អត្ថបទព្រះគម្ពីរ
ថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១
អាទិត្យទី២៤ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា

ឬសន្តរ៉ូបែ៊រ បេឡាម៉ាំង ជាអភិបាល និង​ជាគ្រូបាធ្យាយនៃព្រះសហគមន៍

លោករ៉ូបែ៊រ បេឡាម៉ាំង (១៥៤២-១៦២១) ជាបូជាចារ្យក្នុងក្រុមគ្រួសារ “សហជីវិនរបស់ព្រះយេស៊ូ”។ លោកជាសាស្ត្រាចារ្យនៅក្រុងរ៉ូម។ ដោយលោកយកចិត្តទុកដាក់នឹងការអប់រំក្មេងៗ លោកនិពន្ធ “ព្រះបណ្តៅ” ជាសៀវភៅដែលល្បី។ ក្រោយមក លោកទទួលមុខងារជាអភិបាលព្រះសហគមន៍។ អស់មួយជិវិត លោកតយុទ្ធការពារលទ្ធិកាតូលិក ដែលត្រូវគ្រីស្តបរិស័ទប្រូតេស្តង់ប្រឆាំង។ ពេលទទួលមរណភាព លោកកំពុងសូត្រធម៌ជឿ។

អត្ថបទទី១
សូមថ្លែងលិខិតទី១របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ១ធម ៦,២គ-១២

ប្អូនជាទីស្រឡាញ់! ប្អូនត្រូវបង្រៀន និងដាស់តឿនគេតាមសេចក្ដីទាំងនេះ។ ប្រសិនបើមាននរណាម្នាក់បង្រៀនសេចក្ដីណាផ្សេងទៀត ហើយមិនយកចិត្តទុកដាក់នឹង​​ព្រះបន្ទូលដ៏ត្រឹមត្រូវរបស់ព្រះយេស៊ូគ្រីស្ដ ជាព្រះអម្ចាស់នៃយើង និងមិនយកចិត្ត​ទុកដាក់នឹងសេចក្ដីបង្រៀន ស្របតាមការគោរពប្រណិប័តន៍ព្រះជាម្ចាស់ទេនោះ អ្នកនោះជាមនុស្សអួតបំប៉ោង គ្មានដឹងអ្វីទាំងអស់។ គេដូចជាមានជំងឺ ចេះតែជជែកវែក​ញែក និងឈ្លោះប្រកែកអំពីពាក្យ​ពេចន៍។ ការទាំងនេះបង្កឱ្យតែមានការច្រណែន​ឈ្នានីស ការបាក់បែក ការជេរប្រមាថ ការមិនទុកចិត្តគ្នា និងនាំឱ្យអស់អ្នកដែល​មានគំនិតខូច គ្មានសេចក្ដីពិតក្នុងខ្លួន ជជែកតវ៉ាមិនចេះចប់មិនចេះហើយ។ ពួកគេ​ចាត់ទុកថា ការគោរពប្រណិប័តន៍ព្រះជាម្ចាស់ ជាមធ្យោបាយរកកម្រៃ។ ចំពោះអ្នក​ដែលចេះស្កប់ចិត្តនឹងអ្វីដែលខ្លួនមាន ការគោរពប្រណិប័តន៍ព្រះជាម្ចាស់ ពិតជាមធ្យោ​បាយដ៏ប្រសើរ ដើម្បីបានកម្រៃមែន! ដ្បិតយើងពុំបានយកអ្វីចូលមកក្នុងលោកនេះហើយយើងក៏ពុំអាចយកអ្វីចេញពីលោកនេះទៅបានដែរ!។ ដូច្នេះ ប្រសិនបើយើង​មានម្ហូបអាហារ មានសម្លៀកបំពាក់ យើងស្កប់ចិត្តហើយ។ រីឯអស់អ្នកដែលចង់មាន​ចង់បាន រមែងតែងតែចាញ់ការល្បួង ជាប់អន្ទាក់ ដោយចិត្តប៉ងប្រាថ្នាលេលា និង​ចង្រៃជាច្រើន ដែលពន្លិចមនុស្សឱ្យវិនាសអន្ដរាយ ដ្បិតចិត្តស្រឡាញ់ប្រាក់ ជាប្ញសគល់នៃអំពើអាក្រក់គ្រប់បែបយ៉ាង។ ដោយបណ្ដោយខ្លួនឱ្យស្រឡាញ់ប្រាក់ ដូច្នេះបងប្អូនខ្លះបានវង្វេងចេញឆ្ងាយពីជំនឿ ព្រមទាំងធើ្វបាបខ្លួនឯង ឱ្យវេទនា ឈឺផ្សា​ជាច្រើនថែមទៀតផង។
ចំពោះប្អូនវិញ ដែលជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ត្រូវគេចចេញពីការទាំងនេះ។ ចូរស្វែងរកសេចក្ដីសុចរិត ការគោរពប្រណិប័តន៍ព្រះជាម្ចាស់ ជំនឿ សេចក្ដីស្រឡាញ់​ចិត្តអត់ធ្មត់ ចិត្តស្លូតបូត។ ត្រូវពុះពារតយុទ្ធសម្រាប់ជំនឿឱ្យបានល្អប្រសើរ ហើយ​ឈោងចាប់យកជីវិតអស់កល្បជានិច្ច ដ្បិតព្រះជាម្ចាស់បានត្រាស់ហៅប្អូនមកឱ្យទទួល​ជីវិតអស់កល្បជានិច្ចនេះ ដូចប្អូនបានទទួលស្គាល់ ក្នុងពេលប្រកាសជំនឿយ៉ាងល្អប្រពៃនៅចំពោះមុខមនុស្សជាច្រើន ដែលជាសាក្សី។

