាចារ្យ ពួកនាយកបូជាចារ្យ ពួកធម្មាចារ្យនឹងបោះបង់លោកចោល ថែមទាំងសម្លាប់​លោកទៀតផង។ ប៉ុន្ដែ បីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។

128 Views

Theme: Overlay by Kaira