អត្ថបទព្រះគម្ពីរ
ថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១
អាទិត្យទី២៥ រដូវធម្មតា
ពណ៌ក្រហម
បុណ្យគោរព

សន្តម៉ាថាយ ជាគ្រីស្តទូត
និងជាអ្នក​និពន្ធ​គម្ពីរដំណឹងល្អ

គ្រីស្តទូតថាម៉ាយ មានឈ្មោះលេវីដែរ។ លោកប្រកបអាជីវកម្មទារពន្ធដារ ជារបររកស៊ីដែលជនជាតិយូដាតែងមើលងាយ ដោយចោទថាអ្នកធ្វើការងារនេះជា “អ្នកបាប”។ ព្រះយេស៊ូត្រាសហៅ “អ្នកបាប” ម្នាក់ ឱ្យធ្វើជាសាវ័ក និងជាទូតរបស់ព្រះអង្គថែមទៀត! លោកបំពេញមុខងារជាគ្រីស្តទូតដោយប្រកាសព្រះបន្ទូលព្រះអង្គផង ប្រមែប្រមូលព្រះបន្ទូលព្រះយេស៊ូក្នុងកណ្ឌគម្ពីរមួយផង។ លោក (ឬគ្រីស្តបរិស័ទម្នាក់ដែលយកឈ្មោះលោក) និពន្ធគម្ពីរដំណឹងល្អក្នងគោលបំណងចង់បញ្ជាក់ថា ព្រះយេស៊ូពិតជាព្រះគ្រីស្តដែលយាងមក ស្របតាមគម្ពីរ ព្រះអង្គមិនយាងមកបំផ្លាញធម្មវិន័យរបស់លោកម៉ូសេទេ គឺទ្រង់យាងមកបំពេញអត្ថន័យ លោកក៏ចាប់អារម្មណ៍ជាខ្លាំងអំពីរបៀបគ្រីស្តបរិស័ទរស់នៅជាព្រះសហគមន៍ដែរ។

អត្ថបទទី១
សូមថ្លែងលិខិតរបស់សន្តប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងអេភេសូ អភ ៤,១-៧.១១-១៣

បងប្អូនជាទីស្រឡាញ់! ខ្ញុំដែលជាប់ឃុំឃាំង សូមដាស់តឿនបងប្អូនក្នុងព្រះនាមព្រះអម្ចាស់ថា ដោយព្រះជាម្ចាស់បានត្រាស់ហៅបងប្អូន ចូររស់នៅឱ្យបានសមរម្យនឹងការត្រាស់ហៅនោះទៅ។ ចូរន្ទាប់ខ្លួន មានចិត្តស្លូតបូត និងចេះអត់ធ្មត់ ព្រមទាំងគាំទ្រគ្នាទៅវិញទៅមកដោយសេចក្តីស្រឡាញ់ ចូរយកចិត្តទុកដាក់រក្សាការរួបរួមគ្នាដែលមកពីព្រះវិញ្ញាណ ដោយយកសេចក្តីសុខសាន្តមកធ្វើជាចំណងប្រាស្រ័យទាក់ទងគ្នា។ ព្រះកាយមានតែមួយ ហើយព្រះវិញ្ញាណក៏មានតែមួយដែរ ដូចព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនឱ្យមានក្តីសង្ឈឹមតែមួយនោះដែរ។ ព្រះអម្ចាស់មានតែមួយ ជំនឿមានតែមួយ ពិធីជ្រមុជទឹកមានតែមួយ។ ព្រះជាម្ចាស់មានតែមួយ ព្រះអង្គជាព្រះបិតារបស់មនុស្សទាំងអស់ ព្រះអង្គខ្ពង់ខ្ពស់លើសអ្វីៗទាំងអស់។ ព្រះអង្គបានប្រណីសន្តោសយើងម្នាក់ៗ តាមកម្រិតព្រះអំណោយទានដែលព្រះគ្រីស្តប្រទានមកយើង។ គឺព្រះអង្គដែលបានប្រទានឱ្យអ្នកខ្លះមានមុខងារជាគ្រីស្តទូត បន្ទាប់មកឱ្យអ្នកខ្លះថ្លែងព្រះបន្ទូល អ្នកខ្លះផ្សាយដំណឹងល្អ អ្នកខ្លះជាអ្នកគង្វាល និងអ្នកខ្លះទៀតជាអ្នកបង្រៀន ដើម្បីរៀបចំប្រជាជនដ៏វិសុទ្ធឱ្យបំពេញមុខងារបម្រើ និងកសាងព្រះកាយរបស់ព្រះគ្រីស្តឡើង រហូតដល់យើងទាំងអស់រួមគ្នាមានជំនឿតែមួយ មានគំនិតតែមួយ ក្នុងការស្គាល់ព្រះបុត្រា​ព្រះជាម្ចាស់ និងទៅជាមនុស្សពេញវ័យឡើងដល់កំពស់របស់ព្រះគ្រីស្ត ដែលបំពេញអ្វីៗទាំងអស់។

