អត្ថបទព្រះគម្ពីរ
ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១
អាទិត្យទី២៥ រដូវធម្មតា
ពណ៌ស
ថ្ងៃបុណ្យរម្លឹក

សន្តពីយ៉ូ ជាបូជាចារ្យ នៅក្រុងពៀត្រេលជីណា

អត្ថបទទី១
សូមថ្លែងព្រះគម្ពីរព្យាការីហាកាយ ហក ១,១-៨

នៅឆ្នាំទីពីរ នៃរជ្ជកាលព្រះចៅដារីយូស នៅថ្ងៃទីមួយ ក្នុងខែទីប្រាំមួយ ព្រះអម្ចាស់​មានព្រះបន្ទូលដោយសារព្យាការីហាកាយ មកកាន់លោកសូរ៉ូបាបិល ជាកូនរបស់លោក​សាលធាល និងជាទេសាភិបាលនៃអាណាខេត្តយូដា ព្រងទាំងលោកមហាបូជាចារ្យ​យ៉ូស៊ូអាដូចតទៅនេះ៖ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖« ប្រជាជននេះពោលថា “មិនទាន់​ដល់ពេលសង់ព្រះដំណាក់របស់ព្រះអម្ចាស់ឡើងវិញទេ”។ ពេលនោះ ព្រះអម្ចាស់មាន​ព្រះបន្ទូលមកពួកគេ ដោយសារព្យាការីហាកាយដូចតទៅនេះ ពេលដំណាក់របស់យើង​បាក់បែកនៅឡើយ តើអ្នករាល់គ្នាគួររស់នៅក្នុងផ្ទះដែលតាក់តែងឡើងដោយឈើដ៏មានតម្លៃដូច្នេះឬ?។ ឥឡូវនេះ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា «ចូររិះ​គិតអំពីសភាពការណ៍របស់អ្នករាល់គ្នា! អ្នករាល់គ្នាបានសាបព្រោះច្រើន តែច្រូតបាន​ផលតិច អ្នករាល់គ្នាបរិភោគ តែមិនចេះឆ្អែត អ្នករាល់គ្នាផឹកស្រា តែមិនចេះស្កប់ អ្នក​រាល់គ្នាស្លៀកពាក់ តែមិនកក់ក្ដៅ អ្នកធើ្វការទទួលប្រាក់ឈ្នួល តែដូចជាទុកនៅក្នុងថង់​កណ្ដាច»។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ចូររិះគិតអំពីសភាពការណ៍របស់អ្នករាល់គ្នា! ចូរនាំគ្នាឡើងទៅលើភ្នំ យកឈើមកសង់ដំណាក់របស់យើង។ យើងពេញចិត្តនឹងដំណាក់នេះ ហើយយើងនឹងបង្ហាញសិរីរុងរឿងរបស់យើង »។ ​នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។

ទំនុកតម្កើងលេខ ១៤៩,១-៦.៩ បទកាកគតិ

១.ចូរច្រៀងបងថ្មីថ្វាយព្រះម្ចាស់ថ្លៃប្រសើរកន្លង
ចូរច្រៀងតម្កើងព្រះនាមព្រះអង្គក្នុងចំណោមផង
អ្នកដែលជឿព្រះ ។
២.ចូរឱ្យជនជាតិស្រាអែលខ្មីឃ្មាតរីករាយទាំងអស់
ដោយសារព្រះអង្គបានបង្កើតមនុស្សទាំងស្រីទាំងប្រុស
ពាសពេញផែនដី ។
សូមប្រជាជនក្នុងក្រុងស៊ីយ៉ូនអបអរប្រពៃ
នឹងព្រះមហាក្សត្រគ្រងលើផែនដីជាស្ដេចល្បាញល្បី
របស់ផងខ្លួន ។
៣.សូមនាំគ្នារាំថ្វាយព្រះឧត្តមកុំវេះគេចពួន
តម្កើងព្រះនាមឱ្យបានសមសួនវាយក្រាប់ផ្ទួនៗ
ទាំងដេញពិណថ្វាយ។
៤.ដ្បិតព្រះអម្ចាស់សព្វព្រះទ័យណាស់នឹងរាស្រ្ដទាំងឡាយ
ទ្រង់តែងសង្គ្រោះដឹកនាំត្រួសត្រាយហើយតែងខ្វល់ខ្វាយ
ជួយអ្នកទន់ទាប ។
៥.សូមឱ្យអស់អ្នកសង្ឃឹមជឿជាក់លើព្រះដរាប
នាំគ្នាសប្បាយប្រសើរលើសលប់តម្កើងសាយសព្វ
សិរីព្រះម្ចាស់ ។
ទោះជាពេលយប់ក៏គេមិនឈប់គេនៅប្រកាស
ទាំងលើកតម្កើងសិរីព្រះម្ចាស់ឱ្យបានខ្ពង់ខ្ពស់
ទាំងអំណរផង ។
៦.សូមទាំងអស់គ្នាសរសើរគ្រប់គ្រាកុំបីរំលង
មាត់ពោលពាក្យល្អដៃកាន់ដាវផងទុក្ខសោកមួរហ្មង
វិនាសខ្ចាត់ខ្ចាយ ។
៩.ឯការដាក់ទោសជាតិសាសន៍ទាំងនោះត្រឹមត្រូវឥតប្រែ
តាមការសម្រេចព្រះមិនខុសទេពួកវាត្រូវតែ
ទទួលទោសនោះ ។
កិច្ចការទាំងអស់សក្ដិសមឥតខ្ចោះគឺជាកិត្តិយស
ដ៏សែនរុងរឿងដល់អ្នកទាំងអស់ដែលជឿលើព្រះ
មិនសាបសូន្យឡើយ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ២,១០-១១

អលេលូយ៉ា! អាលេលូយ៉ា!
សេ្ដចទាំងឡាយអើយ! ឥឡូវនេះចូររិះគិតពិចារណាឡើង!
ចូរបម្រើព្រះអម្ចាស់ដោយគោរពកោតខ្លាច! ចូរថ្វាយបង្គំព្រះអង្គទាំងញាប់ញ័រ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,៧-៩

ព្រះបាទហេរ៉ូដជាស្ដេចអនុរាជ ជ្រាបហេតុការណ៍ទាំងអស់ដែលកើតមានឡើង។ ទ្រង់មិនដឹងជាត្រូវគិតយ៉ាងណា ព្រោះមានអ្នកខ្លះនិយាយថា៖ «លោកយ៉ូហានបាទីស្ដ​រស់ឡើងវិញហើយ»។ អ្នកខ្លះទៀតនិយាយថា៖«មានព្យាការីអេលីបង្ហាញខ្លួនឱ្យ​គេឃើញ»។ ហើយអ្នកខ្លះទៀតនិយាយថា៖ មានព្យាការីមួយរូបពីសម័យបុរាណ​រស់ឡើងវិញ»។ រីឯព្រះបាទហេរ៉ូដមានរាជឧិង្ការថា៖«យើងបានឱ្យគេកាត់កយ៉ូហាន​ស្លាប់បាត់ទៅហើយ ចុះបុរសដែលគេនិយាយថា បានធើ្វការអស្ចារ្យទាំងនោះជា​នរណា?»។ ព្រះបាទហេរ៉ូដមានបំណងចង់ជួបព្រះយេស៊ូ។

197 Views

Theme: Overlay by Kaira