អត្ថបទព្រះគម្ពីរ
ថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១
អាទិត្យទី២៥ រដូវធម្មតា
ពណ៌ក្រហម
បុណ្យរម្លឹក
សន្តអន់ដ្រេគីម ថេហ្គុន ជាបូជាចារ្យ និងសន្តប៉ូល ជុងហាសាង
ព្រមទាំងសហជីវិន ជាមរណសាក្សីនៅកូរ៉េ
គ្រីស្តបរិស័ទនាំដំណឹងល្អទៅប្រទេសកូរ៉េ នៅដើមសតវត្សទី១៦ ដោយយកសៀវភៅពីស្រុកចិនមក។ នៅឆ្នាំ១៨៣៦ មានសាសសនទូតលួចចូលរួមក្នុងប្រទេសនោះ។ នៅឆ្នាំ១៨៣៩-១៨៤៦ និង១៨៦៦ រដ្ឋអំណាចបៀតបៀនធ្វើបាបគ្រីស្តបរិស័ទ។ ព្រះសហគមន៍គោរពមរណសាក្សីជាតិកូរ៉េ១០៣ នាក់។ ក្នុងចំណោមរណសាក្សីទាំងនោះ មានលោកបូជាចារ្យអង់ដ្រេគីមថេហ្គុន និងលោកប៉ូល ជុងហាសាង ព្រមទាំងគ្រីស្តបរិស័ទទាំងប្រុសទាំងស្រីនៅលីវ ឬអ្នកមានគ្រួសារ ចាស់ក្មេង ស៊ូបូជាជិវិតជាជាងលះបង់ជំនឿរបស់ខ្លួន
អត្ថបទទី១
សូមថ្លែងព្រះគម្ពីរលោកអែសរ៉ា អរ ១,១-៦
ក្នុងឆ្នាំទីមួយនៃរជ្ជកាលព្រះចៅស៊ីរូសជាសេ្ដចស្រុកពែរ្ស ព្រះអម្ចាស់បានជំរុញព្រះហប្ញទ័យព្រះចៅស៊ីរូស ឱ្យចេញសេចក្ដីប្រកាស និងរាជក្រឹត្យក្នុងអាណាចក្ររបស់សេ្ដចទាំងមូល ស្របតាមព្រះបន្ទូលដែលព្រះអង្គបានថ្លែងតាមរយៈលោកយេរេមី មានសេចក្ដីដូចតទៅ៖
« ព្រះចៅស៊ីរូសជាសេ្ដចស្រុកពែរ្ស មានរាជឧិង្ការដូចតទៅ៖ ព្រះអម្ចាស់ជាព្រះនៃស្ថានបរមសុខ បានប្រគល់នគរទាំងអស់នៅលើផែនដីមកឱ្យយើងគ្រប់គ្រង។ ព្រះអង្គបញ្ជាឱ្យយើងសង់ព្រះដំណាក់មួយនៅក្រុងយេរូសាឡឹមក្នុស្រុកយូដាថ្វាយព្រះអង្គ។ ក្នុងចំណោមអ្នករាល់គ្នា អ្នកណាជាប្រជារាស្រ្ដរបស់ព្រះអង្គ សូមឱ្យអ្នកនោះ វិលទៅកាន់ក្រុងយេរូសាឡឹមក្នុងស្រុកយូដាវិញ ហើយសង់ព្រះដំណាក់របស់ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល គឺជាព្រះដែលគង់នៅក្រុងយេរូសាឡឹម។ សូមឱ្យព្រះរបស់គេគង់នៅជាមួយគេ។ ជនជាតិអ៊ីស្រាអែលដែលនៅសេសសល់ ទោះបីរស់នៅទីណាក៏ដោយ ប្រជាជននៅទីនោះត្រូវតែផ្ដល់វិភាគទានដល់ពួកគេ ជាប្រាក់ មាស ទ្រព្យសម្បត្តិ និងសត្វ ព្រមទាំងថ្វាយតង្វាយស្ម័គ្រចិត្ត សម្រាប់ព្រះដំណាក់របស់ព្រះជាម្ចាស់នៅក្រុងយេរូសាឡឹមផង»។