ទំនុកតម្កើងលេខ ៤៩ ,៦-​​​​​១០.១៧-២០ បទកាកគតិ

៦.ពេលមានទុក្ខភ័យជួបគ្រោះចង្រៃឬភ័យអាសន្ន
សត្រូវឡោមព័ទ្ធក៏ខ្ញុំមិនស្លន់វង្វេងវង្វាន់
ភ័យមិនបានការ ។
៧. មនុស្សទុច្ចរិតតែងតែទុកចិត្តលើទ្រព្យមហិមា
គេអួតគេអាងព្រោះខ្លួនគេជាអ្នកមានទ្រព្យា
មហាសេដ្ឋី ។
៨.គ្មាននរណាម្នាក់អាចនឹងបង់ប្រាក់លោះអ្នកដ៏ទៃ
ហើយមិនអាចបង់ថ្វាយព្រះម្ចាស់ថ្លៃកុំឱ្យខ្លួនក្ស័យ
ជីវិតនោះដែរ ។
៩.ថ្លៃលោះជីវិតមនុស្សយើងពិតៗកាត់មិនបានទេ
ទោះជាខំបង់មួយកើនជាទ្វេក៏មិនបានដែរ
ជៀសស្លាប់មិនបាន ។
១០.តើមនុស្សនេះណាអាចមានជីវ៉ារស់បានប៉ុន្មាន
ផុតពីររណ្ដៅអាចនៅសុខសាន្ដឬអាចរស់បាន
រហូតមិនស្លាប់ ។
១៧.ពេលអ្នកឃើញគេសម្បត្តិឡើងទ្វេកុំបីហ្មងសៅ
ឃើទ្រព្យគេច្រើនចម្រើនតទៅសំងំពួននៅ
កុំភ័យខ្លាចអី ។
១៨.ពេលដែលគេស្លាប់គេពុំអាចចាប់យករបស់អ្វី
អស់ទាំងសម្បត្តិទ្រព្យធនផ្សេងក្ដីចូលទៅក្នុងក្ដី
អ្នកក្ស័យបានឡើយ ។
១៩.ពេលមានជីវិតគេតែងនឹកគិតថាសុខឥតស្បើយ
ថាខ្លួនគេនឹងមិនខ្វល់អ្វីឡើយអ្នកផងកោតហើយ
ដែលគេមានបាន ។
២០កេគង់នឹងត្រូវធ្លាក់ខ្លួនចុះទៅជួបនឹងសន្ដាន
ជីតាជីដូនមានទាំងប៉ុន្មានទៅក្នុងទីស្ថាន
ដែលគ្មានពន្លឺ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១១,២៥

អលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ និងជាអម្ចាស់នៃផែនដី! យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ!
ព្រោះទ្រង់បានសម្ដែងការណ៍អស្ចារ្យនៃព្រះរាជ្យឱ្យមនុស្សតូចតាចយល់។​ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៨,១-៣

ព្រះយេស៊ូយាងទៅតាមក្រុង តាមភូមិនានាទាំងប្រកាស​ និងនាំដំណឹងល្អអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់។ សាវ័កទាំងដប់ពីររូបទៅជាមួយព្រះអង្គ ហើយមានស្រ្ដីខ្លះទៀតដែលព្រះអង្គបានប្រោសឱ្យជាពីជំងឺ និងបណ្ដេញខ្មោចឱ្យចេញ ក៏តាមទៅជាមួយ​ដែរ គឺមាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា ដែលព្រះអង្គបានដេញខ្មោចប្រាំពីរចេញពីនាង នាងយ៉ូហាណាជាភរិយារបស់ឃូសា ជាមហាតលិករបស់ព្រះបាទហេរ៉ូដ នាងស៊ូ​សាណា ព្រមទាំងស្រ្ដីឯទៀតៗជាច្រើន ដែលបានចំណាយធនធានរបស់ខ្លួន ដើម្បីទំនុក​បម្រុងព្រះយេស៊ូ និងសាវ័ករបស់ព្រះអង្គ។

219 Views

Theme: Overlay by Kaira