ទំនុកតម្កើងលេខ ១៩,២-៥ បទកាកគតិ

២.ផ្ទៃមេឃថ្លាថ្លែងរុងរឿងស្ញប់ស្ញែងរបស់ព្រះម្ចាស់
អាកាសវេហាស៍ក៏បានប្រកាសពីស្នាព្រះហស្ត
របស់ព្រះអង្គ ។
៣.ថ្ងៃមួយពោលប្រាប់ថ្ងៃមួយទៀតស្តាប់មិននៅរេរង់
យប់មួយទៀតប្រាប់យប់ផ្សេងឱ្យដឹងអំពីដំណឹង
ល្បីល្បាញអស្ចារ្យ ។
៤.មិនប្រើសម្តីមិនចារសេចក្តីឬប្រើភាសា
ហើយក៏មិនចេញសូរស័ព្ទវាចាបន្តិចឡើយណា
ឱ្យគេដឹងឮ ។
៥.ដំណឹងទាំងនោះឮឆ្ងាយសាយសុះពេញពាសរន្ទឺ
លើភពផែនដីទីងងឹតភ្លឺលាន់ល្បីរន្ទឺ
គ្មានសល់ចន្លោះ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់! យើងខ្ញុំសូមកោតសរសើរព្រះអង្គ!
គ្រីស្តទូតលើកតម្កើងព្រះអង្គ! យើងខ្ញុំអបអរសាទរព្រះអង្គ! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៩,៩-១៣

ព្រះយេស៊ូយាងពីក្រុងកាផានុម ព្រះអង្គទតឃើញបុរសម្នាក់ឈ្មោះម៉ាថាយ អង្គុយនៅកន្លែងយកពន្ធ។ ព្រះអង្គមានបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ គាត់ក៏ក្រោកឡើង ដើរតាមព្រះអង្គទៅ។ បន្ទាប់មក ព្រះអង្គសោយព្រះស្ងោយនៅផ្ទះលោកម៉ាថាយ មានអ្នកទារពន្ធព្រមទាំងមនុស្សបាបជាច្រើនមកអង្គុយរួមតុជាមួយព្រះយេស៊ូ និងពួកសាវ័កដែរ។ ពួកខាងគណៈផារីស៊ីឃើញដូច្នេះ គេនិយាយទៅកាន់សាវ័កព្រះអង្គថា៖ “ហេតុអ្វីបានជាគ្រូរបស់អ្នករាល់គ្នាបរិភោគជាមួយអ្នកទារពន្ធ និងមនុស្សបាប?”។ ព្រះយេស៊ូឮដូច្នេះ ក៏មានព្រះបន្ទូលថា៖ «មនុស្សសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ ចូរអ្នករាល់គ្នាទៅរិះគិតមើលសេចក្តីដែលមានចែងទុកមកថា “យើងមិនចង់បានយញ្ញបូជាទេ គឺចង់បានតែសេចក្តីមេត្តាករុណាប៉ុណ្ណោះ” មានន័យដូចម្តេច?។ ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺមករកមនុស្សបាបវិញ »។

225 Views

Theme: Overlay by Kaira