ពេលនោះ ពួកមេក្រុមគ្រួសារនៃកុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធបេនយ៉ាមីន ក្រុមបូជាចារ្យ ក្រុមលេវី គឺអស់អ្នកដែលព្រះជាម្ចាស់ជំរុញចិត្ត នាំគ្នាក្រោកឡើងរៀបចំខ្លួនទៅសង់ព្រះដំណាក់របស់ព្រះអម្ចាស់នៅក្រុងយេរូសាឡឹម។ អ្នកជិតខាងរបស់ពួកគេយករបស់របរធើ្វពីប្រាក់ ពីមាស ព្រមទាំងទ្រព្យសម្បត្តិ សត្វ និងវត្ថុដ៏មានតម្លៃគ្រប់យ៉ាងមកជួយឧបត្ថម្ភពួកគេ ហើយក៏មានតង្វាយស្ម័គ្រចិត្តថែមទៀតផង។
ទំនុកតម្កើងលេខ ១២៦,១-៦ បទព្រហ្មគីតិ
១. | ពេលព្រះដឹកនាំអ្នក | ដែលជំពាក់ខ្លួនជាឈ្លើយ |
មកក្រុងស៊ីយ៉ូនហើយ | យើងធូរស្បើយដូចយល់សប្ដិ ។ | |
២. | យើងសើចហ៊ោសប្បាយ | អរក្អាកក្អាយឥតមានឈប់ |
ស្រែកជយឃោសសាយសព្វ | លាន់សូរស័ព្ទគ្រប់ទិសា ។ | |
ពេលនោះក្នុងចំណោម | ជាតិទាំងព្រមគេពោលថា៖ | |
«ព្រះម្ចាស់មានចេស្ដា | ធើ្វអស្ចារ្យចំពោះគេ» ។ | |
៣. | ព្រះអង្គបានធើ្វការ | ដ៏អស្ចារ្យអ្វីម៉្លេះទេ |
យើងលែងគិតគ្នាន់គ្នេរ | បានល្ហើយល្ហែអរសប្បាយ ។ | |
៤. | ឧិ! ព្រះម្ចាស់ឧត្ដម | សូមប្រោសខ្ញុំឱ្យរីកសាយ |
ដូចរហោស្ថានឆ្ងាយ | សូមប្រែក្លាយមានទឹកហូរ ។ | |
៥. | អ្នកណាសាបព្រោះស្រូវ | ដោយសោកសៅគួរអាសូរ |
ទាំងទឹកភ្នែកជន់ជោរ | នឹងច្រូតយកទាំងសប្បាយ ។ | |
៦. | គេយកពូជទៅព្រោះ | ទាំងស្រណោះយំសោកស្ដាយ |
ក្រោយមកគេប្រែក្លាយ | ហ៊ោសប្បាយដោយអំណរ ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៥,១៦
អលេលូយ៉ា! អាលេលូយ៉ា!
ចូរឱ្យពន្លឺរបស់អ្នករាល់គ្នាបំភ្លឺមនុស្សទាំងឡាយ។ គេនឹងឃើញអំពើល្អដែលអ្នករាល់គ្នាប្រព្រឹត្ត
ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះបិតារបស់អ្នករាល់គ្នា។អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៨,១៦-១៨
នៅពេលនោះ បណ្ដាជនជួបជុំគ្នាជុំវិញព្រះយេស៊ូ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖«ពុំដែលមាននរណាអុជចង្កៀង ហើយយកធុងមកគ្របពីលើ ឬយកទៅដាក់ក្រោមគ្រែឡើយ។ គេតែងយកចង្កៀងទៅដាក់លើជើងចង្កៀង ដើម្បីបំភ្លឺអស់អ្នកដែលចូលក្នុងផ្ទះ។ គ្រប់ការលាក់កំបាំងនឹងត្រូវបើកឱ្យគេដឹង ហើយគ្រប់អាថ៌កំបាំង ក៏នឹងត្រូវលេចមកឱ្យមនុស្សគ្រប់គ្នាស្គាល់ច្បាស់ដែរ។ ដូច្នេះ ចូរអ្នករាល់គ្នាប្រុងប្រយ័ត្ន អំពីរបៀបដែលអ្នករាល់គ្នាស្ដាប់ ព្រោះអ្នកណាមានហើយ ព្រះជាម្ចាស់នឹងប្រទានឱ្យថែមទៀត តែអ្នកណាដែលគ្មាន ព្រះអង្គនឹងហូតយកនូវអ្វីដែលខ្លួនស្មានថាមាននោះផង»។